កង​កម្លាំង​ចម្រុះ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ត្រៀម​ខ្លួន​សម្រុក​ចូល​ក្នុង​ក្រុង​ Mosul

ក្រុម​ទាហាន​អ៊ីរ៉ាក់​ លើក​អាវុធ​របស់ពួកគេ​ដើម្បី​អបអរ​សាទរ​នៅ​ជាយក្រុង​ Mosul។ ពួក​គេ​​ត្រៀមចូល​ក្នុង​ក្រុង​ Mosul នៅល្ងាច​ថ្ងៃ​ចន្ទ។

ពួក​មេ​បញ្ជាការ​ប្រទេស​អ៊ីរ៉ាក់​និយាយ​ថា​ កង​កម្លាំង​ចម្រុះ​ដែល​ស្វះ​ស្វែង​វាយ​យក​មក​វិញ​នូវ​ក្រុង​ Mosul ​នា​ប៉ែក​ខាង​ជើង​ប្រទេស​បាន​ទម្លាយ​ខ្សែ​ការពារ​របស់​ពួក​ជីហាដ (Jihadists) នៅ​ខាង​កើត​ក្រុង​នេះ ហើយ​ប្រុង​ប្រៀប​ដើម្បី​ចូល​ទៅ​ក្នុង​ក្រុង​នេះ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ ដើម្បី​ចូល​ទៅ​ក្នុង​ក្រុង​នេះដែល​ជា​សំបុក​របស់​ពួក​រដ្ឋ​ឥស្លាម។​

ការ​ទម្លាយ​ខ្សែ​ការ​ពារ​នេះ​មាន​ឡើង​ពីរ​សប្តាហ៍​ក្រោយ​ពី​ក្រុម​ចម្រុះ​នៃ​កង​កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​ និង​កងកម្លាំងឃើដ (Kurds)​ គាំទ្រ​ដោយ​កង​ជីវពល ​Shi'ite និង​ការ​វាយ​ប្រហារ​តាមអាកាស​ដោយ​ស.រ.អា. ​បាន​បើក​ធ្វើកិច្ច​ប្រតិបត្តិការយោធា​ធំ​បំផុត​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ ចាប់​តាំង​ពីឆ្នាំ​២០០៣​ មក ​ដើម្បី​បណ្តេញ​ពួក​យុទ្ធជន​ជ្រុល​និយម​ឱ្យ​ចេញ​ពីក្រុង​នេះ។

ទូរទស្សន៍​រដ្ឋ​នៃ​ប្រទស​អ៊ីរ៉ាក់​បាន​រាយការ​ណ៍​អំពី​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ខាង​ក្នុង​ក្រុង​នេះ​ដែល​ធ្លាប់​មាន​អ្នក​ស្រុក​រស់​ក្នុង​ទី​នោះ​ជិត​៧សែ​ននាក់​ ដែល​នៅ​ទីនោះទូរទស្សន៍​នេះ​បាន​និយាយ​ថា ​ពួក​អ្នក​ស្រុក​ក្នុង​មូលដ្ឋាន​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​យុទ្ធ​ជន​រដ្ឋ​ឥស្លាម។

អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ម្នាក់​របស់​ទី​ភ្នាក់​ងារ​ព័ត៌មាន​បារាំង​នៅ​នឹង​កន្លែង​បាន​រាយ​ការណ៍​ថា ​កង​កម្លាំង​រដ្ឋាភិបាល​ប្រឈម​មុខ​នឹង​ការ​បាញ់​កាំភ្លើង​ត្បាល់​យ៉ាង​ខ្លាំង​នៅ​ពេល​ពួក​គេ​ជម្រុល​ទៅ​មុខ​កាត់​ក្រុង​ Bartalla ​ដែល​មាន​អ្នក​ស្រុក​ភាគ​ច្រើន​ជា​អ្នក​កាន់​គ្រឹស្ត​សាសនា​ ដើម្បី​ទៅ​កាន់​សង្កាត់​ខាង​កើត​នៃ​ក្រុង Mosul។​

សេចក្តី​រាយការណ៍​នេះ​បាន​និយាយ​ថា​ មាន​ការ​វាយ​ប្រហារ​តាម​អាកាស​លើ​ទីតាំង​ពួក​រដ្ឋ​ឥស្លាម​ នៅ​ពេល​ដែល​ក្បួន​កុងវ័រ​នៃ​ឡាន​ធុន​ Humvees ​របស់​កង​ទ័ព​អ៊ីរ៉ាក់​បាន​បាញ់​កាំភ្លើង​យន្ត​ទៅ​លើ​ពួក​យុទ្ធ​ជន​រដ្ឋ​ឥស្លាម​ ដែល​កំពុង​ដក​ថយ៕