ភ្នំពេញ —
មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សជំទាស់ធំជាងគេក្នុងប្រទេសកម្ពុជា បានបរិហារនៅថ្ងៃព្រហស្បតិ៍នេះថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) មិនទាន់មានលទ្ធភាពធានាដល់ភាពត្រឹមត្រូវក្នុងការបោះឆ្នោតនៅឡើយទេ។
លោកកឹម សុខា ប្រធានស្តីទីគណបក្សនេះបានថ្លែងក្នុងសន្និសីទកាសែតនៅរសៀលថ្ងៃនេះក្នុងទីក្រុងភ្នំពេញថា មានភាពមិនប្រក្រតីជាច្រើនដែលកំពុងកើតឡើងក្នុងអំឡុងពេលឆ្ពោះទៅរកការបោះឆ្នោតនេះ។
បញ្ហាទាំងនោះរួមមានការរៀបចំមន្ត្រីបោះឆ្នោតថ្នាក់ខេត្ត និងជាតិ ដែលមិនមានសមត្ថ ភាព បញ្ជីឈ្មោះអ្នកបោះឆ្នោតគ្មានគុណភាពដោយសារមានឈ្មោះស្ទួន និងបាត់ឈ្មោះអ្នកបោះឆ្នោតចំនួនជាងមួយលាននាក់ ការបោះពុម្ពសន្លឹកឆ្នោតលើសច្រើនជ្រុលរហូត ដល់ជាងពីរលានសន្លឹក ខណៈដែលអ្នកបោះឆ្នោតសរុបមានចំនួនត្រឹមតែជាង៩,៦លាននាក់តែប៉ុណ្ណោះ។
លោកកឹម សុខារៀបរាប់បន្ថែមថា ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋមិនមានសមធម៌ ហើយគ្រប់គ្រងដោយគណបក្សកាន់អំណាចទាំងស្រុង។
លោករៀបរាប់ថា រោងពុម្ពដែលបោះសន្លឹកឆ្នោតស្និទ្ធជាមួយមន្ត្រីគណបក្សកាន់អំណាចដែលគួរឲ្យមានការសង្ស័យ។ បន្ថែមពីនោះទៀត លោកកឹម សុខាលើកឡើងថា មានការរំខានការធ្វើវេទិកានានារបស់គណបក្សសង្គ្រោះជាតិចំនួន៤៥ករណីនិងការបំផ្លាញស្លាកសញ្ញាគណបក្សចំនួន៩៦ករណីយ៉ាងហោចណាស់នៅក្នុងខេត្តចំនួនដប់។
លោកកឹម សុខាមានប្រសាសន៍ថា បញ្ហាទាំងនេះបង្ហាញពីគុណភាពរបស់គ.ជ.ប.។
លោកនិយាយថា៖ «ដូច្នេះកត្តាទាំងអស់ខាងលើនេះធ្វើឲ្យការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រនិតិកាលទី៥ នាពេលខាងមុខនេះបង្ហាញឲ្យឃើញថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនទាន់បានធានារៀបចំយន្តការការបោះឆ្នោតឲ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌បានឡើយ»។
លោកកឹម សុខាគូសបញ្ជាក់ថា ប្រសិនបើបញ្ហាដូចខាងលើនៅតែអូសបន្លាយនោះ វានឹងនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ។
ការលើកឡើងរបស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិធ្វើឡើងមួយសប្តាហ៍ប៉ុណ្ណោះ មុននឹងការឃោសនាបោះឆ្នោតចាប់ផ្តើម។
លោកទេព នីថា អគ្គលេខាធិការគ.ជ.ប.ឆ្លើយតបទៅវិញថា ការបោះពុម្ពសន្លឹកឆ្នោតលើសនេះជាលក្ខណៈបច្ចេកទេសដែលត្រូវបានអនុវត្តន៍ចាប់តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ។
រីឯការទម្លាក់ស្លាកគណបក្សនយោបាយមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែព្រឹត្តិការណ៍នេះមានការថយចុះជាច្រើន។
លោកនិយាយថា៖ «អញ្ចឹងគឺសភាពការណ៍នេះមិនធ្ងន់ធ្ងរដែលហួសពីការគ្រប់គ្រងទេ ហើយមិនអាចវាយតម្លៃលឿនពេកថា សភាពការណ៍នេះមិនល្អទេ។ ទីពីរគឺខ្ញុំអាចនិយាយថា ដំណើរការបានល្អប្រសើរជាង បើប្រៀបធៀបនឹងការបោះឆ្នោតមុន»។
ទោះជាយ៉ាងនេះក្តី លោកបណ្ឌិតហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រិត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតនៅកម្ពុជាលើកឡើងថា ភាពមិនប្រក្រតីជារឿងសំខាន់ក្នុងអំឡុងពេលនេះគឺការរំខានការជួបប្រជុំរបស់គណបក្សជំទាស់ និងការទម្លាក់ស្លាកគណបក្សគណបក្សនេះ។
លោកបណ្ឌិតហង្ស ពុទ្ធាមានប្រសាសន៍បន្ថែមថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងបញ្ហាទាំងនេះ នៅពេលដែលការឃោសនាបោះឆ្នោតមកដល់៕