Thitu សកម្មភាព​ថ្មី​របស់​ចិន​នៅ​លើ​សមុទ្រ​មាន​ជម្លោះ​ប៉ះពាល់​ដល់​មិត្តភាព​រវាង​ចិន​ និង​ហ្វីលីពីន​

  • Ralph Jennings

រូបឯកសារ៖ កោះ​ Thitu ស្ថិត​នៅ​លើ​ប្រជុំ​កោះ Spratly ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ។

​នាវា​របស់​ចិន​បាន​ចូល​ទៅ​ជិត​ដែនដី​សំខាន់​មួយ​របស់​ហ្វីលីពីន​ នៅ​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​​ចិន​ខាង​ត្បូង​ កាល​ពី​ខែ​សីហា​កន្លង​ទៅ ដែល​ការ​ណ៍​នេះ​​បង្ក​ឲ្យ​មាន​ការ​ពិភាក្សា​ដេញដោល​យ៉ាង​ក្តៅគគុក​នៅ​ក្នុង​ទីក្រុង​ម៉ានីល​ ដែល​អាច​ប៉ះពាល់​ដល់​មិត្តភាព​រយៈ​ពេល​មួយ​ឆ្នាំ​ដ៏​ផុយស្រួយ ​រវាង​ប្រទេស​ទាំង​ពីរ។

មាន​របាយការណ៍​ដែល​បាន​បញ្ជាក់​ថា ​នាវា​របស់​ចិន​បាន​ចូល​ទៅ​ជិត​ដែនដី​សំខាន់​មួយ​របស់​ហ្វីលីពីន​ នៅ​ក្នុង​តំបន់​ជម្លោះ​សមុទ្រចិន​ខាង​ត្បូង​ កាល​ពី​ខែ​សីហា​កន្លង​ទៅ។ ការណ៍នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ពិភាក្សា​ដេញដោល​យ៉ាង​ក្តៅគគុក​នៅ​ក្នុង​ទីក្រុង​ម៉ានីល​ ដែល​អាច​ប៉ះពាល់​ដល់​មិត្តភាព​រយៈ​ពេល​មួយ​ឆ្នាំ​ដ៏​ផុយស្រួយ ​រវាង​ប្រទេស​ទាំង​ពីរ។

សមាជិក​សភា​ហ្វីលីពីន​ លោក​ Gary Alejano ​បាន​និយាយ​នៅ​លើ​ទំព័រ ​Facebook របស់​លោក​ថា​ នាវា​របស់​ចិន​បាន​បោះ​ទង់ជាតិ​កំពស់​៣ម៉ែត្រ​នៅ​លើ​កោះ ​Sandy Cay ដែល​ស្ថិត​នៅ​តំបន់​កាន់​កាប់​ដោយ​ប្រទេស​ហ្វីលីពីន ​ប្រជុំកោះ Spratly ក្នុង​សមុទ្រ​ចិន ខាងត្បូង​ កាល​ខែ​កក្កដា​កន្លង​ទៅ​នេះ។ លោក​បាន​បន្ថែម​ថា​នាវា​ចម្បាំង​ និង​នាវា​ត្រួត​ពិនិត្យ​ដែន​សមុទ្រ​របស់​ចិន​ បាន​បើក​ឆ្លង​កាត់​តំបន់​នោះ​កាល​ពី​ថ្ងៃ​ទី២ ខែ​សីហា​ កន្លង​ទៅ​នេះ។

សកម្មភាព​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង

រូបភាព​ដែល​ប្រមូល​បាន​ដោយ​កម្មវិធី​ផ្តួចផ្តើម​ឲ្យ​មាន​តម្លាភាព​នៅ​ដែន​សមុទ្រ​ក្នុង​ទ្វីប​អាស៊ី​ ដែល​ជា​កម្មវិធី​មួយ​របស់​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្រ្ត​ និង​កិច្ចការ​អន្តរជាតិ​CSIS របស់​សហរដ្ឋ​អាមេរិក​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ទូក​នេសាទ​ចិន​ចំនួន​៩គ្រឿង​និង​នាវា​ចម្បាំង​ ឬ​នាវា​ត្រួត​ពិនិត្យ​ដែន​សមុទ្រ​របស់​ចិន​ចំនួន​២គ្រឿង​ បាន​បើក​ចូល​ទៅ​ជិត​កោះThitu ស្ថិត​ក្នុង​ប្រជុំ​កោះSpratly ដែល​មាន​ប្រជាពលរដ្ឋ​ហ្វីលីពីន​ជាង​១០០នាក់​រស់​នៅ​ទី​នោះ​ កាល​ពី​ថ្ងៃទី១៣ ខែសីហា​កន្លង​ទៅ​នេះ។

លោក Euan Graham នាយក​ផ្នែក​សន្តិសុខ​អន្តរជាតិ​នៃ​វិទ្យាស្ថានLowy សម្រាប់​គោលនយោបាយ​អន្តរជាតិ​ក្នុង​ក្រុង​ស៊ីដនី​ ប្រទេស​អូស្រ្តាលីថ្លែង​ថា៖«នេះ​ប្រហែល​ជា​ការ​សាកល្បង​ចំពោះ​រដ្ឋាភិបាល​ហ្វីលីពីន​ ដើម្បី​ចង់​ដឹង​ពី​ប្រតិកម្ម​ឆ្លើយ​តប​មក​វិញ​ ថា​តើ​មាន​ប្រតិកម្ម​ច្រើន​ប៉ុណ្ណា​នៅក្នុង​ប្រព័ន្ធ​រដ្ឋាភិបាល​ហ្វីលីពីន​ ប៉ុន្តែ​កន្លង​មក​មាន​ប្រតិកម្ម​អវិជ្ជមាន​តិចតួច​ណាស់»។

លោក​ Graham បាន​ថ្លែង​បន្ត​ទៀត​ថា៖ «បើ​មើល​តាម​ស្ថានភាព​ជាក់ស្តែង​ អ្នក​អាច​និយាយ​ថា​ទ្វារ​កំពុង​បើក​ចំហរ​ ប្រសិន​បើ​ចិន​ចង់​ចូល​ទៅ​ដំណាក់​កាល​បន្ទាប់​ទៀត។

ប្រទេស​ចិន​អាច​រារាំង​មិន​ឲ្យ​ហ្វីលីពីន​ចូល​ទៅ​កោះSancy Cay ហើយ​បន្ទាប់​មក​អាច​សង់​រចនា​សម្ព័ន្ធ​នានា​នៅ​លើ​កោះ​នោះ»។​

ប្រទេស​ហ្វីលីពីន​មិន​បាន​ចាត់​វិធានការណ៍​អ្វី​នោះ​ទេ

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ហ្វីលីពីន​ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី២២ ខែសីហា​ កន្លង​ទៅ​នេះ​ថា​ ប្រធានាធិបតី​ហ្វីលីពីន​ លោក Rodrigo Duterte បាន​ថ្លែង​ថា​លោក​មើល​មិន​ឃើញ​ពី​ហេតុផល​ណា​មួយ​ ដែល​ត្រូវ​ការពារ​កោះSandy Cayនោះ​ទេ​ លើកលែង​តែ​ចិន​ចង់​ឈ្លានពាន​យក​កោះ​នោះ​តែ​ប៉ុណ្ណោះ។ លោក​រដ្ឋមន្រ្តី​ការបរទេស​ហ្វីលីពីន​ត្រូវ​បាន​គេ​ដកស្រង់​សម្តី​ កាល​ពី​ថ្ងៃទី២២ ​ខែសីហា​កន្លង​ទៅ​នេះ​ថា​ ចិន​មិន​បាន​កាន់កាប់​កោះ Sandy Cay ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ២២គីឡូម៉ែត្រ​នៃ​កោះThitu ដែល​ជា​តំបន់​វាល​ខ្សាច់​នោះ​ទេ​ ហើយ​ថា​នាយកដ្ឋាន​របស់​លោក​នឹង​មិន​បោះបង់​ចោល​ដែន​កោះ​នេះ​ទេ។

ក៏ប៉ុន្តែ​លោក Antonio Carpio ចៅក្រម​ជាន់​ខ្ពស់​តុលាការ​កំពូល​នៅក្នុង​ប្រទេស​ហ្វីលីពីន​ បាន​ចោទ​ប្រកាន់​ប្រទេស​ចិន​ពី​បទ​ឈ្លានពាន​នេះ។ ការ​ចោទ​ប្រកាន់​របស់​លោក​ដូច្នេះ​ មួយ​ផ្នែក​បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ពី​មន្រ្តី​រដ្ឋាភិបាល។

ជំនួយ​របស់​ចិន​រាប់ពាន់​លាន​ដុល្លារ​គឺ​ជា​កត្តា​មួយ

រដ្ឋាភិបាល​របស់​លោក Duterte និង​រដ្ឋាភិបាល​ចិន​បាន​សម្រេច​ផ្អាក​ជម្លោះ​ដែន​សមុទ្រ​របស់​ពួកគេ​កាល​ពី​ឆ្នាំ​មុន​ ហើយ​ចិន​បាន​សន្យា​ថា​នឹង​ផ្តល់​ជំនួយ​ និង​បោះទុន​វិនិយោគ​ជា​ទឹកប្រាក់​ចំនួន២៤ពាន់​លាន​ដុល្លារ​អាមេរិក​ នៅក្នុង​ប្រទេស​ហ្វីលីពីន។ គ្មាន​ភាគី​ណា​មួយ​យល់​ព្រម​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ។

អ្នក​សិក្សា​ស្រាវជ្រាវ​នានា​ថ្លែង​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េងកាំង​ដែល​ជា​ភាគី​ទាមទារ​កាន់កាប់​សមុទ្រ​ចិន​ខាងត្បូង​ខ្លាំង​ជាង​គេ​បំផុត​ ក្នុង​ចំណោម​ភាគី​ទាំង៦សង្ឃឹម​ថា​ ចំណង​មិត្តភាព​ជាមួយហ្វីលីពីន​ ដែល​គួរ​ឲ្យ​ទុក​ចិត្ត​នោះ​ នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា​ ខ្លួន​អាច​ដោះស្រាយ​ជម្លោះ​ដែន​សមុទ្រ​បាន​ ដោយ​មិន​ចាំបាច់​មាន​អន្តរាគមន៍​ពី​ភាគី​ទី​បី​ឡើយ។ កាល​ពី​ខែ​កក្កដា​ឆ្នាំ២០១៦ តុលាការ​អាជ្ញា​កណ្តាល​ពិភពលោក​ បាន​ចេញ​សេចក្តី​សម្រេច​ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​អតីត​ប្រធានាធិបតី​ហ្វីលីពីន​ ថា​ការ​ទាមទារ​របស់​ចិន​ចង់​កាន់កាប់​ផ្ទៃ​សមុទ្រ​ប្រហែល​៩០ភាគរយ​ នៃ​ផ្ទៃ​សមុទ្រ​ដែល​មាន​ទំហំ​៣លាន​៥សែនគីឡូម៉ែត្រ​ការ៉េ​នោះ​ គឺ​គ្មាន​សុពលភាព​តាម​ផ្លូវ​ច្បាប់​នោះ​ទេ។ រដ្ឋាភិបាល​ក្រុង​ប៉េងកាំង​បាន​ច្រាន​ចោល​សេក្តី​សម្រេច​នេះ។

ប្រទេស​វៀតណាម​ក៏​ធ្លាប់​បាន​ប៉ះ​ទង្គិច​ជាមួយ​ចិន​ពាក់ព័ន្ធ​នឹង​បញ្ហា​ដែន​សមុទ្រ​នេះផងដែរ​ ចាប់​តាំង​ពី​ទសវត្ស​១៩៧០មក។ តាំង​ពី​ឆ្នាំ២០១០មក​ ចិន​បាន​ពញ្ញាក់​អារម្មណ៍​ភាគី​ដែល​ទាមទារដែន​សមុទ្រ​ទាំងអស់​ ព្រម​ទាំង​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​ផងដែរ​ ដោយ​ការ​បង្កើន​ការ​ទន្ទ្រាន​យក​ដី​ និង​បន្ទាប់​មក​បាន​ដំឡើង​មូលដ្ឋាន​យោធា​នៅ​លើ​កូន​កោះ​មួយ​ចំនួន។ ប្រទេស​ដែល​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​ការ​កាន់កាប់​ដែន​សមុទ្រ​នេះ​ គឺ​ឲ្យ​តម្លៃ​លើ​សមុទ្រ​នេះ​ ថា​ជា​ជង្រុក​នៃ​ប្រេង​ ឧស្ម័ន​ ត្រី​ និង​ជា​ផ្លូវ​នាវាចរណ៍​មួយ​យ៉ាង​សំខាន់។

លោក Collin Koh អ្នក​ស្រាវជ្រាវ​ផ្នែក​សនិ្តសុខ​ដែន​សមុទ្រ​នៃ​សកល​វិទ្យាល័យ​បច្ចេកវិទ្យា Nanyang ក្នុង​ប្រទេស​សិង្ហបុរី​ថ្លែង​ថា៖«ចិន​ចង់​រក្សា​រូបភាព​ឆបោក​ដែរ​ថា​ អ្វីៗ​នឹង​បាន​ប្រសើរ​ឡើង»។

ប្រជាពលរដ្ឋ​ហ្វីលីពីន​ជា​ច្រើន​មាន​ការ​ខ្វល់ខ្វាយ

នា​ពេល​ឥឡូវ​នេះ​ក្រុម​អ្នក​វិភាគ​មើល​ឃើញ​ថា​ ពួក​អ្នក​នយោបាយ​ហ្វីលីពីន​កំពុង​តែ​ព្យាយាម​រិះរក​ការ​បកស្រាយ​ដោយ​សមរម្យ​មួយ​ ដើម្បី​បំពេញ​ចិត្ត​ប្រជាពលរដ្ឋ​ ដែល​មាន​ការ​សង្ស័យ​ទៅ​លើ​ចិន​ ស្រប​ពេល​ដែល​ពួកគេ​កំពុង​រក្សា​ចំណង​មិត្តភាព​ជាមួយ​ចិន។

លោក Eduardo Araral សាស្រ្តាចារ្យ​នៃ​មហាវិទ្យាល័យ​គោលនយោបាយ​សាធារណ​នៃ​សកល​វិទ្យាល័យ​ជាតិ​សិង្ហបុរី National University of Singapore​មាន​ប្រសាសន៍​ថា​សម្រាប់​ពេល​ឥឡូវ​នេះ​ ប្រទេស​ចិន​ប្រហែល​ជា​ដក​ថយ​សិន​ ហើយ​ប្រទេស​ហ្វីលីពីន​ប្រហែល​ជា​នឹង​មាន​ការ​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋ​ទូត​ចិន។ លោក Araral បាន​ថ្លែង​ដូច្នេះ​ថា៖«ដោយ​សារ​តែ​ចិន​ដឹង​ថា​ លោក​ចៅក្រម Antonio Carpio កំពុង​តែ​ឃ្លាំ​មើល​ពួកគេ​ ពួកគេ​មិន​អាច​បន្ត​ធ្វើ​អ្វី​ដែល​ខ្លួន​កំពុង​តែ​ធ្វើ​នោះ​ទេ។ ពួកគេ​មិន​អាច​បន្លំ​ភ្នែក​សាធារណៈជន​ ដោយ​ធ្វើ​ជា​និយាយ​ល្អ​ជាមួយ​ហ្វីលីពីន​ ហើយ​ធ្វើ​ការ​វាយប្រហារ​នៅ​ពី​ក្រោយ​ខ្នង​នោះ​ទេ»។

លោក Araral ថ្លែង​បន្ត​ទៀត​ថា​ វា​មិន​ច្បាស់​ទេ​ថា​ តើ​សកម្មភាព​របស់​ចិន​នៅ​ជិត​កោះ Sandy Cay ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល​ចិន​ ឬ​មន្ត្រី​មូលដ្ឋាន​ណា​មួយ​យ៉ាងណា​នោះ​ទេ។

ប្រទេស​ហ្វីលីពីន​ប្រហែល​ជា​ត្រូវ​ឆ្លើយតប​តាម​វិធី​មួយ​ចំនួន

កាល​ពី​ឆ្នាំ​មុន​ ចិន​បាន​បំបាក់​មុខ​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte ដោយ​ការចត​នាវា​របស់​ខ្លួន​នៅក្នុង​តំបន់ Benham Rise ដែល​ជា​តំបន់​វាល​ទំនាប​លេច​ឡើង​ នៅ​លើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នៃ​ប្រទេស​ហ្វីលីពីន​ ដែល​ករណី​នេះ​បាន​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី Duterteប្តេជ្ញា​ពង្រឹង​ការ​គ្រប់គ្រង​ទៅ​លើ​កោះ​ចំនួន១០​ក្នុង​ប្រជុំ​កោះSpratly ដែល​ខ្លួន​កំពុង​កាន់កាប់។

សកម្មភាព​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ​ មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជារួម​រវាង​ចិន​និង​ហ្វីលីពីន​ឡើយ។

អ្នក​សិក្សា​ស្រាវជ្រាវ​នានា​និយាយ​ថា​ កង្វះខាត​ការ​ទប់ទល់​ជា​ផ្លូវការ​ចំពោះ​សកម្មភាព​របស់​ចិន​នៅ​ឯ​កោះSandy Cay អាច​ធ្វើ​ឲ្យ​ប្រទេស​ចិន​យល់​ថា​កោះ Sandy Cayគឺ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ និង​ដាក់​បម្រាម​មិន​ឲ្យ​ហ្វីលីពីន​ចូល​ទៅ​កាន់​ដែន​កោះ​នោះ។

លោក Oh Ei Sun សាស្រ្តាចារ្យ​បង្រៀន​ផ្នែក​ការ​សិក្សា​កិច្ចការ​អន្តរជាតិនៃ​សកល​វិទ្យាល័យNanyang ក្នុង​ប្រទេស​សិង្ហបុរី​ថ្លែង​ថា៖«ជា​ធម្មតា​អ្វី​ដែល​ចិន​នឹង​ធ្វើគឺ​ការ​កំណត់​ព្រំដែន​ ដែល​ជា​ការ​គ្រប់គ្រង​ ឬ​ក៏​ការ​ជះ​ឥទ្ធិពល​មួយ។ នៅ​ពេល​ណា​មាន​ការ​កំណត់​ព្រំដែន​ គឺ​មាន​ន័យ​ថា​ជា​ការ​ទាមទារ​យក​ដែន​អធិបតេយ្យភាព​ ទោះ​បី​ជា​វា​គ្រាន់តែ​ជា​និមិត្ត​សញ្ញា​ក៏​ដោយ។ សកម្មភាព​ទាំង​នេះ​មិន​យូរ​មិន​ឆាប់​នឹង​ធ្វើ​ឲ្យ​ដែនកោះ​ទាំង​នោះ​ ក្លាយ​ជា​អធិបតេយ្យភាព​ ដែល​កាន់កាប់​ដោយ​ប្រទេស​ចិន»។

លោក Oh Ei Sun បាន​បន្ថែម​ទៀត​ថា​ ការ​តតាំង​ខ្លាំងក្លា​របស់​ហ្វីលីពីន​ទៅ​នឹង​សកម្មភាព​ដែន​សមុទ្រ​របស់​ចិន​ អាច​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដក​ការ​វិនិយោគ​របស់​ខ្លួន​ចេញ​ពី​ប្រទេស​ហ្វីលីពីន។ លោក Duterte កំពុង​សម្លឹង​រក​ជំនួយ​ពី​ប្រទេស​ចិន​ និង​ជប៉ុន​ ដើម្បី​សាសង់​ផ្លូវ​រថភ្លើង​ និង​ហេដ្ឋារចនា​សម្ព័ន្ធថ្មីៗ​ នៅក្នុង​អាណត្តិ​រយៈពេល៦ឆ្នាំ​នៃ​ការ​កាន់​តំណែង​របស់​លោក។

លោក Graham បាន​ឲ្យ​ដឹង​ថា​ ប្រទេស​ចិន​អាច​សង់​រចនា​សម្ព័ន្ធ​មួយ​ចំនួន​នៅ​លើ​កោះ Sandy Cay។ ចិន​បាន​សាងសង់​មូលដ្ឋាន​សម្រាប់​យន្តហោះ​ចម្បាំង​នៅ​លើ​កោះ​ធំៗ​ក្នុង​ប្រជុំ​កោះSpratly ដូច​ជា​កោះ Fiery Cross កោះ Mischief Reef និង​កោះ Subi Reef រួច​មក​ហើយ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្រ្ត​ និង​កិច្ចការ​អន្តរជាតិ CSISរបស់​សហរដ្ឋ​អាមេរិក៕