នៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ នៅសប្តាហ៍ក្រោយ ប្រទេសមីយ៉ាន់ម៉ានឹងក្លាយជាប្រធានបទដ៏ក្តៅមួយ ខណៈគណៈកម្មការកំណត់លក្ខខណ្ឌសមាជិកភាពដែលមានប្រទេសចំនួន ៩ ជាសមាជិក នឹងផ្តល់អនុសាសន៍ថា ភាគីណាមានសិទ្ធិកាន់កាប់អាសនៈនៅអ.ស.ប.។ ជម្រើសគឺរវាងរបបយោធាមីយ៉ាន់ម៉ា ឬអ្នកតំណាងរបស់អតីតរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ។
របបយោធាអះអាងថា ខ្លួនបានផ្តួលរំលំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដែលដឹកនាំប្រទេសដោយសារតែគណបក្សនេះមិនអើពើនឹងការចោទប្រកាន់ដែលថាការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២០ មានការលួចបន្លំ។ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានឈ្នះការបោះឆ្នោតនោះយ៉ាងភ្លូកទឹកភ្លូកដី ហើយគណបក្សសាមគ្គីភាព និងអភិវឌ្ឍន៍ ដែលស្និទ្ធនឹងយោធា បានចាញ់ការបោះឆ្នោត។ អ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិភាគច្រើនទទួលស្គាល់ថាការបោះឆ្នោតនោះបានធ្វើឡើងដោយសេរីនិងយុត្តិធម៌។
មេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យគឺអ្នកស្រី Aung San Suu Kyi និងអតីតប្រធានាធិបតីលោក Win Myint ត្រូវបានឃុំខ្លួនចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារ ហើយត្រូវប្រឈមនឹងការចោទប្រកាន់ជាច្រើនករណី។
ទន្ទឹមនឹងនេះដែរ ក្រុមមួយដែលមានឈ្មោះថា រដ្ឋាភិបាលរួបរួមជាតិ (NUG) ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីរដ្ឋប្រហារនោះ បានអះអាងថា ខ្លួនជារដ្ឋាភិបាលស្របច្បាប់របស់ប្រទេសមីយ៉ាន់ម៉ា។ រដ្ឋាភិបាលរួបរួមជាតិនេះត្រូវបានបង្កើតឡើងដោយក្រុមអ្នកនយោបាយនិងមេដឹកនាំដែលត្រូវបានបណ្តេញពីមុខតំណែង និងសកម្មជនដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ក៏ប៉ុន្តែរដ្ឋាភិបាលយោធាបានចាត់ទុកក្រុមនេះថាខុសច្បាប់។
សមាគមផ្តល់ជំនួយដល់អ្នកទោសនយោបាយ (AAPP) ដែលជាក្រុមសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល ដែលមានមូលដ្ឋាននៅប្រទេសថៃ បានឲ្យដឹងថានៅក្នុងការបង្ក្រាបរបស់យោធាកន្លងមកលើក្រុមបាតុករ ដែលដឹកនាំដោយចលនាស៊ីវិលប្រឆាំង(CDM) ប្រឆាំងរដ្ឋប្រហារនោះ មនុស្សជាង១.០០០នាក់បានស្លាប់ និងរាប់ពាន់នាក់ទៀតត្រូវបានចាប់ឃុំខ្លួន។
ស្របពេលមានការកើនឡើងនៃសញ្ញាផ្សេងៗដែលអាចធ្វើឲ្យប្រទេសមីយ៉ាន់ម៉ាធ្លាក់ក្នុងសង្គ្រាមស៊ីវិលនោះ សកម្មជនស្ត្រីឆ្នើមៗមួយចំនួនកំពុងអំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើរបបយោធា។
អ្នកស្រី Daw Ma Khin Lay អតីតសកម្មជននយោបាយ និងជាទីប្រឹក្សាម្នាក់របស់អ្នកស្រី Suu Kyi កាលពីទសវត្សរ៍១៩៩០ បានចាកចេញពីប្រទេសមីយ៉ាន់ម៉ា ក្រោយពេលមានរដ្ឋប្រហារយោធា។
សព្វថ្ងៃនេះ អ្នកស្រី Khin Lay គឺជានាយិកានៃអង្គការ Triangle Women ដែលជាបណ្តាញសង្គមស៊ីវិលមួយតស៊ូមតិដើម្បីការពង្រឹងអំណាចរបស់ស្ត្រី។ អ្នកស្រី Khin Lay បានលើកឡើងថា អ្នកស្រីកំពុង«ធ្វើកិច្ចការដែលចាំបាច់ត្រូវធ្វើ» ដើម្បីលុបបំបាត់របបយោធាចោល។
យោងតាមការលើកឡើងរបស់អ្នកស្រី Khin Lay អង្គការសហប្រជាជាតិទំនងជាអាចទទួលស្គាល់ក្រុមរដ្ឋាភិបាលរួបរួមជាតិ (NUG)។
អ្នកស្រីថ្លែងថា៖ «យើងត្រូវព្យាយាមគ្រប់វិធីដែលអាចធ្វើទៅរួច ទាំងវិធីការទូត និងសម្ពាធអន្តរជាតិ។ ការទទួលស្គាល់ពិតជាសំខាន់ខ្លាំងណាស់ ក្នុងការទទួលយកសមាជិកភាពរបស់រដ្ឋាភិបាលរួបរួមជាតិ (NUG ) ហើយបដិសេធមិនទទួលស្គាល់ពួកយោធា។ សេចក្តីប្រាថ្នារបស់យើង គឺចង់ឃើញការបដិសេធមិនទទួលស្គាល់យោធា។ ហើយនេះគឺជាវិធីល្អបំផុតដែលអាចធ្វើទៅរួច»។
កាលពីខែកុម្ភៈ លោក Kyaw Moe Tun ដែលកាលណោះជាអ្នកតំណាងប្រទេសមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ បានស្នើឲ្យបញ្ឈប់ការធ្វើរដ្ឋប្រហារ។ក្រោយមក លោកត្រូវបានពួកយោធាដកចេញពីតំណែងនេះ។ ហើយក្រោយមកទៀត មានសេចក្តីរាយការណ៍ថាអាជ្ញាធរប្រចាំទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានចាប់ខ្លួនមនុស្សពីរនាក់ ដែលសង្ស័យថា ពាក់ព័ន្ធនឹងគម្រោងធ្វើឃាតលោក។
ដោយឡែក អ្នកស្រី Khin Lay បានបន្ថែមទៀតថាបើទោះបីជាមានក្តីសង្ឃឹមថា រដ្ឋាភិបាលរួបរួមជាតិ (NUG) នឹងត្រូវបានទទួលស្គាល់ក៏ដោយ ជាការចាំបាច់ដែលអង្គការសហប្រជាជាតិត្រូវទទួលស្គាល់លោក Meo Tun ផងដែរ។
អ្នកស្រី Khin Lay បានថ្លែងថា៖ «ការទទួលបានសមាជិកភាពជាកិច្ចការថ្មីមួយសម្រាប់យើង។ យើងត្រូវតែរៀនសូត្របន្ថែម។ យោងតាមអាស៊ាន គឺមានជម្រើសបី។ យើងជឿថា កិច្ចការដែលអាចទៅរួចបំផុតនោះគឺការទទួលស្គាល់លោក Moe Tun»។
អាស៊ានគឺជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានប្រទេស១០ជាសមាជិក រួមទាំងប្រទេសមីយ៉ាន់ម៉ាផងដែរ។
អ្នកស្រី Thinzar Shunlei Yi គឺជាសកម្មជនស្ត្រីដ៏ឆ្នើមម្នាក់ទៀត ដែលតស៊ូមតិដើម្បីការផ្លាស់ប្តូរក្នុងប្រទេសមីយ៉ាន់ម៉ា។ របបយោធាកំពុងតាមរក និងចាប់ខ្លួនអ្នកស្រី ក៏ប៉ុន្តែអ្នកស្រីបានឆ្លៀតឱកាសនិយាយជាមួយ VOA តាមទូរស័ព្ទកាលពីខែសីហាកន្លងទៅ។
សកម្មជនស្ត្រីឆ្នើមរូបនេះបានអះអាងថារដ្ឋប្រហារយោធានៅតែត្រូវបានចាត់ទុកថា ជាបរាជ័យមួយក្នុងប្រទេស ខណៈចលនាស៊ីវិលប្រឆាំង(CDM) កំពុងបន្តធ្វើឡើងក្នុងប្រទេស ដើម្បីប្រឆាំងនឹងប្រតិបត្តិការរបស់របបយោធា។
អ្នកស្រីបានថ្លែងថា៖ «ទោះបីក្រោយពីមានការសម្លាប់ ក៏ពលរដ្ឋនៅតែបន្តចេញទៅប្រមូលផ្តុំគ្នាតាមដងផ្លូវ និងបន្តធ្វើបាតុកម្ម ដូច្នេះស្ថានភាពគឺខុសពីមុន។ យើងនៅតែមានការធ្វើបាតុកម្មច្រើន នៅតាមកន្លែងផ្សេងៗគ្នា ក្នុងទម្រង់ខុសៗគ្នា ទាំងតាមដងផ្លូវ និងតាមប្រព័ន្ធឌីជីថល។ ដូច្នេះ ខ្ញុំយល់ថា ការតស៊ូនឹងនៅតែបន្តខ្លាំងក្លា ទោះបីជាមានការគំរាមកំហែងក្តី។ ពលរដ្ឋនៅតែហ៊ានប្រថុយនឹងគ្រោះថ្នាក់។ហើយនេះជាផ្នត់គំនិតរបស់ក្រុមនៃចលនាស៊ីវិលប្រឆាំង»។
សកម្មជនស្ត្រីរូបនេះក៏បាននិយាយសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិគួរតែដឹងច្បាស់ថា ត្រូវទទួលស្គាល់ក្រុមមួយណា។
អ្នកស្រីបានថ្លែងថា៖ «ខ្ញុំមិនយល់ថា នឹងមានភាពទ័លច្រកក្នុងការទទួលស្គាល់ក្រុមរដ្ឋាភិបាលរួបរួមជាតិនោះទេ។ វាខុសគ្នាទាំងស្រុង មិនមែនរវាងគណបក្សពីរទេ គឺរវាងរបបយោធា និងរដ្ឋាភិបាលរួបរួមជាតិ(NUG)។ ច្បាស់ណាស់ថា របបយោធាបានរំលោភអំណាចខ្លួនដើម្បីដណ្តើមអំណាចគ្រប់គ្រងពីរដ្ឋាភិបាលស៊ីវិល។ សហគមន៍អង្គការសហប្រជាជាតិមិនចាំបាច់មានភាពស្ទាក់ស្ទើរអីនោះទេ»៕
ប្រែសម្រួលដោយអ្នកនាង ទែន សុខស្រីនិត
(សេចក្ដីរាយការណ៍នេះមានបន្ថែមព័ត៌មានថ្មី)