ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​មីយ៉ាន់ម៉ា​នៅ​អ.ស.ប.​ចោទ​ក្រុម​យោធា​​ចំពោះ​ការ​សម្លាប់​រង្គាល​


រូប​ឯកសារ៖ ឯក​អគ្គរដ្ឋទូត​ប្រទេស​មីយ៉ាន់ម៉ា​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ លោក ​Kyaw Moe Tun ថ្លែង​នៅ​ឯ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​​អ.ស.ប.​នៅ​ទី​ក្រុង​ហ្សឺណែវ​ ប្រទេស​ស្វ៊ីស​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៩។
រូប​ឯកសារ៖ ឯក​អគ្គរដ្ឋទូត​ប្រទេស​មីយ៉ាន់ម៉ា​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ លោក ​Kyaw Moe Tun ថ្លែង​នៅ​ឯ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​​អ.ស.ប.​នៅ​ទី​ក្រុង​ហ្សឺណែវ​ ប្រទេស​ស្វ៊ីស​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៩។

ឯក​អគ្គរដ្ឋទូត​ប្រទេស​មីយ៉ាន់ម៉ា​នៅ​អង្គការ​សហ​ប្រជាជាតិ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក ​Antonio Guterres​ ដោយ​ចោទ​ក្រុម​យោធា​ចំពោះ​ការ​សម្លាប់​រង្គាល​ជា​បន្ត​បន្ទាប់​កាលពី​ខែ​មុខ​នៅ​ភាគ​ពាយព្យ​ប្រទេស។​

ស្ថាន​បេសក​កម្ម​ប្រទេស​មីយ៉ាន់ម៉ា​នៅ​អង្គការ​សហ​ប្រជាជាតិ​បាន​ចុះ​ផ្សាយ​លិខិត​នោះ​នៅ​ថ្ងៃ​អង្គារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន។​

នៅ​ក្នុង​លិខិត​នោះ​លោក ​Kyaw Moe Tun ​បាន​សរសេរ​ថា ក្រុម​ទាហាន​បាន​ធ្វើ​ទារុណកម្ម​និង​បាន​សម្លាប់​បុរស​ចំនួន​៦​នាក់​នៅ​ក្នុង​ភូមិ​មួយ​ក្នុង​ទីប្រជុំជន ​Kani​ កាលពី​ដើម​ខែ​កក្កដា​ហើយ​ថា ​ជា​លទ្ធផល​ពលរដ្ឋ​ចំនួន​១​ម៉ឺន​នាក់​បាន​រត់​គេច​ចេញ​ពី​តំបន់​នោះ។​

លោក​បាន​សរសេរ​ទៀត​ថា​ នៅ​ជិត​ដំណាច់​ខែនោះសាក​សព​ចំនួន​១៣​បាន​ត្រូវ​រក​ឃើញ​នៅ​ជិត​ភូមិ Zee Pin Twin​ បន្ទាប់ពី​ការ​ប៉ះទង្គិច​រវាង​កង​កម្លាំង​សន្តិសុខ​និង​យុទ្ធជន​មូលដ្ឋាន។​

លោកបាន​និយាយ​ទៀត​ថា​ មនុស្ស​១១​នាក់​ផ្សេង​ទៀត​បាន​ត្រូវ​សម្លាប់​ហើយ​ដុត ​នៅ​ក្នុង​ភូមិ​Kyetchaung Taw Taik។​

លោក​ Kyaw Moe Tun​ បាន​អំពាវនាវ​ឱ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​និង​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​ការ​លក់​អាវុធ​ទៅ​ឲ្យ​ក្រុម​យោធា។​ ក្នុង​លិខិត​ផ្ញើ​ទៅ​លោក​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ António Guterres ​ លោក​ Kyaw Moe Tun​បាន​សរសេរ​ថា​«ដល់​ពេល​ចាត់​វិធានការ​ចាំបាច់​ចំពោះ​វិបត្តិ​នេះ​ជា​បន្ទាន់»។​

លោក​ឯក​អគ្គ​រដ្ឋទូត​តំណាង​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​ជាប់​ឆ្នោត​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ក្រុម​យោធា​បាន​បណ្តេញ​ចេញ​ពី​អំណាច​កាលពី​ខែ​កុម្ភៈ។​របប​យោធា​បាន​និយាយ​ថា ​ខ្លួន​បាន​ដក​លោក​ Kyaw Moe Tun​ ចេញ​ពី​តំណែង​ក៏​ប៉ុន្តែ​អង្គការ​សហ​ប្រជាជាតិ​មិន​បាន​ទទួល​ស្គាល់​ការ​កាន់​អំណាច​របស់​យោធា​ទេ​ហើយ​លោក​នៅតែ​ជា​តំណាង​របស់​ប្រទេស​លោក​នៅ​ឯ​អង្គការ​សហ​ប្រជាជាតិ។

ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ AFP​ និង ​Reuters។

XS
SM
MD
LG