ក្រុម​រដ្ឋ​ឥស្លាម​​ហៅ​ជនសង្ស័យ​ដែល​វាយ​ប្រហារ​ទៅ​លើ​សកលវិទ្យាល័យ Ohio State ថា​ជា​ទាហាន​របស់​គេ

ជន​សង្ស័យ Abdul Razak Ali Artan និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​គ្រប់​គ្រង​ ជួប​សម្ភាស​ជា​មួយ​និស្សិត​សារព័ត៌មាន​នៅ​សាកាល​វិទ្យាល័យ​ Ohio State កាល​ពី​ថ្ងៃទី​២៨ ខែវិច្ឆិកា។

ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​បាន​អះអាង​ថា ​ជន​ឈ្មោះ ​Abdul Razak Ali Artan ​បុរស​ដែល​ប៉ូលិស​ថ្លែង​ថា ​បាន​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​ប្រើ​ប្រាស់​រថយន្ត​និង​កាំបិត នៅ​ឯ​សកល​វិទ្យាល័យ Ohio State កាលពី​ថ្ងៃ​ចន្ទ​ គឺ​ជា«ទាហាន​រដ្ឋ​ឥស្លាម​ ដែល​កំពុង​តែ​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​លើ​ការ​អំពាវ​នាវ​ឲ្យ​សំដៅ​ទៅ​លើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​ជា​សម្ព័ន្ធ​អន្តរជាតិ‍»។

សេចក្តី​ថ្លែង​ការណ៍​មួយ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទីភ្នាក់ងារ​ព័ត៌មាន​ Amaq ​របស់​ក្រុម​រដ្ឋ​ឥស្លាម។ ក្រុម​រដ្ឋ​ឥស្លាម​បាន​ប្រើប្រាស់​ពាក្យ​សម្តី​ស្រពេច​ស្រពិល​ស្រដៀង​គ្នា​នេះ​ក្រោយ​ការ​វាយ​ប្រហារ​ផ្សេងៗ​នៅ​ពេល​មុនៗ។ ក្រុម​អាជ្ញាធរ​អាមេរិក​មិន​ទាន់​មាន​អត្ថាធិប្បាយ​ទៅ​លើ​ការ​អះអាង​របស់​ក្រុម​រដ្ឋ​ឥស្លាម​នោះ​ទេ។

ជន​សង្ស័យ Artan បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ Facebook ប៉ុន្មាន​នាទី​មុន​នឹង​ការ​វាយ​ប្រហារ​កាលពី​ថ្ងៃ​ចន្ទ ដែល​ជន​នេះ​បាន​ស្តី​បន្ទោស​ទៅ​លើ​អាមេរិក​ចំពោះ​ការ​សម្លាប់​អ្នក​កាន់​សាសនា​ឥស្លាម ហើយ​បាន​កោត​សរសើរ​បុព្វជិត​អាល់​កៃដា Anwar al-Awlaki ថា​ជា​វីរៈបុរស នេះ​បើ​យោង​តាម​មន្ត្រី​ប៉ូលិស​ដែល​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​របស់​អាមេរិក៕