មន្រ្តី​ការទូត​មីយ៉ាន់ម៉ា​ខ្វែង​គំនិតគ្នា​ជុំវិញ​ការតំណាង​ឱ្យ​រដ្ឋាភិបាល​យោធា

រូប​ឯកសារ៖ ឯក​អគ្គរដ្ឋទូត​ប្រទេស​មីយ៉ាន់ម៉ា​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ លោក ​Kyaw Moe Tun ថ្លែង​នៅ​ឯ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​​អ.ស.ប.​នៅ​ទី​ក្រុង​ហ្សឺណែវ​ ប្រទេស​ស្វ៊ីស​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៩។

រូប​ឯកសារ៖ ឯក​អគ្គរដ្ឋទូត​ប្រទេស​មីយ៉ាន់ម៉ា​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ លោក ​Kyaw Moe Tun ថ្លែង​នៅ​ឯ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​​អ.ស.ប.​នៅ​ទី​ក្រុង​ហ្សឺណែវ​ ប្រទេស​ស្វ៊ីស​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៩។

ចាប់​តាំង​ពី​រដ្ឋប្រហារ​យោធា​នៅ​មីយ៉ាន់ម៉ា​កាល​ពី​ពីរ​ឆ្នាំ​មុន មន្រ្តី​ការទូត​ជាង១០០នាក់ដែល​តំណាង​ឲ្យ​ប្រទេសនេះ​បាន​ធ្វើ​ឱ្យ​មាន​ការទាក់ទាញ​ចំណាប់​អារម្មណ៍​អន្តរជាតិ​អំពី​ការប្រឆាំង​របស់​ពួកគេ​ទៅ​នឹង​រដ្ឋាភិបាល​របប​សឹក​យោធា​តាមរយៈ​ការ​បដិសេធ​មិន​តំណាង​ឲ្យ​រដ្ឋាភិបាល​នេះ។

លោក​ឯកអគ្គរដ្ឋទូត Kyaw Moe Tun ដែល​ជា​តំណាង​អចិន្រ្តៃយ៍​មីយ៉ាន់ម៉ា​ប្រចាំ​នៅអង្គការ​សហប្រជាជាតិ​ស្ថិត​នៅ​ក្នុង​ចំណោម​មន្រ្តី​ការទូត​ដំបូងគេ​ដែល​បាន​ចូលរួម​ក្នុង«ចលនា​ពលរដ្ឋ​មិន​ស្តាប់​បង្គាប់» ឬ Civil Disobedience Movement (CDM)។

ចលនា​នេះ​មាន​គោលដៅប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា​ដែល​កាល​ពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០២១ បាន​ទម្លាក់​លោកស្រី ​អោងសាន ស៊ូជី និង​រដ្ឋាភិបាល​ជ្រើសតាំង​តាម​បែបប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ភាព​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (NLD) របស់​លោកស្រី​ចេញ​ពី​អំណាច។

ថ្លែង​មក​កាន់​វីអូអេ​ភាសា​ភូមា​កាល​ពី​ដើម​ខែ​កុម្ភៈ លោក​បាន​រំឭក​ពី​ការគាំទ្រ​បំណង​របស់​ពលរដ្ឋ​មីយ៉ាន់ម៉ា​ថា៖ «ខ្ញុំ​មិន​សោកស្តាយ​ក្នុង​ការចូលរួម​ក្នុង​ចលនា​ពលរដ្ឋមិន​ស្តាប់​បង្គាប់​នោះ​ទេ។ ហើយ​ខ្ញុំ​មានមោទនភាព​ថែម​ទៀត ពីព្រោះ​យើង​ត្រូវ​ឈរ​ជាមួយ​នឹង​ប្រជាពលរដ្ឋ។ ខ្ញុំ​ជា​ពលរដ្ឋ​ម្នាក់​ និង​ជា​មន្រ្តី​រដ្ឋម្នាក់ ដូច្នេះ​ខ្ញុំ​មាន​មោទនភាព​ពី​រឿង​នេះ។ ជា​មន្រ្តី​រដ្ឋ​ យើង​ត្រូវរួបរួម​គ្នា​ជាមួយ​នឹង​ប្រជាពលរដ្ឋ។ តើ​ប្រជាពលរដ្ឋ​ចង់​បាន​អ្វី? និយាយ​ឲ្យ​ស្មោះត្រង់​ទៅ ខ្ញុំ​ប្រឆាំង​យ៉ាង​ខ្លាំង​ទៅ​នឹង​ក្រុមជន​ដែល​ធ្វើ​ដូចជា​មិន​ដឹង​ថា ពលរដ្ឋ​ចង់​បាន​អ្វី»។

គណបក្ស​សម្ព័ន្ធភាព​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​បាន​តែងតាំង​លោក Kyaw Moe Tun ជា​តំណាង​អចិន្រ្តៃយ៍​របស់​មីយ៉ាន់ម៉ាទៅ​កាន់​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្រុង​ញូវយ៉ក​កាល​ពី​ខែ​តុលា ឆ្នាំ​២០២០។

ចាប់តាំង​ពី​ការ​ចូលកាន់កាប់​ដោយ​យោធា លោក​ឯកអគ្គរដ្ឋទូត​រូប​នេះ«បាន​តំណាង​ឲ្យ​ពលរដ្ឋ​មីយ៉ាន់ម៉ា​នៅ​អង្គការសហប្រជាជាតិ​ក្នុង​នាម​ឲ្យ​រដ្ឋាភិបាល​រួបរួម​ជាតិ (National Unity Government) ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សមាជិក​ជ្រើសតាំង​នៃ​សភា​តំណាង​ក្រុម​កុលសម្ព័ន្ធ​នានា​និង​មេដឹកនាំ​សង្គមស៊ីវិល»។

លោក​ឯកអគ្គរដ្ឋ​ទូត Kyaw Moe Tun បាន​ប្រើប្រាស់​តំណែង​របស់​លោក​ដើម្បី​ពាំនាំ​សំឡេង​ពលរដ្ឋ​មីយ៉ាន់ម៉ា​ទៅ​កាន់​សហគមន៍​អន្តរជាតិ។ នេះ​បើ​តាម​វិទ្យាស្ថានស្រាវជ្រាវ​សន្តិភាព​នៅ​ក្នុង​ក្រុង​អូស្លូ (PRIO) ដែល​កាល​ពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ បាន​ជ្រើសតាំង​លោកនិង​ក្រុមប្រឹក្សា​ពិគ្រោះយោបល់​សាមគ្គីជាតិ​មីយ៉ាន់ម៉ា (NUCC) ដែល​ជា​រដ្ឋាភិបាល​ប្រឆាំង​សម្រាប់​ពានរង្វាន់​ណូបែល​សន្តិភាព។

លោក Kyaw Moe Tun បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​មួយ​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហ ប្រជាជាតិ​កាល​ពី​ថ្ងៃ​ទី២៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ ​ថា លោក​មិនបាន​តំណាង​ឱ្យ​របបសឹក​យោធា​ ហើយ​ថា លោក​ថ្លែង​ចំពោះ​មុខ​ឲ្យ​សមាជិក​សភា​ដែល​ត្រូវ​បាន​ជ្រើស​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

លោក Kyaw Moe Tun បាន​អំពាវនាវ​ឱ្យ​អង្គការ​សហប្រជាជាតិ​ថ្កោលទោស​ការដឹកនាំ​ដោយ​ពួក​យោធា​នៅ​មីយ៉ាន់ម៉ា ​ហើយ«ចាត់​វិធានការ​ខ្លាំង​ដើម្បី​បញ្ឈប់​សកម្មភាព​ហិង្សា​និង​អំពើ​ឃោឃៅ​ដែល​ធ្វើឡើង​ដោយកងកម្លាំង​សន្តិសុខ​ប្រឆាំង​នឹង​ក្រុម​អ្នក​តវ៉ា​អហិង្សា​ និង​បញ្ឈប់​រដ្ឋប្រហារ​ដោយ​យោធា​ជា​បន្ទាន់»។

នៅ​ក្នុង​ចំណោម​មន្រ្តី​ទទួល​បន្ទុក​ផ្នែក​ទំនាក់​ទំនង​ការបរទេស​ចំនួន១.០០០​នាក់​មក​ពី​ក្រសួង​ការបរ ទេស មន្រ្តី​ការទូត​ជាង១០០​នាក់​បាន​ចូលរួម​ក្នុង​ចលនា​ពលរដ្ឋ​មិន​ស្តាប់​បង្គាប់​នេះ។ នេះ​បើតាម​លោក Kyaw Moe Tun។

លោក​ថ្លែង​ថា៖ «ជា​ពិសេស​ប្រសិន​បើ​អ្នក​មើល​ពី​ជ្រុង​មួយ​នៃ​ទំនាក់​ទំនង​អន្តរជាតិ​ ពិតណាស់​ ពួក​យោធា​មិន​អាច​ចេះ​តែ​ធ្វើ​អ្វី​ដែល​ពួកគេ​ចង់​នោះ​ទេ។ ជា​ឧទាហរណ៍ នៅ​អង្គការ​សហប្រជាជាតិ យោធា​មិនមាន​សិទ្ធិ​ក្នុង​ការមាន​តំណាង​នៅ​ទីនោះ​ទេ»។

លោក Kyaw Swa Tun ដែល​បាន​បម្រើការ​ជា​លេខាធិការ​ទី៣ប្រចាំ​នៅ​ស្ថានទូត​មីយ៉ាន់ម៉ា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​អ្នក​ផ្តាច់ខ្លួន។

លោក​ថ្លែងប្រាប់​វីអូអេ​ភាសា​ភូមា​ថា៖ «យើង​អាច​បង្ហាញ​ដោយ​បើកចំហ​ពី​ភាព​អយុត្តិធម៌​របស់​យោ ធា​នៅ​ក្នុង​ប្រទេស។ មាន​រឿង​នានា​បាន​កើត​ឡើង​ ដែល​យើង​មិន​អាច​ពណ៌នា​តាម​តែ​យើង​ចង់​ មុន​ពេល​តំណាង​ឲ្យ​របប​សឹក​យោធា។ ដូច្នេះ​ ការចូលរួម​ជាមួយ​ចលនា​ពលរដ្ឋ​មិនស្តាប់​ជា​ជោគជ័យ​មួយ​នៅ​ក្នុង​បដិវត្តន៍​និទាយរដូវ​ឆ្នាំ ២០២១»។

វីអូអេ​ភាសា​ភូមា​បាន​ទាក់ទង​ស្ថានទូត​មីយ៉ាន់ម៉ា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​ស្វែងរក​ការធ្វើ​អត្ថា ធិប្បាយ​របស់​មន្រ្តី​ការទូត​ដែល​តំណាងឲ្យ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយតប​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី២១ ខែ​មីនា ឆ្នាំ​២០២១ ក្រុមប្រឹក្សា​យោធា​កាន់​អំណាច​នៅ​មីយ៉ាន់ម៉ា​បាន​ចោទប្រកាន់​លោក Kyaw Moe Tun ពី​បទក្បត់ជាតិ។ ចាប់តាំង​ពី​ពេល​នោះ​មក ក្រុមប្រឹក្សា​នេះ​បាន​ព្យាយាម​ម្តងហើយ​ម្តងទៀត​ក្នុង​ការជំនួស​តំណែង​លោក​ដោយ​មន្រ្តី​អនុព័ន្ធ​យោធា​គឺ​លោក​វរសេនីយឯក​ Aung Thurein ជា​តំណាង​អចិន្រ្តៃយ៍​មីយ៉ាន់ម៉ា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ ក៏ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ។

នៅ​ក្នុង​សេចក្តីសម្រេច​ដំបូង​ក្រោយពី​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​អនុវត្ត​សេចក្តីសម្រេច​លេខ២៦៦៩ កាល​ពី​ថ្ងៃ​ទី២១ ខែ​ធ្នូ ឆ្នាំ២០២២ ដោយ​មាន​សំឡេង​ឆ្នោត១២ ទល់​នឹង​សូន្យ​ និង​អនុបវាទ​ដោយ​ចិន ឥណ្ឌា និង​សហព័ន្ធ​រុស្ស៊ី។

សេចក្តីសម្រេច​នេះ«ទាមទារ​ឲ្យ​មាន​ការបញ្ចប់​ជា​បន្ទាន់​នូវ​គ្រប់ទម្រង់​នៃ​អំពើ​ហិង្សា​ទូទាំង​ប្រទេស និង​ជំរុញ​ឱ្យ​មាន​ការរក្សា​ភាពអត់ធ្មត់​និង​ការ​បន្ធូរបន្ថយ​ភាព​តានតឹង។ សេចក្តីសម្រេច​ក៏​បាន​ជំរុញ​ឲ្យ​យោធា​មីយ៉ាន់ម៉ា​ដោះលែង​អ្នកទោស​ទាំងអស់រួម​មាន ប្រធានាធិបតី Win Myint និង​ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋបាល​រដ្ឋ​លោកស្រី អោងសាន ស៊ូជី​ ផងដែរ»។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ។

លោក Kyaw Moe Tun បាន​និយាយ​ថា «ផ្អែក​លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ យើង​សង្ឃឹម​ថា ​ថ្នាក់​ដឹកនាំ​យោធាដែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្រ្គាមនឹង​ត្រូវ​មក​ទទួល​ខុសត្រូវ​ក្នុង​ពេល​ឆាប់ៗ​នេះ»៕

អ្នកស្រី Khin Soe Win រួមចំណែកនៅក្នុង​សេចក្តី​រាយការណ៍​នេះ។

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា