ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ម៉ាឡាវី​ស្វែង​រក​ការ​ដាក់​ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​ជាង​មុន​ចំពោះ​ការ​វាយ​ប្រហារ​លើ​មនុស្ស​ភឿក


មនុស្ស​ជា​ច្រើនរយ​នាក់​បាន​ដើរ​ក្បួន​មួយ​ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង​អំពី​ការ​វាយ​ប្រហារ​លើ​មនុស្ស​ភឿក​នៅ​ប្រទេស​ម៉ាឡាវី។
មនុស្ស​ជា​ច្រើនរយ​នាក់​បាន​ដើរ​ក្បួន​មួយ​ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង​អំពី​ការ​វាយ​ប្រហារ​លើ​មនុស្ស​ភឿក​នៅ​ប្រទេស​ម៉ាឡាវី។

អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​កាលពី​ខែ​មុន​ថា​ មនុស្ស​ភឿក​នៅ​ប្រទេស​ម៉ាឡាវី​ កំពុង​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ ​«ការ​ផុតពូជ​ទាំងស្រុង» ដោយសារ​តែ​ការ​សម្លាប់​ដែល​កំពុង​កើន​ឡើង​ និង​ការ​វាយ​ប្រហារ​ដើម្បី​យក​បំណែក​ខ្លួន​ប្រាណ​របស់​ពួក​គេ។

ប្រជាជន​រាប់​រយ​នាក់​បាន​ចូលរួម​ការ​ហែ​ក្បួន​មួយទៅ​កាន់​រដ្ឋសភា​នៅ​ទីក្រុង​លីឡុងវ៉េ (Lilongwe)។ នៅ​លើ​បដា​មួយ​របស់​ពួក​គេ​សរសេរ​ថា៖ «ភ្ញាក់​ឡើង ​សមាជិក​សភា​ទាំងឡាយ!»។

លោក​ Edward Chileka Banda​ ដែល​កំពុង​ចាត់​ចែង​ឲ្យ​មាន​ប្រធាន​សម្រាប់​ការហែ​ក្បួន​នេះ និយាយ​ថា៖ «ការ​ប្រគល់​ញត្តិទៅ​រដ្ឋសភានេះ​បង្ហាញ​ពី​ការប្តេជ្ញា​ចិត្ត​របស់​ពួក​យើង​ក្នុង​នាម​ជា​ប្រជា​ពលរដ្ឋ​ និង​ជា​សង្គម​ស៊ីវិល​ ដើម្បី​ទាមទារ​ឲ្យ​បញ្ឈប់​ភ្លាមៗ​ និង​បញ្ចប់​ការសម្លាប់​មនុស្ស​ដែល​មាន​លក្ខណៈ​ភឿក»។

ញត្តិ​ដែល​បាន​ដាក់​ជូននេះ​ ទាមទារ​ឲ្យ​មាន​ការ​ដាក់​ទោស​ទណ្ឌ​ជន​ល្មើស​ដែល​វាយប្រហារ​មនុស្ស​ភឿក​ឲ្យ​ជាប់​ពន្ធនាគារ​អស់មួយ​ជិវិត។

សមាជិក​សភា​ម្នាក់​ គឺ​លោកស្រី​ Ester Jailosi Jolobala​ បាន​ទទួល​ញត្តិ​នោះ​ក្នុង​នាម​ជា​អ្នក​តំណាង​នៃ​អ្នក​នាំពាក្យ​រដ្ឋសភា។ លោកស្រី​និយាយ​ថា​ សមាជិក​សភា​នឹង​ចាត់​វិធានការ​ឆាប់ៗ​នេះ។

«វាជា​ការ​រំខាន​ខ្លាំង​ណាស់​ ដែល​យើង​ឃើញ​ជនល្មើស​ត្រូវ​បាន​ដោះ​លែង​ឲ្យរួច​ខ្លួន ដោយសារ​ការ​បង់​ប្រាក់​ធានា​ ឬ​ការ​ដាក់​ទោស​ដោយ​មាន​ការ​អត់ឱន។ ការ​ធ្វើ​ដូច្នេះ ​ធ្វើ​ឲ្យ​មនុស្ស​ភឿក​នៅ​ម៉ាឡាវីមាន​ការ​ភ័យ​ខ្លាច​កាន់​តែខ្លាំង»។

មនុស្ស​ភឿក​ចំនួន​១៧នាក់​ត្រូវ​បាន​សម្លាប់​នៅ​ម៉ាឡាវី​ក្នុង​អំឡុង​ពេល​២ឆ្នាំ​កន្លង​ទៅ​នេះ។ ប៉ុន្តែ​មានតែ​ជន​ល្មើស​ពីរ​បី​នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​ចាប់​ខ្លួន។

ប្រធាន​សមាគម​មនុស្ស​ភឿក​ ក្នុង​ប្រទេស​ម៉ាឡាវី លោក​ Boniface Massah​ និយាយ​ថា ​ជាច្រើន​ឆ្នាំ​មក​ហើយ​ដែល​រដ្ឋាភិបាល​ម៉ាឡាវីបាន​សន្យា​តែ​នៅ​លើ​បបូ​មាត់​អំពី​ដំណោះ​ស្រាយ​លើការ​វាយ​ប្រហារ​ទាំងនេះ។

«ដំណាក់​កាល​នៃ​ការ​ត្រួត​ពិនិត្យ​ច្បាប់​ដែល​នឹង​មាន​នោះ​ ត្រូវ​តែ​ធ្វើ​បាន​ឲ្យ​កាន់​តែ​លឿន។ ហើយ​គួរ​តែ​មាន​ធនធាន​ដើម្បី​អនុវត្ត​ដំណើរការ​នេះ»។

មនុស្ស​ភឿក​ដែល​ជា​មនុស្ស​គ្មាន​ពណ៌​នៅ​លើ​ស្បែក​ សក់​ និង​ភ្នែក​ បាន​ក្លាយ​ជា​មុខ​សញ្ញា​ក្នុង​ប្រទេស​ម៉ាឡាវី​និង​ផ្នែក​ផ្សេងៗ​នៃ​ទ្វីប​អាហ្រ្វិក​ ដោយសារ​តែ​ជំនឿ​មិន​ពិត​មួយ​ដែល​ជឿ​ថា ផ្នែក​មួយ​នៃ​ខ្លួន​ប្រាណរបស់​មនុស្ស​ភឿក​ អាច​នឹង​ផ្តល់​ឲ្យ​នូវ​សំណាង​ល្អ​ និង​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ដល់​ពួក​គេ។

ប្រទេស​ម៉ា​ឡាវី​បាន​ចំណាយ​ពេល​មួយ​សប្តាហ៍​កាល​ពី​សប្តាហ៍​មុន​ ដើម្បី​បង្កើន​ការ​យល់​ដឹង​លើ​បញ្ហា​នេះ។ ក្រុម​បាល់​ទាត់​កំពូលៗ​របស់​ប្រទេស​នេះ​បាន​ចាប់​ផ្តើម​យុទ្ធនាការ​មួយ​ឈ្មោះ​ថា ​«ហ្គេម​បាន​ចប់​ហើយ»។

ក្រុម​បាល់​ទាត់​ទាំង​នេះ​ បាន​អញ្ជើញ​មនុស្ស​ភឿក​ទៅ​ទស្សនា​ការ​ប្រកួត​ពិសេស​មួយ​នេះ​ ហើយ​បាន​បិទ​បដា​ជុំវិញ​ពហុកីឡដ្ឋាន​ប្រកាស​កុំ​ឲ្យ​មាន​ការ​វាយ​ប្រហារ​លើ​មនុស្ស​ភឿក​ត​ទៅ​ទៀត៕

ប្រែសម្រួលដោយ វិញ សុជាតា

XS
SM
MD
LG