លោក កឹម សុខា៖ អ្វី​ៗ​ខ្ញុំ​ធ្វើ​មិន​មែន​ជា​បដិវត្តន៍​ពណ៌ទេ

លោក កឹម សុខា មេដឹកនាំ​បក្សជំទាស់ បាន​ផ្ដល់បទ​សម្ភាសន៍ខ្លីដល់ VOA នៅព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ មុនពេល​លោក​ធ្វើដំណើរ​ទៅសាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បីចូលរួម​សវនាការ​ថ្ងៃទីពីរលើ​សំណុំរឿងដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស» កាល​ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)

លោក កឹម សុខា កាល​ពី​ថ្ងៃ​ពុធបាន​ប្រាប់​ទៅអង្គ​ជំនុំ​ជម្រះ​ថា វីដេអូ​ដែល​តុលាការ​យក​ធ្វើ​ជា​ភស្តុតាង​ក្នុង​ការ​ចោទ​ប្រកាន់​លោក​ថា ​«​ក្បត់​ជាតិ» ជា​វីដេអូ​កាត់​ត ហើយ​លោក​បាន​ប្រគល់​វីដេអូ​ពេញ​ជាង​មួយ​ម៉ោង ដោយ​ស្នើ​ឲ្យ​មាន​ការ​បញ្ចាំង​ក្នុង​បន្ទប់​សវនាការ​។

លោក​ ​កឹម​ ​សុខា​ ​មេដឹកនាំ​គណបក្សជំទាស់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ថ្លែង​ថា​ ​លោក​នឹង​ពន្យល់​តុលាការ​អំពី​យុទ្ធ​សាស្រ្ត​នយោបាយ​របស់​លោក​ ​ដែល​លោក​ថា​ ​គឺ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ ​និង​សិទ្ធិមនុស្ស​ ​មិនមែន​ក្នុង​គោលដៅ​បដិវត្តន៍​ពណ៌​នោះ​ទេ​។

​លោក​ ​កឹម​ ​សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ត្រូវ​តុលាការ​រំលាយ​មុន​ការបោះឆ្នោត​ឆ្នាំ២០១៨​ ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រួមគំនិត​ជាមួយ​បរទេស​ក្នុង​គម្រោង​មួយ​ដែល​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ហៅថា​ ​«​ការប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល​»​ ​ដោយមាន​បរទេស​នៅ​ពីក្រោយ​។​ ​ទាំង​លោក​ ​កឹម​ ​សុខា​ ​និង​សហរដ្ឋអាមេរិក​បាន​បដិសេធ​ការចោទប្រកាន់​នេះ​។

​ក្នុង​បទសម្ភាសន៍​ជាមួយ​ ​VOA​ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​លោក​ ​កឹម​ ​សុខា​ ​បាន​ថ្លែង​ថា​ ​លោក​ត្រូវ​បាន​សួរ​ដោយ​តំណាង​អយ្យការ​ ​និង​មេធាវី​តំណាង​របស់​រដ្ឋាភិបាល​អំពី​ការងារ​របស់​លោក​ចាប់ពី​ឆ្នាំ១៩៩៣​ ​ដល់​ឆ្នាំ២០០៧​ ​ហើយ​លោក​បានការ​ពារ​ខ្លួន​លោក​។​

​លោក​បាន​ថ្លែង​នៅផ្ទះ​របស់​លោក​ ​មុន​ពេល​ចាកចេញ​ទៅ​តុលាការ​ ​ដើម្បី​ចូលរួម​សវនាការ​ជំនុំជម្រះ​ថ្ងៃទី​ពីរ​ថា​៖​

​«​ហើយ​សំណួរ​អស់នោះ​ ​គឺ​ខ្ញុំ​បាន​ឆ្លើយ​ច្បាស់​ទាំងអស់​ថា​ ​ខ្ញុំ​អត់មាន​ធ្វើ​អី​ខុស​ទាំងអស់​។​ ​អត់មាន​ខុស​ទេ​ ​ធ្វើ​ត្រឹមត្រូវ​ ​តែ​គេ​សង្កត់​ខ្លាំង​ជាមួយ​ ​CCHR​ ​[​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​]​ ​ហើយ​ ​CCHR​ ​ជា​អង្គការ​ស្របច្បាប់​ ​ហើយ​ចុះឈ្មោះ​បញ្ជី​រដ្ឋាភិបាល​មកដល់​ឥឡូវ​ ​ហើយ​ម្ចាស់​ជំនួយ​គឺ​ ​USAID​ ​ដែល​ជា​ស្ថាប័ន​ចុះបញ្ជី​ឈ្មោះ​រដ្ឋាភិបាល​»​។​

​លោក​ ​កឹម​ ​សុខា​ ​បន្ថែម​ថា​៖​ ​«​ថ្ងៃនេះ​ ​ខ្ញុំ​ប្រាប់​ថា​ ​អ្វី​ដែល​ជា​យុទ្ធ​សាស្រ្ត​នយោបាយ​របស់ខ្ញុំ​ ​ខ្ញុំ​ធ្វើ​អ្វី​ៗ​ទាំងអស់​ជុំវិញ​លទ្ធិប្រជាធិបតេយ្យ​ ​និង​សិទ្ធិមនុស្ស​។​ ​ហើយ​យុទ្ធ​សាស្រ្ត​របស់ខ្ញុំ​ ​ដែលគេ​ថា​ដោយសារ​គេ​មិន​យល់​ច្បាស់​ ​ឬ​គេ​មិនដឹង​ច្បាស់​ ​ឬ​យ៉ាងម៉េច​ទេ​ ​តែ​យុទ្ធ​សាស្រ្ត​របស់ខ្ញុំ​ ​ខ្ញុំ​នឹង​បង្ហាញថា​ ​គឺ​យុទ្ធ​សាស្រ្ត​ខ្ញុំ​ ​ដើម្បីឲ្យ​មានការ​ផ្លាស់​ប្តូរ​ខ្លៅ​ ​ខ្លាច​ ​ឃ្លាន​»​។​

​លោក​ ​កឹម​ ​សុខា​ ​បន្ត​ថា​ ​យុទ្ធ​សាស្រ្ត​នេះ​ ​គឺ​ដើម្បី​ពន្យល់​ពលរដ្ឋ​ឲ្យ​យល់ដឹង​ ​កុំ​ឲ្យ​ខ្លាច​ ​ហ៊ាន​បញ្ចេញមតិ​ ​និង​ពលរដ្ឋ​មាន​ជីវភាព​ប្រសើរ​ឡើង​។​ ​លោក​បន្ថែម​ថា​ ​គោលដៅ​របស់​លោក​ឆ្ពោះទៅ​រក​ការបោះឆ្នោត​ ​មិនមែន​បដិវត្តន៍​ពណ៌​ ​ដូច​ការចោទប្រកាន់​របស់​រដ្ឋាភិបាល​នោះ​ទេ​។

​លោក​ ​កឹម​ ​សុខា​ ​បាន​ឲ្យដឹង​ទៀត​ថា​ ​លោក​បាន​សាកសួរ​តុលាការ​អំពី​ក្រម​ព្រហ្មទណ្ឌ​ ​ត្រង់​មាត្រា​ ​«​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​»​ ​ត្រូវ​បាន​ប្រកាសឲ្យប្រើ​ប្រាស់​នៅ​ឆ្នាំ២០១០​ ​តែ​សកម្មភាព​របស់​លោក​ដែល​តុលាការ​បាន​សាកសួរ​គឺ​ចាប់ពី​ឆ្នាំ១៩៩៣​ ​ដល់​ឆ្នាំ២០០៧​។​

​ក្នុង​បន្ទប់​សវនាការ​កាលពី​ថ្ងៃពុធ​ ​តុលាការ​បាន​បង្ហាញ​វីដេអូ​ដំបូងបង្អស់​រយៈពេល២នាទី​ ​ដែល​លោក​ ​កឹម​ ​សុខា​ ​បាន​ថ្លែង​កាលពី​ឆ្នាំ២០១៣ថា​ ​អាមេរិក​បាន​គាំទ្រ​លោក​ ​កឹម​ ​សុខា​ ​និង​បាន​ផ្តល់​គំនិត​ដល់​រូបលោក​សម្រាប់​ការបង្កើត​អង្គការ​សង្គម​ស៊ីវិល​ ​និង​ការងារ​នយោបាយ​។​ ​វីដេអូ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រើប្រាស់​ជា​ភស្តុតាង​ក្នុង​ការ​ចាប់ខ្លួន​លោក​ ​កឹម​ ​សុខា​ ​កាលពី​ថ្ងៃទី៣​ ​ខែកញ្ញា​ ​ឆ្នាំ២០១៧​ ​ដោយ​ចោទ​ថា​ ​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​ ​ប៉ុន​ប៉ុង​ផ្តួល​រំលំ​រដ្ឋាភិបាល​។

​លោក​ ​កឹម​ ​សុខា​ ​កាលពី​ថ្ងៃពុធ​បាន​ប្រាប់​ទៅ​អង្គ​ជំនុំជម្រះ​ថា​ ​វីដេអូ​ដែល​តុលាការ​យក​ធ្វើជា​ភស្តុតាង​ក្នុង​ការចោទប្រកាន់​លោក​ថា​ ​«​ក្បត់ជាតិ​»​ ​ជា​វីដេអូ​កាត់ត​ ​ហើយ​លោក​បាន​ប្រគល់​វីដេអូ​ពេញ​ជាង​មួយ​ម៉ោង​ ​ដោយ​ស្នើ​ឲ្យ​មានការ​បញ្ចាំង​ក្នុង​បន្ទប់​សវនាការ​។

​ក្រោយ​បញ្ចាំង​វីដេអូ​នេះ​ ​លោក​ ​កឹម​ ​សុខា​ ​បាន​ថ្លែង​ថា​៖​

​«​ខ្ញុំ​បដិសេធ​វីដេអូ​នេះ​ ​មិន​អាច​ធ្វើជា​ភស្តុតាង​អង្គហេតុ​ចោទប្រកាន់​ខ្ញុំ​ទេ​»​។

​មេដឹកនាំ​បក្សជំទាស់​រូប​នេះ​បាន​បន្ថែម​ថា​៖

​«​មិនមែន​ជា​វីដេអូ​របស់ខ្ញុំ​ទេ​ ​តែ​ជា​សំឡេង​ ​និង​រូប​ខ្ញុំ​ ​ហើយ​មិន​ពេញលេញ​ ​ហើយ​មានការ​កាត់ត​ ​ជា​កង់​ៗ​។​ ​សូមឲ្យ​តុលាការ​ធ្វើ​កោ​សល្យ​វិច័្​ចយ​ជាមុន​សិន​ ​ប្រភព​ពីណា​ ​នរណា​កាត់ត​។​ ​ខ្លឹមសារ​ពិត​ដែល​ខ្ញុំ​បាន​និយាយ​ជា​សាធារណៈ​កាលពី​ថ្ងៃទី៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៣​ ​បំណង​គឺ​ថ្លែងអំណរគុណ​ ​និង​ជម្រាប​ពី​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ ​និង​គោល​ចំហរ​របស់ខ្ញុំ​។​ ​មិន​មាន​ផែនការ​ណាមួយ​ ​ដែល​ខ្ញុំ​ចង់​ធ្វើការ​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ​»​។​

​លោក​ ​កឹម​ ​សុខា​ ​បាន​បន្ត​ថា​ ​លោក​មាន​យុត្តិធម៌​«​ក្នុងចិត្ត​»​ ​ដ្បិតអី​លោក​ថា​ ​លោក​មិនបាន​ប្រព្រឹត្ត​កំហុស​ ​ហើយ​លោក​ថា​ការណ៍​នេះ​ ​អាច​ហៅ​បាន​ថា​ជា​«​ជោគជ័យ​»​មួយ​សម្រាប់​រូបលោក​ ​រួច​ទៅ​ហើយ​។​

​តុលាការ​បានសម្រេច​យល់ព្រម​ទទួល​ភស្ដុ​តាង​ថ្មី​ជា​វីដេអូ​ទាំងមូល​នៃ​សុន្ទរកថា​របស់​លោក​ ​ដែល​ត្រូវ​បានខាង​រដ្ឋាភិបាល​យក​មក​ធ្វើជា​តឹកតាង​ដាក់បន្ទុក​ ​និង​ចាប់ខ្លួន​រូបលោក​។

​លោក​ ​តាំង​ ​ស៊ុន​ឡាយ​ ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ថ្លែងប្រាប់​ ​VOA​ ​កាលពី​ថ្ងៃអង្គារ​ថា​ ​សវនាការ​ជំនុំជម្រះ​ក្តី​លើ​លោក​ ​កឹម​ ​សុខា​ ​អាច​ប្រើ​រយៈពេល​ដល់ទៅ៣ខែ​។

​ក្នុង​សវនាការ​ថ្ងៃទី​ពីរ​នេះ​ ​ដំណើរការ​បាន​ប្រព្រឹត្តទៅ​តែមួយ​ព្រឹក​ប៉ុណ្ណោះ​ ​បន្ទាប់ពី​មានការ​ជជែក​ដេញដោល​គ្នា​ខ្លាំង​ៗ​ ​លើ​ជីវប្រវត្តិ​ការងារ​របស់​លោក​ ​កឹម​ ​សុខា​ ​នៅ​អង្គការ​សង្គម​ស៊ីវិល​ ​និង​ការ​ទទួល​ជំនួយ​ពីទី​ភ្នាក់ងារ​អភិវឌ្ឍន៍​នានា​របស់​សហរដ្ឋអាមេរិក​។​ ​នេះ​បើ​តាម​ប្រភព​ពី​ក្នុង​សវនាការ​។

​លោក​ ​ផៃ​ ​ស៊ី​ផាន​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​លោក​ ​កឹម​ ​សុខា​ ​មាន​សិទ្ធិ​ធ្វើ​សេចក្ដីថ្លែង​ការណ៍​ ​និង​សិទ្ធិ​ផ្នែក​ផ្លូវ​តុលាការ​នានា​ ​ដើម្បី​ការពារ​ ​និង​ដោះបន្ទុក​លើ​បទ​ចោទ​ប្រឆាំង​រូបលោក​។​ ​លោក​បាន​បង្វែរ​សំណួរ​នេះ​ ​លោក​ ​គី​ ​តិច​ ​វិញ​។

​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​លោក​ ​គី​ ​តិច​ ​មេធាវី​រដ្ឋាភិបាល​ ​បាន​បន្ត​លើកឡើង​ថា​ ​ករណី​លោក​ ​កឹម​ ​សុខា​ ​ជា​ករណី​ផ្លូវច្បាប់​និង​ព្រហ្មទណ្ឌ​ ​មិនមែន​ជា​ករណី​នយោបាយ​នោះ​ទេ​។

​យ៉ាងណាក្ដី​ ​ក្រុម​មេធាវី​ការពារ​ក្ដី​លោក​ ​កឹម​ ​សុខា​ ​និង​អ្នកគាំទ្រ​រូបលោក​តែង​ ​បាន​ហៅ​ករណី​ប្រឆាំង​នឹង​លោក​ ​កឹម​ ​សុខា​ ​នេះ​ថា​ជា​ករណី​នយោបាយ​៕

(​អត្ថបទ​នេះ​ត្រូវ​បាន​បង្ហោះ​ដំបូង​នៅ​ម៉ោង១០​:​៥២​ ​ថ្ងៃទី១៦​ ​ខែមករា​ ​ឆ្នាំ២០២០​ ​និង​ត្រូវ​បាន​កំណែ​ថ្មី​ជា​មួយ​នការ​រាយការណ៍​បន្ថែម​នា​ម៉ោង ១៧:៣០ ថ្ងៃដដែល​)