គណបក្ស​ទាំង​​ពីរ​​​​បរាជ័យ​​​​​ក្នុង​ការ​ទម្លាយ​ការ​​​ជាប់​គាំង​

លោក​ យឹម សុវណ្ណ​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក ព្រំ​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជាអ្នក​ដឹក​នាំ​គណៈប្រតិភូ​មក​ពី​គណបក្ស​ប្រជាជន​ នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ក្រោយ​​ជំនួប​កាល​ពី​ថ្ងៃ​អង្គារ​ទី​០៥ វិច្ឆិកា ២០១៣ នៅ​វិមាន​រដ្ឋសភាជាតិ។ (វីអូអេ/សាយ​ មុន្នី)

ជំនួប​បិទ​ទ្វារ​ជាង​៣​ម៉ោង​រវាង​ក្រុម​ការងារ​ពិសេស​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិកាល​ពី​ថ្ងៃ​អង្គារ​មិន​ទទួល​បាន​លទ្ធផល​តាម​ការ​រំពឹង​ទុកទេ។ ​ក្រុម​ការងារ​នៃ​គណបក្ស​ដែល​មាន​ជម្លោះ​ទាំង​ពីរ​សន្យា​ថា​នឹង​រក​ពេល​វេលា​ជួប​គ្នា​សារ​ជាថ្មី​នៅ​ចុង​សប្តាហ៍​នេះ។​

ក្រុម​ការងារ​ពិសេស​ដែល​មាន​ម្ខាងៗ​ចំនួន៥​រូប​បាន​ជួប​គ្នា​សារជាថ្មី​នៅ​មន្ទីរ​រដ្ឋសភា​ជាតិ​ដើម្បី​រក​វិធីសាស្ត្រ​ទម្លុះ​ទម្លាយ​ភាព​ជាប់​គាំងនយោបាយ​ក្រោយ​ការ​បោះឆ្នោត។​

ក្រុម​អ្នក​កាសែត​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ថត​យក​រូប​ភាព​រយៈ​ពេល​ប្រមាណ​៣នាទីប៉ុណ្ណោះបន្ទាប់​មក​មិន​ត្រូវ​អនុញ្ញាត​ឱ្យចូល​ស្តាប់​ខ្លឹមសារ​នៃ​ការ​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​ទេ។​

អ្នក​តំណាង​មក​ពី​គណបក្ស​សង្គ្រោះជាតិ​មាន​លោក​យឹម សុវណ្ណ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ដឹក​នាំ​ដោយ​លោក​ ព្រំ សុខា ​បាន​បញ្ជាក់​បា្រប់​ក្រុម​អ្នក​កាសែត​ដែល​ឈរ​រង់​ចាំ​លទ្ធផល​នៃ​ជំនួប​នេះថា​ជំនួប​គ្នា​នេះ​បាន​និយាយ​ច្រើន​ទៅ​លើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត។​

ក្រុម​ការងារ​ពិសេស​មក​ពី​គណបក្ស​ទាំង​ពីរ​បាន​អះអាង​ថា​នឹង​រាយការណ៍​អំពី​លទ្ធផល​ជំនួប​នេះ​ទៅ​កាន់​ថ្នាក់​ដឹក​នាំ​កំពូល​រៀងៗ​ខ្លួន​ជា​អ្នក​សម្រេច។​

លោក​ យឹម សុវណ្ណ​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា​យើង​បាន​ជជែកគ្នាច្រើន​ពាក់ព័ន្ធ​នឹង​ចំណុច​«នយោបាយ»​ដែល​ផ្តោត​ទៅ​លើ​កំណែទម្រង់​ស្ថាប័ន​ជាតិ​សំខាន់ៗ។​

លោក​និយាយ​ថា៖​ «តាម​ធម្មតា​ការ​ជជែក​គ្នា​វាមាន​ការ​ឯកភាព​គ្នា​ខ្លះ​ហើយ​វាមាន​ការ​មិន​ឯកភាព​គ្នា​ខ្លះ។ ​អញ្ចឹង​ហើយ​ខ្ញុំ​សុំ​មិន​បញ្ចេញ​ជា​សាធារណៈ​ទេ​ប៉ុន្តែ​គ្រាន់​តែ​ថា​ យើង​ខ្ញុំ​នឹង​រាយការណ៍​ជូន​ថ្នាក់​ដឹកនាំ​កំពូល​ដើម្បី​ធ្វើ​ការ​សម្រេច»។​

គណបក្ស​សង្គ្រោះជាតិ​បាន​លើក​យក​ចំណុច​បី​សំខាន់​សម្រាប់​ធ្វើ​ជា​របៀប​វារៈ​ក្នុង​ការ​ចរចា​គឺ​ទាមទារ​ឱ្យបង្កើត​គណៈកម្មការ​ពិសេស​ស្វែង​រក​ការ​ពិត​ដើម្បី​ស៊ើប​អង្កេត​លទ្ធផលក្រោយ​ការ​បោះឆ្នោត​ ស្នើ​សុំ​ឱ្យថ្នាក់​ដឹកនាំ​គ.ជ.ប​ទាំង​៩​រូប​លាឈប់​ចេញ​ពី​មុខ​តំណែង​ និង​ កំណែទម្រង់​គ.ជ.ប​យក​តាម​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ​ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ NDI​ និង​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា។​

លោក ព្រំ​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជាអ្នក​ដឹក​នាំ​គណៈប្រតិភូ​មក​ពី​គណបក្ស​ប្រជាជន​បាន​ឱ្យដឹង​ថា​គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​ប្រឹង​ប្រែង​ធ្វើ​កំណែទម្រង់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។​

លោក​និយាយថា៖ ​«យ៉ាង​ហោច​ណាស់​ការ​ជួប​គ្នា​នេះ​ជា​យន្តការ​មួយ​ដែល​យើង​បាន​ឯកភាព​គ្នា​ ប្រជុំ​កំពូល​នោះ​គឺថា​ចំណុច​ទីពីរ​ថា​បង្កើត​យន្ត​ការ​ដើម្បី​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នាពេល​ខាង​មុខ។​ដូច្នេះ​ការ​ជួប​គ្នា​នេះ​គឺជា​រូប​ភាព​មួយ​នៃ​យន្ត​ការ​ជួប​គ្នាដើម្បី​ជជែក​គ្នា​អំពី​ការ​កែទម្រង់»។​

ក្រោយ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨​ខែកក្កដា​បាន​បង្ហាញ​ឱ្យឃើញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៦៨​អាសនៈ​ចំណែក​ឯគណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​៥៥​អាសនៈ។​

គណបក្ស​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ទាំង​ពីរ​កំពុង​មាន​ជម្លោះ​វិបត្តិ​នយោបាយ​ដោយ​សារ​តែ​មិន​បាន​បែង​ចែក​ឱ្យមាន​តុល្យភាព​នៃ​អំណាច។​

គណបក្ស​សង្គ្រោះជាតិ​បាន​ទាមទារ​កាន់​កាប់មុខ​តំណែង​ប្រធាន​រដ្ឋសភា​ និង​បែង​ចែក​ឱ្យបាន​ស្នើគ្នា​នូវ​តួនាទី​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទាំង​១២​នៃ​រដ្ឋសភា។​

គណបក្ស​សង្គ្រោះជាតិ​ក្រោយ​មក​បាន​ទាមទារ​ឱ្យបែង​ចែក​អំណាច​ក្នុង​ថា្នក់​មូល​ដ្ឋាន​មាន​ន័យ​ថា​ខេត្ត​ ក្រុង​មួយ​ចំនួន​ដែល​គណបក្ស​សង្គ្រោះជាតិ​បាន​ឈ្នះ​ឆ្នោត​ត្រូវ​បាន​កាន់​តួនាទី​ជាអភិបាល​ខេត្ត​ក្រុង​និង​ស្រុក​ ខណ្ឌ​តែការ​លើក​ឡើង​នេះ​ត្រូវ​បាន​មន្ត្រី​គណបក្ស​ប្រជាជន​ចាត់​ទុក​ថា​ផ្ទុយ​ទៅ​នឹង​ច្បាប់៕