ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របប​យោធា​មីយ៉ាន់ម៉ា​រិះគន់​អង្គការ​សហប្រជាជាតិ​ថា មិន​ព្រម​ផ្តល់​អាសនៈ​ដល់​អ្នកតំណាង​របស់​ខ្លួន


រូបឯកសារ៖ ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង New York សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ របប​យោធា​មីយ៉ាន់ម៉ា ​បាន​រិះគន់​ការសម្រេច​របស់​អង្គការ​សហប្រជាជាតិ ដែល​បាន​បដិសេធ​មិន​ផ្តល់​អាសនៈ​ដល់​អ្នក​តំណាង​ដែល​ខ្លួន​បាន​ជ្រើសរើស​ប្រចាំ​អង្គការ​សហប្រជាជាតិ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

គណៈកម្មាធិការ​ដែល​មាន​សិទ្ធិ​សម្រេច​ផ្ដល់​ការ​យល់ព្រម​លើ​ការ​តែងតាំង​បេសកជន​របស់​ប្រទេស​ជា​សមាជិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង New York សហរដ្ឋ​អាមេរិក បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ប៉ុន្តែ​បាន​ពន្យារពេល​ធ្វើ​ការ​សម្រេច​លើ​ការ​ទាមទារ​របស់​របប​យោធា​មីយ៉ាន់ម៉ា​ និង​របស់​រដ្ឋាភិបាល​តាលីបង់ (Taliban) នៅ​អាហ្វហ្គានីស្ថាន ដែល​ចង់​ឲ្យ​ទទួល​ស្គាល់​អ្នកតំណាង​ដែល​ពួកគេ​បាន​ជ្រើសរើស។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្រ្តី​ការទូត​មួយ​ចំនួន។

ការ​ពន្យាពេល​នៃ​ការ​សម្រេច​នេះ​ នឹង​អនុញ្ញាត​ឲ្យ​រក្សាទុក​ដដែល​នូវ​បេសកជន​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​តែងតាំង មុន​ពេល​រដ្ឋាភិបាល​ទាំង​នោះ​ ត្រូវ​បាន​ផ្ដួល​រំលំ។ រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ដែល​ដឹកនាំ​ដោយ​អ្នកស្រី Aung San Suu Kyi ត្រូវ​បាន​ផ្ដួល​រំលំ​នៅ​ក្នុង​រដ្ឋប្រហារ​យោធា​កាលពី​ដើម​ខែ​កុម្ភៈ ចំណែក​ឯ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ​ត្រូវ​បាន​ក្រុម​តាលីបង់​ផ្ដួល​រំលំ​កាលពី​ខែ​សីហា។

អ្នក​នាំពាក្យ​របប​យោធា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​លោក Zaw Min Tun បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា៖ «ការ​សម្រេច [របស់​គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ] នេះ មិន​បាន​ឆ្លុះបញ្ចាំង​នូវ​ការពិត​ និង​អ្វី​ដែល​កំពុង​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នោះ​ទេ»។

ការ​សម្រេច​នេះ​ បាន​ធ្វើ​ឲ្យ​លោក​ឯកអគ្គរដ្ឋទូត Kyaw Moe Tun ដែល​តែងតាំង​ដោយ​អតីត​រដ្ឋាភិបាល​របស់​អ្នកស្រី Suu Kyi នៅ​បន្ត​ធ្វើជា​អ្នក​តំណាង​ប្រទេស​មីយ៉ាន់ម៉ា​ប្រចាំ​អង្គការ​សហប្រជាជាតិ​ដដែល៕

XS
SM
MD
LG