ការផ្តន្ទាទោសនេះកើតមានបន្ទាប់ពីតុលាការបានរកឃើញថា ពួកគេបានប្រព្រឹត្តឃាតកម្មដ៏ឃោរឃៅមួយ ដោយបានកាត់អវៈយវៈរបស់ជនរងគ្រោះ ដើម្បីយកទៅប្រើប្រាស់ក្នុងអ្វីដែលគេហៅថា ក្បួនមន្តអាគមអូមអាម។
នេះជាលើកទី២ហើយ ដែលតុលាការម៉ាឡាវី បានចេញសេចក្ដីសម្រេចផ្ដន្ទាទោសប្រហារជីវិត សម្រាប់ការសម្លាប់មនុស្សភឿក ដោយរំពឹងថា ការធ្វើដូច្នេះ នឹងរារាំងមិនឲ្យមានការវាយប្រហារបែបនេះនាពេលអនាគត។ ប៉ុន្តែ មិនមែនមនុស្សគ្រប់គ្នាគិតថា នេះជាវិធីដែលមានប្រសិទ្ធភាពនោះទេ។
តុលាការនៅប្រទេសម៉ាឡាវីត្រូវបានគេចោទប្រកាន់ជាយូរមកហើយថា បានផ្ដន្ទាទោសដោយការអត់ឱនដល់ អ្នកដែលបានវាយប្រហារលើមនុស្សភឿក ដែលគេជឿថាជាការណ៍មួយចូលរួមចំណែកដល់ការវាយប្រហារជាបន្តបន្ទាប់ទៅលើមនុស្សភឿក។
នៅក្នុងរបាយការណ៍មួយដែលចេញផ្សាយកាលពីខែឧសភា អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានឲ្យដឹងថា មនុស្សភឿកចំនួន២២នាក់ត្រូវបានធ្វើឃាត (សម្លាប់) នៅក្នុងប្រទេសម៉ាឡាវី គិតចាប់ពីឆ្នាំ២០១៤មក។
លោកចៅក្រម Esmey Chombo ដែលជាអ្នកចេញសាលក្រមប្រហារជីវិតកាលពីថ្ងៃអង្គារ បានថ្លែងថា ការដាក់ពិន័យបែបនេះនឹងដើរតួជាគ្រឿងបន្លាចយ៉ាងខ្លាំងមួយដល់មនុស្សផ្សេងទៀត និងជួយបញ្ឈប់ការវាយប្រហារនេះ។
លោក Mark Botoman អ្នកនាំពាក្យរដ្ឋាភិបាល បានថ្លែងប្រាប់ VOA ថា រដ្ឋាភិបាលពេញចិត្តនឹងសាលក្រមរបស់តុលាការ។
លោក Botoman ថ្លែងថា៖ «យើងរីករាយដែលតុលាការសម្រេចដូច្នេះ ហើយយើងសូមអរគុណដល់តុលាការ ហើយយើងកំពុងដើរឆ្ពោះទៅកាន់ទិសដៅនេះ។ យើងសង្ឃឹមថា ការដាក់ទណ្ឌកម្មដោយតុលាការបែបនេះ នឹងរារាំងបន្លាចអ្នកទាំងឡាយណាដែលមានបំណងអាក្រក់ មិនឲ្យមានការវាយប្រហារ ចាប់ពង្រត់ និងសម្លាប់មនុស្សភឿក តទៅទៀត»។
ទោះយ៉ាងណា លោក Edge Kanyongolo មេធាវីរដ្ឋធម្មនុញ្ញនៅមហាវិទ្យាល័យ Chancellor College of the University of Malawi ជឿជាក់ថា ការផ្ដន្ទាទោសប្រហារជីវិតមិនអាចបញ្ឈប់ការវាយប្រហារបានទេ ប្រសិនបើរឿងក្តីទាំងនេះត្រូវការពេលវេលាដើម្បីបញ្ចប់នោះ។
លោកបានកត់សម្គាល់ឃើញថា រឿងក្តីដែលបានបញ្ចប់កាលពីថ្ងៃទី១៣ សីហា បានចំណាយពេលប្រហែល៥ឆ្នាំ។
លោក Kanyongolo និយាយថា៖ «បើសិនជាវាមិនលឿន បើមនុស្សដឹងថា នៅក្នុងប្រព័ន្ធច្បាប់នេះ បើយើងប្តឹងទៅតុលាការថ្ងៃនេះ ហើយត្រូវការពេល១០ឆ្នាំដើម្បីទទួលបានសាលក្រមពីតុលាការនោះ ការផ្ដន្ទាទោសប្រហារជីវិតមិនមែនជាគ្រឿងបន្លាចនោះទេ»។
ប្រទេសម៉ាឡាវីមានទោសប្រហារជីវិតនៅក្នុងក្រមច្បាប់របស់ខ្លួន ប៉ុន្តែមិនដែលមានការអនុវត្តនោះទេ ចាប់តាំងពីប្រទេសនេះបានប្ដូរទៅជារដ្ឋាភិបាលប្រជាធិបតេយ្យកាលពីឆ្នាំ១៩៩៤។ ផ្ទុយទៅវិញ ឃាតកដែលត្រូវបានកាត់ទោសស្ថិតនៅក្នុងពន្ធនាគារអស់មួយជីវិត។
អ្នកស្រី Rose Msope គឺជាមន្ត្រីគម្រោងនៃអង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្សសម្រាប់ក្មេងស្រី និងស្ត្រីដែលមានពិការភាព។
អ្នកស្រីនិយាយថា បើមិនមានការអនុវត្តទោសប្រហារជីវិតនេះទេ វាគ្មានប្រយោជន៍នោះទេ ហើយមិនអាចរារាំងបន្លាចមិនឲ្យមានការវាយប្រហារលើមនុស្សភឿកនោះទេ។
អ្នកស្រី Msope និយាយថា៖ «មានពេលជាច្រើនដែលប្រធានាធិបតីលើកលែងទោសដល់អ្នកទោសខ្លះ។ ដូច្នេះ បើមានការលើកលែងទោសសម្រាប់អ្នកដែលសម្លាប់មនុស្សភឿក នោះមានន័យថា សុវត្ថិភាពរបស់យើងនឹងនៅតែមានបញ្ហា»។
មនុស្សភឿកដែលខ្វះជាតិមេឡានីននៅលើស្បែក មានភាពលេចធ្លោនៅអាហ្វ្រិក និងជាគោលដៅរបស់អាបធ្មប់ដែលប្រើប្រាស់បំណែកខ្លួនប្រាណមនុស្សភឿកនៅក្នុងពិធី និងឱសថទឹក ដែលពួកគេជឿថានាំមកនូវសំណាងល្អ។
រដ្ឋាភិបាលបានព្យាយាមបង្ហាញថា ការយល់ឃើញបែបនេះជារឿងខុសឆ្គង ហើយកាលពីខែមិថុនា ចៅក្រមមួយរូបបានចេញបម្រាមមិនឲ្យមានអ្វីដែលគេហៅថា អាបធ្មប់ ការព្យាបាលតាមក្បួនបុរាណ គ្រូស្នេហ៍ គ្រូទាយ និងគ្រូមន្តអាគមអូមអាម» និងហាមមិនឲ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មសេវារបស់ពួកគេ។
សមាគមមនុស្សភឿកនៅក្នុងប្រទេសម៉ាឡាវី បានកោតសរសើដល់ការសម្រេចរបស់តុលាការ ប៉ុន្តែក្រុមគ្រូព្យាបាលតាបបែបបុរាណនិយាយថា ពួកគេនឹងប្រឆាំងនឹងសេចក្ដីសម្រេចនេះ ដោយពួកគេនិយាយថា ពួកគេមិនពាក់ព័ន្ធនឹងរឿងអាគមអូមអាម ឬឃាតកម្មទេ៕
ប្រែសម្រួលដោយ នៀម ឆេង