ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មាន​ការ​អប់រំ​កង​សន្តិសុខ ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ហិង្សា​លើ​អ្ន​កតវ៉ា​ជា​ស្ត្រី


រូបឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
រូបឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១៧ ដែល​ចូលរួម​ក្នុង​ការ​ប្រារព្ធ​ទិវាសិទ្ធិមនុស្ស​ ១០ ធ្នូ​ បាន​ទាម​ទារ​ឲ្យ​មាន​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​រវាងក្រុម​អ្នកតវ៉ា​ និង​កងសន្តិសុខ​ក្នុង​ទីក្រុង​ភ្នំពេញ និងទីតាំង​ផ្សេងទៀត និង​បាន​លើក​ឡើង​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ ទាក់ទិនសិទ្ធិ​សេរីភាព​របស់​ស្ត្រី។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ដែល​រួម​មាន​អង្គការ​ក្លាហាន​ និង​គណៈកម្មាធិការ​នៃ​អង្គការ​មិនមែន​រដ្ឋា​ភិបាល​ ដើម្បី​អនុសញ្ញា​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​លើ​ស្រ្តី​ (NGO-CEDAW) និង​អង្គការ​សិទ្ធិមនុស្ស​ផ្សេង​ទៀត​ បាន​លើក​យក​ករណី​កូដកម្ម​ប្រឆាំង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​របស់​កូដករ​ដែល​ជា​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ដែល​ជា​ញឹកញាប់​ត្រូវបាន​គេរាយ​ការណ៍​ថា​បាន​ប្រឈម​នឹង​អំពើ​ហិង្សា​បង្ក​ដោយ​សន្តិសុខ​ក្នុង​រាជធានីភ្នំពេញ ។

នៅក្នុងរបាយការណ៍​ស្តីពី៖ «ការ​ត្រួតពិនិត្យ​ លើ​ការអនុវត្ត​អនុសញ្ញា​ស៊ី-ដ​សម្រាប់​ប្រទេស​កម្ពុជា​ប្រចាំ​ឆ្នាំ​២០២១»​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​បង្ហាញ​ថា សហជីព​ទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិក​កម្មករ​ខ្មែរ​បាន​ចាប់​ផ្តើម​ធ្វើ​កូដកម្ម​ និង​បាតុកម្ម​ជិត​កាស៊ីណូ​ណាហ្គាវើលដ៍​ នៅក្នុង​ទីក្រុង​ភ្នំពេញ​ ក្រោយ​មាន​គម្រោង​កាត់​បន្ថយ​បុគ្គលិក​ចំនួន​ ១.៣២៩ ​នាក់​ ដោយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ នៅក្នុង​ឆ្នាំ​ ២០២១ ក្នុង​អំឡុង​វិបត្តិ​ជំងឺ​កូវីដ១៩។

របាយការណ៍​ដែលមាន​កម្រាស់​ ៣៥ ទំព័រ​ បាន​បន្ត​ថា​ សហជីព​ទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិក​កម្មករ​ខ្មែរ​ បាន​ធ្វើ​ការ​តវ៉ា​លើ​ការ​សម្រេច​បញ្ឈប់​បុគ្គលិក​នេះ​ ដោយ​នាំយក​ពាក្យ​បណ្តឹងរបស់​ខ្លួន​ទៅ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អង្គការ​អន្តរជាតិ​ខាងផ្នែក​ការងារ​ (ILO) ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​ពី​ការ​ប្រឹង​ប្រែង​របស់​ពួក​គេ​នោះ​ឡើយ។

រូបឯកសារ៖ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ម្នាក់កាន់បដាធ្វើបាតុកម្មតវ៉ានៅមុខរដ្ឋសភាជាតិ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។
រូបឯកសារ៖ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ម្នាក់កាន់បដាធ្វើបាតុកម្មតវ៉ានៅមុខរដ្ឋសភាជាតិ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។

ក្រោយ​មក​ទៀត​ ពួកគេ​បាន​ធ្វើកូដកម្ម​ដោយ​សន្តិវិធី​នៅក្នុង​ឆ្នាំ​ ២០២១​ ប៉ុន្តែ​បាន​ទទួល​រង​បញ្ហា​ប្រឈម​ចំពោះ​សិទ្ធិ​របស់​ពួកគេ​ ក្នុង​ការ​ធ្វើកូដកម្ម​ និង​ការ​ចូលរួម​សមាគម​ដោយ​សេរី​ ហើយ​ពួកគេ​បាន​ទទួល​រងការ​ប្រើប្រាស់​ហិង្សា​ដែល​គាំទ្រ​ដោយ​រដ្ឋ​ មាន​ការ​បៀត​បៀន​ផ្លូវ​ភេទ​ និង​ការ​ចាប់​ខ្លួន​ដោយ​មិន​ត្រឹមត្រូវ។ នេះ​បើតាម​របាយ​ការណ៍។​

នៅត្រង់​ចំណុច​នេះ​ អង្គការ​សង្គមស៊ីវិល​បាន​ផ្តល់​ជា​អនុសាសន៍​យ៉ាង​ដូច្នេះ​ថា៖ «យើង​ខ្ញុំ​បន្ត​សំណូម​ពរ​ដល់​រាជរដ្ឋាភិបាល​ សូម​បណ្តុះបណ្តាល​ដល់​ភ្នាក់​ងារ​សន្តិសុខ​ទាំង​អស់​ដែល​គាំទ្រ​ដោយរដ្ឋ​ ឬ​រដ្ឋ​បាល​រាជធានី​ ខេត្ត​ រួម​មាន​អ្នក​គ្រប់​គ្រង​ និងអ្នក​ចាត់​ចែង​ផ្ទាល់​របស់​ពួកគេ​អំពី​របៀប​នៃ​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​សាធារណជន​ និង​ជាពិសេស​ស្ត្រី​ក្រុម​អ្នកតវ៉ា​ និង​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​ នៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ តាម​បែប​អហិង្សា​ និង​ប្រកប​ដោយ​ឥរិយាបថ​គិតគូរ​អំពី​យេនឌ័រ​ និង​ឲ្យ​បុគ្គល​ដែល​រង​ការ​ចោទ​ប្រកាន់ពី​បទ​ប្រព្រឹត្ត​អំពើហិង្សា​ និង​បៀត​បៀន​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ពួក​គេ»។

នាយិកា​ប្រតិបត្តិ​អង្គការ​ក្លាហាន​ អ្នកស្រី បុណ្យ​ រចនា ប្រាប់​វីអូអេ​នៅថ្ងៃ​ចន្ទនេះ​ថា​ សន្តិសុខ​មួយ​ចំនួន​នៅខ្វះ​ចំណេះ​ដឹង​ផ្នែក​សិទ្ធិមនុស្ស​ ដែល​នាំឲ្យ​ពួក​គេ​ងាក​ទៅ​រក​ការ​ប្រើប្រាស់​ហិង្សា​ ឬ​ការ​បៀត​បៀន​ទៅលើ​អ្នក​តវ៉ា​ដែល​ជាស្ត្រី​ ជាពិសេស​កូដករ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ខណៈ​មាន​ការ​ណែនាំ​ពី​រដ្ឋបាល​ថ្នាក់​ជាតិ​ មិន​ឲ្យមាន​ការ​ប្រព្រឹត្ត​ទង្វើ​អសីលធម៌​បែប​នេះ។

កញ្ញា​និយាយ​ថា៖ «បើទោះ​បី​ជា​កន្លង​មក ខាង​ក្រសួង​មហាផ្ទៃ​បាន​ចេញ​លិខិត​ណែនាំ​ ទៅ​ដល់​ភ្នាក់​ងារ​សន្តិ​សុខ​ និង​ប៉ូលិស​ នគរបាល​ឲ្យ​គោរព​នូវ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ដែល​គាត់​ប្រើប្រាស់​នូវ​សេរីភាព​ និង​សិទ្ធិ​នៅ​ក្នុង​ការ​ជួប​ប្រជុំ​ និង​បញ្ចេញ​មតិ​ ហើយ​ចៀស​វាង​រាល់​ការប្រើ​អំពើ​ហិង្សា​ផ្សេងៗ​ក៏ដោយ​ សេចក្តី​ណែនាំ​ទាំង​នោះ​ មិន​ត្រូវបាន​អនុវត្ត​ដោយ​ភ្នាក់ងារ​ដែល​នៅ​តាម​មូលដ្ឋាន​បាន​ពេញ​លេញ​នៅ​ឡើយ​ទេ»។

មេដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​រូបនេះ ចោទ​សួរ​អំពី​កង្វះ​នៃ​ការ​បញ្ជ្រាបការ​យល់ដឹង ឬ​ក៏ការបណ្តុះ​ប​ណ្តាល​កិច្ចការ​ខាង​សិទ្ធិមនុស្ស​ និង​បទ​បញ្ជា​របស់​ថ្នាក់លើ​ទៅ​បុគ្គល​ជា​សន្តិសុខ​នៅ​ថ្នាក់​ក្រោម​ជាតិ​ ដែល​ជា​ហេតុ​នាំ​ឲ្យ​អំពើ​ហិង្សា​បន្ត​កើត​ឡើង​អំឡុង​ពេល​នៃ​ការ​តវ៉ា​របស់​កូដករ​ណាហ្គាវើលដ៍។

កញ្ញា ​សៀក​ បញ្ញា​ ជា​កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ លើក​ឡើង​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​ទទួល​ខុស​ត្រូវ​ក្នុងកិច្ច​ការសន្តិសុខ​ ទំនង​ជា​បាន​ដឹង​ពីច្បាប់​ទម្លាប់ តែ​មិន​ដឹង​ថា​ មាន​មូលហេតុ​អ្វី​នៅ​ក្រោយ​នៃ​ការ​បណ្តោយ​ឲ្យ​កម្លាំង​ក្រោម​ឱវាទ​ប្រើប្រាស់​ហិង្សា​លើ​ស្ត្រី​ដែល​ជា​អ្នក​តវ៉ា។

ទោះ​ជាយ៉ាង​ណា​ក៏ដោយ​ កញ្ញា​ចង់​ឃើញ​ថ្នាក់​ដឹកនាំ​កងសន្តិសុខ​ឈប់​ចេញ​បញ្ជា​ដែល​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា​លើ​កូដករ​ជាស្ត្រី ហើយ​ឈប់​ការពារ​ថៅកែ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ ដែល​កូដ​ករ​ជឿ​ថា ​ជា​អ្នក​បំពាន​សិទ្ធិ​ការងារ​ និង​ច្បាប់​ពាក់​ព័ន្ធ​នៅប្រទេស​កម្ពុជា។

កញ្ញា​ប្រាប់​វីអូអេ​នៅថ្ងៃ​ចន្ទនេះ​ថា៖​ «ដោយ​សារ​តែ​ពួក​ខ្ញុំ​ស្រឡាញ់​ប្រទេស​ជាតិ​ ស្រឡាញ់​ច្បាប់​ជាតិ​ ពួក​ខ្ញុំ​ចេញ​មក​ការ​ពារ​ច្បាប់​ប្រទេស​ខ្លួន​ឯង​ កុំ​ឲ្យ​ថៅកែ​គេ​រំលោភ​បំពាន​សិទ្ធិ​ ប៉ុន្តែ​បែរ​ជា​ពួកគាត់​ដែល​ជា​អាជ្ញាធរ​ពាក់​ឯក​សណ្ឋាន​ការពារ​ជាតិ​ មក​ការពារ​បន​ល្បែង​ណាហ្គាវើលដ៍​នេះ​ ហើយ​មក​លើកដៃ​វាយ​ពួក​ខ្ញុំដែល​ជាស្ត្រី​គ្រាន់តែ​ចេញ​មក​ការពារ​សិទ្ធិ​ការពារ​ច្បាប់​ប្រទេស​ខ្លួន​ឯង​ហ្នឹង​ វា​ជា​រឿង​មួយ​ដែល​អាម៉ាស់​ខ្លាំង។ អ៊ីចឹង​ ការ​សំណូម​ពរ​របស់​ខ្ញុំ​ បើគិត​ថា​ និយាយ​ទៅ​ វា​មិន​ដឹង​ថា​ ពួក​គាត់​គិត​យ៉ាង​ម៉េច​ ខ្ញុំ​អត់​ដឹង​ទេ។ ​ប៉ុន្តែ​ការ​សំណូម​ពរ​មាន​តែ​ឲ្យ​ពួក​គាត់​ ជាពិសេស​មេៗ​ មេៗ​ហ្មង​អត់​និយាយ​កូន​ចៅ​ទេ​ មាន​តែ​មេៗ​ថ្នាក់​ដឹកនាំ​ ថ្នាក់​លើៗ​គាត់ដែល​អ្នក​បញ្ជាគាត់​ហ្នឹង​ ឲ្យ​គាត់​ទៅ​រៀន​ច្បាប់​ មួយសារ​ថ្មី​ឡើងវិញ​ទៀត»។

ក្នុង​សំណុំរឿង​កូដកម្ម​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នេះ​ របាយការណ៍​ ស្តីពី​ការ​ត្រួត​ពិនិត្យ​លើ​ការ​អនុវត្ត​អនុ​សញ្ញា​ស៊ី-ដ​សម្រាប់​ប្រទេស​កម្ពុជា​ប្រចាំ​ឆ្នាំ​ ២០២១ បាន​បង្ហាញ​ទៀត​ថា​ រាជ​រដ្ឋាភិបាល​ហាក់​មាន​ទំនោរ​ទៅ​ខាង​និយោជក​នៅក្នុង​ជម្លោះ​ការងារ​នេះ។ ហើយ​កាលពី​ខែធ្នូ​ ឆ្នាំ​ ២០២១​ មន្ត្រី​រដ្ឋាភិបាល​បាន​បង្ហោះ​ការ​អះអាង​នានា​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា ស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវបាន​បង្ខំ​ឲ្យ​ចូលរួម​តវ៉ា​ជា​ផ្នែកមួយ​នៃ​បដិវត្តន៍​ពណ៌​ ហើយ​ថា​ បាតុកម្ម​ទាំង​នេះ​ ត្រូវបាន​ញុះញង់​ដោយ​ជន​បរទេស​ ដែល​ការ​ចោទ​ប្រកាន់​បែបនេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទីភ្នាក់​ងារ​ និង​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់​ស្ត្រីកម្ពុជា។ ​

​ជុំវិញ​កា​រចោទប្រកាន់​ថា​មាន​ការ​ប្រើអំពើហិង្សា​ពី​សំណាក់​សន្តិសុខ​លើ​កូដករ​ជាស្ត្រី​នៅ​ក្រុមហ៊ុន​ណា​ហ្គាវើលដ៍អំឡុង​ពេល​មាន​កូដកម្ម​ អភិបាល​រង​រាជធានី​ភ្នំពេញ​លោក កើត​ ឆែ បកស្រាយ​ថា​ ការ​ដាក់​ពាក្យ​បណ្តឹង​ជា​យន្តការ​សមស្រប​ ដើម្បី​ឆ្លើយ​តប​លើ​បុគ្គល​សមត្ថកិច្ចដែល​សង្ស័យ​ថា​ បាន​ប្រើ​អំពើ​ហិង្សា​នោះ។

លោក​ថ្លែង​ថា​៖ «រឿង​ហ្នឹង​ យើង​បាន​ឆ្លើយ​ទៅ​តាម​រយៈ​ប្រកាស​ព័ត៌មាន​ជា​បន្តបន្ទាប់​ហើយ។ ហើយ​ចំណុច​ទី ២ ក៏យើង​បាន​ជម្រាប​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា​ បើ​មាន​ខាង​សមត្ថកិច្ច​ណា​ដែល​ប្រើប្រាស់​រូប​ភាព​ខុស​ច្បាប់​នេះ​ រាជរដ្ឋា​ភិបាល​ ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​...ឃើញ​ហើយ​ថា យើង​មិន​ដែល​ព្រងើយ​កន្តើយ​ទេ​ យើង​តែង​តែ​ដាក់​ពិន័យ​តាម​នីតិវិធី​ច្បាប់​ទាំង​អស់។ ប៉ុន្តែយើង​ស្នើ​សុំ​ឲ្យ​គាត់​ធ្វើ​តាម​នីតិវិធី​ច្បាប់​ ប៉ុន្តែ​គាត់​ធ្វើ​តាម​ការ​បញ្ចេញ​ព័ត៌មាន​ទៅ​វិញ»។

លោក​បន្ថែម​ថា៖ «អ៊ីចឹង​ទេ​ ខាង​យើង​ខ្ញុំ យើង​អត់​មាន​ថា​អី​ទេ​ បើ​សិន​ជា​គាត់​មាន​ភស្តុតាង​មាន​អី​ យើង​ខ្ញុំ​អនុវត្ត​តាម​ច្បាប់​ទាំង​អស់​ ប៉ុន្តែ​សុំ​ឲ្យ​ភាគី​ទាំង​អស់​ អនុវត្ត​តាម​ច្បាប់​ទាំង​អស់​គ្នា។ កុំ​យក​រូប​ភាព​នៃ​ការ​ធ្វើ​ទៅ​ធ្វើ​រឿង​ផ្សេង​ទៅ​វិញ​ ខ្ញុំ​ចង់​ជម្រាប​ជូន​អ៊ីចឹង»។

​ទោះ​ជា​យ៉ាង​ណាក្តី​ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូលោក​ អំ សំអាត​ យល់​ថា​ ការ​ផ្តល់​ការ​អប់រំ​ដល់​ភ្នាក់​ងារសន្តិសុខ គឺ​ជា​សេចក្តី​ត្រូវ​ការ​ចំាបាច់​ ដើម្បី​បញ្ចៀស​អំពើហិង្សា​ ដែល​ធ្លាប់​កើត​មានមិន​ត្រឹមតែ​ទៅលើ​ស្ត្រី​ដែល​ជា​កូដករ​នៅ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ទេ​ គឺមាន​ទៅលើ​ក្រុម​ស្ត្រី​ថ្ងៃសុក្រ​ និង​អ្នក​តវ៉ា​ឯទៀត។

លោក​ថ្លែង​ថា៖ «ក្រុម​ទាំង​អស់​ហ្នឹង​ គាត់​មិនមាន​វិជ្ជាជីវៈ​ ឬក៏​មិនមាន​ការ​ទទួល​ការ​បណ្តុះ​បណ្តាល​អប់​រំ​ អំពី​បញ្ហា​សិទ្ធិ​របស់​ស្ត្រី​ ឬក៏​ការ​រើស​អើង​ ការ​ប្រើ​ប្រាស់​នូវ​អំពើហិង្សា​លើ​ស្ត្រី​ ឬយេនឌ័រហ្នឹង​ទេ​។​ អ៊ីចឹង​ បាន​យើង​ទាម​ទារ​ឲ្យ​មាន​កា​របណ្តុះ​បណ្តាល​ ឲ្យ​មាន​ការ​ប្រាស្រ័យ​ទាក់​ទង​ដោយ​សន្តិវិធី​ ហើយ​និង​ការ​អនុវត្ត​ផ្លូវ​ច្បាប់​ទៅ​លើ​ជន​ទាំង​ឡាយ​ ឬក៏​ក្រុម​សន្តិសុខ​ហ្នឹង​ដែល​ប្រើប្រាស់​អំពើ​ហិង្សា​បំពារ​បំពាន​ផ្លូវ​ភេទមក​លើ​ស្ត្រី​ហ្នឹង»។

សំណើ​របស់​ក្រុម​អង្គការ​សង្គមស៊ីវិល​ខាង​លើ​ ពាក់​ព័ន្ធនឹង​សិទ្ធិតវ៉ា​របស់​ស្ត្រី​ជាពិសេស​កូដករ​នៅ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ គឺស្ថិត​នៅ​ក្នុងអនុសាសន៍​ដែល​បាន​ចែង​នៅក្នុង​សេចក្តី​អង្កេត​សន្និដ្ឋាន​ចុង​ក្រោយ​របស់​គណៈកម្មាធិការ​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​អនុសញ្ញា​ស៊ី-ដ ដើម្បី​លើក​កម្ពស់​សិទ្ធិ​មនុស្ស​របស់​ស្ត្រី​នៅកម្ពុជា។

បើតាម​របាយការណ៍​របស់​ក្រុម​អង្គការ​សង្គមស៊ីវិល​ សេរីភាព​មូលដ្ឋាន​របស់​ស្ត្រី​មួយ​ចំនួន​ទៀត​ ដូចជាសេរីភាព​នៃ​ការ​បង្ហាញ​ភាព​ជា​ខ្លួនឯង​ ក៏​កំពុង​ស្ថិត​ក្រោម​ការរឹតត្បិត​ ហើយ​ស្ត្រី​ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​ ដែល​មាន​លក្ខណៈ​ចង្អៀត​ណែន​ កំពុង​ប្រឈម​នឹង​បញ្ហា​សុខភាព។ ជាង​នេះ​ទៀត​ មាន​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និងអំពើ​វាយប្រហារ​លើ​ស្ត្រី​ និង​កុមារ​ ដែល​រាយ​ការណ៍​ដោយ​ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន​ផ្លូវ​ការ​ គិត​ជា​ប្រចាំ​ខែ​នៅ​ក្នុង​ឆ្នាំ​ ២០២១​ គឺ​មាន​ចំនួន​ពីចន្លោះ​ ៣៥​ ទៅ​ ៤០​ ករណី។

របាយការណ៍​ក៏​បាន​ឲ្យដឹង​អំពី​ករណី​រំលោភ​បំពាន​ផ្សេង​ទៀត​លើ​ស្ត្រី​ ក្នុងនោះ​ការ​រើស​អើង ឬ​បៀត​បៀន​លើស្ត្រី​ជា​អ្នក​សារព័ត៌មាន​នៅ​កន្លែងធ្វើ​ការ​ ព្រម​ទាំង​កន្លែង​គោលដៅ​ដែល​ពួកគេ​ចុះទៅ ការរើស​អើង​ផ្អែក​លើ​យេនឌ័រ​ ឬ​ការ​បៀត​បៀន​ក្នុង​ទម្រង់​ផ្សេងៗ​នៅ​កន្លែងធ្វើ​ការ​ឯទៀត​ និង​ការរើស​អើង​លើ​អ្នក​ធ្វើ​ការ​នៅ​ក្នុង​សេវាកម្សាន្ត​ជា​ដើម៕

XS
SM
MD
LG