រដ្ឋាភិបាលកម្ពុជាស្វាគមឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិក លោក Patrick Murphy ខណៈដែលសង្គមស៊ីវិលនិងអ្នកវិភាគជឿថា លោកអាចនឹងជួយជំរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។លោក Patrick Murphy បានមកដល់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃពុធម្សិលមិញ ខណៈដែលកៅអីឯកអគ្គរដ្ឋទូតអាមេរិកនៅទំនេរចាប់តាំងពីចុងឆ្នាំ២០១៨មកម៉្លេះ។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរដ្ឋាភិបាលលើកឡើងថា រដ្ឋាភិបាលកម្ពុជាទទួលស្វាគមន៍ការមកដល់របស់លោក Patrick Murphy។
អ្នកនាំពាក្យដដែលចាត់ទុកថាវត្តមានរបស់ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកគឺជាសញ្ញាវិជ្ជមាននៃកិច្ចសហការរវាងប្រទេសទាំងពីរ។ ហើយទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជានឹងត្រូវបានពង្រឹងបន្ថែមទៀត។
«ជាការបង្ហាញពីទំនាក់ទំនងល្អ ហើយនឹងសហប្រតិបតិ្តការរវាងកម្ពុជានិងសហរដ្ឋអាមេរិក គឺថា លោកប្រធានាធិបតី ដូណាល់ ត្រាំ លោកបានបញ្ជូនអ្នកតំណាងនូវផលប្រយោជន៍របស់សហរដ្ឋអាមរិកមកកាន់កម្ពុជា អាហ្នឹងជាចំណុចវិជ្ជមានមួយខ្ពស់ណាស់»។
លោក Murphy ដែលជាមន្ត្រីការទូតអាមេរិកជាន់ខ្ពស់ម្នាក់ដ៏មានបទពិសោធន៍អំពីតំបន់អាស៊ី បានមកចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា បន្ទាប់ពីឯកអគ្គរដ្ឋទូតអាមេរិកមុន គឺលោក William A. Heidt បានបញ្ចប់អាណត្តិរបស់លោកនៅចុងឆ្នាំ២០១៨។
ការចូលបំពេញតួនាទីរបស់លោក Murphy នៅប្រទេសកម្ពុជាកើតឡើង នៅចំពេលដែលស្ថានភាពនយោបាយរបស់កម្ពុជាកំពុងតែតានតឹង ដោយរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសត្រៀមកម្លាំងចាប់ខ្លួនលោក សម រង្ស៊ី ប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិ ដែលគ្រោងវិលទៅប្រទេសកម្ពុជានៅខែវិច្ឆិកាខាងមុខនេះ បន្ទាប់ពីបាននីរទេសខ្លួនរស់នៅក្រៅប្រទេសតាំងពីឆ្នាំ២០១៥មក។ ដំណាលគ្នានេះ អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវរដ្ឋាភិបាលរំលាយចោល គឺលោកកឹម សុខា កំពុងស្ថិតក្នុងការឃុំឃាំងក្នុងផ្ទះក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ។ ហើយក្រុមអាជ្ញាធរកម្ពុជាកំពុងបន្តចាប់ខ្លួនសកម្មជនអតីតគណបក្សប្រឆាំងដ៏ធំជាងគេនេះ។
សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកបានថ្កោលទោសរដ្ឋាភិបាលកម្ពុជាអំពីការរឹតត្បិតសិទ្ធិនយោបាយនិងការគាបសង្កត់សិទ្ធិមនុស្សរបស់កម្ពុជា ដោយចោទប្រកាន់ថាកម្ពុជាកំពុងបំផ្លាញលទ្ធិប្រជាធិបតេយ្យ។
លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក (ADHOC) បានប្រាប់ VOA ថា លោក Patrick Murphy «នឹងមានការទូតពិសេស» ជាមួយនឹងរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលស្ថានភាពនយោបាយនៅកម្ពុជាដែលកំពុងមានកម្តៅ ឲ្យមានការគោរពសិទ្ធិមនុស្ស និងគោលការណ៍លទ្ធិប្រជាធិបតេយ្យឡើងវិញ។
«យើងជឿជាក់ថា សមត្ថភាពរបស់លោកអាចនឹងធ្វើឲ្យមានការធូរស្រាលនៅស្ថានភាពរំលោភសិទ្ធិមនុស្ស ហើយនិងបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា អាចនឹងមានភាពល្អប្រសើរជាងនៅពេលបច្ចុប្បន្ន»។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយកម្ពុជា បាននិយាយថា តាមរយៈការប្តេជ្ញារបស់លោក Patrick Murphy ទំនាក់ទំនងសហរដ្ឋអាមេរិកអាចរីកចម្រើនបន្ថែមទៀត ក៏ដូចជា ស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែលោកបានលើកឡើងថា ប្រសិនបើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមិនមានការរីកចម្រើន ដូចជាការរំពឹងទុករបស់សហរដ្ឋអាមេរិក នោះនឹងមានការដាក់សម្ពាធខ្លាំងជាងមុនពីសហរដ្ឋអាមេរិក។
កាលពីសប្តាហ៍មុន លោកPatrick Murphy បានថ្លែងសារមួយលើទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកដោយបានបង្ហាញពីបទពិសោធន៍មកកាន់ប្រទេសកម្ពុជានិងបង្ហាញពីជីវប្រវត្តិផ្ទាល់ខ្លួនរបស់លោក។ លោកបន្ថែមថា លោកនឹងពង្រឹងផ្នែកអភិវឌ្ឍន៍ ពាណិជ្ជកម្ម សុខាភិបាលសាធារណៈ ការពង្រឹងច្បាប់ អភិរក្សវប្បធម៌និងការផ្លាស់ប្តូរទំនាក់ទំនងនៃប្រជាជាតិទាំងពីរ។
លោក ឯម សុវណ្ណារ៉ា បានបន្ថែមថា លោក Patrick Murphy ប្រហែលមិនអាចទាញកម្ពុជាឲ្យងាកមករកបស្ចឹមលោកខ្លាំងជាងប្រទេសលោកខាងកើត ប៉ុន្តែលោកមានក្តីសង្ឃឹមថា លោក Patrick Murphy អាចជំរុញឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានការរីកចម្រើន។
ស្របពេលដែលឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកមកដល់ប្រទេសកម្ពុជា អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Morgan Ortagus បានទទូចជាថ្មីម្តងទៀតឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោកកឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិពីការឃុំឃាំងក្នុងផ្ទះនិងដោះលែងសកម្មជននយោបាយប្រឆាំងដែលត្រូវចាប់ខ្លួនទាំងអស់។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានបកស្រាយត្រង់ចំណុចនេះក្នុងសន្និសិតកាសែតកាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ថា នេះជាកិច្ចការអធិបតេយ្យរបស់តុលាការដែលរដ្ឋាភិបាលមិនមានសិទ្ធិលូកលាន់នោះទេ៕