ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សហជីព​និង​​សង្គម​ស៊ីវិល​ទទូច​សុំ​នាយក​រដ្ឋ​មន្ត្រី​ដោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គាវើលដ៍


រូបឯកសារ៖ កូដករ​កំពុង​ឈរ​ធ្វើ​កូដកម្ម​​លើ​វិថី​រដ្ឋសភា​ជាតិ ​រាជធានី​ភ្នំពេញ ​​ទាមទារ​ដំណោះស្រាយ​ក្នុង​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ និងទាមទារឱ្យមានការដោះលែងតំណាងរបស់ពួកគេទាំង៨​រូប ​​នា​​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

ក្រុម​សហជីព​និង​សង្គម​ស៊ីវិល​ចំនួន​៣៧​ស្ថាប័ន​បាន​ទទូច​ទៅ​រដ្ឋាភិបាល ជា​ពិសេស​ស្នើ​ទៅលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ដោះ​ស្រាយ​វិវាទ​ការងារ​របស់​ក្រុម​កូដ​ករក្រុម​ហ៊ុន​ណា​ហ្គាវើលដ៍​ឱ្យ​បាន​ឆាប់ ដើម្បី​ឈាន​ទៅ​បិទ​បញ្ចប់​វិវាទ​ការងារ​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​អំពាវ​នាវ​រួម​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ។

ការ​ចេញ​សេចក្តី​អំពាវ​នាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​កូដ​ករ​ក្រុម​ហ៊ុន​ណា​ហ្គា​វើលដ៍​បាន​ព្យាយាមស្វែង​រក​កិច្ច​អន្តរាគមន៍​ជា​បន្ត​បន្ទាប់ ដែល​រួម​មាន​ស្ថាប័ន​រដ្ឋ​សភា ព្រឹទ្ធ​សភា ខុទ្ទ​កា​ល័យ​នាយក​រដ្ឋ​មន្ត្រី ក្រសួង​យុត្តិ​ធម៌ ក្រសួង​មហា​ផ្ទៃ ក្រសួង​ការ​ងារ​ និង​ក្រសួង​កិច្ច​ការ​នារី​ជា​ដើម។ ​ប៉ុន្តែ​គេ​មិន​ទាន់​ឃើញ​មាន​ដំណោះ​ស្រាយ​ណា​មួយ​សមរ​ម្យ​ ឬ​មាន​ការព្រម​ព្រៀង​គ្នា​រវាង​ភាគី​ក្រុម​ហ៊ុន និង​ភាគី​កូដ​ករ​នៅ​ឡើយ​ទេ។

ក្រុម​សហជីព និង​សង្គម​ស៊ីវិល​បញ្ជាក់​ថា ​ពួកគេ​ដែល​ធ្វើ​ការ​លើក​កម្ពស់​ និង​ការ​ពារ​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ការ​ងារ​ សិទ្ធិ​ដី​ធ្លី បរិស្ថាន បាន​សង្កេត​ឃើញ​ថា​ ការ​បន្ត​អូស​បន្លាយ​មិន​ព្រម​ដោះស្រាយ​វិវាទ​ការងារ​របស់​បុគ្គលិក​កម្មករ​និយោជិត​នៅ​ក្រុម​ហ៊ុន​ណា​ហ្គា​វើលដ៍ គឺ​ជា​ចេតនា​ក្នុង​ការ​ដាក់​សម្ពាធ​ផ្នែក​សេដ្ឋកិច្ច​ និង​សម្ពាធ​ផ្នែក​ស្មារតី​កាន់​តែ​ខ្លាំង។

ក្រុមសហ​ជីព និង​សង្គម​ស៊ីវិល ទាំង​៣៧​ស្ថាប័ន​ រួម​មាន​សម្ព័ន្ធ​សហ​ជីព​កម្ពុជា សហ​ភាព​ការងារ​កម្ពុជា​ សហ​ព័ន្ធ​សហ​ជីព​កម្មករ​ចំណី​អាហារ​និង​សេវា​កម្ម​កម្ពុជា សម្ព័ន្ធ​សហ​ជីព​ប្រជាធិប​តេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ និង​ស្ថាប័ន​មួយ​ចំនួន​ផ្សេង​ទៀត។ ពួកគេ​បាន​ទទូច​ទៅ​រដ្ឋា​ភិបាល ជា​ពិសេស​លោក​នាយក​រដ្ឋ​មន្ត្រី​ឱ្យ​ចាត់​វិធាន​ការ​ដោះ​ស្រាយ​វិវាទ​ការងារ​មួយ​នេះ ដោយ​តម្កល់​ប្រយោជន៍​របស់​ភាគី​ទាំង​សង​ខាង​ ដើម្បី​បិទ​បញ្ចប់​វិវាទ​ការងារ​នេះ ដោយ​សន្តិ​វិធី តាម​គោល​នយោ​បាយ​ឈ្នះ-ឈ្នះ ដែល​បាន​អនុវត្ត​កន្លង​មក​។

ក្នុង​លិខិត​ចំ​ហ​បញ្ជាក់​ថា៖ «យើង​ខ្ញុំ​សង្កេត​ឃើញ​ថា នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ការ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ ​ការ​ប្រើ​ប្រាស់​ទម្រង់​ហិង្សា​ទៅ​លើ​កូដករ​ ដែល​ជា​ស្រ្តី​គ្រប់​រូប​ភាព​នៅតែ​បន្ត​កាន់​តែ​អាក្រក់​ទៅៗ ដែល​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​ដល់​ដំណើរ​ការ​ស្វែង​រក​យុត្តិធម៌​ ដើម្បី​ទាម​ទារ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​ការ​ងារ និង​សេរីភាព​ផ្នែក​សហ​ជីព ប្រកប​ដោយ​អហិង្សា និ​ង​ដោយ​សន្តិវិធី​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​មក​នេះ»។

បើ​តាម​សេចក្តី​អំពាវនាវ ការ​ពន្យា​រ​ពេល​មិន​ព្រម​ដោះ​ស្រាយ​វិវាទ​ការងារ​របស់​កម្មករ​និយោជិត​នៅ​ក្រុម​ហ៊ុន​ណា​ហ្គា​វើលដ៍ គឺជា​«ចេតនា​បំបាក់​ស្មារតី»ចលនា​សហ​ជីព​ឯក​រាជ្យ​ប្រកប​ដោយ​វិជ្ជាជីវៈ ដែល​ធានា​ដោយ​អនុសញ្ញា​ស្នូល​ផ្នែក​ការងារ​ រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា ច្បាប់​ស្តីពីការងារ​ និង​ច្បាប់ស្តី​ពី​សហជីព។

​នៅ​ចំពោះ​មុខក្រុម​កូដករ​ក្រុម​ហ៊ុនណា​ហ្គាវើលដ៍ ដែល​ចេញ​តវ៉ា​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ លោក ឃុន ថារ៉ូ ​ប្រធាន​គ្រប់គ្រង​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស ​ហៅ​កាត់​ថា​សង់​ត្រាល់ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ​លោកសុំ​ស្នើ​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រីឱ្យ​ជួយ​ដោះ​ស្រាយ​វិវាទ​ការងារ​មួយ​នេះ ​ដើម្បី​ផ្តល់​ភាព​ត្រឹមត្រូវ​ និង​យុត្តិធម៌​ដល់​ក្រុម​កូដ​ករ​ឱ្យ​បាន​ឆាប់។

លោក​ក៏​ស្នើ​ទៅ​អាជ្ញាធរឲ្យ​បំពេញ​ការងារ​ដោយ​ភាព​ត្រឹមត្រូវ និង​ឲ្យប​ញ្ឈប់​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា ការ​បៀតបៀន​គ្រប់​រូបភាព​លើ​ក្រុម​កូដ​ករ​ និង​ត្រូវ​បើក​ឱកាស​ឱ្យកូដ​ករ​ អាច​ធ្វើ​កូដ​កម្ម​នៅ​ខាង​មុខ​ក្រុម​ហ៊ុនណា​ហ្គាវើលដ៍ ដើម្បី​អាច​ដាក់​សម្ពាធ​ដល់ក្រុម​ហ៊ុន ក្នុង​ការ​ចរចា និងដោះ​ស្រាយ​វិវាទ​មួយ​នេះ​ឱ្យបាន​ឆាប់​រហ័ស។

លោក​ថ្លែង​ថា៖ ​«អ៊ីចឹងឆ្លៀត​ក្នុង​ឱកាស​នេះ​ យើង​ខ្ញុំ​ជា​អង្គការ​តំណាង​សមាគម សូម​អំពាវ​នាវ​ទទូច​ដល់​ប្រមុខ​រាជ​រដ្ឋា​ភិបាល ជាពិសេស​សម្តេច​អគ្គមហា​សេនា​បតី​តេជោ​ ហ៊ុន សែន ដែល​ជា​នាយក​រដ្ឋមន្ត្រី​ ដែល​ជា​អ្នក​មាន​សិទ្ធិ​អំណាច​កំពូល​ ដែល​មាន​ឥទ្ធិពល ក្នុង​ការ​ដោះស្រាយ ឬ​ដាក់​ចេញ​នូវ​គោលការ​ណ៍​ ដើម្បី​ឱ្យ​មាន​នីតិវិធី ដើម្បី​ឈាន​ទៅ​ដល់​ការ​បិទ​បញ្ចប់​នៃ​វិវាទ​ការងារ​នេះ»។

ចំណែក​អ្នកស្រី យ៉ាង សុភ័ណ្ឌ ​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា ដែល​ចូលរួម​គាំទ្រ​ការ​តវ៉ា​របស់​បុគ្គលិក​ណាហ្គាវើលដ៍​ដែរ ថ្លែង​ថា​ ប្រសិន​បើ​វិវាទ​ការ​ងារ​មួយ​នេះ មិន​ត្រូវ​បាន​ដោះ​ស្រាយ​ឱ្យ​បាន​ឆាប់​នោះ​ទេ នោះ​ក្រុម​សហជីព​ដទៃ​ទៀត​ នឹង​អាចចូល​រួម​តវ៉ា​ទ្រង់​ទ្រាយ​ធំ​ជាង​នេះ ​ដើម្បីឱ្យ​មានដំណោះស្រាយ​វិវាទ​ការងារ​មួយ​នេះ​ ក្នុង​ការ​ទាមទារ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​ការងារ និង​សិទ្ធិ​សហ​ជីព​នៅ​កន្លែង​ការងារ និង​ស្រប​ទៅ​តាម​អ្វី​ដែល​ក្រុម​កូដ​ករ​ណាហ្គាវើលដ៍ចង់​បាន​ ដែល​មិន​មែន​ជា​ការ​ដោះ​ដូរ​ដោយ​អំណាច​ទឹកលុយ​នោះ​ទេ។

អ្នកស្រី​ថ្លែង​ថា៖ «សម្រាប់​វិវាទ​នៅ​ក្នុង​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​ បើ​សិន​ណា​និយោជក​ប្រើប្រាស់​លុយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ ខ្ញុំ​គិត​ថា​អត់​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ទេ។ ក្រុម​កូដករ​ទាំង​អស់​ដែល​មា​នវត្ត​មាន​នៅ​ទី​នេះ គឺ​គាត់​អត់​ចង់​យក​ជម្រើស​ក្នុង​ការ​ដោះ​ស្រាយ​ដោយ​ប្រើ​ប្រាស់​លុយ​ទេ»។

ការ​ចរចា​ដោះ​ស្រាយ​វិវាទ​រវាង​ក្រុម​កូដ​ករ​ និង​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ ដោយ​មាន​ការ​សម្រប​សម្រួល​ដោយ​ក្រសួង​ការងារ​ គឺ​មានចំនួន​១២​ដង​រួច​មក​ហើយ​ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​ព្រម​ព្រៀង​គ្នា​នៅ​ឡើយ។ នេះ​បើ​តាម​តំណាង​ក្រុម​កូដករ​ កញ្ញា​ ឈឹម ស៊ីថរ ដែល​បាន​បញ្ជាក់​ប្រាប់​វីអូអេកាល​ពី​ពេល​ថ្មី​ៗ​នេះ។

វីអូអេ​មិន​ទាន់​អា​ច​សុំ​ការ​បញ្ជាក់​ពី​ លោក ហេង សួរ អ្នកនាំ​ពាក្យ​ក្រសួង​ការងារ និង​តំណាង​ក្រុមហ៊ុន​ណាហ្គា​វើលដ៏​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​អង្គារ​នេះ​។

ប៉ុន្តែ​លោក ហេង​ សួរ​ ធ្លាប់ថ្លែង​ថា ​ក្រសួង​ការងារ​តែង​លើក​ទឹក​ចិត្ត​ឱ្យ​គ្រប់​ភាគី​អនុវត្ត​នីតិ​វិធី​បន្ទាប់ គឺ​ប្តឹង​ទៅ​តុលាការ ​ប្រសិន​ជា​ភាគី​ណា​មួយ​យល់​ថា​នីតិ​វិធី​បច្ចុប្បន្ន​ត្រូវ​បាន​បំ​ពេញ​ចប់។

នៅ​សប្តាហ៍​មុន​នេះ ក្រុម​កូដ​ក​រណា​ហ្គាវើល​ដ៍​បាន​បន្ត​សុំ​កិច្ច​អន្ត​រាគមន៍​ពីរដ្ឋសភា និង​ខុទ្ទ​កាល័យ​នាយក​រដ្ឋ​មន្រ្តី​ ​ឱ្យ​ជួយ​ដោះ​ស្រាយ​វិវាទ​ការ​ងារនេះ​ ដោយ​ទទួល​យក​បុគ្គលិក​ដែល​នៅ​សេស​សល់​ត្រឡប់​ចូល​ធ្វើ​ការ​វិញ​ជាមួយ​ប្រាក់​រំឭក​ការ​ទូទាត់​សំណង​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ស្តីពី​ការងារ​ និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ថ្នាក់​ដឹក​នាំ​សហជីព​ និង​សកម្ម​ជន​សហ​ជី​ព​ទាំង​១៥​រូប។ ​មេដឹក​នាំ​សហជីព​កម្មករ​ក្រុមហ៊ុន​ណាហ្គា​វើល​ដ៍ កញ្ញា ឈឹម ស៊ីថរ ធ្លាប់​ថ្លែង​ថា​ការ​តវ៉ា​របស់​កម្មករ គឺ​ដើម្បី​ធានា​ការ​គោរព​សេរី​ភាព​របស់​សហ​ជីព ហើយ​សេរីភាព​នេះ​មិន​អាច​ទូទាត់​នឹង​សំណង​បាន​ឡើយ៕

XS
SM
MD
LG