រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃចន្ទ បានអំពាវនាវកុំឲ្យពលរដ្ឋមូលដ្ឋានមានការព្រួយបារម្ភ ឬភ័យខ្លាចជុំវិញការដាក់ទង់ជាតិ ឬស្លាកសញ្ញាគណបក្សផ្សេងៗនៅតាមមូលដ្ឋានរបស់ខ្លួន។ ប៉ុន្តែលោករដ្ឋមន្រ្តីបញ្ជាក់ថា រាល់ការដាក់ទង់ជាតិ ឬស្លាកសញ្ញានៅទីកន្លែងឯកជនណាមួយ ត្រូវតែមានការយល់ស្របពីពលរដ្ឋជាម្ចាស់កម្មសិទ្ធិ។
លោកថ្លែងបែបនេះនៅក្នុងពិធីសម្ពោធសមិទ្ធផលនៅវត្តពោធិ៍គុម្ព ក្នុងឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងថា ប្រជាពលរដ្ឋមួយចំនួនលើកឡើងថាពួកគេដាក់ស្លាកសញ្ញារបស់គណបក្សកាន់អំណាចនៅខាងមុខផ្ទះរបស់ខ្លួនគឺដោយសារចង់បានសុវត្ថិភាព និងមិនមែនបង្ហាញការគាំទ្រឡើយ។
លោកថ្លែងថា៖ «ប៉ុន្តែគ្រួសារខ្លះ គណបក្សមានប៉ុន្មាន អាស្លាកសញ្ញាគណបក្សនៅផ្ទះគាត់ទាំងអស់ ។ ពិសេសគណបក្សកាន់អំណាច ទៅកន្លែងណាក៏មានដែរ។ ដល់សួរគាត់ម៉េចអ៊ីចឹងគាត់ថា ដើម្បីសុវត្ថិភាពគាត់។ទៅអញ្ចេះវិញ!នែ!អាត្រង់ហ្នឹងអត់ស្រួលទេ។កុំឲ្យមានបញ្ហាហ្នឹង។ អ៊ីចឹង អាជ្ញាធរយើងនៅកន្លែងហ្នឹងក៏ត្រូវតែមើលដែរ ដើម្បីកុំឲ្យមានការភ័យខ្លាចអី។ គណបក្សណាគណបក្សទៅ!អាហ្នឹងរឿងរបស់គាត់តើ!រឿងរបស់គាត់»។
លោកបានបន្តថា៖ «ប៉ុន្តែលក្ខខណ្ឌតែប៉ុណ្ណេះទេ ស្លាកសញ្ញាបើដាក់មុខផ្ទះខ្ញុំ គឺទាល់តែខ្ញុំគាំទ្រ ខ្ញុំឯកភាព ខ្ញុំឲ្យដាក់។ បើមុខផ្ទះខ្ញុំ តែខ្ញុំជំទាស់ អាហ្នឹងខ្ញុំមានសិទ្ធិជំទាស់បាន។ពិតមែនតាមដងផ្លូវហ្នឹងមែនប៉ុន្តែផ្ទះខ្ញុំវានៅត្រង់ហ្នឹង។ ចង់និយាយថាលើផ្លូវសាធារណៈមែនតែមុខផ្ទះខ្ញុំអ៊ីចឹងខ្ញុំមិនអនុញ្ញាតឲ្យដាក់ទេ»។
យ៉ាងណាក្តី តំណាងគណបក្សជំទាស់មួយចំនួនអះអាងថា មានការរើសអើងពីអាជ្ញាធរមូលដ្ឋានទៅលើការដាក់ស្លាកសញ្ញាគណបក្សរបស់ពួកគេ។
ស្ថាបនិកម្នាក់នៃគណបក្សកម្ពុជានិយម គឺលោក យី សីហា ថ្លែងថា មិនមានភាពយុត្តិធម៌ ឬស្មើភាពពាក់ព័ន្ធនឹងការដាក់ទង់ជាតិ ឬស្លាកសញ្ញារបស់គណបក្សនយោបាយនោះទេ ដោយសារតែកន្លងមក គណបក្សរបស់លោកបានជួបប្រទះបញ្ហាជុំវិញការលើកស្លាកសញ្ញាយ៉ាងហោចណាស់ចំនួនពីរករណីនៅក្នុងខេត្តព្រៃវែង។លោកបន្តថា ពលរដ្ឋមូលដ្ឋានតែងមានការភ័យខ្លាច និងប្រឈមនឹងការរើសអើងពីសំណាក់អាជ្ញាធរ នៅពេលគណបក្សរបស់លោកស្នើសុំដាក់ស្លាកគណបក្សនៅបរិវេណផ្ទះរបស់ពួកគេ។
លោកថ្លែងថា៖ «ប៉ុន្តែក្នុងនាមគណបក្សនយោបាយយើងនៅតែមានការព្រួយបារម្ភនៅឡើយ ព្រោះការស្វែងរកម្ចាស់ផ្ទះដែលឯកភាពឲ្យយើងលើកស្លាកហ្នឹងជារឿងលំបាកណាស់ ព្រោះប្រជាពលរដ្ឋហាក់ដូចជាមានការភ័យខ្លាចច្រើននាពេលបច្ចុប្បន្ននេះស្តីពីការសុំទីតាំងរបស់លោកដើម្បីធ្វើការលើកស្លាក»។
លោកបន្តថា៖ «ហើយទោះបីជាអាជ្ញាធរមិនបានមកគំរាមកំហែងគាត់ដោយផ្ទាល់នៅមុខយើងមែនក៏ដោយ ប៉ុន្តែពេលយើងលើកស្លាកហើយ ហាក់បីដូចជាមានអាជ្ញាធរមូលដ្ឋានហ្នឹងគាត់ធ្វើការរើសអើងលើម្ចាស់ផ្ទះដែលអនុញ្ញាតឲ្យយើងធ្វើការលើកស្លាកហ្នឹង ក្នុងរូបភាពរើសអើងនយោបាយ»។
លោក យី សីហា សំណូមពរឲ្យក្រសួងមហាផ្ទៃតាមដានសកម្មភាពរបស់អាជ្ញាធរ និងស្នើឲ្យអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធសិក្សាស្វែងយល់ឲ្យបានច្បាស់អំពីសេចក្តីណែនាំរបស់រដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដើម្បីបញ្ចៀសការរឹតត្បិតណាមួយ ជុំវិញការចុះដាក់ទង់ជាតិ និងស្លាកសញ្ញាគណបក្សនៅតាមមូលដ្ឋានរបស់ពួកគេ។
ចំណែកអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បានប្រាប់វីអូអេថាលោកយល់ច្បាស់ពីការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃប៉ុន្តែលោកបានបញ្ជាក់ថា គណបក្សភ្លើងទៀននៅតែជួបបញ្ហាប្រឈមនឹងការដាក់ស្លាកគណបក្សតាមមូលដ្ឋាននៅខេត្តមួយចំនួន បើទោះក្នុងករណីខ្លះជាការដាក់ស្លាកនៅតាមទីសាធារណៈក៏ដោយ ។ លោកបន្ថែមថាស្លាកគណបក្សភ្លើងទៀនភាគច្រើន គឺ អាចត្រឹមដាក់នៅតាមផ្ទះរបស់សកម្មជនគណបក្សប៉ុណ្ណោះ ហើយនៅតែមានករណីគំរាមកំហែងពីមន្រ្តីមូលដ្ឋាន។
លោកថ្លែងថា៖ «ភាគច្រើនអ្នកគាំទ្រទើបគាត់ហ៊ានឲ្យយើងដាក់។ សូម្បីតែសកម្មជនរបស់យើងហ្នឹងក៏ដោយដាក់ហើយនៅតែមានការគំរាមកំហែងដូចជា នៅកំពង់ចាម ហ្នឹងយើងលើកហើយ ម្ចាស់ផ្ទះ សកម្មជនយល់ព្រមហើយ បែរជាទៅសម្លុតគំរាមកំហែង រហូតដល់កូននៅឯណាឯណី... ទៅទាក់ទងសម្លុតដល់កូនទៀត។ ដល់កូននោះមិនយល់ព្រមឲ្យដាក់ស្លាកដាក់អីអ៊ីចឹង។អានេះជារឿងដែលយើងប្រឈមជាក់ស្តែង»។
លោក ថាច់ សេដ្ឋា ក៏បានស្នើសុំឲ្យអាជ្ញាធរអនុវត្តច្បាប់ឲ្យស្មើគ្នាចំពោះគណបក្សនយោបាយទាំងអស់នៅក្នុងប្រទេស ដោយមិនប្រកាន់បក្ខពួក ឬនិន្នាការនយោបាយ។
គួរបញ្ជាក់ថាស្របពេលរងការរឹតត្បិតលើការលើកស្លាកគណបក្សតាមមូលដ្ឋានមួយចំនួន គណបក្សភ្លើងទៀនក៏បានរាយការណ៍ថា សកម្មជនគណបក្សជាច្រើននាក់ទៀត រងការបំភិតបំភ័យគ្រប់រូបភាពពីមន្ត្រីមូលដ្ឋាន ជាពិសេសមេភូមិមេឃុំផងដែរ៕