ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​ទាមទារ​ឲ្យ​ដោះលែង​​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ


រូបឯកសារ៖ កញ្ញា​ ឈឹម ស៊ីថរ​ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចូល​រួម​កូដកម្ម​នៅ​មុខ​កាស៊ីណូ​ ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ទី​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​ ២៤​ ខែធ្នូ ឆ្នាំ​២០២១។ ​​(ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ កញ្ញា​ ឈឹម ស៊ីថរ​ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចូល​រួម​កូដកម្ម​នៅ​មុខ​កាស៊ីណូ​ ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ទី​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​ ២៤​ ខែធ្នូ ឆ្នាំ​២០២១។ ​​(ហ៊ុល រស្មី/វីអូអេ)

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ចំនួន​ពីរ​គឺ​អង្គការ​ Amnesty International និង​ ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch)​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែងកញ្ញា​ឈឹម ស៊ីថរ​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៏​ពី​ពន្ធនាគារ​ជា​បន្ទាន់​និង​ដោយ​គ្មាន​លក្ខខណ្ឌ​និង​ទម្លាក់​ចោទ​រាល់​ការចោទ​ប្រកាន់​ទាំងអស់​ផងដែរ។ នេះ​បើ​តាម​សេចក្តី​អំពាវនាវ​ដែល​បាន​ចែក​ចាយ​ដល់​បណ្តាញ​សារព័ត៌មាន​នានា​នៅ​ថ្ងៃពុធ​នេះ។

សេចក្តី​អំពាវនាវ​នោះ​បានបន្ថែម​ថា៖

«កញ្ញា​កំពុង​ជាប់ឃុំ​ដោយសារ​តែ​ការងារ​ការពារ​សិទ្ធិ​កម្មករ​ ដែល​នេះ​ជា​ការរំលោភ​នឹង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ»។

កញ្ញា​ឈឹម ស៊ីថរ​ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នៅថ្ងៃទី ២៦ ​ខែវិច្ឆិកា ឆ្នាំ​នេះ​ ពេល​វិល​ត្រឡប់​ពី​ដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី​ ពី​បទរំលោភ​លើ​លក្ខខណ្ឌ​នៃ​ការនៅ​ក្រៅ​ឃុំ។ ប៉ុន្តែ​ក្រុម​សិទ្ធិមនុស្ស​អះអាង​ថា​ ទាំង​នាង ​និង​មេធាវី​របស់​នាង​មិន​ត្រូវ​បាន​ជូន​ដំណឹង​ពី​លក្ខខណ្ឌ​នោះ​ឡើយ​ បើ​ទោះ​ជាពួកគេ​បាន​ស្នើ​សុំ​មុន​ការធ្វើ​ដំណើរ​ចេញ​ក៏​ដោយ។

កញ្ញា​ស៊ីថរ​ បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី​ដើម្បី​ចូលរួម​សមាជ​សហភាព​ពាណិជ្ជកម្ម​អន្តរជាតិ​ពិភពលោក​ក្នុង​ខែ​វិច្ឆិកា។

អង្គការ​ Amnesty International និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ សម្តែង​ការព្រួយ​បារម្ភ​ថា ​ការ​ចាប់​ខ្លួន​កញ្ញា​ស៊ីថរ ​ពី​បទរំលោភ​លើ​លក្ខខណ្ឌ​នៅ​ក្រៅ​ឃុំ ​កើត​ចេញ​ពី​ការជួប​ប្រជុំ​របស់​ប្រធាន​សហជីព​រូប​នេះ​ជាមួយ​សហជីព​ផ្សេង​ទៀត​ និង​ការអនុវត្ត​ដោយ​សន្តិវិធី​នៃ​សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​ និង​សមាគម។

សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​នេះ​បន្ថែម​ថា៖​«ការឃុំខ្លួន​របស់​នាង​ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​កម្មករ​ក្នុង​ការរៀបចំ​ និង​ការចរចា​ជា​សមូហភាព​ផងដែរ»។

កាលពី​ខែមេសា ​ឆ្នាំ ២០២១​ ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​បញ្ឈប់​ការងារ​បុគ្គលិក​មួយ​ចំនួន​ធំ​និង​បានបង្ក​ឱ្យ​មាន​ការព្រួយ​បារម្ភ​អំពី​ការបណ្តេញចេញ​ដោយ​អយុត្តិធម៌​នៃ​បុគ្គលិក​កាស៊ីណូ​ចំនួន​១៣២៩ ​នាក់។ ការ​បញ្ឈប់​ការងារ​នេះ​បាន​ប៉ះពាល់​ដល់​មេដឹកនាំ ​និង​សមាជិក​សហជីព​ជាច្រើន។ ពួកគេ​មួយ​ចំនួន​បាន​ធ្វើ​កូដកម្ម​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន។

កញ្ញា​ស៊ីថរ ​ត្រូវ​បាន​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​លើក​ដំបូង​នៅថ្ងៃ​ទី ៣ ​ខែមករា​ ឆ្នាំ ២០២២​ នៅពេល​ដែល​នាង​ និង​សមាជិក​សហជីព​ផ្សេង​ទៀត​បាន​ធ្វើកូដកម្ម​ជាសាធារណៈ​នោះ។ អាជ្ញាធរ​កម្ពុជា​បាន​ចោទ​ប្រកាន់​នាង​ ពី​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ» ​ប៉ុន្តែ​ក្រោយ​មក​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ៕

XS
SM
MD
LG