នាយក​រដ្ឋមន្ត្រី​អង់គ្លេស​និយាយ​បន្ទាប់​ពី​ការបោះឆ្នោត​ថា​«សូម​ឱ្យ​ការ​ជា​សះ​របួស​ចាប់ផ្ដើម​ពី​ពេល​នេះ​ទៅ»

នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស លោក Boris Johnson លើក​ដៃ​ក្នុង​ពេល​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ នៅ​ពេល​លោក​ទៅ​ជួប​សមាជិក​សភា​ថ្មី​នៃគណបក្ស​អភរក្ស​និយម​របស់​លោក នៅ​ Sedgefield​ នៃ​តំបន់ Durham ស្ថិត​នៅ​ភាគ​ឦសាន​នៃប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃទី​១៤ ធ្នូ ២០១៩។

ប្រទេសអង់គ្លេស​សម​នឹង​ទទួល​បាន​ការ​រួច​ផុត​ពី​ការ​ឈ្លោះ​គ្នា​ ការ​ឈប់​សម្រាក​ពី​នយោបាយ និង​ការ​ឈប់​និយាយ​អំពី​រឿង​ដក​សមាជិក​ភាព​របស់​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប​ឬ​ហៅ​កាត់​ថា​ Brexitតទៅទៀត។ នេះ​គឺ​ជា​ការ​ថ្លែង​របស់​នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក បូរីស ចនសុន (Boris Johnson) កាល​ពី​ថ្ងៃ​សុក្រ​ បន្ទាប់​ពី​គណបក្ស​អភិរក្ស​និយម​របស់​លោក​បាន​ឈ្នះ​អ្វី​ដែល​លោក​ ចនសុន បាន​ពិពណ៌នា​ថា​ជា​ការបោះឆ្នោត «វិសាមញ្ញ»។

លោក ចនសុន បាន​ផ្ដោត​ការ​ខិត​ខំ​ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​លោក​ដោយ​ប្រើ​ពាក្យ​ស្លោក​ថា«ត្រូវ​ដោះស្រាយ​បញ្ហា Brexit ឱ្យ​បាន»។ លោក​បាន​និយាយ​ថា​សំឡេង​ភាគច្រើន​នៃ​រដ្ឋសភា​ខាង​គណបក្ស​អភិរក្សនិយម​របស់​លោក​ នឹង​អនុញ្ញាត​ឱ្យ​លោក​ជំរុញ​កិច្ចព្រម​ព្រៀង​ផ្ដាច់​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប ​ដែល​ត្រូវបាន​បដិសេធ​ពី​លើក​មុន ឱ្យ​បាន​ត្រឹម​ថ្ងៃ​ទី​៣១​ខែ​មករា ឆ្នាំ​២០២០។

លោក​ ចនសុន បាន​ថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រ​គណបក្ស​ពលករ​ដែល​បាន​បោះឆ្នោត​អោយ​គណបក្ស​អភិរក្ស​និយម​នេះ​ជា​លើក​ដំបូង​ ហើយ​បាន​សន្យា​ថា​នឹង​មាន«រដ្ឋាភិបាល​អភិរក្សនិយម​ជាតិ​តែ​មួយ»។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​ការផ្ដល់​ការ​ទុក​ចិត្ត​របស់​អ្នក​មក​លើ​ពួក​យើង​និង​ខ្ញុំ។ យើង​នឹង​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​បំពេញ​តាម​អ្វី​ដែល​អ្នក​ចង់​បាន​ ដោយ​មាន​រដ្ឋសភា​មួយ​ដែល​ធ្វើ​ការ​ឱ្យ​អ្នក»៕