ប្រទេសចិន កំពុងអំពាវនាវឲ្យមានឯកភាពជាតិ សម្រាប់រាល់តំបន់នានាដែលខ្លួនចាត់ទុកថាជាដែនដីរបស់ចិន។
ថ្លែងនៅក្នុងពិធីរំលឹកខួបទី១៥០នៃថ្ងៃកំណើតប្រធានាធិបតីចិនដំបូងគេ គឺលោក Sun Yat-sen លោកប្រធានាធិបតីចិន Xi Jinping មានប្រសាសន៍នៅថ្ងៃសុក្រនេះថា ប្រទេសចិន នឹងមិនអត់ឱនឲ្យដែនដីណាមួយ ដែលប៉ុនប៉ងចង់ផ្តាច់ខ្លួនចេញពីចិននោះទេ។
ការថ្លែងរបស់លោកប្រធានាធិបតីចិននេះ ធ្វើឡើងនៅពេលដែលប្រទេសចិន បានព្យួរការទាក់ទងជាមួយកោះតៃវ៉ាន់ ដែលគ្រប់គ្រងខ្លួនឯង រហូតដល់ខ្លួន ទទួលស្គាល់គោលនយោបាយ «ចិនតែមួយ» និងក្រោយពីប្រទេសចិន បានហាមឃាត់មន្ត្រីជាប់ឆ្នោតពីររូបក្នុងទីក្រុងហុងកុង មិនឲ្យឡើងកាន់អំណាច បន្ទាប់ពីមន្ត្រីទាំងពីរនាក់នោះ បានសម្ដែងអារម្មណ៍ប្រឆាំងចិន។
លោក Xi Jinping បានថ្លែងនៅក្នុងសភាចិនក្នុងកណ្តាលទីក្រុងប៉េកាំងថា «រាល់សកម្មភាពទាំងឡាយណា ដែលប៉ុនប៉ងចែងចែកប្រទេសចិន នឹងប្រាកដជារងការប្រឆាំងយ៉ាងខ្លាំងក្លាពីប្រជាជនចិនទាំងអស់។ យើងដាច់ខាត នឹងមិនអនុញ្ញាតឲ្យនរណាម្នាក់ អង្គការណាមួយ ឬបក្សណាមួយ ញែកបំណែកដែនដីណាមួយចេញពីប្រទេសចិនបានឡើយ ទោះបីជាតាមរបៀបណា ឬពេលណាក៏ដោយ»។
លោកស្រី Tsai Ing-wen ប្រធានាធិបតីស្ត្រីលើកដំបូងរបស់កោះតៃវ៉ាន់ មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (Democratic Progressive Party) ដែលមិនត្រូវជាមួយចិន បានឡើងកាន់តំណែងកាលពីខែឧសភា ក្រោយពីទទួលជោគជ័យភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោត ដោយយកឈ្នះគណបក្ស Kuomintang ដែលស្និទ្ធនឹងចិនជាង។
លោកស្រីប្រធានាធិបតីរូបនេះ ក៏បានអំពាវនាវដល់រដ្ឋាភិបាលទីក្រុងប៉េកាំង ឲ្យប្រឈមមុខនឹងការពិតអំពីអត្ថិភាពនៃរដ្ឋាភិបាលរបស់លោកស្រី និងប្រជាធិបតេយ្យនៃកោះតៃវ៉ាន់។
លោកស្រី ថ្លែងថា ភាគីទាំងពីរ គួរតែអង្គុយចុះហើយជជែកគ្នាវិញ។ ប៉ុន្តែ ប្រទេសចិន ទទូចថា តៃវ៉ាន់ គឺជាផ្នែកមួយរបស់ចិន៕