ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កាក​​សំណល់​​អេឡិច​ត្រូនិច​​ និង​​សាធាតុ​​គីមី​​បំពុល​​បង្ក​​ការ​​គម្រាម​កំហែង​​​សុខភាព​​មនុស្ស​​និង​បរិស្ថាន

  • Lisa Schlein

ផ្សែង​ផុល​ចេញ​ពី​រោងចក្រ​សារធាតុគីមី​មួយ​នៅ​ក្រុង Zhangzhou ខេត្ត Fujian ប្រទេស​ចិន។ កាក​​សំណល់​​អេឡិច​ត្រូនិច​​និង​​សាធាតុ​​គីមី​​បំពុល​​បង្ក​​ការ​​គំរាម​កំហែង​​​សុខភាព​​មនុស្ស​​និង​បរិស្ថាន

នៅ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ខាង​មុខ​នេះ​ អ្នក​ចូលរួម​ចំនួន​១ពាន់​៥រយ​នាក់​មក​ពី​១៨០​ប្រទេស​នឹង​ស្វែង​រក​វិធី​នៅ​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​បង្ក​ឡើង​ដោយ​សារធាតុ​ និង​កាក​សំណល់​បំពុល​ដ៏​គ្រោះថ្នាក់ ​តាមរយៈ​បែបផែន​គ្រប់គ្រង​ប្រកប​ដោយ​ចីរភាព​ទៅ​លើ​សារធាតុ​ ​ដែល​អាច​បង្ក​ការ​ប៉ះពាល់​ទៅ​ដល់​ជីវិត​ទាំងនោះ។ អ្នក​ចូលរួម​ក៏​នឹង​ស្វែង​រក​វិធី​នានា​ដើម្បី​ពង្រឹងអនុសញ្ញា​អន្តរជាតិ​ចំនួន​បី ដែល​អនុសញ្ញា​ទាំង​នេះ​បង្កើត​បាន​ជា​មូលដ្ឋាន​មួយ​សម្រាប់​ការ​ដោះស្រាយ​បញ្ហា​បរិស្ថាន​ពិភពលោក។

អនុសញ្ញា​ក្រុង​ Basel គឺ​ជា​កិច្ចព្រមព្រៀង​បរិស្ថាន​អន្តរជាតិ​ដ៏​ពេញលេញ​បំផុត​មួយ​អំពី​កាក​សំណល់​គ្រោះថ្នាក់ និង​កាកសំណល់​ដទៃ​ទៀត។ អនុសញ្ញា​ក្រុង​ Rotterdam ដោះស្រាយ​ជា​ចម្បង​ទៅ​លើ​សុវត្ថិភាព​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​សារធាតុ​គីមី​និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត។ អនុសញ្ញា​ក្រុង​ Stockholm ដែល​និយាយ​អំពី​សារធាតុ​បំពុល​សរីរាង្គ​យូរអង្វែង គឺ​ជា​សន្ធិសញ្ញា​អន្តរជាតិ​មួយ​ដើម្បីការពារ​សុខភាព​មនុស្ស​ជាតិ​ និង​បរិស្ថាន​ពី​សារធាតុ​គីមី​ ដែល​ស្ថិត​នៅ​ក្នុង​បរិស្ថាន​ក្នុង​រយៈពេល​វែង។

រៀងរាល់​ពីរ​ឆ្នាំ​ម្តង​ ភាគី​ពាក់ព័ន្ធ​នឹង​អនុសញ្ញា​ទាំង​នេះ​បាន​ជួបជុំ​គ្នា​ដើម្បី​ពិនិត្យ​មើល​ការ​គំរាម​កំហែង​ថ្មីៗ​ និង​ធ្វើ​ការ​ព្រមព្រៀង​ទៅ​លើ​គោលការណ៍​ណែនាំ និង​វិធានការ​ថ្មីៗ​ដើម្បី​ការពារ​មនុស្ស​ឲ្យ​បាន​ប្រសើរ​ជាង​មុន​ពី​សារធាតុ​ដ៏​គ្រោះថ្នាក់​ដែល​មាន​ស្រាប់ និង​កំពុង​តែវិវត្ត​ឡើង។

បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ធំៗ​ ដែល​កិច្ចប្រជុំ​កំពុង​ជួប​ប្រទះ​នោះ​ គឺ​អ្វី​ដែល​នាយក​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ​កម្មវិធី​បរិស្ថាន​របស់​អ.ស.ប (UNEP) លោក​ Achim Steiner បាន​ហៅ​ថា ជា​រលក​យក្ស​ស៊ូណាមិ​នៃ​កាកសំណល់​អេឡិចត្រូនិច (E-Waste) ដែល​កំពុង​កើត​មាន​ឡើង​ និង​រីក​រាលដាល​នៅ​ជុំវិញ​ពិភពលោក។ លោក​បាន​មាន​ប្រសាសន៍​ថា កាក​សំណល់​អេឡិចត្រូនិច​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ជាផ្នែក​ដ៏​សំខាន់​មួយ​នៃ​លំនាំ​វិវិត្តន៍​នៃ​សេដ្ឋកិច្ច​ពិភពលោក។

លោក​បាន​ព្រមាន​ថា ការ​ខកខាន​មិន​បាន​កែច្នៃ​ដើម្បី​ប្រើប្រាស់​ឡើង​វិញ​នូវ​គំនរ​កាក​សំណល់​ពី​ទូរស័ព្ទ​ដៃ​ កុំព្យូទ័រ​យួរ​ដៃ ​ម៉ៃ​ក្រូវ៉េវ និង​ផលិតផល​ដទៃ​ជា​ច្រើន​ទៀត​ កំពុង​តែ​បង្ក​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​ទៅ​លើ​មនុស្ស​និង​បរិស្ថាន។

«ស្ថិត​នៅ​ក្រោម​អនុសញ្ញា​ក្រុង​ Basel (បញ្ហា​កាកសំណល់​អេឡិច​ត្រូនិច) នេះ ​ជា​បញ្ហា​បង្គោល​មួយ​នៃ​បែបផែន​ដើម្បី​ដោះស្រាយ​បញ្ហា​កាក​សំណល់​អេឡិចត្រូនិច​ ដែល​នា​ពេល​បច្ចុប្បន្ន​នេះ​ ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​លំនាំ​វិវត្តន៍​នៃ​សេដ្ឋកិច្ច​របស់​យើង។ ក៏​ប៉ុន្តែ​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​ គឺ​គំនរ​កាក​សំណល់​ដែល​មិន​អាច​កែច្នៃ​ដើម្បី​ប្រើប្រាស់​បាន​ឡើង​វិញ​ និង​ដោយសារ​តែ​ធាតុ​ផ្សំនៅ​ក្នុង​គ្រឿង​អេឡិចត្រូនិច​យ៉ាង​ច្រើន​ទាំង​នេះ ក៏​បង្កគ្រោះថ្នាក់​មក​លើ​មនុស្ស និង​បរិស្ថាន​ផង​ដែរ»។

នៅ​ក្នុង​ឆ្នាំ​២០០១ អនុសញ្ញា​ក្រុង​ Stockholm​ បាន​ចុះ​បញ្ជី​សារធាតុ​បំពុល​សរីរាង្គ​យូរ​អង្វែង​ចំនួន​១២​ដែល​បង្ក​គ្រោះថ្នាក់​បំផុត។ សារធាតុ​ដែល​ត្រូវ​បាន​ហៅ​ថា ​Dirty Dozen​ POPs បាន​រីក​សាយ​ភាយ​ពាស​ពេញ​ពិភពលោក​និង​បាន​ប្រមូលផ្តុំ​នៅ​ក្នុង​កោសិកា​សាច់​ខ្លាញ់​របស់​មនុស្ស ​និង​សត្វ ហើយ​អាច​បង្ក​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​មក​លើ​សុខភាព​មនុស្ស ​និង​បរិស្ថាន។

ចាប់​តាំង​ពី​ពេល​នោះ​មក សារធាតុ​គីមី​១១​បន្ថែម​ទៀត​ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​សាធាតុ​គីមី​បង្ក​គ្រោះថ្នាក់​នៃ​អនុសញ្ញា​ក្រុង​ Stockholm។ អ្នក​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំនេះត្រូវ​គេ​រំពឹង​ថា នឹង​ចុះ​បញ្ជី​សារធាតុ​គីមី​បង្ក​ការ​បំពុល​ខ្លាំង​ចំនួន​បី​បន្ថែម​ទៀត​ទៅ​ក្នុង​អនុសញ្ញា​នេះ។

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​រាយការណ៍​ថា​ មនុស្ស​បី​លាន​នាក់​បាន​រង​ការ​បំពុល​ដោយ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ជា​រៀងរាល់​ឆ្នាំ​ ហើយ​មនុស្ស២ម៉ឺន​នាក់​នៅ​ក្នុង​ចំណោម​នោះ​បាន​បាត់​បង់​ជីវិត ដែល​ភាគ​ច្រើន​ជា​ប្រជាជន​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ។ អនុសញ្ញា​ក្រុង Rotterdam បាន​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ទៅ​ដល់់​មនុស្សទូទៅ​អំពី​គ្រោះថ្នាក់​នានា​បង្ក​ឡើង​ដោយ​ថ្នាំ​សម្លាប់​សត្វ​ល្អិត ក៏​ដូច​ជា​អំពី​របៀប​បំបាត់​ចោលថ្នាំ​សម្លាប់​សត្វ​ល្អិតដែល​លែងប្រើ​ការ​បាន​ត​ទៅ​ទៀត​ ដោយសារ​តែថ្នាំ​សម្លាប់​សត្វ​ល្អិត​ទាំង​នោះ​បាន​បង្ក​គ្រោះថ្នាក់មក​លើ​មនុស្ស។

កិច្ច​ប្រជុំ​នោះ​នឹង​ជជែក​ពិភាក្សា​ពី​តម្រូវ​ការ​ក្នុង​ការ​បញ្ឈប់​ការ​ប្រើ​ប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត ​DDT ដែល​នៅ​តែ​ត្រូវ​បាន​បន្ត​ប្រើ​ប្រាស់​ក្នុងប្រទេស​កំពុង​អភិវឌ្ឍ​មួយ​ចំនួន​ដើម្បី​គ្រប់​គ្រង​លើ​ជំងឺ​គ្រុនចាញ់។ ថ្នាំ​សម្លាប់​សត្វ​ល្អិត​ DDT ​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ជា​ច្រើន​បែបមក​លើ​មនុស្ស ដែល​ក្នុង​នោះ​រួម​មាន​ជំងឺ​មហារីក​សុដន់ និង​ជំងឺ​មហារីក​ដទៃ​ទៀត។

អ្នក​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​ត្រូវ​បាន​រំពឹង​ថា នឹង​ធ្វើការចង្អុល​បង្ហាញ​ដល់ទីផ្សារ​ថា​ ជម្រើស​សារធាតុ​ផ្សេង​ជំនួស​ឲ្យ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ DDT​ និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដទៃ​ទៀត​កំពុង​តែ​មាន​តម្រូវ​ការ​ជា​បន្ទាន់៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG