ព្រះមហាក្សត្រ Charles ទី ៣ ដែលបានក្លាយជាព្រះប្រមុខរដ្ឋរបស់ចក្រភពអង់គ្លេស បន្ទាប់ពីព្រះមហាក្សត្រិយានី Elizabeth ទី ២ ដែលជាព្រះមាតារបស់ព្រះអង្គបានសោយទិវង្គតកាលពីថ្ងៃទី ៨ ខែកញ្ញាកន្លងទៅនេះ ធ្លាប់បានជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកចំនួន ១០ រូបចាប់តាំងពីពេលដែលព្រះអង្គបានប្រសូតកាលពីឆ្នាំ ១៩៤៨ មក។
ព្រះអង្គធ្លាប់បានប្រាស្រ័យទាក់ទងជាមួយនឹងកញ្ញា Tricia Nixon ដែលជាកូនស្រីរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Richard Nixon នៅក្នុងពិធីជប់លៀងមួយដែលមានការរាំរែកកម្សាន្តនៅសេតវិមានប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ១៩៧០។ ព្រះអង្គក៏ធ្លាប់បានផ្លាស់ប្ដូរយោបល់ជាមួយអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Ronald Reagan អំពីការជិះសេះលេងកម្សាន្តផងដែរ។ មួយវិញទៀត ព្រះអង្គក៏ធ្លាប់បានសន្ទនាយ៉ាងយូរជាមួយអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ផងដែរអំពីបញ្ហាប្រែប្រួលអាកាសធាតុ។
ព្រះអង្គមានព្រះជន្មត្រឹមតែ ១០ ព្រះវស្សាតែប៉ុណ្ណោះនៅពេលដែលទ្រង់បានជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Dwight Eisenhower នៅក្នុងឆ្នាំ ១៩៥៩។ លោក Eisenhower គឺជាប្រធានាធិបតីអាមេរិកដំបូងបង្អស់ដែលទ្រង់បានជួប។
នៅពេលនោះលោកប្រធានាធិបតី Eisenhower បានទៅគាល់ព្រះមហាក្សត្រិយានី Elizabeth ទី ២ និងរាជវង្សានុវង្សរបស់ព្រះអង្គនៅឯព្រះរាជដំណាក់ Balmoral Castle នៅស្កុតលែន។
អ្នកស្រី Barbara A Perry ប្រធានផ្នែកសិក្សាអំពីប្រធានាធិបតីនៃមជ្ឈមណ្ឌល Miller នៅសាកលវិទ្យាល័យ Virginia (University of Virginia) បាននិយាយថា ទាក់ទិននឹងប្រវត្តិដែលព្រះមហាក្សត្រ Charles ទី ៣ ធ្លាប់ជួបជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកនានាក្នុងពេលកន្លងមក គេមិនគួរចាប់ផ្តើមរាប់តាំងពីពេលដែលព្រះអង្គនៅមានព្រះជន្មក្មេងពេកនោះទេ។
អ្នកស្រីបានកត់សម្គាល់ថា កន្លងមក ព្រះរាជដំណាក់ Kensington Palace បានចេញផ្សាយរូបថតមួយសន្លឹកបង្ហាញអំពីព្រះអង្គម្ចាស់ George ដែលជាព្រះនត្តាក្សត្រារបស់ព្រះមហាក្សត្រ Charles ទី ៣ ចាប់ដៃជាមួយអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Barack Obama នៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសកាលពីឆ្នាំ ២០១៦ នៅពេលដែលព្រះអង្គម្ចាស់ George នៅតូចទើបចេះដើរតេះតះនៅឡើយ។
អ្នកស្រី Perry បានបញ្ជាក់ថា ព្រះមហាក្សត្រ Charles ទី ៣ មិនដែលបានជួបជាមួយអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Harry Truman អតីតប្រធានាធិបតីអាមេរិកលោក Gerald Ford អតីតប្រធានាធិបតីអាមេរិកលោក Lyndon Johnson និងអតីតប្រធានាធិបតីអាមេរិកលោក John F. Kennedy នោះទេ។
ការជួបរបស់ព្រះអង្គជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកនានាក្នុងពេលកន្លងមករួមមាននូវអ្វីដែលទ្រង់បានរំឭកថាជាព្រះរាជទស្សនកិច្ចចុងសប្តាហ៍ «ដ៏សប្បាយរីករាយ» មួយជាមួយនឹងម្ចាស់ក្សត្រិយ៍ Anne ដែលជាព្រះអនុជរបស់ព្រះអង្គ នៅសេតវិមានកាលពីឆ្នាំ ១៩៧០ នៅពេលដែលលោក Nixon ធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក។
នៅពេលនោះទ្រង់មានព្រះជន្មទើបតែ ២០ ព្រះវស្សាតែប៉ុណ្ណោះហើយនៅលីវ ដោយទ្រង់យល់ថាមានការប្រឹងប្រែងដើម្បីរៀបចំព្រះរាជដំណើរទស្សនកិច្ចនេះឡើងសម្រាប់ទ្រង់។
នៅពេលក្រោយមក ព្រះអង្គបានរំឭកថា៖ «នៅពេលនោះ ពួកគេប្រឹងប្រែងធ្វើយ៉ាងណាឱ្យខ្ញុំបានរៀបអភិសេកជាមួយកញ្ញា Tricia Nixon»។
ព្រះមហាក្សត្រ Charles ទី ៣ បានជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិកនានានៅពេលព្រះអង្គបានយាងទៅសហរដ្ឋអាមេរិក និងនៅពេលដែលប្រធានាធិបតីអាមេរិកធ្វើទស្សនកិច្ចទៅចក្រភពអង់គ្លេស។
កន្លងមក ព្រះអង្គបានជួបជាមួយប្រធានាធិបតីអាមេរិកមួយចំនួនដូចជាលោក Donald Trump លោក Barack Obama លោក Bill Clinton និងលោក George W. Bush ជាដើម នៅពេលដែលព្រះអង្គតំណាងឱ្យព្រះរាជវង្សចក្រភពអង់គ្លេសនៅក្នុងពិធីបុណ្យសពជាផ្លូវរដ្ឋរបស់អតីតប្រធានាធិបតីអាមេរិកលោក George H.W. Bush នៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីឆ្នាំ ២០១៨។
ព្រះមហាក្សត្រ Charles ទី ៣ ក៏ធ្លាប់បានជួបជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden ផងដែរនៅពេលលោក Biden ទៅចូលរួមព្រះរាជពិធីបុណ្យព្រះសពរបស់ព្រះមាតាព្រះអង្គកាលពីពេលថ្មីៗនេះ និងនៅពេលដែលព្រះអង្គនិងលោក Biden ចូលរួមនៅក្នុងសន្និសីទស្ដីពីការប្រែប្រួលអាកាសធាតុនៅក្នុងទីក្រុង Glasgow ប្រទេសស្កុតលែននៃចក្រភពអង់គ្លេសកាលពីឆ្នាំមុន។
ព្រះអង្គបានមានព្រះរាជបន្ទូលប្រាប់បណ្តាញទូរទស្សន៍ CNN ថា ព្រះអង្គបានធ្វើព្រះរាជទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកប្រមាណ ២០ ដងរួចមកហើយ តាំងពីព្រះរាជទស្សនកិច្ចលើកដំបូងរបស់ព្រះអង្គទៅកាន់សហរដ្ឋអាមេរិកនៅក្នុងសម័យលោក Nixon ធ្វើជាប្រធានាធិបតីអាមេរិកមក៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ