ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​អេត្យូពី​ថា ទាហាន​អេត្យូពី​បាន​ដណ្ដើម «គ្រប់គ្រង​ទាំងស្រុង» លើ​ទីក្រុង Mekelle នៃ​តំបន់ Tigray


ជនភៀសខ្លួន​អេត្យូពី​តម្រង់ជួរ​រង់ចាំ​ម្ហូបអាហារ​ដែល​គេ​ចែក​ឲ្យ​នៅ​ជំរំជនភៀសខ្លួន។ ពួកគេ​រត់គេច​ខ្លួន​ពី​ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់ Tigray ដែល​ស្ថិត​នៅ​ព្រំប្រទល់​រវាង​ប្រទេស​ស៊ូដង់ និង​ប្រទេស​អេត្យូពី​ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។
ជនភៀសខ្លួន​អេត្យូពី​តម្រង់ជួរ​រង់ចាំ​ម្ហូបអាហារ​ដែល​គេ​ចែក​ឲ្យ​នៅ​ជំរំជនភៀសខ្លួន។ ពួកគេ​រត់គេច​ខ្លួន​ពី​ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់ Tigray ដែល​ស្ថិត​នៅ​ព្រំប្រទល់​រវាង​ប្រទេស​ស៊ូដង់ និង​ប្រទេស​អេត្យូពី​ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។

កង​កម្លាំង​សហព័ន្ធ​រដ្ឋាភិបាល​អេត្យូពី​បាន​ដណ្ដើម «គ្រប់គ្រង​ទាំងស្រុង» លើ​ទីក្រុង Mekelle នៃ​តំបន់ Tigray។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​នាយករដ្ឋមន្ត្រី និង​នាយ​អគ្គសេនាធិការ​យោធា​នៃ​ប្រទេស​អេត្យូពី​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ។

គេ​មិន​ទាន់​ឃើញ​មាន​ការ​បញ្ចេញ​មតិ​ណា​មួយ​ភ្លាមៗ​នៅ​ឡើយ​ទេ​ពី​កង​កម្លាំង​នៃ​តំបន់ Tigray ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អេត្យូពី។ កង​កម្លាំង​នេះ​បាន​វាយ​ប្រយុទ្ធ​ជាមួយ​នឹង​ទាហាន​រដ្ឋាភិបាល​អេត្យូពី​អស់​រយៈពេល ៣ សប្ដាហ៍​កន្លង​មក។
លោក​នាយករដ្ឋមន្ត្រី Abiy Ahmed បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ដែល​បាន​បង្ហោះ​នៅ​លើ​ទំព័រ Twitter របស់​លោក​ថា៖ «រដ្ឋាភិបាល​សហព័ន្ធ​ឥឡូវ​នេះ​គ្រប់គ្រង​បាន​ទាំង​ស្រុង​លើ​ទីក្រុង Mekelle»។

ការ​ប្រកាស​នេះ​គឺ​បាន​ធ្វើ​ឡើង បន្ទាប់ពី​មាន​សេចក្ដី​ប្រកាស​របស់​នាយ​អគ្គសេនាធិការ​យោធា​លោក Birhanu Jula ដែល​បញ្ជាក់​ដូច​គ្នា​នេះ​ដែរ​នៅ​លើ​ទំព័រ Facebook ផ្លូវការ​របស់​យោធា​អេត្យូពី។
មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​គេ​ជឿ​ថា​បាន​ស្លាប់ និង​ជន​ភៀសខ្លួន​ប្រហែល ៤៣.០០០ នាក់ បាន​រត់​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ស៊ូដង់​ដែល​នៅ​ជិត​ខាង​ក្នុង​អំឡុង​ពេល​មាន​ជម្លោះ។

លោក Abiy បាន​ចោទ​ប្រកាន់​មេដឹកនាំ​នៃ​តំបន់ Tigray ថា​ជា​អ្នក​ចាប់ផ្ដើម​សង្គ្រាម ដោយ​បាន​វាយ​ប្រហារ​ទាហាន​រដ្ឋាភិបាល​អេត្យូពី​នៅ​ឯ​មូលដ្ឋាន​មួយ​ក្នុង​តំបន់ Tigray។ រណសិរ្ស​រំដោះ​ប្រជាជន Tigray បាន​និយាយ​ថា ការ​វាយ​ប្រហារ​នេះ​គឺ​ជា​ការ​វាយ​ប្រហារ​ការពារ​ខ្លួន​ទុក​ជា​មុន៕

XS
SM
MD
LG