ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ចេញ​ដីកា​កោះ​ហៅ​កូដករ​ណាហ្គាវើលដ៍​ជា​បន្តបន្ទាប់ ខណៈ​កូដករ​មិន​បញ្ឈប់​កូដកម្ម


រូបឯកសារ៖ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍កាន់បដាធ្វើបាតុកម្មតវ៉ានៅមុខរដ្ឋសភាជាតិ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២។
រូបឯកសារ៖ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍កាន់បដាធ្វើបាតុកម្មតវ៉ានៅមុខរដ្ឋសភាជាតិ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២។

កូដករ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​យ៉ាង​ហោចណាស់​ ៧ នាក់ ​ត្រូវបាន​តុលាការ​ចេញ​ដីកា​កោះ​ហៅ​ទៅតាម​បណ្តឹង​ភាគី​ក្រុម​ហ៊ុន ពាក់​ព័ន្ធ​នឹង​ការ​រំលោភលើ​លំនៅឋាន ការ​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុស​ច្បាប់ ស្របពេល​ដែល​កូដករ​មិន​បន្ទន់​ជំហរ​បញ្ឈប់​ការ​តវ៉ា​ឡើយ​។ នេះ​បើ​តាម​មេដឹកនាំ​សហ​ជីព​ដែល​នៅ​បន្ត​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​ណា​ហ្គាវើលដ៍​ និង​អ្នកការពារ​សិទ្ធិមនុស្ស។

​ការ​កោះហៅ​កូដករ​នេះ​ កើតមាន​ឡើង​ ស្របពេល​កា​រតវ៉ា​ប្រឆាំង​នឹង​ការបណ្តេញ​ចេញ​ពីការងារ​ទាំង​បង្ខំ និងការ​រើស​អើង​សហជីព​នៅតែ​បន្តធ្វើ​ក្នុងរយៈពេល​ប៉ុន្មានថ្ងៃចុងក្រោយនេះ។

កញ្ញា​ ឈឹម ស៊ីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​ឱ្យដឹង​នៅ​ថ្ងៃ​ពុធនេះ​ថា​ ​កូដករ​ ៦ នាក់ ​បាន​ទទួល​ដីកា​កោះហៅ​ជាផ្លូវ​ការ​ ហើយ​នៅ​មាន​កូដករ​មួយ​រូបទៀតក៏ត្រូវបាន​តុលាការ​កោះហៅ​ដែរ​ តែ​មិនទាន់បាន​ឃើញ​ដីកា។

កញ្ញា​ប្រាប់​វីអូអេ​បន្ថែម​ថា​ កា​រចេញដីកា​កោះ​ហៅ​កូដករ​ជា​បន្តបន្ទាប់​ទៀតនេះ​ មាន​ចេតនា​បំបិទផ្លូវ​តវ៉ា​របស់​កូដករ​ ដែល​កំពុង​ទាមទារ​ឱ្យ​បញ្ឈប់​ការ​រើស​អើង​សហជីពនៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ដែល​មាន​អគារ​កាស៊ីណូ​ធំៗ​ នៅ​កណ្តាល​ទីក្រុង​ភ្នំ​ពេញ​។

កញ្ញា​ថ្លែង​ថា៖ «​ឥឡូវ​ហ្នឹង​គឺ​ទាំង​អស់​មាន​ ៧ សរុប​ ៧ [នាក់] ប៉ុន្តែ​គ្រាន់​ថា​ ៦ [នាក់] ទទួល​បាន​ដីកានៅក្នុង​ដៃ​ ម្នាក់​ទៀត​អត់​ទាន់​ទទួលបានដីកា​ដល់​ដៃ​ទេ។ ហើយ​ក្នុង​ចំណោម​ហ្នឹង​ ៧ នាក់​ហ្នឹង​ ឥឡូវ​ ៥ នាក់​ បាន​ដាក់​ពាក្យ​ពន្យារ​ពេល​ ព្រោះ​ដោយសារ​ការ​យក​ដីកា​មក​ឱ្យ​ពួក​គាត់​ហ្នឹង​ គឺ​ថាអត់​ប្រក្រតីទេ​ អត់​បាន​យក​ឱ្យ​គាត់​ដល់​ដៃ​ ហើយ​មាន​ករណី​ខ្លះ​ទៀត​ហួស​ម៉ោង​ទៅ​ទៀត​ ឱ្យ​គាត់​ចូល​ឆ្លើយ​បំភ្លឺ​ពេល​ព្រឹក​ ល្ងាច​ទើប​យក​ដីកា​មក​ឱ្យ​គាត់​ ហួស​ថ្ងៃ​ដែល​គាត់​ត្រូវ​ចូល​ឆ្លើយ​បំភ្លឺ​ទៀត»។ ​

កញ្ញា​បន្ថែម​ថា នៅ​ពេល​ការ​បញ្ជូន​ដីកា​មក​មាន​ភាព​មិន​ច្បាស់​លាស់​តាម​នីតិវិធី​យ៉ាង​ដូច្នេះ​ កូដករ​ដែល​រង​ពាក្យ​បណ្តឹង​ពិបាក​ក្នុងការ​ត្រៀម​ខ្លួន​រក​មេធាវី​ និង​សិក្សា​អំពីដំណើរ​រឿង​នៃ​ការ​ប្តឹង​ផ្តល់។

កញ្ញា​ ឈឹម ស៊ីថរ លើក​ឡើង​យ៉ាង​ដូច្នេះ៖ «​អ៊ីចឹង​ កុំ​ថា​ ឡើយ​គាត់​ទៅ​រក​មេធាវី​ ឬក៏​សិក្សា​អំពី​ពាក្យ​បណ្តឹង​ ករណី​គេ​ប្តឹង​ទាំង​អស់​ហ្នឹង​ ប៉ុន្តែ​សូម្បី​តែ​ពេល​ឆ្លើយ​ឆ្លង​ ពេល​ចូល​បំភ្លឺ​ហ្នឹង​ គេប្រាប់​ខុស​ម៉ោង​ដែរ​»។

កូដកម្ម​របស់​កម្មករ​និយោជិត​ ឬអតីត​បុគ្គលិក​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​ផ្ទុះឡើង​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​ ២០២១​ ដោយ​សារ​តាម​អ្វី​ដែល​មេដឹកនាំ​សហីព​នៅ​ក្រុមហ៊ុន​កាស៊ីណូ​នេះ​អះអាង​ថា​ ក្រុមហ៊ុន​បាន​បញ្ឈប់​កម្មករ​និយោជិត​ដោយ​បង្ខំ ហើយ​ភាគ​ច្រើន​នៃ​អ្នក​ដែល​ត្រូវ​បញ្ឈប់​នោះ​គឺ​ជា​សមាជិក​សហជីព។

ក្នុង​ចំណោម​កម្មករ​និយោជិត​ជាង​ ១.៣០០ នាក់​ ដែលត្រូវបាន​ក្រុមហ៊ុន​បញ្ឈប់​កាលពី​ខែ​មេសា ​ឆ្នាំ​ ២០២១ ​នោះ​ នៅ​មាន​កម្មករ​និយោជិត​ជាង​ ១០០ នាក់​ទៀត​កំពុង​បន្ត​តវ៉ា​ជាមួយ​ក្រុមហ៊ុន​ ពាក់​ព័ន្ធ​នឹង​សំណើ​ឱ្យ​ក្រុមហ៊ុន​ទទួល​ចូល​ធ្វើការ​វិញ​ និង​ការ​ជំទាស់​នឹង​ការ​រើស​អើង​សហជីព។

លោក​ ឃុន ថារ៉ូ​ ប្រធាន​គ្រប់​គ្រង​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅកាត់​ថា​សង់​ត្រាល់​ ចាត់​ទុក​ការ​ប្តឹងរបស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ថា​ជា​ការ​ផ្តល់​ប្រយោជន៍​ដល់​កូដករ​ទៅ​វិញ​ ដែល​កំពុង​ប្រើ​ប្រាស់​សិទ្ធិ​ជួប​ជុំ​តវ៉ា​ដោយ​សន្តិវិធី។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​៖ «បើសិន​ជា​ក្រុមហ៊ុន​នេះ​ នៅ​តែ​ប្រើ​ប្រាស់​នៅ​ទម្រង់គ្រប់​រូបភាព​ទាំង​ឡាយ​ ដែល​ក្រុមហ៊ុន​ធ្លាប់​បាន​ប្រើ​ប្រាស់​កន្លង​មក​នេះ។ បញ្ហានេះ​ វា​នឹង​ជះ​ឥទ្ធិពល​ អវិជ្ជមាន​ទៅ​ខាង​ក្រុម​ហ៊ុន​ទៅ​វិញ​ទេ​ ព្រោះ​ថា​ យើង​ដឹង​ហើយ​ថា​ រាល់​បណ្តឹង​ប្រឆាំង​ទៅ​នឹង​មេដឹកនាំ​សហជីព​ សកម្មជន​សហជីព​នេះ​ត្រូវ​បាន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ អំពី​ស្ថាប័ន​ជាតិ​ និង​អន្តរជាតិ​ ហើយ​ការ​ណ៍ដែល​សំខាន់​បំផុត​នោះ​ គឺ​ទាក់​ទង​ទៅនឹង​សិទ្ធិ​សេរីភាព​ជាមូលដ្ឋាន សិទ្ធិ​នៅ​ក្នុង​ការ​ជួប​ជុំ​ប្រមូល​ផ្តុំ»។

បើ​តាម​ដីកា​ចេញ​ដោយ​ព្រះរាជ​អាជ្ញារង ​ឆាយ ហុង​ ចុះថ្ងៃ​ទី​ ៣១ ខែកញ្ញា ផ្ញើជូន​កូដករខ្លះ​ដែល​វីអូអេ​ទទួលបាន​នោះ​ ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​ប្តឹង​កូដករពី​បទ​ «រំលោភ​លើ​លំនៅ​ឋាន​ ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ និង​ចាប់​ឃុំ​ឃាំង​ និង​បង្ខាំង​ដោយ​ខុ​ស​ច្បាប់»។

​អ្នកស្រី​ សុខ ថាវុធ​ កូដករ​ម្នាក់​អាយុ​ ៣៣ ​ឆ្នាំ ដែល​រងការ​ប្តឹង​ផ្តល់​ពី​ភាគី​ក្រុមហ៊ុន​ បង្ហាញ​ការ​ភ្ញាក់​ផ្អើល​នៅពេល​ឃើញ​ដីកា​កោះ​ហៅ​អ្នកស្រី​ ដែល​គ្រាន់​តែធ្វើ​ការ​តវ៉ា​រក​ដំណោះ​ស្រាយ​ចម្បងមួយ​ គឺ​ការ​ទទួល​យក​សកម្មជន​ និង​មេដឹកនាំ​សហជីព​ឯករាជ្យ​មួយ​ឱ្យបាន​ចូលធ្វើ​ការនៅ​ក្រុមហ៊ុន​ណា​ហ្គាវើលដ៍វិញ និង​ទម្លាក់​ចោលរាល់​បទចោទ​ប្រកាន់​លើ​ថ្នាក់​ដឹកនាំ​សហជីព។

អ្នក​ស្រី​ថ្លែង​ថា៖ «យើង​អត់​មាន​បាន​ដំណោះស្រាយ​ហើយ​ យើង​រង​ភាព​អយុត្តិធម៌​ត្រូវមាន​ដីកា​កោះ​ ពី​តុលាការ​អ៊ីចឹង​ទៀត​ វាកាន់​តែ​អយុត្តិធម៌​ហ្មង​ អត់​មាន​ដំណោះស្រាយ​ហើយ​ ធ្វើ​រឿង​អយុត្តិធម៌​ទៅ​លើ​យើង​ទៀត។ វាកាន់​តែ​ឈឺចាប់​ អ៊ីចឹង​ វាអត់​អាចឱ្យ​យើង​ឈប់​បាន​ទេ​មាន​តែ​បន្ត​ទៅ​មុខ​ទៀត»។

កូដករ​រូប​នេះ​ជឿថា​ តុលាការ​នឹង​ចេញដីកា​កោះហៅ​កូដករ​បន្ថែម​ទៀត​ ក្នុង​គោលដៅ​បំភិតបំភ័យ​កូដ​ករ​ មិន​ឱ្យ​បន្ត​កូដកម្ម។

វីអូអេ​ព្យាយាមសុំការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញលោក​ ប្លង់ សុផល ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ តែ​គ្មាន​ការ​ឆ្លើយតប។ វីអូអេ​ក៏មិនទាន់​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​តាម​ទូរសព្ទ​ពី​តំណា​ងក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​ដែរនៅ​ថ្ងៃ​ពុធនេះ។

បើ​តាម​លោក​ អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ កន្លង​មក​ មាន​សកម្មជន​ និង​ថ្នាក់​ដឹកនាំ​សហជីព ដែល​ការពារ​ប្រយោជន៍​កម្មករនិយោជិតនៅក្រុមហ៊ុន​ណាហ្គាវើល​ដ៍​ចំនួន​ ១១ នាក់​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ និង​ចាប់​បញ្ជូន​ទៅឃុំ​ខ្លួន​នៅ​ពន្ធគារ​ក្រោម​បទ​ញុះ​ញង់​ឱ្យ​មាន​ភាពវឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខសង្គម​ និង​វិធាន​ការ​ច្បាប់​ទប់ស្កាត់​ជំងឺកូវីដ១៩ តែ​ត្រូវបាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំវិញ​។

​លោក​ អំ សំអាត​ មិន​ទាន់​ដឹង​ថា​ តើ​មាន​អ្វីនៅពីក្រោយ​នៃ​ការ​ប្តឹង​ផ្តល់​របស់​ក្រុមហ៊ុន​មក​លើកូដករ​នោះ​ទេ​ ហើយ​ថា​ ការ​ប្តឹង​ពាក់​ព័ន្ធនឹង​ការចាប់​ឃុំ​ឃាំង​ និង​បង្ខាំង​ដោយ​ខុ​ស​ច្បាប់នោះ​ ជាករណី​ធ្ងន់​ធ្ងរ​មក​លើកូដករ​ ព្រោះ​ជាការប្តឹង​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​បទឧក្រិដ្ឋ។ លោក​ អំ សំអាត​ អះអាង​ថា​ តុលា​ការ​នឹង​ចេញ​ដីកា​បន្តបន្ទាប់​ទៀត នៅ​ក្នុង​សំណុំរឿង​កូដកម្ម​នេះ​ ដោយ​សារការ​ចរចាដោយ​សន្តិវិធី​ដើម្បីឈាន​ដល់​ដំណោះស្រាយ​មិន​បាន​ជោគជ័យ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG