«ខ្ញុំធ្លាប់នៅរាល់ឆ្នាំ ទឹកទាបក៏មិនទាបដល់ថ្នាក់ហ្នឹងពេកដែរគឺខែនេះអាចមកត្រឹមស្មើច្រាំង»។
លោក យិន ស៊ុំ និយាយអំពីកម្ពស់ទឹកដែលស្ថិតនៅក្រោមមាត់ច្រាំងនៃដងទន្លេមេគង្គក្នុងភូមិអរិយក្សត្រ ស្រុកល្វាឯមខេត្តកណ្តាល។
ស្ថិតក្រោមកំដៅថ្ងៃចែងចាំងពីទិសខាងលិច អ្នកដាំស្លឹកគ្រៃអាយុ៦៣ឆ្នាំរូបនេះរស់នៅតាមដងទន្លេមេគង្គស្ទើរពេញមួយជីវិតរបស់គាត់ទៅហើយ។
«ថា រាល់ឆ្នាំខែហ្នឹងឡើងដល់មាត់ច្រាំងហ្មង ដល់មាត់ច្រាំងវាអាចលិចស្លឹកគ្រៃ លិចអីអស់បាត់ហើយ»។
យោងតាមការចេញផ្សាយអំពីកម្ពស់ទឹកទន្លេនៅក្នុងប្រទេសកម្ពុជារបស់ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ កម្ពស់ទឹកទន្លេនៅស្ថានីយជលសាស្ត្រ ទន្លេបាសាក់ ចតុមុខ ទឹកទន្លេមានកម្ពស់ប្រហែល៤ម៉ែត្រកន្លះគឺទាបជាងឆ្នាំមុនជិត៦ម៉ែត្រ។
ដូចគ្នានេះដែរ របាយការណ៍របស់គណៈកម្មាធិការទន្លេមេគង្គ បានបង្ហាញថា កម្ពស់ទឹកទន្លេមេគង្គដែលហូរកាត់ប្រទេសថៃ ឡាវ កម្ពុជានិងវៀតណាម មានកម្រិតទាបដែលមិនធ្លាប់មានពីមុនមក។ មូលហេតុគឺដោយសារភ្លៀងធ្លាក់មិនគ្រប់គ្រាន់តាំងពីដើមឆ្នាំ និងដោយសារតែទំនប់វារីអគ្គិសនី Jinghong ក្នុងខេត្តយូណាន ប្រទេសចិនបានកាត់បន្ថយលំហូរទឹកពី១.១០០ម៉ែត្រគូបក្នុងមួយវិនាទីមកត្រឹម៦០០ទៅ៨០០ម៉ែត្រគូបក្នុងមួយវិនាទីវិញ។
ទោះយ៉ាងណា ក្រុមប្រជាពលរដ្ឋ ដែលប្រកបរបរដាំដំណាំចម្ការដែលពឹងអាស្រ័យនឹងរបបទឹកទន្លេមេគង្គ ទទួលបានទាំងផលវិជ្ជមាននិងអវិជ្ជមាន នៅពេលដែលរបបទឹកទន្លេនេះមានកម្រិតទាប។
លោក យិន ស៊ុំ ប្រកបរបរដាំស្លឹកគ្រៃលក់ក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯមខេត្តកណ្តាលអស់រយៈពេលជាង២០ឆ្នាំមកហើយ។ ដោយសារថ្នាលដាំស្លឹកគ្រៃរបស់លោកនៅជាប់នឹងច្រាំងទន្លេមេគង្គ ដូច្នេះលោកពឹងអាស្រ័យយ៉ាងច្រើនលើរបបទឹកនៃទន្លេ។
«សម្រាប់ខ្ញុំ ខ្ញុំចង់ឲ្យទឹកឡើង ដូចរាល់ឆ្នាំទៅ។ ប៉ុន្តែឆ្នាំនេះ វាអត់ឡើង។ វាឡើងបានតិច ប៉ុន្តែអំណោយផលរបស់យើងបានច្រើន»។
នៅចម្ងាយពីលោកយិន ស៊ុំប្រមាណជិត២០គីឡូម៉ែត្រ នៅក្នុងភូមិរនះ សង្កាត់កោះដាច់ ជាយរាជធានីភ្នំពេញ អ្នកស្រីវ៉ែន ស្រីគឺអ្នកតម្បាញផង និងជាអ្នកដាំត្រសក់ផង។ ក្នុងវ័យ៦១ឆ្នាំ អ្នកស្រីមើលឃើញពីផលប្រយោជន៍ច្រើនពីកម្រិតទឹកទន្លេមេគង្គដែលធ្លាក់ចុះនេះ។
«ប៉ុន្តែបង្កបង្កើតផល ខ្ញុំដាំឥឡូវច្រើនណាស់ដោយសារយល់ឃើញថា ទឹកមិនអាចឡើងមក យល់ហើយណា៎ក្មួយណា៎។ តែបើសិនជាទឹកឡើងមក វាអាចដែលដាំប្រថុយទាំងអស់គ្នានេះគឺប្រជាជនទាំងអស់ហ្នឹងវាអាចបាត់បង់ខ្លះហើយ។ តែបើសិនជាលិចក៏លិចចុះ ក្នុងនាមប្រជាជនទាំងអស់ បើលិចមកក៏ល្អដីដែរ»។
ប្រជាកសិករម្នាក់ទៀតដែលធ្វើចម្ការតាមដងទន្លេមេគង្គនៅសង្កាត់កោះដាច់នេះដែរបាននិយាយថា លោកចង់ឲ្យទឹកទន្លេឡើងមកលិចដីចម្ការរបស់លោកនៅក្នុងរដូវនេះ បន្ទាប់ពីប្រមូលផលរួចដើម្បីរក្សាគុណភាពដីដាំដំណាំនៅឆ្នាំក្រោយៗទៀត។
លោក ចន ឃុន អាយុ៥០ឆ្នាំ ជាអ្នកធ្វើចម្ការនៅសង្កាត់កោះដាច់ជាង១០ឆ្នាំមកហើយ។ លោកបាននិយាយប្រាប់ VOA នៅក្នុងខ្ទមកណ្តាលចម្ការរបស់លោកថា៖
«វាមិនសូវល្អទេ ដល់ទឹកទន្លេអត់លិចអ៊ីចឹង វាអត់ល្អ ទាល់តែលិចបានល្អ។ ដូចថា វានាំជីរជាតិចូលមកអ៊ីចឹងណា៎។ ដល់វាអត់លិចអ៊ីចឹង អត់ល្អទេ ពិបាកធ្វើណាស់។ វាមានស្រមោចមានអីអ៊ីចឹងណា៎ ហ្នឹងហើយ»។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមឲ្យដឹងថា បាតុភូតអែលនីញ៉ូអំឡុងរដូវប្រាំងដែលបានអូសបន្លាយរហូតដល់ខែឧសភាជាមូលហេតុចម្បងដែលបណ្តាលឲ្យកម្ពស់ទឹកទន្លេក្នុងឆ្នាំ២០១៩នេះទាបជាងការរំពឹងទុក។
«ហើយដោយសារបាតុភូតនេះគឺមិនធ្វើឲ្យមានភ្លៀងធ្លាក់នោះទេ មានដែរមានតិចតួចបំផុតនៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ។ ហើយកាលណាអត់ភ្លៀងគឺទឹកទន្លេមិនឡើងទេ ហើយឆ្នាំនេះយើងឃើញថា ទាប។ ហើយតាំងពីឆ្នាំ១៩៩២មក យើងធ្លាប់ទាបម្តង»។
ទោះយ៉ាងណាលោក ចាន់ យុត្ថា បានអះអាងថា កម្រិតទឹកទន្លេមេគង្គដែលធ្លាក់ចុះមិនពាក់ព័ន្ធនឹងទំនប់វារីអគ្គិសនី Jinghong ក្នុងខេត្តយូណាន ប្រទេសចិននោះទេ។
ទោះជាបែបនេះក្តី លោក Gary Lee អ្នកគ្រប់គ្រងគម្រោងទន្លេមេគង្គនៃអង្គការទន្លេអន្តរជាតិ បាននិយាយសង្កត់ធ្ងន់ថា របបទឹកទន្លេមេគង្គមានសារៈសំខាន់ចំពោះសហគមន៍តាមដងទន្លេនេះ ហើយថា ការសាងសង់ទំនប់វារីអគ្គិសនីអាចនឹងបំផ្លាញធនធានធម្មជាតិនៅក្នុងទន្លេមេគង្គ។
តាមរយៈសារអេឡិចត្រូនិក លោក Gary Lee បានសរសេរមកកាន់ VOA ថា៖
«ដោយសារមានការប្រែប្រួលអាកាសធាតុ និងមានការសាងសង់ទំនប់វារីអគ្គិសនីនៅផ្នែកខាងលើនៃទន្លេ លំហូទឹកទន្លេមេគង្គនៅកម្ពុជាមានការផ្លាស់ប្តូរ និងមិនអាចទស្សទាយបានទៀតនោះទេ។ ទំនប់វារីអគ្គិសនីធំៗបានរាំងស្ទះបន្លាស់ទីត្រី បំផ្លាញជម្រកសំខាន់ៗ និងបំផ្លាញលំហូដីល្បាប់និងទឹកដែលនឹងប៉ះពាល់ដល់ផលិតភាពរបស់ធនធានក្នុងទឹកដែលមានសារៈសំខាន់សម្រាប់ជីវភាពសហគមន៍»។
អ្នកជំនាញផ្នែកទន្លេមេគង្គជនជាតិអូស្ត្រាលីរូបនេះបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាគិតគូរម្តងទៀតចំពោះគម្រោងវារីអគ្គិសនីទំហំធំនៅតាមដងទន្លេមេគង្គគឺទំនប់វារីអគ្គិសនីសំបូរ ស្ទឹងត្រែងនិងស្រែពកជាដើមដែលគម្រោងទាំងនេះកំពុងឋិតក្នុងតំណាក់កាលសិក្សានៅឡើយ។
ទោះយ៉ាងណា ប្រជាពលរដ្ឋកម្ពុជាដែលរស់នៅតាមដងទន្លេសង្ឃឹមថា កម្ពស់ទឹកទន្លេមេគង្គនឹងកើនឡើងនៅក្នុងខែកញ្ញាខាងមុខ បើសិនជាភ្លៀងបន្តធ្លាក់៕