មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា (គ.ជ.ប.) នៅសប្ដាហ៍នេះ បានសម្រេចកែប្រែប្រការមួយចំនួននៅក្នុងបទបញ្ជាផ្ទៃក្នុងដែលមានរាប់បញ្ចូលការដាក់ទណ្ឌកម្មនិងបណ្ដេញចេញពីមុខតំណែង ក៏ប៉ុន្តែស្ថាប័នសាធារណៈមួយនេះមិនបានពន្យល់ពីមូលហេតុនិងកំហុសដែលនាំដល់ការដាក់ទោសទណ្ឌ ឱ្យបានច្បាស់លាស់នោះទេ។
សេចក្ដីប្រកាសរបស់គ.ជ.ប. ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ បានបញ្ជាក់ឲ្យដឹងពីការកែប្រែប្រការ ១០៨ ១០៩ ១១០ និងប្រការ១៦២។
នៅត្រង់ប្រការ១៦២ ថ្មីនៃបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន គ.ជ.ប. បានកំណត់នូវទណ្ឌកម្មពីរថ្នាក់ រាប់ពីចាប់ការស្ដីបន្ទោសរហូតដល់ការបណ្ដេញចេញពីមុខតំណែង។
ផ្នែកខ្លះនៃទណ្ឌកម្មថ្នាក់ទី២របស់ គ.ជ.ប. បានបញ្ជាក់ឲ្យដឹងតាមន័យដើមថា៖«ដាក់ឲ្យចូលនិវត្តន៍មុនកំណត់ ឬបញ្ឈប់ពីការងារដោយបង្ខំមិនឲ្យចូលបម្រើការងារជាមួយ គ.ជ.ប.ឬគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ចាប់ពី១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ ចំពោះមន្ត្រីបោះឆ្នោត ជាប់កិច្ចសន្យានិងបណ្ដេញចេញពីមុខតំណែង»។
ការដាក់ទណ្ឌកម្មទាំងនេះ អាចនឹងត្រូវធ្វើតែទៅលើសមាសភាពរបស់គណៈកម្មការឃុំសង្កាត់ រៀបចំការបោះឆ្នោត ហៅកាត់ថា (គឃ.សប) ដោយសារតែគ.ជ.ប. បានលើកឡើងអំពីភារកិច្ចប្រធានអនុប្រធាន និងសមាជិកគណៈកម្មការឃុំសង្កាត់ រៀបចំការបោះឆ្នោតប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ គ.ជ.ប. មិនបានបញ្ជាក់ពីមូលហេតុនៃការកែប្រែប្រការមួយចំនួននៃបទបញ្ជាផ្ទៃក្នុងរបស់ខ្លួននេះទេ។
VOA ក៏មិនទាន់អាចទាក់ទងសុំការអធិប្បាយពីលោក ឌឹម សុណ្ណារុំ អ្នកនាំពាក្យរបស់គ.ជ.ប. បានដែរនៅថ្ងៃពុធនេះ ដោយទូរស័ព្ទរបស់លោករោទ៍ តែគ្មានអ្នកទទួល។
គ.ជ.ប. កំពុងរៀបចំឲ្យមានការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០១៨ ដែលលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ បានអំពាវនាវឲ្យមានការលើកពេលប្រសិនបើគ្មានវត្តមានរបស់គណបក្សប្រឆាំងចូលរួម។
ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយ VOA កាលពីពេលថ្មីៗនេះនៅឯទីក្រុងប៉ារីស ប្រទេសបារាំង លោកសម រង្ស៊ី ចាត់ទុកថា គ.ជ.ប.បច្ចុប្បន្ននេះជារបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ដែលមិនអាចធានាបានការបោះឆ្នោតមួយ ដែលមានភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និងផ្ដល់លទ្ធផលដែលគួរឲ្យជឿជាក់បានទេ។
លោកអំពាវនាវឲ្យក្រុមអ្នកសង្កេតការណ៍ មិនឲ្យចូលរួមសង្កេតការណ៍បោះឆ្នោត ប្រសិនបើគ្មានវត្តមានរបស់គណបក្សសង្គ្រោះជាតិទេនោះ។
«ការបោះឆ្នោតអត់មានគណបក្សសង្គ្រោះជាតិ ប្រជារាស្ត្រខ្មែរក៏មិនត្រូវចូលរួមក្នុងការបោះឆ្នោត អ្នកសង្កេតការណ៍ទាំងជាតិ ទាំងអន្តរជាតិ ក៏មិនត្រូវមកចូលរួមសង្កេតអី? សង្កេតអ្វី ដែលគ្រាន់តែជាការរៀបចំឆាកល្ខោនលេងសើច ហើយដែលលទ្ធផលដឹងមុនទៅហើយ មកសង្កេតធ្វើអី? អញ្ចឹង កុំអញ្ជើញមកសង្កេតការណ៍ សូមថ្កោលទោស ជាមួយនឹងប្រជារាស្ត្រខ្មែរ ថ្កោលទោសថាការបោះឆ្នោតលេងសើចហ្នឹង យើងអត់មកលេងសើចជាមួយនឹងគណបក្សប្រជាជន និងគ.ជ.ប. របស់គេនោះទេ»។
គណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយតាមបណ្ដឹងរបស់រដ្ឋាភិបាលកាលពីឆ្នាំ ២០១៧ ក្រោយការចាប់ខ្លួនមេដឹកនាំគណបក្សនេះ គឺលោក កឹម សុខា ដែលបានរងការចោទប្រកាន់ថា លោកបានប្រព្រឹត្តអំពើក្បត់ជាតិ ដោយការឃុបឃិតជាមួយសហរដ្ឋអាមេរិកក្នុងការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ទាំងលោក កឹម សុខា និងសហរដ្ឋអាមេរិក បានច្រានចោលការចោទប្រកាន់នេះ។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការបោះឆ្នោតនៃអង្គការខុមហ្វ្រែល (Comfrel) លើកឡើងថា ការសម្រេចចូលរួមសង្កេតការណ៍បោះឆ្នោតរបស់ ខុមហ្វ្រែលនឹងមិនត្រូវបានធ្វើទៅតាមការចង្អុលបង្ហាញរបស់អ្នកនយោបាយនោះឡើយ។
«ចំណុចខ្លះរឿងរបស់អ្នកនយោបាយ គេអាចធ្វើការកិច្ចការងារអំពាវនាវ ឬក៏វាយតម្លៃ អាហ្នឹងជារឿងនយោបាយ ជារឿងរបស់គេ អាហ្នឹងយើងមិនមានគោលការណ៍ណាដែលខុសពីរឿងច្បាប់។ រឿងកិច្ចការងារជាគោលការណ៍ច្បាស់លាស់នៃអន្តរជាតិ ឬក៏អ្វីដែលយើងឲ្យឈ្មោះថា ការបោះឆ្នោតដោយសេរី យុត្តិធម៌ ហ្នឹងទេបាទ។ យើងអត់អាចឃ្លាតចេញពីហ្នឹងបានទេបាទ»។
ចំណែក លោក រ៉ុង ឈុន អតីតសមាជិករបស់គ.ជ.ប. មកពីកូតាគណបក្សសង្គ្រោះជាតិ និងជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានបញ្ជាក់ VOAឲ្យដឹងនៅថ្ងៃពុធថា ការបោះឆ្នោត គួរតែត្រូវបានលើកពេល ដើម្បីទុកឲ្យគណបក្សប្រឆាំង មានពេលគ្រប់គ្រាន់ ដើម្បីពង្រឹងបក្សរបស់ខ្លួនវិញ សម្រាប់ចូលរួមការប្រកួតយកអាសនៈសភា។
លោកថា ដើម្បីឲ្យការបោះឆ្នោតមានភាពត្រឹមត្រូវ សេរី និងយុត្តិធម៌នោះ មេបក្សប្រឆាំងគឺលោក កឹម សុខា និងអ្នកទោសនយោបាយផ្សេងទៀត ព្រមទាំងសកម្មជនដីធ្លី ហើយនិងអ្នកកាសែតដែលកំពុងជាប់ក្នុងពន្ធនាគារផង ត្រូវតែទទួលបានសេរីភាពឡើងវិញ។
«ទីមួយ ត្រូវតែដោះលែងប្រធានគណបក្សសង្គ្រោះជាតិ ដោះលែងអ្នកទោសមនសិការ ដូចជាអ្នកតំណាងរាស្ត្រ មាជ សុវណ្ណារ៉ា អ៊ុំ សំអាន សកម្មជនដីធ្លីដូចជា អ្នកស្រីទេព វន្នី ហើយនិងអ្នកសារព័ត៌មាន ដូចលោកអួន ឈិន អតីតអាស៊ីសេរីហ្នឹង ឲ្យមានសេរីភាពហើយ ហ្នឹងហើយដែលគឺថា បោះឆ្នោតមួយ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌»។
ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយដឹកនាំប្រទេសសម្រាប់អាណត្តិទី៦រយៈពេល៥ឆ្នាំទៅមុខទៀត។
ទោះបីជាយ៉ាងណាក៏ដោយ ប្រជារាស្ត្រខ្មែរមួយចំនួនបានប្រាប់ VOA កាលពីកន្លងមកថា ពួកគាត់គ្មានជំនឿក្នុងការបោះឆ្នោតនាពេលខាងមុខនោះឡើយ បើសិនមិនមានវត្តមានរបស់គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយទៅតាមបណ្ដឹងរបស់រដ្ឋាភិបាលកាលពីឆ្នាំ២០១៧។
សម្រាប់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលគ្រប់គ្រងប្រទេសជាង៤០ឆ្នាំមកនោះ បានប្រកាសជាញឹកញាប់នាពេលកន្លងមកថា ការបោះឆ្នោតនឹងនៅតែប្រព្រឹត្តទៅជាធម្មតាតាមការគ្រោង បើទោះមិនមានអ្នកអង្កេតការណ៍ ឬគណបក្សប្រឆាំងចូលរួម ឬក៏គ្មានការទទួលស្គាល់ពីប្រទេសនៅបស្ចិមលោកក៏ដោយ៕