ចូរស្រម៉ៃមើលថាពិភពលោកមួយដែលមនុស្សគ្រប់គ្នាអាចត្រូវគេតាមដានបានគ្រប់ ជំហាន ហើយអ្វីៗគេអាចមើលឃើញដោយសារកាមេរ៉ាភ្ជាប់ដោយផ្ទាល់ទៅកាន់ រដ្ឋាភិបាលចិន។ កំណើនយ៉ាងឆាប់រហ័សនូវអ្វីដែលគេមិនសូវដឹងពីការផលិតប្រព័ន្ធ បច្ចេកវិទ្យាឈ្លបយកការណ៍ដ៏មានឥទ្ធិពលខ្លាំងនោះ បានធ្វើឲ្យមនុស្សមួយចំនួន បារម្ភថា រឿងនេះមិនមែនគ្រាន់តែការគិតទៀតនោះទេ។
ក្រុមហ៊ុនបច្ចេកវិទ្យា Hangzhou Hikvision Digital Technology ដែលគ្រប់គ្រងដោយ រដ្ឋាភិបាលចិន គឺជាអ្នកផ្គត់ផ្គង់សម្ភារៈកាមេរ៉ាវីដេអូសុវត្តិភាពដ៏ធំជាងគេបង្អស់ សម្រាប់ពិភពលោក ហើយកាមេរ៉ាប្រើបានដោយការភ្ជាប់អ៊ីនធឺណិតនេះ បានដំឡើងនៅក្នុងប្រទេសជាង១០០ រួចហើយ។
ប្រព័ន្ធកាមេរ៉ានេះអាចចាប់យករូបភាពយ៉ាងច្បាស់ ទោះជាមានអាប់ មានភ្លៀង ឬ ពេលយប់ក្តី ដែលក្រុមហ៊ុន Hikvision បានអះអាងថាបច្ចេកវិទ្យាដ៏ទំនើបបំផុតរបស់ ខ្លួន អាចមើលឃើញផ្លាកលេខឡាន ហើយអាចដឹងថាអ្នកបើកឡានកំពុងប្រើទូរស័ព្ទ សរសេរសារ ពេលកំពុងបើកឡានទៀតផង។
នៅ ស.រ.អា. តែមួយ ប្រព័ន្ធកាមេរ៉ាសុវត្តិភាពរបស់ក្រុមហ៊ុនចិននេះ ត្រូវគេឃើញដាក់ នៅគ្រប់កន្លែង រាប់ចាប់ពីគុក ព្រលានយន្តហោះ ផ្ទះឯកជន សាលារៀនរដ្ឋ ហើយសូម្បីតែកន្លែងទាក់ទងនឹងសន្តិសុខប្រទេសជាតិដ៏រសើបដូចជាមូលដ្ឋានទ័ព Fort Leonard Wood ក្នុងរដ្ឋ Missouri ក្តី។ នៅបរទេសវិញ ក្រុមហ៊ុនកាមេរ៉ាមានការដំឡើងនៅក្នុងស្ថានទូត ស.រ.អា. ក្នុងទីក្រុងកាប៊ូល ប្រទេសអាហ្វហ្គានីស្ថាន៕