ក្រុមយោធាមីយ៉ាន់ម៉ាបានចាញ់ក្នុងជម្លោះអំពីការតែងតាំងមេដឹកនាំនៅបេសកកម្មខ្លួនប្រចាំអង្គការសហប្រជាជាតិនៅក្នុងទីក្រុង New York ហើយសហរដ្ឋអាមេរិកបានបញ្ចេញការដាក់ទណ្ឌកម្មថ្មីដៅលើក្រុមយោធាបន្ទាប់ពីការស្លាប់ជនស៊ីវិលរាប់សិបនាក់ ដែលបានប្រឆាំងនឹងរដ្ឋប្រហារ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ស្របនឹងជម្លោះអំពីភាពស្មោះត្រង់របស់អ្នកការទូតនៅបរទេស ក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យបានធ្វើបាតុកម្មកាន់តែច្រើនឡើងទៀត នៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះ ដើម្បីជំទាស់នឹងការបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី Aung San Suu Kyi កាលពីថ្ងៃទី១ ខែកុម្ភៈ។
ហ្វូងមនុស្សដ៏ធំមួយបានដើរដោយសន្តិវិធីកាត់តាមទីក្រុង Mandalay ដែលជាទីក្រុងធំទី ២ ដោយស្រែកថា៖ «យុគសម័យថ្មបានចប់ហើយ។ យើងមិនភ័យខ្លាច ពីព្រោះតែអ្នកឯងគំរាមកំហែងយើងនោះទេ»។
ក្នុងបណ្តាប្រទេសជិតខាងរបស់មីយ៉ាន់ម៉ា ប្រទេសសិង្ហបុរីជាអ្នករិះគន់ខ្លាំងជាងគេ ហើយរដ្ឋមន្ត្រីការបរទេសរបស់សិង្ហបុរីលោក Vivian Balakrishnan បាននិយាយនៅថ្ងៃសុក្រនេះថា វាជា«ភាពអាម៉ាស់របស់ជាតិ» ដែលកងកម្លាំងប្រើអាវុធប្រឆាំងនឹងពលរដ្ឋខ្លួន។
ការប៉ះទង្គិចគ្នាអំពីថា តើនរណាតំណាងឲ្យមីយ៉ាន់ម៉ានៅអង្គការសហប្រជាជាតិនៅក្នុងទីក្រុង New York ត្រូវបានបញ្ចៀសសិននៅពេលនេះ បន្ទាប់ពីអ្នកជំនួសតែងតាំងដោយក្រុមយោធាបានលាលែង ហើយបេសកកម្មរបស់មីយ៉ាន់ម៉ានៅអង្គការសហប្រជាជាតិបានបញ្ជាក់ថា លោកឯកអគ្គរដ្ឋទូត Kyaw Moe Tun នៅតែរក្សាការងារ។
ក្រុមយោធាបានបណ្តេញលោក Kyaw Moe Tun កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីលោកបានជំរុញឲ្យប្រទេសនានានៅឯមហាសន្និបាតអង្គការសហប្រជាជាតិប្រើ «មធ្យោបាយគ្រប់យ៉ាង» ដើម្បីប្រែក្រឡាស់រដ្ឋប្រហារនេះ។
នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន គេមិនទាន់ដឹងច្បាស់នៅឡើយថា ស្ថានទូតមីយ៉ាន់ម៉ានៅតែតំណាងឲ្យក្រុមយោធាដែរឬទេ បន្ទាប់ពីខ្លួនបានចេញសេចក្តីថ្លែងការណ៍ដែលបានរិះគន់ការស្លាប់របស់បាតុករស៊ីវិល ហើយបានអំពាវនាវដល់ក្រុមអាជ្ញាធរឲ្យ «អនុវត្តនូវការអត់ធ្មត់ដ៏ខ្លាំងបំផុត»៕