នេះពិតជាដំណឹងល្អដែលប្រទេសអាល់ហ្សេរីធ្លាប់ជាប្រទេសមានបរាសិតជំងឺគ្រុនចាញ់កាលពីឆ្នាំ ១៨៨០ ឥឡូវនេះត្រូវបានគេដកចេញពីបញ្ជីប្រទេសដែលមានជំងឺសម្លាប់មនុស្សជាង ៤សែននាក់ជារៀងរាល់ឆ្នាំ។ អ្នកជំងឺភាគច្រើននៅទ្វីបអាហ្វ្រិកគឺជាកុមារអាយុក្រោម៥ឆ្នាំ។
អង្គការសុខភាពពិភពលោកបានរាយការណ៍ថា ឥឡូវនេះប្រទេសអាល់ហ្សេរីក្លាយជាប្រទេសទី២ នៅទ្វីបអាហ្វ្រិក ដែលទទួលបានការទទួលស្គាល់ថា គ្មានជំងឺគ្រុនចាញ់ បន្ទាប់ពីប្រទេសម៉ូរីស (Mauritius) ដែលត្រូវបានគេទទួលស្គាល់នៅក្នុងឆ្នាំ ១៩៧៣។
អង្គការសុខភាពពិភពលោកក៏បានគត់សម្គាល់ផងដែរថា ប្រទេសអាហ្សង់ទីនគឺជាប្រទេសទីពីរនៅអាមេរិកខាងត្បូងបន្ទាប់ពីប្រទេសប៉ារ៉ាហ្គាយ (Paraguay) ដែលត្រូវបានអះអាងថាជាប្រទេសគ្មានជំងឺគ្រុនចាញ់។
លោកស្រី Fadela Chaib អ្នកនាំពាក្យអង្គការសុខភាពពិភពលោកបានប្រាប់ VOA ថាមានកត្តាគួបផ្សំជាច្រើនបានចូលរួមជួយដើម្បីទទួលបានជោគជ័យដូចនេះ។
លោកស្រីបាននិយាយថា «វាជាដំណឹងដ៏ល្អសម្រាប់ប្រទេសអាល់ហ្សេរី និងអាហ្សង់ទីន ហើយវាក៏ជាដំណឹងល្អសម្រាប់ទ្វីបទាំង២នេះ និងពិភពលោកទាំងមូលផងដែរ។ ការណ៍នេះមានន័យថា យើងអាចយកឈ្នះជំងឺគ្រុនចាញ់បាន។ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងគួរតែធ្វើបន្តទៀត ដោយសារតែយើងចាំបាច់ត្រូវបង្កើនការឃ្លាំមើលដើម្បីឲ្យយើងដឹង ប្រសិនបើមានករណីឆ្លងជំងឺគ្រុនចាញ់ថ្មីកើតឡើងនៅក្នុងប្រទេស»។
អង្គការសុខភាពពិភពលោកបានឲ្យថា ប្រទេសទាំង២បានលុបបំបាត់ជំងឺគ្រុនចាញ់តាមរយៈវិធីសាស្ត្រមូលដ្ឋានមួយចំនួន ដូចជាការប្រើមុងជ្រលក់ថ្នាំជាដើម។ អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ប្រទេសទាំង២បានបង្កើនការតាមដានបានល្អជាងមុន។ ការណ៍នេះបានជួយពួកគេឲ្យកំណត់ពីស្ថានភាពជំងឺគ្រុនចាញ់និងព្យាបាលបានលឿន ។ អង្គការសុខភាពពិភពលោកក៏បានបន្ថែមទៀតថា ប្រទេសទាំងពីរបានផ្តល់ការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមព្រំដែននៃប្រទេសទាំងពីរ។
សម្រាប់ប្រទេសអាហ្សង់ទីន អង្គការសុខភាពពិភពលោកនិយាយថា ការសហការតាមព្រំដែនជាមួយនឹងប្រទេសបូលីវី (Bolivia) មានសារៈសំខាន់ណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់នេះ។ អង្គការសុខភាពពិភពលោកបានប្រកាសថា ប្រទេសទាំង២បានសហការគ្នាដើម្បីបាញ់ថ្នាំមូសនៅតាមផ្ទះប្រជាពលរដ្ឋជាង២២.០០០ខ្នង នៅតាមតំបន់ព្រំដែន និងបានធ្វើតេស្តរកជំងឺគ្រុនចាញ់នៅទូទាំងប្រទេស។
អង្គការសុខភាពពិភពលោកថា ការតាំងចិត្តដ៏មុះមុត ការតស៊ូ និងជោគជ័យរបស់ប្រទេសអាល់ហ្សេរី និងអាហ្សង់ទីន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ គឺជាគំរូដល់ប្រទេសដទៃទៀត ក្នុងការលុបបំបាត់ជំងឺនេះ។
ទាំងប្រទេសអាល់ហ្សេរី និងប្រទេសអាហ្សង់ទីនទទួលបានជោគជ័យនៅក្នុងការប្រយុទ្ធប្រឆាំងនឹងបរាសិតជំងឺគ្រុនចាញ់ដ៏ប្រល័យនេះ ដោយមិនបានប្រើថ្នាំវ៉ាក់សាំងការពារ។ មន្ត្រីសុខាភិបាលសង្ឃឹមថា ការងារលុបបំបាត់ជំងឺនេះអាចនឹងមានភាពធូរស្រាលនៅក្នុងពេលអនាគត បន្ទាប់ពីថ្នាំវ៉ាក់សាំងបង្កាជំងឺគ្រុនចាញ់ត្រូវបានចែកចាយជាលើកដំបូងនៅក្នុងប្រទេសហ្គាណា (Ghana) និងប្រទេសម៉ាឡាវី (Malawi)៕