ប្រទេស​អ៊ីរ៉ង់​កាន់​ទុក្ខ​អ្នក​វិទ្យាសាស្ត្រ​អាវុធ​នុយ​ក្លេអ៊ែ​​ដែល​ត្រូវ​បាន​បាញ់​សម្លាប់

សាកសព​អ្នក​វិទ្យាសាស្ត្រ​អាវុធ​នុយ​ក្លេអែអ៊ីរ៉ង់​ ត្រៀមយកទៅបណ្ចុះ។

ប្រទេស​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​ចន្ទ​បាន​រៀប​ចំ​ពិធីបុណ្យ​សព​សម្រាប់​អ្នក​វិទ្យាសាស្ត្រផលិត​អាវុធ​នុយ​ក្លេអ៊ែ​របស់​ខ្លួន​គឺលោក Mohsen Fakhrizadeh ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាលពី​ថ្ងៃ​សុក្រ ហើយ​មេ​ដឹក​នាំ​ប្រទេស​អ៊ីរ៉ង់​បាន​គំរាម​ថា​ ខ្លួន​នឹង​ធ្វើ​ការ​សង​សឹក​ដល់​ការ​ស្លាប់​របស់​អ្នក​វិទ្យា​សាស្ត្រ​រូប​នេះ។

រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ប្រទេស​អ៊ីរ៉ង់ លោកឧត្តម​សេនីយ៍ Amir Hatami​ បាន​និយាយ​នៅ​ក្នុង​ពិធី​បុណ្យ​សព​ដែល​ត្រូវ​បានប្រារព្ធ​ធ្វើ​ក្នុង​បរិវេណ​ក្រសួង​ការពារ​ជាតិអ៊ីរ៉ង់ក្នុង​រដ្ឋធានី​តេហេរ៉ង់ថា​ ការ​ស្លាប់​របស់​លោក Fakhrizadeh នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​អ៊ីរ៉ង់​មានការ​រួប​រួម​គ្នា និង​ការ​តាំង​ចិត្ត​ខ្លាំង​ជាង​មុន ​ហើយ​ប្រទេស​អ៊ីរ៉ង់នឹងបន្ត​ការ​ងារ​របស់​លោក​ដោយ «​ល្បឿន​និង​ថាមពល​មួយកាន់​តែ​ខ្លាំង​ក្លា​ជាង​មុន»។​

កាល​ពី​ថ្ងៃ​សុក្រ​ ជន​ប្រដាប់​អាវុធ​ជា​ច្រើន​បាន​បាញ់​ប្រហារ​ទៅ​លើ​រថយន្ត​របស់​លោក Fakhrizadeh ខណៈ​ពេល​លោ​ក​កំពុង​ធ្វើ​ដំណើរ​ជិតទី​ប្រជុំ​ជន​ដាច់​ស្រ​យ៉ាលមួយ​ឈ្មោះ​ Absard​។

ប្រទេស​អ៊ីរ៉ង់​បានស្តី​បន្ទោស​ការ​សម្លាប់​អ្នក​វិទ្យាសាស្ត្រ​របស់​ខ្លួន​រូប​នេះ​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល។ រដ្ឋមន្ត្រី​ក្រសួង​ចារកម្ម​ប្រទេស​អ៊ីស្រាអែលលោក Eli Cohen ​បាន​ប្រាប់​ស្ថានីយ​វិទ្យុ​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​លោកមិនបាន​ដឹង​ថា ​អ្នក​ណា​ជា​អ្នក​ទទួល​ខុសត្រូវ​នៃ​ការ​បាញ់​សម្លាប់​នោះទេ។​

ជា​ការ​ឆ្លើយ​តប​ចំពោះ​ការបាញ់​សម្លាប់​នោះ​ សភា​ជាតិ​ប្រទេស​អ៊ីរ៉ង់​បាន​ចាប់​ផ្តើម​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ច្បាប់​មួយ​ដែល​អាច​បញ្ឈប់​ការ​ត្រួត​ពិនិត្យនូវ​កម្មវិធី​អាវុធ​នុយ​ក្លេអែ​របស់​ខ្លួន​ ដោយ​ទី​ភ្នាក់​ងារ​ថាមពលបរិមាណូ​អន្តរជាតិ។​

ព្រឹត្តិការណ៍ទាំង​នេះបាន​កើត​មាន​ឡើងក្នុង​រយៈ​ពេល​តិច​ជាង​២ខែ​មុន​លោក Joe Biden ដែល​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ជា​អ្នក​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ថ្មី​នោះ ​នឹង​ត្រូវ​ស្បថ​ចូល​កាន់​តំណែង ដោយ​មានគោល​បំណង​មួយ​ថា ​អាមេរិក​នឹង​ចូលរួម​ឡើង​វិញ​ក្នុងកិច្ច​ព្រម​ព្រៀង​អាវុធ​នុយ​ក្លេអ៊ែអ៊ីរ៉ង់​ឆ្នាំ​២០១៥ ដែល​បានដាក់​កម្រិត​នូវ​សកម្មភាព​ផលិត​អាវុធ​នុយ​ក្លេអ៊ែ​របស់​អ៊ីរ៉ង់ជា​ថ្នូរ​នឹង​ការ​ដក​ចេញ​នូវ​ទណ្ឌ​កម្ម​ផ្សេងៗ​៕