អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​​​ព្រមាន​ចាត់​វិធានការ​លើ​​មេធាវី​មេ​ដឹក​នាំ​ខ្មែរក្រហម

​ក្រុម​​មេធាវី​ការពារ​ក្តី​របស់​​នួន ជា ​និង​ខៀវ សំផន​ធ្វើសន្និសីទ​ព័ត៌មាន​ថ្ងៃទី១៨ខែតុលា​២០១៤

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរ​ក្រហម​បាន​បង្គាប់​ឲ្យ​ក្រុមមេធាវី​ការពារ​ក្តី​របស់​ជន​ជាប់​ចោទ​នួន ជា ​និង​ខៀវ សំផន ​ចូល​រួម​សវនាការ​ក្នុង​សំណុំ​រឿង​០០២​វគ្គ​ទី​២ ​ដោយ​ព្រមាន​ថា នឹងចាត់​វិធាន​ការ​ម៉ឺងម៉ាត់​ប្រឆាំង​នឹង​មេធាវី​ទាំង​ពីរ​ក្រុម​ ប្រសិន​បើមិន​ស្តាប់​តាមការ​បង្គាប់​បញ្ជា​នេះ​ទេ។

សេចក្តី​បង្គាប់​នេះ​ធ្វើ​ឡើង​ ក្រោយ​ពីអង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នេះ​បាន​បើកកិច្ច​ប្រជុំ​ស្តី​ពី​ការ​រៀប​ចំ​សវនាការ​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​តុលា ​ក្រោយ​ពីក្រុម​មេធាវី​នៃ​អតីត​មេដឹក​នាំ​កំពូល​ខ្មែរ​ក្រហម​ទាំង​ពីរ​ក្រុម​បានធ្វើ​ពហិការ​សវនាការ​ពេញ​អង្គ​សេចក្តីក្នុង​ការ​កាត់​ទោស​វគ្គ​ទី​២​នេះ។​

លោក​នេត្រ ភក្រ្តា​ អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរក្រហម​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃច័ន្ទ​នេះ​ថា​ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​ជូន​ដំណឹង​ដល់​ភាគី​ជាប់​ពាក់​ព័ន្ធ​ឲ្យ​ចូល​រួម​ក្នុងការ​កាត់​ទោស​សំណុំ​រឿង​០០២​វគ្គ​ទី​២​នៅ​ថ្ងៃ​ទី​១៧​ខែ​វិច្ឆិកា​ ដោយ​សង្កត់លើ​ការ​ដាក់​ទណ្ឌកម្ម​លើ​មេធាវី​ការ​ពារ​ជនជាប់​ចោទ​ បើ​សិន​ពួក​គេ​នៅ​តែ​បន្ត​ធ្វើ​ពហិការ។​

«នៅ​ក្នុង​សេចក្តី​សម្រេច​របស់​ខ្លួន​គឺ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​ជូន​ដំណឹង​ជា​មុន​ហើយ​ដល់​ក្រុម​មេធាវី​ការ​ពារ​ក្តី​ទាំង​ពីរ​គឺ​ក្រុម​មេធាវី​លោក​នួន ជា ​និង​ក្រុម​មេធាវី​លោក​ខៀវ សំផន​ ដែល​បានប្រកាស​ធ្វើ​ពហិការ​នា​ពេល​កន្លង​ទៅ​នេះ​ថា​ អង្គ​ជំនុំ​ជម្រះ​នឹង​ចាត់​វិធាន​ការ​ម៉ឺង​ម៉ាត់​នៅ​ពេល​ដែល​ក្រុម​មេធាវី​ទាំង​ពីរ​ខក​ខាន​មិន​បាន​ចូល​រួម​ក្នុងការ​បើក​សវនាការ​លើ​ភស្តុតាង​នៅ​ថ្ងៃ​ទី​១៧​ខែ​វិច្ឆិកា​ខាង​មុខ​នោះ»។​

សាលាក្តី​ខ្មែរក្រហម​បាន​ផ្អាក​សវនាការ​លើ​អង្គ​សេចក្តី​ម្តង​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី​២៧​ខែ​តុលា​ ដោយសារខ្វះ​វត្តមាន​របស់​ក្រុម​មេធាវី​ការ​ពារ​នួន ជា ​និង​ខៀវ សំផន ​ដែល​នាំ​គ្នា​ធ្វើ​ពហិការ។​

មេធាវី​របស់​នួន ជា​បាន​ប្តឹង​ដិត​ចិត្ត​សុំ​បណ្តេញ​ចៅ​ក្រម​ចំនួន​បួន​រូប​ចេញ​ពី​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង ក្នុង​នោះ​មាន​លោក​ចៅក្រម​និល ណុន ​ប្រធាន​អង្គ​ជំនុំ​ជម្រះ​នេះ​ផង​ដែរ។​ មេធាវី​នៃ​អតីត​ប្រធាន​សភា​ខ្មែរក្រហម​ និង​ជា​អតីត​បងធំ​ទី​២​នៃ​របប​ខ្មែរក្រហម​បន្ទាប់​ពី​ប៉ុល ពត​ បានស្នើ​ឲ្យ​មាន​ការ​សម្រេច​លើ​បណ្តឹង​ដិត​ចិត្ត​របស់​ខ្លួន​សិន​ ទើប​ក្រុម​ខ្លួន​ចូលរួម​សវនាការ​ឡើង​វិញ។​

ដោយ​ឡែក​ក្រុម​មេធាវី​របស់​ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ​ខ្មែរក្រហម​ បាន​ជំទាស់​ការ​ចូលរួម​សវនាការ​ក្នុង​សំណុំ​រឿង​០០២​វគ្គ​ទី​២​នេះ ដោយ​សំអាង​ថា ​ខ្លួន​ត្រូវ​ការ​ពេល​វេលា​សម្រាប់រៀប​ចំ​ខ្លួន​ការ​ពារ​បណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាល​ក្រម​សាលា​ដំបូង​ដែល​បាន​ដាក់​ទោស​កូន​ក្តី​របស់​ខ្លួន​ឲ្យ​ជាប់​គុក​ឲ្យ​មួយ​ជីវិត។​ សាល​ក្រម​នេះបាន​សម្រេច​កាល​ពី​ខែ​សីហា។​

នៅ​ក្នុង​សេចក្តី​សម្រេច​របស់​ខ្លួនកាល​ពី​ថ្ងៃ​ទី​៣១​ខែ​តុលា លោក​ចៅ​ក្រម​និល ណុន​បានច្រាន​ចោលការ​ទាមទារ​របស់​មេធាវី​ជនជាប់​ចោទ​ទាំង​ពីរ​ក្រុម។​

លោក​ចៅ​ក្រម​បក​ស្រាយ​ថា ​ក្រុម​ចៅ​ក្រម​ដែល​ទទួល​រង​ការ​ប្តឹង​ដិត​ចិត្ត​នៅ​តែ​មាន​លទ្ធភាព​បន្ត​សវនាការ​ដោយ​ទាត់​ចោល​សេចក្តី​បក​ស្រាយ​របស់​ក្រុម​មេធាវី​របស់​នួន ជា​ លើ​មូល​ដ្ឋាន​នៃ​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ។ ​មួយ​វិញ​ទៀត​ ​លោក​ចៅ​ក្រម​ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​និល ណុន​ឆ្លើយ​តប​ទៅ​នឹងការ​ព្រួយ​បារម្ភ​របស់​សហ​មេធាវី​របស់​ជន​ជាប់​ចោទ​ខៀវ សំផន​ចំពោះកង្វះ​ពេល​វេលា​សម្រាប់​រៀបចំ​ការ​តតាំង​ក្តី​ក្នុង​បណ្តឹង​ឧទ្ធរណ៍​ ដោយ​បញ្ជាក់​ថា​ អង្គ​ជំនុំ​ជម្រះ​ជាន់​ទាប​នឹងកាត់​បន្ថយ​ពេល​វេលាសវនាការពី​ចំនួន​បី​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​មក​ត្រឹម​ពីរ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​វិញ។​ ​ដូច្នេះ​សវនាការ​នៅ​ក្នុង​ខែវិច្ឆិកា​នេះ​នឹង​មាន​ចំនួន​ត្រឹម​តែ​បួន​ថ្ងៃ​ប៉ុណ្ណោះ​ដោយ​រាប់​ចាប់​ពី​ថ្ងៃ​ទី​១៧ ​ខែ​វិច្ឆិកា​ត​ទៅ។​ រីឯ​សវនាការ​ក្នុង​ខែ​ធ្នូ​មាន​ចំនួន​ត្រឹម​តែ​៦​ថ្ងៃ។​

លោក​ចៅ​ក្រម​និល ណុន​បញ្ជាក់​ថា​ តុលាការ​រក្សា​សំណើរបស់​សហ​ព្រះ​រាជ​អាជ្ញា​ឲ្យ​រើស​មេ​ធាវី​បម្រុងមក​ជំនួស​មេធាវី​របស់​ជន​ជាប់ចោទ ​ប្រសិន​បើ​មេធាវី​របស់​ជន​ជាប់ចោទ​បន្ត​ធ្វើ​ពហិការ។​

ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​សម្រេច​នេះ​ លោក​គង់ សំអុន ​សហ​មេធាវី​កម្ពុជា​របស់​ជន​ជាប់​ចោទ​ខៀវ សំផន ​បញ្ជាក់​ឡើង​វិញ​ថា ​ក្រុម​ការពារក្តី​របស់​អតីត​ប្រមុខ​រដ្ឋ​ខ្មែរក្រហម​នៅ​តែ​បន្ត​ធ្វើ​ពហិការ។​

«ជំហរ​របស់​យើង​ច្បាស់​លាស់​ហើយ។ ​យើង​នឹង​មិន​ចូលរួម​សវនាការ​ទេ​ តាម​ការ​ណែនាំ​របស់​កូន​ក្តី​របស់​យើង។​ ដូច្នេះ​យើង​ត្រូវ​ធ្វើ​កិច្ច​ការ​លើ​បណ្តឹង​សារ​ទុក្ខ​ជា​ជាង​ចូលរួម​សវនាការ»។

ដោយ​ឡែកក្រុម​មេធាវី​ការពារ​ក្តី​របស់​អតីត​បងធំ​ទី​២​នួន ជា​ហាក់​ដូច​ជា​មិន​ទាន់​មាន​ជំហរ​ដាច់​ណាត់​នៅ​ឡើយ​ ដោយ​រង់ចាំ​មើល​ការ​សម្រេចលើ​បណ្តឹង​ដិត​ចិត្ត​របស់​ខ្លួន។​

លោក​សុន អរុន ​សហ​មេធាវី​កម្ពុជា​របស់​នួន ជា ​បញ្ជាក់​ថា​ កូន​ក្តី​របស់​លោក​រង់ចាំ​គណៈកម្មការ​ចៅ​ក្រម​ពិសេស​ធ្វើ​ការ​សម្រេច​សិន ​ប៉ុន្តែ​ប្រសិន​បើ​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​សវនាការលើ​សំណុំ​រឿង​០០២​វគ្គ​ទី​២​នៅ​ថ្ងៃ​ទី​១៧​ខែ​វិច្ឆិកា​ នៅ​តែ​មិន​មាន​ការ​សម្រេច​លើ​បណ្តឹង​របស់​ក្រុម​ខ្លួន​នោះ​ទេ​ នោះ​មេធាវី​ការពារ​ជនជាប់​ចោទនឹង​ប្រកាស​ជំហរ​របស់​ខ្លួនមុន​សវនាការ​ចាប់​ផ្តើម៕