មេដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ដែលកំពុងជាប់ពន្ធនាគារ បានការពារខ្លួននៅចំពោះមុខចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញថា កញ្ញាមិនបាន«ញុះញង់»ដូចការចោទប្រកាន់នោះទេ។
នៅថ្ងៃអង្គារនេះ តុលាការក្រុងភ្នំពេញបានបន្តបើកសវនាការជំនុំជម្រះក្តីអតីតថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ចំនួន៩នាក់ ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបទចោទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»ក្នុងការតវ៉ារបស់ពួកគេកាលពីកន្លងមក។ ក្នុងសវនាការ ចៅក្រមអនុញ្ញាតឲ្យតែកញ្ញា ឈឹម ស៊ីថរ មានវត្តមានសម្រាប់ការសាកសួរ ដោយជនជាប់ចោទ៨នាក់ផ្សេងទៀត ដែលមិនជាប់ពន្ធនាគារ ត្រូវចៅក្រមជំនុំជម្រះឱ្យចេញទៅក្រៅបន្ទប់សវនាការ ដោយរង់ចាំពេលក្រោយសម្រាប់ការសាកសួរ។
ក្នុងសម្លៀកបំពាក់ពណ៌ទឹកក្រូចចាស់ និងឈរនៅក្នុងរង្វង់ក្រចកសេះនៃអគារសាលាដំបូងរាជធានីភ្នំពេញ កញ្ញា ឈឹម ស៊ីថរ បានឆ្លើយសំណួរជាច្រើន ដែលត្រូវបានចោទសួរដោយតំណាងអយ្យការ និងក្រុមមេធាវីការពារក្តីឱ្យកញ្ញា។ ចៅក្រមជំនុំជម្រះក៏បានចោទសួរសំណួរមួយចំនួនផងដែរ។
នៅក្នុងនោះ ព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បានចោទសួរកញ្ញា ស៊ីថរ ថាតើការរៀបចំតវ៉ានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានរៀបចំផែនការទេ? ហើយមានផែនការបិទច្រកចេញចូលទេ? តើនេះជាវិវាទរវាងបុគ្គល ឬវិវាទការងារ? តើមកដល់ពេលនេះ កូដករដែលធ្វើកូដកម្មនៅតែជាបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែរឬទេ?
កញ្ញា ឈឹម ស៊ីថរ បានឆ្លើយថាមិនមានផែនការបិទច្រកចេញចូលក្រុមហ៊ុនណាហ្គាវើលដ៍ទេ ព្រោះការធ្វើកូដកម្មមានមនុស្សច្រើន តែងតែមានការកកស្ទះ និងរាំងស្ទះច្រកចេញចូលនោះ។
កញ្ញាបន្ថែមថា ការធ្វើកូដកម្មគឺយោងទៅតាមច្បាប់ការងារ ដើម្បីទាមទារឱ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍គោរពសិទ្ធិការងាររបស់និយោជិត។ ម្យ៉ាងទៀត កញ្ញាថា កូដកម្មនេះជាការសម្រេច និងការបោះឆ្នោតដោយសមាជិកសហជីពទាំងអស់ ដោយមិនមែនជាការសម្រេចជាឯកច្ឆន្ទរបស់បុគ្គលណាម្នាក់នោះទេ ហើយសមាជិកមា្នក់ៗ ក៏បានស្ម័គ្រចិត្តរៀងៗខ្លួន ដោយមិនមានការបង្ខិតបង្ខំឱ្យមកធ្វើកូដកម្មនេះដែរ។
កញ្ញា ឈឹម ស៊ីថរ បញ្ជាក់ថា៖ «នាងខ្ញុំមិនបានបញ្ចុះបញ្ចូល អូសទាញ[សមាជិកសហជីព]ឱ្យមកធ្វើកូដកម្មទេ។ គ្មាននរណាបង្ខំពួកគេចូលរួមកូដកម្មទេ ហើយពួកគាត់បានឯកភាពផ្តិតមេដៃ ធ្វើកូដកម្មដោយស្ម័គ្រចិត្ត មិនមានការបង្ខំ និងគ្មានអ្នកក្រៅឯណាមកចូលរួមធ្វើកូដកម្មនេះ ក្រៅពីកូដករដែលរងផលប៉ះពាល់ដោយវិវាទការងារនេះទេ។ ដូច្នេះនាងខ្ញុំមិនទទួលស្គាល់ការចោទប្រកាន់បែបនេះទេ»។
កញ្ញាបន្ថែមថា ការសម្រេចធ្វើកូដកម្ម ជាជម្រើសមួយ បន្ទាប់ពីការដោះស្រាយវិវាទការងារនេះមិនបានជោគជ័យ។
កញ្ញាបញ្ជាក់ថា៖ «នីតិវិធីផ្សេងៗគ្មានដំណោះស្រាយ ទើបចុងក្រោយធ្វើកូដកម្មនេះ»។
កញ្ញាបន្ថែមថា អ្វីដែលជាគោលបំណងធ្វើកូដកម្ម ដើម្បីកុំឱ្យក្រុមហ៊ុនណាហ្គាវើលដ៍រំលោភបំពានច្បាប់កម្ពុជា ទាក់ទងការរំលាយសហជីព ដែលកញ្ញាអះអាងថា វានឹងក្លាយជាគំរូអាក្រក់មួយដល់ក្រុមហ៊ុនដទៃទៀតនៅក្នុងប្រទេសកម្ពុជា។
ការសួរដេញដោលលើកញ្ញា ឈឹម ស៊ីថរ មិនទាន់ត្រូវបានបញ្ចប់នោះទេ ដោយអ្នកស្រី សឿង ចរិយា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមជំនុំជម្រះ បានប្រកាសថានឹងបន្តសវនាការលើសំណុំរឿងញុះញង់នេះបន្តទៀត នៅថ្ងៃទី៧ ខែមីនា។
ចំពោះអ្នកស្រី ឈឹម សុខន សមាជិកសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ ដែលត្រូវបានចោទប្រកាន់ដូចគ្នា ប៉ុន្តែមិនទាន់ដល់វេនក្នុងការឆ្លើយបំភ្លឺ ប្រាប់អ្នកសារព័ត៌មានថាបើសិនកូដករធ្វើកូដកម្ម តែបែរជាចោទពីបទញុះញង់ តើអ្វីទៅជាសិទ្ធិធ្វើកូដកម្ម។
អ្នកស្រីយល់ថា ការចោទប្រកាន់ពីបទញុះញង់នេះ ក៏ជាការដាក់បន្ទុកដល់កូដករផងដែរ។ ហើយអ្នកស្រីថា បើសិនការអនុវត្តច្បាប់មិនត្រូវបានយកចិត្តទុកដាក់លើក្រុមកូដករណាហ្គាវើលដ៍ ដោយថែមទាំងមានការបំភិតបំភ័យ នោះនឹងធ្វើឱ្យបុគ្គលិកនៃក្រុមហ៊ុនផ្សេងនឹងមិនហ៊ានប្រើប្រាស់សិទ្ធិរបស់ពួកគេ ដើម្បីតវ៉ានៅពេលមានការកិបកេង ឬគាបសង្កត់នៅកន្លែងការងារ។
អ្នកស្រីបញ្ជាក់ថា៖ «ច៎ាស! អាហ្នឹងបងមើលឃើញថាវាជាការដាក់បន្ទុក ព្រោះកូដកម្ម យើងធ្វើតាមនីតិវិធីច្បាប់ យើងមានដើរតាមក្រុមប្រឹក្សាអាជ្ញាកណ្តាល យើងមានបោះឆ្នោត យើងមានមតិភាគច្រើនបោះឆ្នោតជ្រើសរើសធ្វើកូដកម្ម ហើយបានយើងជូនដំណឹងអីត្រឹមត្រូវ អ៊ីចឹងបើគាត់ ចោទពីបទញុះញង់ តើសិទ្ធិធ្វើកូដកម្មរបស់កម្មករ គេយកទៅទុកនៅឯណា»?
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ប្រាប់វីអូអេជាអក្សរតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា៖ «សុំទោសដែលមិនអាចជម្រាបជូនបានក្នុងពេលជម្រះក្តីរបស់តុលាការទេ។ ចៅក្រម និងមេធាវីមានព័ត៌មាន និងដឹងអ្វីដែលហៅថាអ្វី»។
អ្នកស្រី អ៊ូ ទេពផល្លីន ប្រធាននៃសហព័ន្ធសហជីពចំណីអាហារនិងសេវាកម្មនៅកម្ពុជា ដែលបានចូលស្តាប់សវនាការផងដែរនោះ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាបានផ្តល់សច្ចាប័នទៅលើអនុសញ្ញាស្នូលរបស់អង្គការអន្តរជាតិខាងការងារ (ILO) ដែលក្នុងនោះនិយាយអំពីសេរីភាពនៃការចរចា សេរីភាពក្នុងការបង្កើតសហជីព និងសិទ្ធិក្នុងការធ្វើកូដកម្ម ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋ ប្រើប្រាស់សិទ្ធិជាមូលដ្ឋាននៅកន្លែងធ្វើការ។ ដូច្នេះអ្នកស្រីចាត់ទុកការធ្វើកូដកម្មទាក់ទងវិវាទការងារ មិនមែនជាបទញុះញង់នោះទេ។
អ្នកស្រីប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅតុលាការថា៖ «ការធ្វើកូដកម្មមិនមែនជាបទញុះញង់ទេ មិនគួរប្រែក្លាយកូដកម្មទៅជាបទញុះញង់ ដែលធ្វើឱ្យកម្មករដទៃទៀត ខ្លាចរអាក្នុងការអនុវត្តសិទ្ធិនៅក្នុងការធ្វើកូដកម្ម។ ហើយយើងហាក់បីដូចជាអនុញ្ញាតឱ្យថៅកែបញ្ឈប់កម្មករនិយោជិតតាមតែអំពើចិត្តរបស់ខ្លួន បើទោះបីជាមើលឃើញថា រូបភាពរើសអើងនៅនឹងមុខក៏ដោយ ក៏នៅតែបើកឱកាស វាហាក់បីដូចជាសង្គមយើងបង្កើតនូវភាពអយុត្តិធម៌មកលើវណ្ណៈកម្មករទៅវិញ»។
នាយកគ្រប់គ្រងកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ដែលបានចូលសវនាការដែរនោះ បានថ្លែងថា បើមើលទៅលើការលើកឡើងរបស់កញ្ញា ឈឹម ស៊ីថរ ក្នុងសវនាការគឺផ្តោតលើសិទ្ធិកម្មករនិយោជិត និងច្បាប់ការងារ។ លោកយល់ឃើញថា ករណីនេះ គឺកើតចេញពីវិវាទការងារ ហើយប្រសិនបើភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយតាំងពីដំបូង ប្រហែលជាមិនមានការចាប់ខ្លួន និងចោទប្រកាន់លើកញ្ញា ឈឹម ស៊ីថរ និងតំណាងកូដករផ្សេងទៀត និងការធ្វើទុក្ខបុកម្មេញលើកូដករឯទៀតនោះទេ។
ដូច្នេះលោកយល់ថា ការចោទប្រកាន់នេះ មិនមែនជាដំណោះស្រាយទេ អ្វីដែលសំខាន់ គឺការដោះស្រាយបញ្ចប់វិវាទការងារ លើចំណុចដែលកូដករទាមទារ។
លោកថ្លែងថា៖ «អ៊ីចឹងបើសិនជាយើងមើលទៅ បើសិនជាឫសគល់ ខ្ញុំគិតថាបញ្ហាដែលចាប់ខ្លួនក្តី ការចោទប្រកាន់ឬក៏បញ្ហាផ្សេងៗទៀត សម្រាប់បន្ទុចបង្អាក់កូដករមិនមែនជាដំណោះស្រាយទេ។ អ្វីដែលជាដំណោះស្រាយសំខាន់ គឺការដោះស្រាយបញ្ចប់វិវាទការងារតែប៉ុណ្ណោះ»។
គួររំឭកផងដែរថា បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដែលចុះបញ្ជីនៅផ្សារភាគហ៊ុនក្នុងទីក្រុងហុងកុង បានប្រមូលផ្តុំធ្វើកូដកម្មជាច្រើនខែ បន្ទាប់ពីកម្មករនិយោជិតប្រមាណ១.៣២៩នាក់ត្រូវបានបញ្ឈប់ពីការងារ កាលពីខែមេសា ឆ្នាំ២០២១។
កូដកម្មរបស់កម្មករនិយោជិត ឬអតីតបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដែលភាគច្រើនជាសមាជិកសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានចាប់ផ្តើមកាលពីខែធ្នូ ឆ្នាំ២០២១។ ការបញ្ឈប់កម្មករពីការងារត្រូវបានអ្នកតាមដានដែលជាមន្រ្តីសិទ្ធិមនុស្ស មើលឃើញថាជាការបំបាត់សំឡេងសហជីពនៅក្នុងក្រុមហ៊ុនកាស៊ីណូមួយនេះ៕