សមាគមធាងត្នោត៖ ប្រជា​សហគមន៍​ក្រីក្រ​មួយ​ចំនួន​នៅ​ភ្នំពេញ​រស់នៅ​ជាមួយ​ក្លិន​ស្អុយ​និង​សំរាម

រូបឯកសារ៖ គំនរ​សំរាម​ដែល​ប្រជាពលរដ្ឋ​បាន​យក​មក​បោះចោល​នៅសង្កាត់​គោកឃ្លាង ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ ថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២១។ (មាស មល្លិកា/វីអូអេ)

​ការ​ស្រាវជ្រាវ​ថ្មី​មួយ​របស់​សមាគម​ធាង​ត្នោត​ឱ្យ​ដឹង​ថា​ ​សហ​គមន៍​ក្រីក្រ​មួយ​ចំនួន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​បាន​ប្រឈម​បញ្ហា​ជា​ច្រើន​ ជា​ពិសេស​ការ​រស់​នៅ​ជា​មួយ​ក្លិន​ស្អុយ​សំរាម​ដែល​បង្ក​ឱ្យ​ពួក​គេ​មាន​ជំងឺ​នានា។​

នេះ​ជា​ការ​ស្រាវ​ជ្រាវ​របស់​យុវជន​មួយ​ក្រុមទាក់​ទង​នឹង​អភិបាល​កិច្ចបរិស្ថាន​ល្អ​ក្នុង​សហគមន៍​ងាយ​រង​គ្រោះ​ក្នុង​ទីក្រុង។​

របាយ​ការណ៍​ស្រាវជ្រាវ​នៃ​សមាគម​ធាង​ត្នោត​ ​ដែល​ផ្សព្វ​ផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​កាល​ពី​ថ្ងៃ​៧ ​ខែ​កុម្ភៈ បញ្ជាក់​ថា​ ការ​ស្រាវ​ជ្រាវ​នេះ​ បាន​បង្ហាញ​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា ​ការ​គ្រប់គ្រង​សំរាម​បាន​ល្អ ​ឬ​មិន​បាន​ល្អ គឺ​ជាប់​ទាក់​ទង​គ្នា​ខ្លាំង​រវាង​ប្រជា​ពល​រដ្ឋ​ដោយ​ផ្ទាល់ ​តំណាង​សហគមន៍ ​និង​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​ផ្ទាល់ ​ហើយ​ក្នុង​នោះ​អាជ្ញាធរ​ភូមិ​ សង្កាត់​មាន​តួនាទី​សំខាន់​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​អប់រំ​ផ្សព្វ​ផ្សាយ ​និង​ដោះ​ស្រាយ​បញ្ហា​ផ្ទាល់។​

ការ​ស្រាវជ្រាវ​នេះ​ធ្វើ​ឡើង​តាម​រយៈ​ការ​ធ្វើ​បទ​សម្ភាសន៍​របស់​និសិត្ស ​និង​យុវជន​៤​នាក់ ​ជាមួយ​ប្រជា​សហគមន៍​ក្រីក្រី​ក្នុង​រាជធានី​ភ្នំពេញ​ ចំនួន​៤​ទីតាំង​ រួម​មាន​សហគមន៍​ព្រែក​តាគង់​៦០ម៉ែត្រ​ ​សហគមន៍​បឹងឈូក​មានជ័យ​ថ្មី​ពីរ ​សហគមន៍​ ប្រឡាយ​ទឹក​ស្អុយ​បឹង​ត្របែក​ សហគមន៍​ក្រីក្រ​ព្រែក​តា​គង់​បី។ ការស្រាវ​ជ្រាវ​នោះ​បញ្ជាក់​ថា​ ប្រជា​សហគមន៍​ទាំង​នោះ​ជួប​ប្រទះ​បញ្ហា​សំរាម ​និង​កំពុង​រស់នៅ​ជាមួយ​ក្លិន​ស្អុយ​ស្ថិត​នៅ​គ្រប់​កន្លែង​នៅ​ក្នុង​សហគមន៍ ​និង​ជា​ពិសេស​សំរាម​ដែល​សម្អាត​មិន​ចេះ​អស់​នៅ​ក្នុង​ទឹក​ក្រោម​ផ្ទះ​របស់​ពួកគេ ​ដោយ​សារ​ទីតាំង​សហគមន៍​ខ្លះ​ត្រូវ​បាន​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​សំណង់​អគារ​ និង​លំនៅដ្ឋាន​ចាស់​ថ្មី​ជា​ច្រើន។​

សមាគម​ធាង​ត្នោត​បញ្ជាក់​ថា​ យុវជន​ទាំង​៤​នាក់​បាន​ស្រាវ​ជ្រាវ​ដោយ​ចុះ​ទៅ​សម្ភាស​ជាមួយ​ប្រជា​ពល​រដ្ឋ​រស់​នៅ​សហគមន៍​ទាំង​នោះកាល​អំឡុង​ខែ​កក្កដា ​ឆ្នាំ​២០២២។​

កញ្ញា ​វឿន សុលីតា អ្នក​ស្រាវ​ជ្រាវ​ម្នាក់​ក្នុង​ចំណោម​៤​នាក់​នោះ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ប្រជា​ពល​រដ្ឋ​ និង​ប្រជា​សហគមន៍​មួយ​ចំនួន​ នៅ​តែ​មិន​ទាន់​យល់​ដឹង​អំពី​ការ​ទុក​ដាក់​ និង​ចោល​សំរាម​បាន​ត្រឹមត្រូវ​នៅ​ឡើយ​ទេ ដូច្នេះ​កញ្ញា​ថា​ អាជ្ញាធរគួរ​តែ​ចុះ​ណែនាំ​ដល់​ប្រជា​ពល​រដ្ឋបន្ថែម​ទៀត និង​ឱ្យ​បាន​ជា​ប្រចាំ។​

កញ្ញា​ថ្លែង​ថា៖ ​«ចង់​ឱ្យ​ខាង​អភិបាល​ក្រុង​ជួយ​ចុះ​មក​ណែនាំ​ជាមួយ​ប្រជា​ពលរដ្ឋ​ក្រីក្រ​អ៊ីចឹង​ ព្រោះ​ប្រជាជន​ក្រីក្រ​ភាគ​តិច​ ​គាត់​អត់​សូវ​យល់​ដឹង​ពី​ការ​ទុក​ដាក់​សំរាម​ គាត់ចេះ​តែ​ចោល​តែ​ពាស​អ៊ីចឹង»។

របាយ​ការណ៍​ស្រាវជ្រាវ​របស់​យុវជន​ដែល​មាន​កម្រាស​៣២​ទំព័រ​ឱ្យ​ដឹង​ទៀត​ថា​ ប្រជា​សហ​គមន៍​បឹងឈូក​មាន​ជ័យ​ថ្មី​ពីរ​ ​សង្កាត់​និរោធ ​ខណ្ឌ​ច្បារ​អំពៅ ​ដែល​មាន​ប្រជាជន​សរុប​៤៨​គ្រួសារ ​ស្មើ​២៥៦​នាក់ ​កំពុង​រស់នៅ​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ ពី​សំរាម​ដែល​មាន​ក្លិន​ស្អុយ​ស្ថិត​នៅ​គ្រប់​កន្លែង​នៅ​ក្នុង​សហ​គមន៍ ​ជា​ពិសេស​សំរាម​ដែល​សម្អាត​មិន​ចេះ​អស់​នៅ​ក្នុង​ទឹក​ក្រោម​ផ្ទះ​ប្រជា​ពលរដ្ឋ​ទាំង​នោះ ​ដោយ​សារ​ទីតាំង​លើ​បឹង​ឈូក​ ដែល​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​សំណង់​អគារ​ និង​លំនៅដ្ឋាន​ចាស់​ថ្មី​ជា​ច្រើន។​

ការ​ស្រាវ​ជ្រាវ​បាន​ឱ្យ​ដឹង​ថា នៅ​សហ​គមន៍​បឹង​ឈូក​មាន​ជ័យ​ថ្មី​ពីរ ​មាន​សំរាម​គ្រប់​ទីកន្លែង​នៅ​ក្នុង​សហ​គមន៍​ និង​នៅ​ក្រោម​ផ្ទះ​របស់​ពួក​គាត់​អស់​រយៈ​ពេល​៣០​ឆ្នាំ ​ហើយ​សំរាម​នោះ​មាន​ប្រភព​មិន​ច្បាស់​លាស់ ​និង​មិន​អាច​ប្រមូល​ចេញ​អស់។​ ប្រជា​សហ​គមន៍​បឹង​ឈូក​មានជ័យ​ថ្មី​ពីរ​ ទាំង​កូន​ក្មេង​ និង​មនុស្ស​ធំ​មាន​បញ្ហា​សុខ​ភាព។​ សហ​គមន៍​មិន​មាន​ប្រព័ន្ធ​លូ​សម្រាប់​បង្ហូរ​ទឹក​ចេញ​ និង​ពេល​ភ្លៀង​ធ្លាក់ ​គឺ​កម្ពស់​ទឹក​ខិត​កាន់​តែ​ជិត​រនាប​ផ្ទះ​ និង​នាំ​សំរាម​មក​កាន់​តែ​ច្រើន​ និង​បញ្ហា​ផ្សេង​ទៀត។ ​នេះ​បើ​តាម​របាយ​ការណ៍។​

ដោយ​ឡែកសហ​គមន៍​ក្រីក្រ​ព្រែក​តាគង់​បី ​សង្កាត់​ចាក់​អង្រែ​លើ ​ខណ្ឌ​មានជ័យ​ ក៏​ជួប​ប្រទះ​នឹង​បញ្ហា​លិច​ទឹក​ជា​ប្រចាំ ​ពិសេស​រៀង​រាល់​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ ដោយ​សារ​គ្មាន​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ចេញ​ទៅ​ក្រៅ​សហ​គមន៍​ ដែល​បង្ក​ឱ្យពួក​កាត់​ប្រឈម​បញ្ហា​សុខភាព​ដូចជា​បញ្ហា​ស្បែក​ រមាស់ ​ទឹកស៊ី​ជើង​ និង​ជំងឺ​គ្រុន​ឈាម​ជាដើម។ ​ក្រៅ​ពីនេះ​ សហ​គមន៍​នេះ​ក៏​ជួប​ប្រទះ​បញ្ហា​សេដ្ឋ​កិច្ច​ ដោយ​ត្រូវ​ចំណាយ​ច្រើន​លើ​ការ​ដោះ​ស្រាយ​ជីវភាព ​ទិញ​ថ្នាំ​ពេទ្យ ជិះ​ក្បូន​ចម្លង​សមាជិក​គ្រួសារ​ទៅ​សាលា​និង​ចំណាយ​លើ​ការ​ជួស​ជុល​ផ្ទះ​ដែល​ទទួល​រង​ការ​ខូត​ខាត​ដោយ​សារ​លិច​ទឹក​ជា​ប្រចាំ។ ​នេះ​បើ​តាម​របាយ​ការណ៍​ដដែល​នោះ។

របាយ​ការណ៍​នោះ​បន្ថែម​ថា ​ប្រជា​សហ​គមន៍​មួយ​ចំនួន​នៅ​ប្រឡាយ​ទឹក​ស្អុយ​បឹង​ត្របែក​ នៅ​មិន​ទាន់​យល់​ច្បាស់​អំពី​របៀប​ថែ​ទាំង​សុខភាព​ អនាម័យ​ ទាក់​ទង​ការ​គ្រប់​គ្រង ​ទុក​ដាក់ ​វេច​ខ្ចប់​ និង​ចោល​សំរាម​បាន​ត្រឹម​ត្រូវ​នៅ​ឡើយ​ទេ។ ​ម្យ៉ាង​ទៀត​នៅ​មាន​កង្វះ​ការ​ចូល​រួម​អប់រំ​ណែនាំ​ គ្រប់​គ្រង​និង​ដោះ​ស្រាយ​បញ្ហា​សំរាម​ក្នុង​សហគមន៍​ពី​សំណាក់​អាជ្ញាធរ​មូល​ដ្ឋាន ​ហើយនឹង​ការ​ប្រមូល​សំរាម​មិន​បាន​ត្រឹម​ត្រូវ​របស់​បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សំរាម​ជាដើម។ ​

លោក​ ចេង មុនីរ៉ា ​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ច្បារ​អំពៅ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​អាជ្ញាធរ​តែង​តែ​អប់រំ​ប្រជា​ពលរដ្ឋ​ជានិច្ច ទាក់​ទង​ការ​ទុក​ដាក់​សំរាម​នេះ។ ​លោក​បន្ថែម​ថា ​បញ្ហា​លិច​ទឹក​នៅ​ក្នុង​សហ​គមន៍​លែង​មាន​ទៀត​ហើយ។​

លោក​បញ្ជាក់​ថា៖ «បញ្ហា​សំរាម​គឺ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ក្នុង​សហ​គមន៍​ គាត់​ចេះ​តែ​យក​មក​ដាក់។​ ខ្ញុំ​ធ្លាប់​កាយ​ចេញ​មួយ​សា​ហើយ ដឹក​យក​ចេញ​អស់​ហើយ​រាប់​តោន។​ រាប់​តោន​កន្លែង​ហ្នឹង​ដែល​គាត់​ដាក់​លើ​ប្រឡាយ​ គឺ​បង​ប្អូន​នៅ​ក្នុង​សហ​គមន៍​ហ្នឹង​ ខ្ញុំ​ធ្លាប់​កាយ​ចេញ​មួយ​សា​ហើយ។​ ប៉ុន្តែ​មួយ​រយៈ​នេះ ​ឃើញ​រាង​ស្រាល​បន្តិច​ហើយ។​ ហើយ​អប់រំ​ណែនាំ​គាត់​បន្ថែម​ទៀត​ដើម្បី​ឱ្យ​គាត់​វេច​ខ្ចប់​ឱ្យ​បាន​ត្រឹម​ត្រូវ​ ហើយ​ពេល​ឡាន​មក​ ចាំយក​ទៅ​ដាក់»។​

ចំណែក​លោក​ ប្រាំង សុផល ​នាយក​រដ្ឋបាល​ខណ្ឌ​មានជ័យ ​ប្រាប់​វីអូអេ​ថា​ ក្នុង​ខណ្ឌ​មានជ័យ​ មិន​មាន​បញ្ហា​សំរាម​អ្វី​ទៀត​នោះ​ទេ។​

លោក​ សឿង សារ៉ន​ នាយក​ប្រតិបត្តិ​នៃ​សមាគម​ធាង​ត្នោត​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​បញ្ហា​សំរាម​ ​សុវត្ថិ​ភាព​ដីធ្លី ​និង​ស្ថាន​ភាព​ទឹក​លិច​ ក្នុង​សហ​គមន៍ក្រីក្រ​មួយ​ចំនួន​មិន​ទាន់​ឃើញ​មាន​ការ​ដោះ​ស្រាយ ​និង​ឆ្លើយ​តប​ជា​វិជ្ជមាន​នៅ​ឡើយ​ទេ ហើយ​បញ្ហា​នេះ​ទាម​ទារ​ឱ្យ​មាន​ការ​ដោះ​ស្រាយ​ជា​ប្រព័ន្ធ។​

លោក​ថ្លែង​ថា៖ ​«សំរាម​នៅ​ក្នុង​សហ​គមន៍​ ឬ​ក៏​បញ្ហា​សុវត្ថិ​ភាព​ដីធ្លី​ហ្នឹង​វា​នៅ​តែ​ជា​បញ្ហា​ដែល​បន្ត​កើត​មាន​ អត់​ទាន់​ដោះ​ស្រាយ​ ឬ​ក៏​ឆ្លើយ​តប​ជា​វិជ្ជមាន​ពី​អាជ្ញាធរ​ពាក់​ព័ន្ធ​នៅ​ឡើយ»។​

បើ​តាម​សមាគម​ធាង​ត្នោត សមាគម​ផ្តល់​ការ​គាំទ្រ​ដល់​យុវជន​ក្នុង​ការ​ស្រាវ​ជ្រាវ​នេះ ​គឺ​មាន​គោល​បំណង​កសាង​សមត្ថ​ភាព​ក្រុម​យុវជន​ និង​ជួយ​ឱ្យ​ប្រជា​សហ​គមន៍​ក្រីក្រ​នៅ​ទីក្រុង​ជា​ដើម​ដែល​ជា​ទូទៅ​មិន​មាន​ឱកាស​បញ្ចេញ​មតិ​នោះ​ ​អាច​បញ្ចេញ​មតិ​ដើម្បី​លើក​កម្ពស់​អភិបាល​កិច្ច​បរិស្ថាន​ល្អ​ប្រកប​ដោយ​សុវត្ថិ​ភាព និង​សន្តិ​ភាព៕