ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ បានប្រាប់សមាជិកសភាសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គួរតែដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុមហ៊ុនប្រេងនិងឧស្ម័នមីយ៉ាន់ម៉ា និងធនាគារមួយដែលកាន់កាប់ដោយរដ្ឋ។
លោកឯកអគ្គរដ្ឋទូត Kyaw Moe Tun ដែលជាតំណាងសមាជិកសភាជាប់ឆ្នោតដែលជំទាស់ប្រឆាំងពួកមេដឹកនាំយោធាមីយ៉ាន់ម៉ា ក៏បានព្រមានដែរថា វិបត្តិដែលកើតចេញពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានគំរាមកំហែងសន្តិសុខនៅក្នុងតំបន់។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋបាលរបស់លោកប្រធានាធិបតី Biden បានថ្កោលទោសចំពោះរដ្ឋប្រហារនោះហើយបានដាក់ទណ្ឌកម្មលើពួកឧត្តមសេនីយដែលបានដឹកនាំរដ្ឋប្រហារនិងសមាជិកក្រុមគ្រួសារនិងពាណិជ្ជកម្មរបស់ពួកគេខ្លះ ដែលផ្តល់ប្រាក់ចំណូលដល់ពួកគេ។
លោកឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា បានប្រាប់គណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភាថា ក្រៅពីធនាគារ Myawaddy និង Innwa ដែលកាន់កាប់ដោយពួកយោធា សហរដ្ឋអាមេរិក គួរតែដាក់ទណ្ឌកម្មលើធនាគារពាណិជ្ជកម្មបរទេសមីយ៉ាន់ម៉ាដែលរដ្ឋកាន់កាប់ ហើយនឹងក្រុមហ៊ុនប្រេងនិងឧស្ម័នមីយ៉ាន់ម៉ា (MOGE) ផងដែរ។
ក្រុមហ៊ុនប្រេងនិងឧស្ម័នមីយ៉ាន់ម៉ា (MOGE) រកស៊ីរុករកឧស្ម័ននៅសមុទ្រ ជាមួយក្រុមហ៊ុនអន្តរជាតិ រួមមានក្រុមហ៊ុន Chevron ដែលមានទីតាំងនៅសហរដ្ឋអាមេរិកនិងក្រុមហ៊ុន Total របស់បារាំង។ ចំណែកធនាគារពាណិជ្ជកម្មបរទេសមីយ៉ាន់ម៉ា (MFTB) រកស៊ីដោយប្រើប្រាស់រូបិយប័ណ្ណបរទេសសម្រាប់រដ្ឋាភិបាលមីយ៉ាន់ម៉ា។
សមាគមជួយអ្នកទោសនយោបាយ បានបញ្ជាក់ថា កងកម្លាំងសន្តិសុខ បានសម្លាប់ជនស៊ីវិលយ៉ាងតិច៧៦៦នាក់ ចាប់តាំងមានពីរដ្ឋប្រហារមកដែលបានបណ្តាលឲ្យមានបាតុកម្មទូទាំងប្រទេស៕