តុលាការ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេដឹកនាំ​សហជីព​ណាហ្គាវើលដ៍​កញ្ញា ឈឹម ស៊ីថរ

កញ្ញា ឈឹម ស៊ីថរ អង្គុយ​ក្រោយគេ​នៅក្នុង​រថយន្ត និង​បាន​លើកដៃ​ជា​សញ្ញា ខណៈ​រថយន្ត​​នេះ ដឹក​កញ្ញា​យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ១៩ ខែមករា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

តុលាការ​រាជ​ធានី​ភ្នំ​ពេញ នៅ​ថ្ងៃព្រហស្បតិ៍​នេះ បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ដោយ​បន្ត​ឃុំ​ខ្លួន​កញ្ញា​នៅ​ពន្ធនាគា​រព្រៃ​ស។

កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នៅ​ថ្ងៃទី ២៦ ខែវិច្ឆិកា ​ឆ្នាំ​២០២២ ពេល​វិល​ត្រឡប់​មកពី​ប្រទេស​អូស្ត្រាលី​ ដែល​តុលាការ​ចោទ​ពី​បទ​រំលោភ​លើ​លក្ខ​ខណ្ឌ​នៃ​ការ​នៅ​ក្រៅ​ឃុំ។ ប៉ុន្តែ​ក្រុម​សិទ្ធិ​មនុស្ស​អះអាង​ថា ​ទាំងកញ្ញា ស៊ីថរ និង​មេធាវី​របស់កញ្ញា មិន​បាន​ទទួល​ការ​ជូន​ដំណឹង​អំពីលក្ខ​ខណ្ឌ​បម្រាម​ពី​តុលាការ​ឡើយ។

ក្រោយ​បញ្ចប់​សវនាការកាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ លោក សំ ចំរើន មេធាវី​ការ​ពារ​ក្តី​ឱ្យ​កញ្ញា ឈឹម ស៊ីថរ ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​យ៉ាង​ខ្លី​ថា​ តុលាការ​បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​កញ្ញា ឈឹម ស៊ីថរ។

អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ប្រមូល​ផ្តុំ​នៅ​ខាង​មុខ​តុលា​ការ ខណៈ​កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​នាំ​ខ្លួន​មក​តុលាការ​ផង​ដែរ។

អ្នកស្រី ឈឹម សុខន ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​នៅ​ខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ១៩ ខែមករា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

អ្នកស្រី ឈឹម សុខន សមា​ជិកសហ​ជីព​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ ​ដែល​ជា​អ្នក​មក​តាម​ដាន​នៅ​មុខ​សាលា​ដំបូង ជា​មួយ​សមា​ជិក​ដែល​មកគាំទ្រ​ជា​ច្រើន​អ្នក​ទៀត​ បញ្ជាក់​ថា អ្នកស្រី​ផ្ទាល់​ ដែលជាប់រឿង​ក្តី​នៅ​តុលាការពី​ចោ​ទប្រកាន់​ញុះញង់​ ដូច​គ្នា​ទៅ​នឹង​កញ្ញា ឈឹម ស៊ីថរ ​ក៏​មិន​ដែល​ទទួល​បាន​លិខិត​បម្រាម​មិន​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​នោះ​ដែរ។

អ្នកស្រី​បញ្ជាក់​ថា៖ ​«អយុត្តិ​ធម៌​សម្រាប់​គាត់​[កញ្ញា ឈឹម ស៊ីថរ​]​ណាស់ ព្រោះអី​គាត់​អត់​បាន​ទទួល​[លិខិត​ដែល​ជាបំរាម​]​អ្វីទាំង​អស់​។ បងក៏ជាអ្នកនៅ​ក្នុង​ចំណោម​អ្នក​ជាប់​ទោស​នោះដែរ​ បង​ប៉ុន្មាន​នាក់​ហ្នឹង​ អត់​បាន​ទទួល​លិខិត​អី ​ក្រៅ​តែ​ពី​លិខិត​ដែលគេ​អនុ​ញ្ញាត​ឱ្យ​ចេញ​ពី​ពន្ធនាគារ​ គឺ​បង​បាន​ទទួល​តែ​អាហ្នឹង​តែ​មួយ​សន្លឹក​គត់»។

អ្នកស្រី​បន្ត​ថា​ ការ​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ នេះគឺ​ជា​រឿង​អយុត្តិ​ធម៌​ណាស់ ព្រោះសហ​ជីព​បាន​ទាម​ទារ​ឱ្យ​ក្រុមហ៊ុន​ដោះ​ស្រាយ​វិវាទ​ការងារ ប៉ុន្តែ​បែរ​ជា​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​វិញ​។ អ្នកស្រី​ថា ​កូដករ​នៅ​តែ​បន្ត​តវ៉ា ដើម្បី​ទាម​ទារ​ឱ្យ​ក្រុមហ៊ុន​គោ​រព​សិ​ទ្ធិ​ការងារ​ឱ្យត្រឹម​ត្រូវ។

អ្នក​ស្រី​បន្ថែម​ថា​៖ ​«តាម​ពិត​ទៅ​ការ​ធ្វើ​ការងារ​សហ​ជីព​នេះ​ គឺ​ជា​ការ​ងារ​ដែល​ជួយ​សង្គម​ខ្លាំង​ណាស់​ ព្រោះ​បើ​យើង​តវ៉ា​ឱ្យ​កម្មករ​មាន​ប្រាក់​ខែ​ មាន​លក្ខ​ខណ្ឌ​ការងារ​ល្អអ៊ីចឹង​ទៅ ​វា​ជួយ​ដល់​សង្គម​យើង​ ហើយ​មិន​ចាំ​បាច់​រវល់​ដល់​រដ្ឋា​ភិបាល​ ពេល​ដែល​កម្មករ​គាត់​មាន​អត្ថ​ប្រយោជន៍​ច្រើន ហើយ​ល្អ ហើយ​មាន​ការ​ការ​ពារល្អ​ពី​ច្បាប់​អី​អ៊ីចឹង​ រដ្ឋា​ភិបាល​គួរ​តែ​សប្បាយ​ចិត្ត​រឿង​ហ្នឹង​ ហេតុអ្វី​បាន​ត្រូវ​ធ្វើទុក្ខ​បុក​ម្នេញ​សហជីព អ៊ីចឹង​មាន​តែគាត់​មិនចង់​ឱ្យ​កម្មករ​ខ្មែរ​យើង​ហ្នឹង​មាន​លក្ខខណ្ឌ​ការងារ​ល្អ​ ឬ​ក៏​មាន​ជីវភាព​សមរម្យ»។

កញ្ញា ឈឹម ស៊ីថរ ​ត្រូវ​បាន​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​លើក​ដំបូង កាល​ពី​ថ្ងៃ​ទី​៣ ​ខែមករា​ ឆ្នាំ​២០២២​ នៅ​ពេល​ដែល​កញ្ញា និង​សមាជិក​សហ​ជីព​ផ្សេង​ទៀត​បាន​ធ្វើ​កូដ​កម្ម​ជា​សា​ធារណៈ​ ទាក់​ទង​ការ​ទាម​ទារ​ឱ្យ​ក្រុម​ហ៊ុនណាហ្គាវើលដ៍​គោរព​សិទ្ធិ​ការងារ និង​ទទួល​បុគ្គលិក​ដែល​ក្រុមហ៊ុន​បានបញ្ឈប់​ឱ្យ​យក​ចូល​ធ្វើការ​វិញ។ ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា​បាន​ចោទ​ប្រកាន់កញ្ញា និង​សមាជិក​សហជីព​មួយ​ចំនួន ពី​បទ«ញុះញង់ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ» ​ប៉ុន្តែ​ក្រោយ​មក​បានដោះលែងឱ្យ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​ត្រូវ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវតុលា​ការ។

នាយិកា​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ អ្នក​ស្រី ​ចក់ សុភាព ប្រាប់​វីអូអេ​ថា​ ការ​ចោទ​ប្រកាន់​ថ្នាក់​ដឹក​នាំ​សហ​ជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដែល​ពួក​គេគ្រាន់​តែ​ទាមទា​រ​លក្ខ​ខណ្ឌ​ការងារឱ្យ​មាន​ការ​គោរព​សិទ្ធិ​ការងារនេះ គឺ​មិន​គួរ​ឱ្យ​កើត​មាន​តាំង​ពី​ដំបូង​មក​ម្លេះ ព្រោះ​សិទ្ធិ​ធ្វើ​កូដ​កម្ម​មាន​ការ​ទទួល​ស្គាល់​ទាំង​ក្នុង​ច្បាប់​ជាតិ និង​អន្តរ​ជាតិ។ អ្នកស្រី​យល់ថា​ការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ជា​លើក​ទី​ពីរ​នេះ គឺ​ជា​ការដាក់​គំនាប ការ​គំរាម​កំហែង ​និង​ការ​រឹត​ត្បិត​សិទ្ធិ​សហ​ជីព ​ក្នុង​ការអនុវត្ត​សិទ្ធិ​សេរី​ភាព​របស់​ពួក​គេ។

អ្នកស្រី​ថ្លែងថា​៖ «ហើយ​[ការ​ចាប់​ខ្លួន​]​លើក​ទី២​នេះ​ ក្នុង​នាមជា​អង្គ​ការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា នេះ​ជា​ការ​បន្ត​ដាក់​គំនាប​ ដើម្បី​ឱ្យ​ថ្នាក់ដឹកនាំ ​និង​ក្រុម​ការងារ​បញ្ឈប់​នូវ​ការ​តវ៉ា​របស់​ខ្លួន ព្រោះ​មែន​ទែន​ តុលាការ​បាន​ធ្វើ​ការ​ដោះ​លែង​គាត់ ប៉ុន្តែ​មិន​មាន​ការ​ផ្តល់​ជា​ព័ត៌​មាន​លម្អិត​បែប​ណា ដល់​មេធាវី ​និង​កញ្ញា ពាក់​ព័ន្ធ​នឹង​ការ​ដាក់​គាត់​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តុលាការ ​ហើយ​តម្រូវ​មិន​ឱ្យ​ធ្វើ​ដំ​ណើរ​ហ្នឹង​ដែរ»។

​ចំណែក​អង្គ​ការ​លីកាដូ​ក៏ប​ញ្ជាក់ដែរ​ថាសាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​កញ្ញា​ ​ឈឹម​ ​ស៊ី​ថរ ដោយ​មិន​ផ្ដល់​ហេតុ​ផល​នៃ​ការ​បដិសេធ​នេះ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់ពី​លោក អ៊ី រិន្ទ ​អ្នកនាំ​ពាក្យ​តុលាការ បាន​នៅឡើយ​ទេ។

កាល​ពី​ខែមេសា ​ឆ្នាំ ២០២១​ ក្រុមហ៊ុន​ណា​ហ្គាវើលដ៍​បាន​បញ្ឈប់​ការងារ​បុគ្គលិក​មួយ​ចំនួន​ធំ​និង​បានបង្ក​ឱ្យ​មាន​ការព្រួយ​បារម្ភ​អំពី​ការ​បណ្តេញ​ចេញ​ដោយ​អយុត្តិ​ធម៌​នៃ​បុគ្គលិក​កាស៊ីណូ​ចំនួន​១៣​២៩​នាក់។ ការ​បញ្ឈប់​ការងារ​នេះ​បាន​ប៉ះ​ពាល់​ដល់​មេដឹកនាំ ​និង​សមា​ជិក​សហ​ជីព​ជា​ច្រើន​។ ​ពួក​គេ​មួយ​ចំនួន​បាន​ធ្វើ​កូដ​កម្ម​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន​ បើទោះ​បី​ជា​ អ្នក​ខ្លះត្រូវប្រឈម​បញ្ហា​សេដ្ឋកិច្ច​ក៏​ដោយ ហើយ​ពួកគេនៅ​តែ​ទាម​ទារ​លក្ខ​ខណ្ឌ​ឱ្យ​ក្រុម​ហ៊ុនណាហ្គា​វើលដ៍​នេះ ​ទទួល​ពួក​គេ​ចូល​ធ្វើ​ការ​វិញ៕