ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ច្រាន​ចោល​សំ​ណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេដឹកនាំ​សហជីព​ណាហ្គាវើលដ៍​កញ្ញា ឈឹម​ ស៊ីថរ


រូបឯកសារ៖ កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​ព្យួរ​ការងារ​ និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​ខណៈ​​បុគ្គលិក​​ក្រុមហ៊ុន ណាហ្គា ​វើសដ៍ ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​កាស៊ីណូ​ ណាហ្គាវើសដ៍ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/វីអូអេ)​
រូបឯកសារ៖ កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​ព្យួរ​ការងារ​ និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​ខណៈ​​បុគ្គលិក​​ក្រុមហ៊ុន ណាហ្គា ​វើសដ៍ ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​កាស៊ីណូ​ ណាហ្គាវើសដ៍ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/វីអូអេ)​

សាលា​ដំបូង​រាជធានី​ភ្នំពេញសម្រេច​មិន​អនុញ្ញាត​ឲ្យ​កញ្ញា ឈឹម​ ស៊ីថរ​ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃក្រុម​ហ៊ុនណាហ្គាវើលដ៍​បាន​ស្ថិត​នៅ​ក្រៅ​ឃុំជាបណ្តោះ​អាសន្ន ក្រោម​ហេតុ​ផលថា​បារម្ភ​អំពី​ការ​ប្រព្រឹត្ត​បទ​ល្មើស​សា​ជាថ្មី។

ការ​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ កើតមាន​ឡើង ស្រប​ពេល​គ្មានដំណោះ​ស្រាយ​សម្រាប់​កូដកម្ម​នៅ​ក្រុមហ៊ុន​ណា​ហ្គាវើលដ៍​ដែល​បាន​អូស​បន្លាយ​ពេល​មក​ជិត​មួយ​ឆ្នាំ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​កាពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក អំ សំអាត​ ប្រាប់​វីអូអេ​នៅ​ថ្ងៃអង្គារនេះ​ថា​ ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បដិសេធ​សំណើ​សុំ​នៅក្រៅ​ឃុំ​របស់​ក្រុម​មេធាវីការ​ពារក្តី​ឲ្យ​កញ្ញា​ឈឹម ស៊ីថរ​ ដែលត្រូវបាន​ចាប់ខ្លួន​ ដោយសារ​តែ​បំពាន​លក្ខខណ្ឌ​មួយ​ចំនួន​ អំឡុងពេលកំពុង​ដាក់​ឲ្យស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​។

បើតាម​លោក​ អំ សំអាត​ ក្រុមមេធាវី​ការពារ​ក្តីកញ្ញា ​ឈឹម ស៊ីថរ​ បាន​សម្រេច​បឹ្តង​ជំទាស់​ទៅ​សាលា​ឧទ្ធរណ៍​ ពាក់​ព័ន្ធ​នឹង​ការ​ច្រាន​ចោល​សំណើ​សុំ​នៅ​ក្រៅឃុំ​របស់សាលា​ដំបូង​រាជធានី​ភ្នំពេញ និងថា​ កញ្ញា​ឈឹម ស៊ីថរ​ មិនដែល​ធ្លាប់​ទទួល​សេចក្តីជូន​ដំណឹង​អំពីការដាក់​ឲ្យ​ស្ថិត​ក្រោមការ​ត្រួតពិនិត្យ​របស់​តុលាការ​ នៅ​មុន​ពេល​កញ្ញា​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អូស្ត្រាលី​។

លោក​និយាយ​ថា​៖ ​«អ៊ីចឹង កាល​ណា​កញ្ញា​ឈឹម ស៊ីថរ មិន​ទទួល​ មេធាវី​មិន​ទទួល​ការ​ជូន​ដំណឹង​ វាស្មើ​នឹង​អត់​ដឹង​ ហើយ​ឬក៏​ស្មើ​នឹង​អត់​មាន​ដីកា​ដាក់ក្រោម​ការ​ត្រួត​ពិនិត្យ​ ព្រោះ​ពួកគាត់​អត់​ដឹង​ផង​ហ្នឹង។ អ៊ីចឹង​ កញ្ញា​ ឈឹម ស៊ីថរ​ ដែល​ចេញ​ទៅ​ក្រៅ​ក៏​អត់​មាន​អី​ខុស​ដែរ​ ព្រោះ​គាត់​អត់​បាន​ទទួលការ​ជូន​ដំណឹងពី​ដីកា​ដាក់​ក្រោម​ការ​ត្រួត​ពិនិត្យ​ អ៊ីចឹង​ ចោទ​ប្រកាន់​ពីការ​មិន​គោរព​ និង​គេចវេះទៅលើ​ដីកា​ដាក់​ក្រោម​ការ​ត្រួត​ពិនិត្យ​នេះ វា​មិន​សម​ហេតុផល​ ហើយ​វា​អត់​ត្រូវ​តាម​នីតិវិធី​ទេ»។ ​

ប្រធានគ្រប់​គ្រង​កម្មវិធី​ការងារ​របស់​មជ្ឈ​មណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស​ហៅកាត់​ថា​ សង់​ត្រាល់​ លោក​ឃុន ថារ៉ូ​ យល់​ថា​ ការ​ចាប់ខ្លួន​កញ្ញា​ ឈឹម ស៊ីថរ ​ជាថ្មី​ និង​ការណ៍ដែល​តុលាការ​មិន​ព្រម​ឲ្យកញ្ញា​ឈឹម ស៊ីថរ​ បាន​ស្ថិត​នៅ​ក្រៅឃុំ​នេះ​ ជា​ទម្រង់​នៃ​ការ​រឹត​ត្បិត​សិទ្ធិ​ធ្វើ​ការ​តវ៉ា​តាម​រយៈ​កូដកម្ម​ដោយ​សន្តិវិធី​។

លោកប្រាប់​វីអូអេ​នៅថ្ងៃ​អង្គារ​នេះ​ថា​៖ «ពីព្រោះ​ថា​ សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ សិទ្ធិ​សេរីភាព​នៅ​ក្នុង​ការ​ធ្វើ​កូដ​កម្ម​ មិន​មែន​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ​ទេ។ អ៊ីចឹង​នៅក្នុង​ការ​ចាប់​ ខ្លួន​កញ្ញា​ ស៊ីថរ​ ហើយ​នៅ​បន្ត​នៅ​ក្នុង​ការ​ដាក់​សម្ពា​ធ​ ដោយ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​តុលាការ​នេះ​ វា​គឺ​ជា​ការ​រំលោភ​សិទ្ធិការងារ​យ៉ាង​ធ្ងន់​ធ្ងរ»។

លោក ​ឃុន ថារ៉ូ​ បន្ថែម​ថា​ ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​មក​ដោះ​ស្រាយ​វិវាទ​ការងារ​នឹង​មិន​អាច​នាំ​មក​បាន​នូវ​ដំណោះ​ស្រាយ​សម​ស្រប​មួយ​សម្រាប់​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទេ​ តែ​វាជាការ​បង្អាក់​ដំណើរ​ការ​ដោះស្រាយ​ ឬធ្វើ​ឲ្យ​វិវាទ​នោះ​នៅ​ជាប់​គាំង​រក​ច្រក​ចេញ​មិន​បាន​ទៅ​វិញ​។

កញ្ញា ​ឈឹម ស៊ីថរ​ ដែល​ចេញ​មុខ​យ៉ាង​សកម្ម​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នៅ​ក្នុង​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ​ទី​២៦​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២២ ​នៅ​ពេល​ដែល​កញ្ញា​ត្រឡប់​មក​ពី​ចូលរួម​កិច្ច​ប្រជុំ​សហព័ន្ធ​សហជីព​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។

កញ្ញា​ស៊ីថរ ​ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន​លើក​ទីមួយ ​កាល​ពី​ខែ​មករា ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ​ដោយ​សារ​សកម្មភាព​កូដកម្ម​របស់​សហជីព​ដែល​កញ្ញា​ដឹកនាំ។ ​នេះ​បើ​តាម​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល។

កញ្ញា​ស៊ីថរ ​ត្រូវ​បាន​តុលាការ​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ កាល​ពី​ខែ​មីនា​ ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​សា​ជាថ្មី ​កាលពីចុង​ខែ​វិច្ឆិកា​កន្លង​ទៅនោះ​ ​ដោយ​អាជ្ញាធរ​ចោទ​ប្រកាន់​ថា ​កញ្ញា​បាន​រំលោភ​លក្ខខណ្ឌ​ដែល​ហាម​ឃាត់​កញ្ញា​មិន​ឱ្យ​ចាក​ចេញ​ពី​ប្រទេស។ ​ប៉ុន្តែ​ទាំង​ កញ្ញា ​ស៊ីថរ ​និង​មេធាវី​ការពារ​ក្តីឱ្យ​កញ្ញា​សុទ្ធ​តែ​មិន​បាន​ទទួល​ការ​ជូន​ដំណឹង​អំពី​លក្ខ​ខណ្ឌ ​ក្នុង​ការ​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​នោះ​ទេ។​ នេះ​បើ​តាម​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក ​ដែល​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ​។ សហរដ្ឋ​អាមេរិក​ក៏បាន​ស្នើ​ឲ្យ​អាជ្ញា​ធរ​កម្ពុជា​ដោះ​លែង​កញ្ញា​ឈឹម​ ស៊ីថរ​ផង​ដែរ។

ដោយឡែក​ ខណៈតុលាការ​រាជធានី​ភ្នំពេញ​បន្ត​ឃុំខ្លួន​កញ្ញា​ឈឹម​ ស៊ីថរ​ សកម្មជន​មួយចំនួន​បាន​ធ្វើយុទ្ធការ​តស៊ូមតិ​តាមប្រព័ន្ធអនឡាញ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​កញ្ញា​ឈឹម​ ស៊ីថរ​ ដែល​កំពុង​មានវិវាទ​ការងារ​ជា​មួយ​ក្រុមហ៊ុន​ណា​ហ្គាវើលដ៍​ជុំវិញ​ការ​បណ្តេញ​បុគ្គលិក​ចេញ​ទាំងបង្ខំ​ និង​ការរើស​អើង​សហជីព​។

វីអូអេ​ព្យាយាម​សុំការ​អត្ថា​ធិប្បាយ​ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​អ៊ី រិន្ទ​តាមប្រព័ន្ធ​ទំនាក់​ទំនង​តេឡេ​ក្រាម​តែ​គ្មាន​ការ​ឆ្លើយ​តប​។

ចំណែក​រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក​ជិន ម៉ាលីន​ ថ្លែង​ការ​ពារ​ចំណាត់ការ​របស់​តុលាការ​ថា​ធ្វើ​ឡើង​ទៅតាម​នីតិវិធី​ច្បាប់។​

លោក​ថ្លែងថា៖«​ការ​សម្រេច​របស់​តុលាការ​ ច្រាន​ចោល​ មិន​ច្រាន​ចោល​នោះ​ គេ​ផ្អែក​ទៅ​លើ​អង្គ​ហេតុ​ អង្គ ច្បាប់​និង​ហានិភ័យ​នឹង​ភាព​មិន​រាង​ចាល​ និងការ​មិន​ចូល​រួម​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​។ វាមិន​មែន​ជា​ការ​យក​តុលាការ​ទៅ​ធ្វើបាប​ ធ្វើ​ទុក្ខ​បុកម្នេញ​អីនោះ​ទេ​ អាហ្នឹង​ជា​ការសម្រេច​តាម​ផ្លូវ​ច្បាប់​ និង​នីតិវិធី​ច្បាប់​ដែល​មាន​ជាធរមាន​»។

គួរ​បញ្ជាក់​ថា​កូដកម្ម​របស់​កម្មករ​និយោជិត​ ឬ​អតីត​បុគ្គលិក​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​បាន​ផ្ទុះ​ឡើង​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​ ២០២១ ​ដោយ​មាន​ការ​ចោទ​ប្រកាន់​ពី​ក្រុម​បុគ្គលិក​ថា​ ក្រុមហ៊ុន​បាន​បញ្ឈប់​កម្មករ​និយោជិត​ដោយ​បង្ខំ ​ហើយ​ភាគ​ច្រើន​នៃ​អ្នក​ដែល​ត្រូវ​បញ្ឈប់​នោះ​គឺ​ជា​សមាជិក​សហជីព៕

XS
SM
MD
LG