ក្រុមប្រឆាំងរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា រួមមានតារាល្បីៗ អតីតសកម្មជន និងនិស្សិត បាន ច្រានចោលការអះអាងរបស់ក្រុមយោធានៅថ្ងៃពុធនេះថា មានការគាំទ្រពីសាធារណជនចំពោះការទម្លាក់លោកស្រី Aung San Suu Kyi មេដឹកនាំជាប់ឆ្នោត ហើយពួកគេនិយាយទៀតថា យុទ្ធនាការរបស់ពួកគេ នឹងមិនត្រូវរសាយទេ។ នេះ តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រុមបាតុករ មានការមិនជឿជាក់យ៉ាងខ្លាំងចំពោះការធានាអះអាងរបស់យោធានៅឯសន្និសីទកាសែតមួយកាលពីថ្ងៃអង្គារថា នឹងមានការបោះឆ្នោតដោយត្រឹមត្រូវហើយនឹងការប្រគល់អំណាច ទោះបីប៉ូលិស បានធ្វើការចោទប្រកាន់បន្ថែមប្រឆាំងនឹងលោកស្រី Suu Kyi ក៏ដោយ។
ជ័យលាភីរង្វាន់ណូបែលសន្តិភាពរូបនេះ បានត្រូវឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈមក ហើយឥឡូវនេះ ប្រឈមការចោទប្រកាន់ពីការរំលោភច្បាប់គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងការចោទប្រកាន់ពីការនាំចូលវិទ្យុទាក់ទងអៃកូមចំនួន៦គ្រឿងខុសច្បាប់។ នៅឯសវនាការតាមវីដេអូអនឡាញកាលពីថ្ងៃអង្គារ គេបានកំណត់សវនាការបន្ទាប់របស់លោកស្រីនៅថ្ងៃទី១ ខែមីនា។
លោក Sithu Maung សមាជិកជាប់ឆ្នោតម្នាក់នៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ NLD របស់លោកស្រី Suu Kyi បានប្រាប់ហ្វូងមនុស្សស្រែកហ៊ោនៅឯវត្ត Sule នៅក្នុងទីក្រុងរ៉ង់ហ្គូនថា៖ «យើងកំពុងបង្ហាញនៅទីនេះថា យើងមិនមែនស្ថិតក្នុងចំណោមមនុស្ស៤០លាននាក់ ដែលពួកគេបានប្រកាសនោះទេ»។
កាលពីថ្ងៃអង្គារ ឧត្តមសេនីយ៍ត្រី Zaw Min Tun អ្នកនាំពាក្យក្រុមប្រឹក្សាកាន់អំណាច បានប្រាប់សន្និសីទកាសែតថា មនុស្ស៤០លាននាក់នៃប្រជាជនទាំងអស់៥៣លាននាក់ បានគាំទ្រចំណាត់ការរបស់យោធាដែលលោកបាននិយាយថា បានធ្វើទៅតាមរដ្ឋធម្មនុញ្ញ។ យោធាចោទប្រកាន់ថា មានការលួចបន្លំក្នុងការបោះឆ្នោតថ្ងៃទី៨ ខែវិច្ឆិកា ដែលបានធ្វើឲ្យគណបក្សរបស់លោកស្រី Suu Kyi ឈ្នះឆ្នោតដែលត្រូវបានគេរំពឹងថា នឹងត្រួសត្រាយផ្លូវដើម្បីធ្វើកំណែទម្រង់តាមបែបប្រជាធិបតេយ្យ៕