កម្មករ​និយោជិត​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បន្ត​កូដកម្ម​ដល់​ថ្ងៃទី៣

រូបឯកសារ៖ បុគ្គលិក​​ក្រុមហ៊ុន​ ណាហ្គាវើសដ៍ (NagaWorld) ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​កាស៊ីណូ​ ណាហ្គា ​វើសដ៍ រាជធានី​ភ្នំពេញ​ ទាមទារ​ឲ្យ​ក្រុម​ហ៊ុន​ដោះ​ស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​ការងារ នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/វីអូអេ)

កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ (NagaWorld) ​ប្រមាណ​១៥០០​នាក់​ បាន​បន្ត​កូដកម្ម​លើក​ទីបី​នៅថ្ងៃ​ចន្ទ​នេះ​ ដើម្បី​ទាមទារ​ការ​ទូទាត់​សំណង​ចំពោះ​ការ​បញ្ឈប់​ពីការងារ​ដោយ​គ្មាន​សំណង​សមរម្យ​ និង​ការ​វិល​ត្រឡប់​ចូល​បំពេញ​ការងារ​វិញ។ ​នេះ​ បើតាម​ការ​បញ្ជាក់​ពី​សហជីព​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។​

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ កញ្ញា​ ឈឹម ស៊ីថរ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​កម្មករ​និយោជិត ​មិន​ព្រម​បញ្ឈប់​ការ​ធ្វើ​កូដកម្ម​តាមការ​ស្នើ​សុំ​របស់​សាល​រាជធានី​ភ្នំពេញ​នោះ​ទេ​ ហើយ​ក្នុង​រយៈ​ពេល​បីថ្ងៃ​ចុង​ក្រោយ​ មាន​កម្មករ​និយោជិត​ប្រមាណ​ពី​ ១៥០០​ ទៅ​ ២០០០​នាក់ ​បាន​ចេញ​តវ៉ា​ប្រឆាំង​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ។​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​៦០​ កាលពី​ថ្ងៃ​ទី​១៨​ ខែ​ធ្នូ​ ឆ្នាំ​២០២១ ​កម្មករ​និយោជិត​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍​លីមីធីត​ជាង​១៣០០​នាក់​ ព្រម​ទាំង​សមាជិក​របស់​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ បាន​ចាប់​ផ្តើម​ធ្វើ​កូដកម្ម​ដើម្បី​ទាម​ទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​កម្មករ​និយោជិត​ចំនួន​៣៦៥នាក់​ ក្នុង​ចំណោម​កម្មករ​និយោជិត​១៣២៩​នាក់​ ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ​រួម​គ្នា​ដោយ​បង្ខំ​តាំង​ពី​ខែ​មេសា​ ឆ្នាំ​២០២១។ ​

អង្គការ​សង្គម​ស៊ីវិល​ទាំង​ប្រមាណ​៦០ ​ក្នុង​នោះ ​មាន​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ និង​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ឲ្យ​ដឹង​ទៀត​ថា​ ក្នុង​ចំណោម​កម្មករ​និយោជិត​៣៦៥​នាក់​នោះ​ ក៏​មាន​ថ្នាក់​ដឹកនាំ​ទាំង​អស់​របស់​សហជីព​មូលដ្ឋាន​រួមទាំង​ប្រធាន​សហជីព​ គឺ​កញ្ញា ​ឈឹម ស៊ីថរ​ និង​ប្រតិភូ​បុគ្គលិក។​

កញ្ញា​ ឈឹម ស៊ីថរ​ ប្រាប់​វីអូអេ​កន្លង​មក​ថា ​កម្មករ​និយោជិត​កំពុង​ទាមទារ​ ប្រមាណ​៧​ចំណុច​សំខាន់ៗ​ ក្នុង​នោះ​ គឺ​ការ​ទូទាត់​ប្រាក់​អតីត​ភាព​ការងារ​ ការ​ប្រើប្រាស់​កិច្ច​សន្យា​កម្ម​សិក្សា​ដែល​ខុស​ច្បាប់​ការ​ស្នើ​សុំ​ដក​ប្រធាន​ផ្នែក​ការ​ស្នើ​សុំ​ដំឡើង​ប្រាក់​ឈ្នួល​ និង​ការ​គោរព​ច្បាប់​ការងារ​ ដែល​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ថា ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ បាន​បំពាន។

កញ្ញា​ ឈឹម​ សីថរ​ ប្រាប់​វីអូអេ​បន្ថែម​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ សាលា​រាជធានី​ភ្នំពេញ​សម្រេច​ប្រជុំ​ជាថ្មី​ម្តង​ទៀត​ជាមួយ​តំណាង​កម្មករ​និយោជិត​នៅថ្ងៃ​អង្គារ ​ប៉ុន្តែ​ខាង​កូដករ​ថា​នឹង​មិន​បញ្ឈប់​ការវ៉ា​ទេ​ ប្រសិន​បើ​ក្រុមហ៊ុន​ខកខាន​មិន​បាន​ផ្តល់​ដំណោះស្រាយ​ដល់​ពួកគេ​នោះ៕​