ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

មេដឹកនាំ​កំពូល​អ៊ីរ៉ង់​ប្ដេជ្ញា​សងសឹក​ចំពោះ​ការ​លួច​ធ្វើ​ឃាត​អ្នក​វិទ្យាសាស្ត្រ​កំពូល​របស់​ខ្លួន


ក្រុម​បាតុករ​នាំ​គ្នា​ដើរ​តវ៉ា​ប្រឆាំង​នឹង​ការ​លួចធ្វើ​ឃាត​លោក Mohsen Fakhrizadeh ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​កំពូល​ខាង​នុយក្លេអ៊ែ​រ​របស់​អ៊ីរ៉ង់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។

មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei កាល​ពី​ថ្ងៃ​សៅរ៍ បាន​ស្នើ​ឲ្យ​មាន «ការ​ដាក់​ទោស​ដោយ​គ្មាន​ការ​លើកលែង» ចំពោះ​អ្នក​ដែល​ស្ថិត​នៅ​ពី​ក្រោយ​នៃ​ការ​ធ្វើ​ឃាត​អ្នក​វិទ្យាសាស្ត្រ​របស់​ខ្លួន​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​យោធា​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់។ ប្រទេស​អ៊ីរ៉ង់​បាន​ចោទប្រកាន់​ប្រទេស​អ៊ីស្រាអែល​ចំពោះ​អំពើ​ឃាតកម្ម​នេះ។

ប្រទេស​អ៊ីស្រាអែល​ត្រូវ​បាន​សង្ស័យ​ជា​យូរ​មក​ហើយ​ថា​បាន​ធ្វើ​ឃាត​អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន​របស់​អ៊ីរ៉ង់​កាល​ពី​មួយ​ទសវត្សរ៍​មុន ក្នុង​អំឡុងពេល​ដែល​មាន​ភាព​តានតឹង​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់។ ក៏​ប៉ុន្តែ អ៊ីស្រាអែល​នៅ​មិន​ទាន់​ផ្ដល់​អត្ថាធិប្បាយ​ណា​មួយ​អំពី​ករណី​ឃាតកម្ម​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​លើ​អ្នក​វិទ្យាសាស្ត្រ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​លោក Mohsen Fakhrizadeh នោះ​ទេ។ ករណី​ឃាតកម្ម​នេះ​ហាក់​ដូចជា​មាន​ការ​គ្រោង​ទុក​យ៉ាង​ប្រយ័ត្ន​ប្រយែង ប្រៀប​ដូចជា​ការ​លួច​វាយ​ប្រហារ​បែប​យោធា​ដូច្នេះ​ដែរ។

អំពើ​ឃាតកម្ម​នេះ​អាច​បណ្ដាល​ឲ្យ​មាន​ភាព​តានតឹង​ជា​ថ្មី​រវាង​សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់ ក្នុង​អំឡុងពេល​ដែល​អាណត្តិ​របស់​លោក​ប្រធានាធិបតី Donald Trump ជិត​ឈាន​ដល់​ទី​បញ្ចប់ និង​នៅ​ចំ​ពេល​ដែល​លោក Joe Biden ដែល​ត្រូវ​បាន​គេ​សន្មត​ថា​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋអាមេរិក​បាន​លើកឡើង​ថា រដ្ឋបាល​របស់​លោក​អាច​នឹង​ត្រឡប់​ទៅ​ចូលរួម​ក្នុង​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​រវាង​ប្រទេស​អ៊ីរ៉ង់​ជាមួយ​នឹង​ប្រទេស​មហាអំណាច​ពិភពលោក​ឡើង​វិញ។ កន្លង​មក រដ្ឋបាល​របស់​លោក Trump បាន​ដក​សហរដ្ឋ​អាមេរិក​ចេញពី​កិច្ច​ព្រមព្រៀង​នេះ។

ក្រសួង​ការពារ​ប្រទេស​របស់​សហរដ្ឋអាមេរិក​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍​ថា ខ្លួន​បាន​បញ្ជូន​នាវា​ដឹក​យន្ដហោះ​ចម្បាំង USS Nimitz ទៅ​កាន់​តំបន់​មជ្ឈិម​បូព៌ា​វិញ​ហើយ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Khamenei បាន​ហៅ​លោក Fakhrizadeh «ថា​ជា​អ្នក​វិទ្យាសាស្ត្រ​ដ៏​ល្បីល្បាញ និង​លេចធ្លោ​ផ្នែក​នុយក្លេអ៊ែរ​និង​ផ្នែក​ការពារ​ជាតិ​របស់​ប្រទេស»។

លោក Khamenei ថ្លែង​ថា អាទិភាព​ទីមួយ​របស់​អ៊ីរ៉ង់​ក្រោយ​ពី​អំពើ​ឃាតកម្ម​នេះ​កើតឡើង​គឺ «ការ​ដាក់ទោស​ដោយ​គ្មាន​ការ​លើកលែង​លើ​អ្នក​ប្រព្រឹត្ត​រឿង​នេះ និង​អ្នក​ដែល​បញ្ជា​ឲ្យ​ធ្វើ​រឿង​នេះ»។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​លម្អិត​នោះ​ទេ។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​ក្រុម​ការងារ​ពិសេស​ទទួល​បន្ទុក​កិច្ចការ​ជំងឺ​កូវីដ១៩ របស់​រដ្ឋាភិបាល​អ៊ីរ៉ង់​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ លោក​ប្រធានាធិបតី Hassan Rouhani បាន​ចោទ​ប្រកាន់​ប្រទេស​អ៊ីស្រាអែល​ថា​ជា​អ្នក​ប្រព្រឹត្ត​រឿង​នេះ៕

XS
SM
MD
LG