ការបង្កើត​ថ្មី​សម្រាប់ការ​​ថែ​ទាំ​សុខុមាលភាព​​នៅ​ក្រោយ​ឆ្នាំ​២០១៥

  • Joe Capua

របាយការណ៍​ស្តីពី​ការទន្ទឹង​រង់​ចាំ​ការ​បង្កើត​​ថ្មី​សម្រាប់​ឆ្នាំ​២០៣០​ បាន​បង្ហាញ​ត្រួសៗ​ពីការ​បង្កើតថ្មីៗ​ក្នុង​ការ​ព្យាបាល​និង​ធ្វើរោគវិនិច្ឆ័យ​ជំងឺ​ផ្សេងៗ រួមទាំង​ជំងឺ​គ្រុនចាញ់​ផងដែរ។

គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​របស់​អង្គការ​សហប្រជាជាតិ​នឹង​បញ្ចប់​នៅ​ខែ​កញ្ញា​នេះ​ ហើយ​ក៏​ជា​ការ​ចាប់​ផ្ដើម​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ផង​ដែរ។ គោល​ដៅ​មួយ​នៃ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ទាំង​១៧​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ធានា​លើ​ការ​រស់​នៅ​ល្អ​ និង​លើកម្ពស់​សុខុមាលភាព​សម្រាប់​ប្រជាជន​ទូទៅ។ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​បាន​និយាយ​ថា​ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ ​គឺ​តម្រូវ​ឲ្យ​មាន​ការបង្កើត​ឡើង​ថ្មីៗ។

អង្គការ​ PATH ​ដែល​ជា​អង្គការ​អន្តរជាតិ​មិន​រក​ប្រាក់​ចំណេញ​មួយ​ បាន​ចេញ​របាយការណ៍​មួយ​ស្ដី​ពី​ការ​ទន្ទឹង​រង់​ចាំ​ការ​បង្កើតថ្មី​សម្រាប់​ឆ្នាំ​២០៣០​ (Innovation Countdown 2030)។​ លោកស្រី​ Claudia Harner-Jay ដែល​ជា​មន្រ្តី​ជាន់​ខ្ពស់​នៃ​អង្គការ​នេះ​បាន​មាន​ប្រសាសន៍​ថា​ របាយការណ៍​នេះ​បង្ហាញ​ពី​បច្ចេកវិទ្យា​ផ្សេងៗ​ផ្នែក​វជ្ជសាស្រ្ត​ដែល​មានលក្ខណៈ​អំណោយ​ផល​ និង​បាន​ឆ្លង​កាត់​ការ​បញ្ជាក់​ដ៏​ត្រឹមត្រូវ។

វា​ជា​ការ​ផ្តួចផ្តើម​មួយដឹកនាំ​ដោយ​អង្គការ​ PATH​ ដែល​ព្យាយាម​បង្កើត​វេទិកា​មួយ​ដើម្បី​កំណត់​និង​វាយ​តំលៃ​ ព្រម​ទាំង​បង្ហាញ​ពី​ការ​បង្កើត​ថ្មីៗ​ដែល​អាច​មានឥទ្ធិពល​ខ្លាំងក្លា​ អាច​ពន្លឿន​ការ​រីក​ចម្រើន​ឆ្ពោះ​ទៅ​រក​គោលដៅ​ថ្មី​នៃសុខភាព​ជា​សកល​នេះ​ ដែល​គោលដៅ​នេះ​ត្រូវ​បានដាក់​បញ្ចូល​ទៅ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​របស់​អង្គការ​សហ​ប្រជាជាតិ។

បច្ចេកវិទ្យា​ទាំង​នេះ​បូក​រួម​បញ្ចូល​ទាំង​ឱសថ​ ឧបករណ៍​ប្រើប្រាស់ ​វ៉ាក់សាំង​ និង​ឧបករណ៍​សម្រាប់​ធ្វើ​រោគ​វិនិច្ឆ័យ។

«តើ​យើង​កំពុង​តែ​និយាយ​អំពី​ទឹកប្រាក់​ដ៏​ច្រើនមែន​ទេ? តាម​ពិត​ទៅ​ យើង​កំពុង​និយាយ​ពី​ការ​បង្កើត​ថ្មី​ដ៏​ធំ​ជា​ច្រើន។ ខ្ញុំ​គិត​ថា​ វា​អាស្រ័យ​លើ​ដំណាក់​កាល​នៃ​ការ​ច្នៃប្រឌិតនោះ។ ​ជា​ឧទាហរណ៍​ មាន​វ៉ាក់សាំង​មួយ​ចំនួន​ដែល​បាន​ដាក់​បង្ហាញ​ ហើយ​វាក់សាំង​ទាំង​នេះ​ត្រូវ​ការ​ថវិកា​ជាច្រើន​បន្ថែម​ទៀត​ដើម្បី​ឲ្យ​វា​ដំណើរ​ការ​ឆ្ពោះ​ទៅ​មុខ​បាន។​ ទន្ទឹម​នឹង​នោះ ក៏​មាន​ការ​បង្កើត​ថ្មី​នៅ​ដំណាក់​កាល​ក្រោយៗ​ទៀត​ ដែល​នៅ​តែ​ជួប​បញ្ហា​ប្រឈម​ក្នុង​ការ​ផលិត​ឲ្យ​ចេញ​ហើយមាន​ប្រសិទ្ធភាព​ពិត​ប្រាកដ»។

លោកស្រី​ Harner-Jay ​បាន​បន្ថែមថា​ បច្ចេកវិទ្យា​មួយដែល​បាន​ដាក់​បញ្ចូល​ក្នុង​របាយ​ការណ៍​នេះ​ គឺ​ឧបករណ៍​បន្សុទ្ធ​ទឹក​ធុន​តូច។

នៅ​ក្នុង​របាយការណ៍​នេះ​ដែរ​ មាន​ការ​បង្កើត​ថ្មី​មួយ​ដែល​គេ​ហៅថា ​Zimba។ វា​ជា​ម៉ាស៊ីនលាយ​ជាតិ​ក្លូរីនដើរ​ដោយ​ស្វ័យ​ប្រវត្តិ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ វា​ជា​ប្រភេទ​ឧបករណ៍​ដ៏​រឹងមាំ​មួយ​ដែល​អាច​ដាក់​នៅ​លើ​អណ្តូង​ស្នប់​ដៃ​ ឬ​នៅ​លើ​ក្បាល​រ៉ូបីនេ​ទឹក​ក្នុង​សហគមន៍​ ហើយ​វា​អាច​លាយ​សារធាតុ​ក្លូរីន​ចូល​ទៅ​ក្នុង​ទឹក​នោះដោយ​ស្វ័យ​ប្រវត្តិ។

នៅ​ក្នុង​របាយ​ការណ៍​របស់​អង្គការ​ PATH​ គេ​បាន​ដាក់​បង្ហាញការបង្កើត​ថ្មីៗ​ចំនួន​៣០​ មាន​ដូចជា​ ម៉ាស៊ីន​សម្រាប់​ដាស់​ទារក​ទើប​កើត​ឲ្យ​ដឹង​ខ្លួន​ ដើម្បី​ជួយ​ដល់​ការ​ដក​ដង្ហើម​របស់​ទារក​ឲ្យ​បាន​ល្អ​ ឧបករណ៍​វាស់​ស្ទង់​សម្ពាធ​ឈាម​ដែល​អាច​កាន់​នៅ​នឹង​ដៃ​សម្រាប់​ត្រួត​ពិនិត្យ​ការ​ឈឺ​ចាប់​នៅ​ពេល​ស្រ្តី​សម្រាល​កូន​ ហើយ​និង​រូបមន្ត​ថ្មីៗ​ក្នុង​ការផលិត​សារធាតុ​អុកស៊ីតូស៊ីន​ដែល​អាច​បំបាត់​ការ​ឈឺចាប់​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​គ្រប់គ្រង​ការ​ហូរ​ឈាម​ក្រោយ​ពេល​សម្រាល​កូន។​

«យើង​បាន​បង្ហាញគំរូ​ឥទ្ធិពល​នៃ​ការ​បង្កើតថ្មី​មួយ​ចំនួនមក​លើ​សុខភាពរបស់​ម្តាយ​ ​ទារក​ និង​ទារក​ទើប​កើតនៅ​ឆ្នាំ​នេះ។ យើង​បាន​ប្រើ​ឧបករណ៍​ជំរុញ​គំរូ​សំខាន់ៗ​មួយ​ចំនួន​នៃ​ការបង្កើត​ថ្មី​ទាំង​នោះ​ដោយ​បង្ហាញ​ពីដែន​ឥទ្ធិពល និង​វត្តមាន​ ព្រមទាំង​ការ​ប្រើប្រាស់​ការ​បង្កើត​ថ្មី​នោះ​នៅ​ក្នុង​លក្ខខណ្ឌ​ពិតប្រាកដ​មួយ ​និង​ប្រកប​ដោយ​ប្រសិទ្ធភាព។ បន្ទាប់​មក ​យើង​ក៏​បាន​ប៉ាន់​ប្រមាណ​ពី​ជីវិត​មនុស្ស​ដែល​អាចជួយ​សង្រ្គោះ​បាន​ ដោយ​ពឹង​ផ្អែក​លើ​ការ​សន្មត​មួយ​ចំនួន​ទាក់ទង​នឹង​របៀប​ដែល​បុគ្គល​ម្នាក់ៗ​ស្វែង​រក​សេវា​ថែទាំ​សុខ​ភាព​ របៀប​ទទួល​បាន​ការបង្កើត​ឡើង​ថ្មីៗ​ផ្នែក​សេវា​សុខភាព​ ក៏ដូចជា​ការ​បង្កើត​ថ្មី​ផ្សេងៗ​ទៀត»។

អង្គការ​ PATH​ ក៏​បាន​បង្ហាញ​ត្រួសៗ​អំពី​វ៉ាក់សាំង​ទប់ទល់​នឹង​មេរោគ​អេដស៍​ ជំងឺ​គ្រុនចាញ់​ និង​ការ​ធ្វើ​តេស្ត​រោគវិនិច្ឆ័យ​ជំងឺ​របេងដោយ​ត្រូវ​ការ​រយៈ​ពេល​ខ្លី​ ព្រម​ទាំង​ការ​បណ្តុះ​បណ្តាល​បុគ្គលិក​សុខាភិបាល​កម្រិត​ទាប​ឲ្យ​ចេះ​វិនិច្ឆ័យ​រោគ​និង​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ និង​ចេះ​ពិនិត្យ​ជំងឺ​ទាក់ទង់​នឹង​ភ្នែក​ដូចជា​បាយភ្នែក និង​ស្រវាំង​ភ្នែក ​ដោយ​ចល័ត​ពីកន្លែង​មួយ​ទៅកន្លែង​មួយ​និង​មាន​តម្លៃ​សមរម្យ។

កិច្ច​ប្រជុំ​កំពូល​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​អនុម័ត​របៀបវារៈ​នៃ​ការ​អភិវឌ្ឍន៍​នៅ​ក្រោយ​ឆ្នាំ​២០១៥​ នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២៥​ដល់​ថ្ងៃ​ទី​២៧​ ខែ​កញ្ញា​ខាង​មុខ។

«ជា​ការ​ពិត ​យើង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បង្កើត​ថ្មី​ដែល​អាច​ពន្លឿន​វឌ្ឍនភាព​ឆ្ពោះ​ទៅ​រក​គោលដៅ​ទី​បី​នៃ​ការអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ​នោះ​គឺ​ការ​ធានា​ឲ្យ​មាន​ជីវិត​រស់នៅ​ល្អ​ និង​ការ​លើក​កម្ពស់​សុខុមាលភាព​សម្រាប់​មនុស្ស​គ្រប់​វ័យ។ ហើយ​គោលដៅ​ដ៏​ជាក់លាក់​មួយ​ទាក់ទង់​នឹង​សុខភាព គឺ​សង្កត់​ធ្ងន់​ទៅ​លើ​អត្រា​មរណភាព។​ ដូច្នេះ​ ការ​ច្នៃ​បង្កើត​ឡើង​ថ្នីៗ​រួម​មាន​ ការ​កាត់​បន្ថយ​អត្រា​មរណភាព​របស់​មាតា​នៅ​ទូទាំង​ពិភពលោក​ឲ្យ​នៅ​តិច​ជាង​៧០នាក់​ក្នុង​ចំណោម​មាតា​១០០.០០០​នាក់​ ឬ​បញ្ឈប់​កុំ​ឲ្យ​មានការ​ស្លាប់​របស់​ទារកដែល​ទើបនឹង​កើត​និង​កុមារ​ដែល​មាន​អាយុ​ក្រោម​ប្រាំ​ឆ្នាំ»។

លោកស្រី​ Harner-Jay​ បាន​និយាយ​ថា​ អង្គការ​ PATH​ កំពុង​សហការ​ជាមួយ​សហគ្រិន​ ​វិនិយោគិន​ អ្នក​បង្កើត​ថ្មី​ និង​អ្នក​ជំនាញ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពីការបង្កើត​ថ្មីៗ​ផ្នែក​សុខាភិបាល ​ដើម្បី​ទាក់​ទាញ​ពួក​គេ​អោយ​ចូល​រូម​ប្រើប្រាស់។ លោក​ស្រី​បាន​បញ្ជាក់​ដែរ​ថា​ នៅ​ស្រប​ពេល​ដែល​ការ​បង្កើត​ថ្មី​ចំនួន​៣០​ត្រូវ​បាន​បង្ហាញ​ត្រួសៗ​នៅ​ក្នុង​របាយការណ៍​នេះ​ ក៏​មាន​ការ​បង្កើត​ថ្មី​ជា​ច្រើន​ទៀត​ត្រូវ​បាន​បញ្ជូន​មក​កាន់​អង្គការ​ PATH។ អង្គការ PATH ​មាន​បំណង​ដាក់​បង្ហាញ​ការ​បង្កើត​ថ្មី​ទាំង​នោះ​តាម​រយៈ​ឧបករណ៍​បង្ហាញ​ទិន្នន័យ​ដោយ​ប្រើប្រាស់​អ៊ីនធឺណិត ​ដើម្បី​ឲ្យ​សាធារណជន​បាន​ឃើញ​និង​យល់​ដឹង​អំពី​ដំណើរ​ការ​នៃ​ការបង្កើតថ្មី​ទាំង​នោះ៕

ប្រែសម្រួលដោយ អ៊ុំ សូនីតា