លោកស្រី Angela Merkel បានទទួលជ័យជម្នះក្នុងអាណត្តិទី៤របស់លោកស្រីសម្រាប់តំណែងជាអធិការបតីអាល្លឺម៉ង់នៅក្នុងការបោះឆ្នោតសហព័ន្ធមួយ ដែលលទ្ធផលនេះត្រូវបានគេប៉ាន់ស្មានរួចទៅហើយ ចាប់តាំងពីចាប់ផ្តើមធ្វើយុទ្ធនាការកាលពី៣ខែមុនមក។
ប៉ុន្តែគណបក្សប្រជាធិបតេយ្យសាសនាគ្រិស្តដែលកាន់អំណាចរបស់លោកស្រីទទួលបានសន្លឹកឆ្នោតគាំទ្រទាបជាងការដែលបានព្យាករណ៍ទុកជាមុន ហើយអ្នកគាំទ្ររបបស្តាំនិយមជ្រុលនៅក្នុងប្រទេសអាល្លឺម៉ង់បានកើនឡើង ដោយពួកគេបានបោះឆ្នោតគាំទ្ររបបនេះច្រើនជាងការដែលអ្នកស្ទង់មតិមហាជនព្យាករណ៍ទុក។
ការទស្សន៍ទាយទុកជាមុនដែលគួរឲ្យជឿទុកចិត្តបាន ដែលអាស្រ័យទៅលើការស្ទង់មតិភ្លាមៗក្រោយពីបិទមណ្ឌលបោះឆ្នោតបង្ហាញថា គណបក្សសហភាពប្រជាធិបតេយ្យសាសនាគ្រិស្តដែលកាន់អំណាចរបស់លោកស្រី Merkel និងគណបក្សសហភាពសង្គមគ្រិស្ត ដែលជាដៃគូនោះ ទទួលបានសន្លឹកឆ្នោតគាំទ្រ ៣២,៥ ភាគរយ។ លទ្ធផលនេះបានធ្វើឲ្យលោកស្រី Merkel ក្លាយទៅជាអធិការបតីម្នាក់ក្នុងចំណោមអធិការបតី៣នាក់ក្រោយពីសម័យសង្គ្រាមដែលអាចកាន់តំណែងដល់អាណត្តិទី៤បាន។
អ្នកស្ទង់មតិមហាជនបានរំពឹងថា គណបក្សទាំង២នោះនឹងទទួលបានសន្លឹកឆ្នោតគាំទ្រពីចន្លោះ ៣៦ ទៅ ៣៩ ភាគរយឯណោះនៅក្នុងការបោះឆ្នោតនោះ៕