ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួក​អ្នក​វិទ្យាសាស្ត្រ​​«ភ្ញាក់​ផ្អើល​ខ្លាំង»នឹង​​​ក្រុម​​មនុស្ស​​ដែល​​សង្ស័យ​អំពី​វិទ្យាសាស្ត្រ​នៅ​ពេល​មាន​ការ​រាតត្បាត​​ជំងឺ​កូវីដ១៩


រូបឯកសារ៖ បុគ្គលិក​​ម្នាក់​កំពុង​ធ្វើការ​នៅ​មន្ទីរពិសោធន៍​​មួយ​ក្នុង​អំឡុងពេល​ស្រាវជ្រាវ​អំពី​​ជំងឺ​កូវីដ១៩ ក្នុង​ទីក្រុង Beerse ប្រទេស​ប៊ែលហ្សិក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។

ការ​រាតត្បាតជា​សាកល​នៃជំងឺ​កូវីដ១៩ជាឧបសគ្គ​ធំមួយសម្រាប់​ពួក​អ្នក​វិទ្យាសាស្ត្រដែលខិត​ខំ​បង្ក្រាប​ជំងឺ​នេះ​នៅពេលពួកគេរកមធ្យោបាយដោះស្រាយបញ្ហា បែរ​ជា​មានមនុស្សសង្ស័យអំពី​វិទ្យាសាស្ត្រ​និង​សាកសួរ​អំពីហេតុផល​របស់​ពួកគេ​ទៅវិញ។

លោក​វេជ្ជបណ្ឌិត​ Barun Mathema ជា​សាស្ត្រាចារ្យ​ជំនួយខាង​ជំងឺ​ឆ្លងនៅ​ឯ​សាកល​វិទ្យាល័យ​ Columbia នៅ រដ្ឋ​New York។ លោក​និយាយ​ថា«វា​ជា​ការ​នាំឱ្យ​ធ្លាក់​ទឹក​ចិត្ត។​ វា​ជា​ការនាំឱ្យ​រកាំ​ចិត្ត។ ​វា​ជាការ​ធ្វើ​ឱ្យ​បាត់​បង់​ការទុកចិត្ត...មានពួក​មនុស្ស​និយាយ​អាក្រក់​អំពីក្រុម​សហសេវិក​ក្នុង​ន័យទូលំទូលាយ។ ហើយពួក​យើងបានជួយទប់ទល់​នឹង​ជំងឺ​នេះដោយគ្មាន​បាន​ទទួលលាភ​សក្ការៈ​អ្វី​ឡើយ»។

លោក Mathema ថ្លែង​ថាពួក​អ្នក​វិទ្យាសាស្ត្រ​បានជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​១៩នៅ​ពេល​ពួកគេ​មានកាល​វិភាគ​មមាញឹក​ស្រេច​ហើយនោះ តែបាន​រង​ការ​វាយ​ប្រហារ​ទៅ​វិញ។

លោកបាននិយាយបន្ថែមថា៖ «​អ្វី​ដែល​នាំ​ឱ្យ​ទង្គុក​ចិត្តបំផុត​នោះ​គឺ​ថា​មាន​ការ​រុញ​ច្រានដែល​នាំ​ឱ្យមាន​ផល​ប៉ះពាល់​ដល់សេចក្តីសុចរិតរបស់​យើង ដូច​ជា​ថាមាន​ហេតុផលមួយ​ទៀត​នៅ​ពីក្រោយការរក​ឃើញរបស់​យើង»។

លោក​វេជ្ជបណ្ឌិត Aroon Glatt ជា​អ្នកនាំ​ពាក្យ​នៃសមាគមខាងជំងឺ​ឆ្លងនៃ​ប្រទេសអាមេរិក។ លោកថ្លែង​ថា​«​ខ្ញុំនិយាយ​ថាវា​ជា​ការអាម៉ាស់​មួយ​នៅ​ពេលមាន​អ្វីមួយ​ក្រៅ​ពី​គោលដៅ​វិទ្យាសាស្ត្រជំរុញគោលនយោបាយសម្រាប់ភាគី​ណា​មួយ។ ទោះ​ជា​លោកអ្នក​ជា​ពួកក្រហម ក្រុម​ខៀវ​ ជា​អ្នក​ប្រជាធិបតេយ្យ​ ជា​អ្នក​សាធារណរដ្ឋ​ក៏​ដោយ​...ក៏​វិទ្យាសាស្ត្រ​គួរ​ជា​កត្តា​ជំរុញឱ្យ​មានសេចក្តី​សម្រេចនិង​គោលនយោបាយ​ផ្អែក​លើវិទ្យាសាស្ត្រ»។

​បើ​តាមសាកល​វិទ្យាល័យ​ Johns Hopkins ថាមក​ត្រឹម​ថ្ងៃទី២៤ខែវិច្ឆិកា​មានមនុស្ស​ជាង​២៥៧.០០០​នាក់​ក្នុងស.រ.អ.​បាន​ស្លាប់ដោយសារវីរុស​កូរ៉ូណា​ហើយ​មានមនុស្ស​ឆ្លងជំងឺនេះ​១២,៤លាន​នាក់​ដែល​ជា​ចំនួន​ច្រើន​ជាង​គេក្នុងពិភព​លោក។

លោក​វេជ្ជបណ្ឌិត Boris Lushniak ជាព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​សុខាភិបាល​សាធារណៈនៃ​សាកល​វិទ្យាល័យ​ Maryland។ លោក​និយាយ​ថា៖ «​ខ្ញុំភ្ញាក់​ផ្អើល​ខ្លាំងដល់​ការ​ឆ្លើយ​តប​ភាគច្រើននឹង​ជំងឺ​កូវីដ១៩​ដែល​ថា​គឺ​វិទ្យាសាស្ត្រ​រងការ​វាយ​ប្រហារហើយ​មិន​មានការ​ពិនិត្យមើលទិន្នន័យ​ទេ»។

លោក Lushniak ដឹង​ជាងសមាសភាគ​នយោបាយភាគ​ច្រើនដែល​សម្រេចអំពី​វិធានការ​សុខាភិបាលធំៗ។ លោក​ជា​អនុប្រធានប្រតិបត្តិការ​នៃ​សេវាសុខាភិបាល​សាធារណៈស.រ.អ.ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១០​ដល់​ខែ​កញ្ញា​ឆ្នាំ​២០១៥និង​ជា​ប្រធាន​ស្តីទី​នៃសេវា​នេះ​ពី​ខែ​កក្កដា ឆ្នាំ​២០១៣​ដល់​ខែ​ធ្នូ​ឆ្នាំ២០១៤។

លោក Lushniak ពោល​ថា«វិទ្យាសាស្ត្រ​អាច​លោត​មក​វិញ។ ​គេ​ត្រូវយក​វិទ្យាសាស្ត្រ​ជា​ដៃ​គូម៉ត់​ចត់​មួយ​ក្នុងការ​ធ្វើ​សេចក្តីសម្រេច»។

ពួក​អ្នក​ជំនាញ​ព្រមាន​ថា​ការឆ្លងជំងឺ​កូវីដ១៩កើនឡើងក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ។​ មាន​ភាព​ជូរ​ចត់​ជាពិសេស​គឺ​ថា​ពួក​អ្នក​វិទ្យាសាស្ត្រដែលកំពុង​ប្រយុទ្ធប្រឆាំងនឹងជំងឺ​កូវីដ១៩​មិន​មែន​ជា​ពួក​អ្នក​ជំនាញ​ទេ។

លោក​វេជ្ជបណ្ឌិត Aaron Glatt ក៏​ជាសាស្ត្រាចារ្យ​និង​ជា​ប្រធាន​ផ្នែកជំងឺឆ្លង​នៅ​ឯ​មន្ទីរ​ពេទ្យ Mount Sinai South Nassau នៅ Oceanside រដ្ឋ New York។

តាម​ការ​យល់ឃើញ​របស់​លោក Glatt ថាផ្នែក​មួយ​នៃបញ្ហា​នេះគឺថា​បណ្តាញ​ព័ត៌មាន​សង្គម​បានបង្កើន​សំឡេង​ពួក​ជន​ដែល​គ្មាន​គុណវុឌ្ឍិក្នុ​ង​ការ​បញ្ចេញ​មតិ​អំពី​បញ្ហា​វិទ្យាសាស្ត្រ។

លោក​វេជ្ជបណ្ឌិត Aaron Glatt មានប្រសាសន៍​ថា«ការណ៍​នេះ​ធ្វើឱ្យ​ខ្ញុំព្រួយ​បារម្ភ​ពីព្រោះ​ខ្ញុំមិន​កាន់​ខាង​ណាអំពី​បញ្ហា​នេះ​ទេ។ ខ្ញុំ​មិន​លម្អៀងឬ​ប្រឆាំង​នឹងកូវីដ​ទេ។ ខ្ញុំមិន​លម្អៀង​ឬ​ប្រឆាំង​នឹង​ការ​ព្យាបាល​ណា​មួយ​ទេ។ ខ្ញុំចង់វាយតម្លៃ​ការព្យាបាលនិងធ្វើ​ការ​សន្និដ្ឋាន​ថា​តើ​ការព្យាបាលទាំង​នេះមាន​ប្រសិទ្ធភាព​ឬទេ។ មានតែ​ពួក​មនុស្ស​មាន​បទ​ពិសោធន៍​និង​ពួក​អ្នក​ជំនាញ​ទេដែល​មានសិទ្ធិបញ្ចេញមតិ​»។

ជាជាង​ត្រូវបាន​យល់​ឃើញ​ថា​ជា​បញ្ហា​សុខភាព ការ​ពាក់ម៉ាស់ដើម្បីពន្យឺតការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩បានត្រូវ​យកមកធ្វើជា​រឿង​នយោបាយ។ ជនជាតិ​អាមេរិកាំង​ខ្លះបានជ្រើសរើស​មិន​ពាក់​ម៉ាស់​ថា​ជា​សេចក្តី​ថ្លែងការណ៍​នយោបាយ​មួយ​ដែល​ជា​ហេតុការណ៍​មួយ​ធ្វើ​ឱ្យ​សហគមន៍អ្នក​វិទ្យាសាស្ត្រ​ស្រឡាំងកាំង។

លោក​វេជ្ជបណ្ឌិត​ Barun Mathema មានប្រសាសន៍​ថា«ស.រ.អ.​នឹង​មានការ​ឆ្លើយ​តប​ប្លែក​ពី​នេះប្រសិន​បើ​មាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​២៥​គ្រឿងមកធ្វើការ​វាយប្រហារ។ វា​មិន​មែន​ជា​ការណ៍​សំខាន់ទេ​អំពី​និន្នាការនយោបាយ​ លោកអ្នកត្រូវតែ​រួបរួមគ្នា​ហើយ​នេះ​ជា​អ្វី​ដែល​យើង​ត្រូវការ។​ ការបែកបាក់​គ្នា​មិនមែន​ជា​អ្វី​ដែល​លោកអ្នក​ត្រូវការ​ឱ្យ​មាន​ក្នុង​ពេល​មានសង្គ្រាម​ទេ​ ហើយ​ក៏ដូចគ្នា​ណាស់​ដែរ​ក្នុង​ពេល​មានការរាតត្បាត​ជំងឺ​»។

លោក​ Mathema និយាយ​ថាពួក​អ្នក​វិទ្យាសាស្ត្រ​បាន​ដឹងអំពីការផ្ញើ​សារនិងសេចក្តី​ត្រូវការពន្យល់​អំពីទស្សនៈវិទ្យាសាស្ត្រ​តាម​វិធី​ដែលពួក​ជន​សាមញ្ញអាច​យល់​ដោយ​ងាយ។

លោក​ថ្លែងថា«យើងទាំង​អស់​គ្នាគួរប្រកាន់​យក​របៀបមួយ​នៃការ​និយាយ​ទាក់ទង​គ្នា​អំពីទស្សនៈមូលដ្ឋាន​ស្តី​ពី​វិទ្យាសាស្ត្រ​និង​សុខភាព។​ គមនាគមន៍​ជា​អ្វី​ដែល​យើង​តែង​តែ​ធ្វើ​មិនត្រូវ​ហើយ​នេះមិន​មែន​ជា​បំណង​អាក្រក់ទេ។ ខ្ញុំ​យល់​ថានេះ​ជា​មេរៀ​ន​សំខាន់​មួយ...ដែលអាចនាំ​ឱ្យ​មានការ​មិន​ទុក​ចិត្ត​គ្នា»។

ផល​វិបាក​មួយក្នុង​បណ្តា​ផលវិបាក​ទាំងឡាយដោយ​អចេតនា​នៃ​ការ​រាតត្បាត​ជា​សាកលនៃជំងឺ​កូវីដ១៩គឺ​ថាសាធារណជន​មានការ​យល់ជាង​មុន​អំពី​វិទ្យាសាស្ត្រ​និង​កម្រិត​របស់​វា។

លោក​ Lushniak និយាយ​ថា«ខ្ញុំ​សង្ឃឹម​ថា​មនុស្សមាន​ជំនឿ​លើវិទ្យាសាស្ត្រច្រើន​ជាង​មុនគឺ​ថា​ការ​ធ្វើ​សេចក្តី​សម្រេច​របស់​យើង​ជា​ច្រើន​ផ្អែក​លើ​ព័ត៌មាន​និង​ទិន្នន័យហើយ​ថា​យើងមាន​បំណង​នឹង​កែប្រែ​ការណ៍​នេះ​ដោយ​និយាយ​ថា​កាល​ពីដំបូង​ឡើយយើង​បានប្រាប់លោកអ្នកកុំ​ឱ្យ​ពាក់​ម៉ាស់ហើយ​នៅ​ពេល​នេះ​ខ្ញុំនិយាយប្រាប់លោក​អ្នក​ឱ្យ​ពាក់​ម៉ាស់វិញ។​ ដូច្នេះ ខ្ញុំ​យល់​ថា​មនុស្សនឹង​យល់ជាងមុន​អំពីលក្ខណៈនិងសោភ័ណភាព​នៃ​វិទ្យាសាស្ត្រនិងកម្រិតរបស់​វា​ផង​ដែរ»។

លោក​ Glatt បានថ្លែង​បន្ថែមថា«​ខ្ញុំ​សង្ឃឹម​ថា​យើង​អាចធ្វើឱ្យ​ខ្លួនយើង​រើប​ពី​ស្ថានភាពនេះ​នឹង​ដាក់​វិទ្យាសាស្ត្រជា​ថ្មី​ក្នុងតំណែង​ប្រកប​ដោយ​កិត្តិយស​ដែលខ្លួន​ធ្លាប់​មាននៅ​ពេ​លដែលខ្ញុំពេញ​វ័យ»៕

ប្រែសម្រួលដោយ​លោក​ ឈឹម សុមេធ

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG