ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធនាការ​លើក​កម្ពស់​សុខភាព​កុមារ​​និង​ទារក​


មាតា​ពរ​​ដែល​មក​ពី​តំបន់​ជនបទ​ពរ​កូន​តម្រង់​ជួរ​រង់​ចាំ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១២។​
មាតា​ពរ​​ដែល​មក​ពី​តំបន់​ជនបទ​ពរ​កូន​តម្រង់​ជួរ​រង់​ចាំ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១២។​

រដ្ឋាភិបាល​និង​អង្គការ​យូនីសេហ្វ​ (UNICEF) ​បាន​ចាប់​ផ្តើម​យុទ្ធនាការ​លើក​កម្ពស់​ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខភាព​របស់​កុមារ​ និង​ទារក​ឲ្យបាន​ប្រសើរ​ជាង​មុន​ ដើម្បី​កាត់​បន្ថយ​អត្រា​មរណភាព​របស់​ទារក។ ​ទោះ​បី​នៅ​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ​ ប្រទេស​កម្ពុជា​បាន​ធ្វើ​ឲ្យ​បញ្ហា​សុខភាព​របស់​ស្ត្រី​ និង​កុមារ​មាន​ភាព​ប្រសើរ​ឡើង​មួយកម្រិត​ ​ប៉ុន្តែ​អត្រាស្លាប់​របស់​កុមារ​មានកម្រិត​ខ្ពស់​នៅ​តែ​ជា​ក្តី​បារម្ភដ៏​ចម្បង។​

អត្រា​មរណភាពរបស់​ទារក​ទើប​នឹង​កើត​បាន​ធ្លាក់​ចុះ​ពី​២៧​នាក់មក​នៅ​ត្រឹម​តែ​១៨​នាក់​នៃ​កំណើត​របស់​ទារក​រស់​ចំនួន​១.០០០​នាក់។​

បើ​ទោះ​ជា​អត្រា​នៃ​ការ​ស្លាប់​របស់​ទារក​ត្រូវ​បាន​កាត់​បន្ថយ​ច្រើន​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏​ដោយ ​ក៏ប៉ុន្តែតួ​លេខ​ស្លាប់​១៨​នាក់​ក្នុង​កំណើត​របស់ទារក​រស់​ចំនួន​១.០០០​នាក់​នោះ នៅ​តែ​ជា​តួ​លេខ​ខ្ពស់​ ហើយ​វា​នៅ​តែ​ជា​ការ​ព្រួយ​បារម្ភ។​

Rana Flowers ​តំណាង​អង្គការ ​Unicef ប្រ​ចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និយាយ​ថា៖ ​«នៅ​តែ​មាន​កុមារ​ជាច្រើន​ ដែល​បាន​ស្លាប់​ក្មេង​ពេក​ ដែល​មិន​គួរសោះ»។​

មន្ត្រី​សុខាភិបាល​ជាង​២០០​នាក់​បាន​ចូល​រួម​ជាមួយ​អង្គការ​ Unicef កាលពី​ខែ​មុន​ ដើម្បី​ចាប់​ផ្តើម​បង្ហាញ​គំនិត​ផ្តួច​ផ្តើម​ថ្មី​មួយ​ដែលធ្វើ​ឲ្យអត្រា​នៃ​ការស្លាប់​របស់​កុមារ​ថយ​ចុះ។ ​យុទ្ធនាការ​នេះ​នឹង​ផ្តោតទៅ​លើរាជធានី​ និង​ខេត្ត​មួយ​ចំនួន​ ដែល​មាន​អត្រា​នៃ​ការ​ស្លាប់​របស់​កុមារ​ខ្ពស់​បំផុត ​ដូច​ជា​នៅរាជធានីភ្នំពេញ​ ​នៅ​ខេត្ត​កំពង់ស្ពឺ​ ​ខេត្ត​កំពង់ធំ​ ខេត្ត​ក្រចេះ​ ខេត្ត​ស្ទឹងត្រែង​ ខេត្ត​មណ្ឌល​គីរី ខេត្ត​រតនគីរី​ ​និង​ខេត្ត​ព្រះវិហារ​ជា​ដើម។​

យុទ្ធនាការ​នេះ​នឹង​រួម​បញ្ចូល​ទាំង​ការ​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ និង​វិទ្យុ​ ការ​ប្រកាសសេវា​សាធារណៈ​ និង​ការ​អប់រំ​ ដែល​ធ្វើ​ដោយ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​តាម​ភូមិ​ឃុំ​ជាដើម ជួយ​លើក​កម្ពស់ការ​យល់​ដឹង​របស់​ឪពុក​ម្តាយ ​និង​អ្នក​មើល​ថែ​ទាំ​ក្មេង ​ឲ្យមាន​ការ​យល់​ដឹង​ និង​ស្គាល់​រោគ​សញ្ញា​ជំងឺ​រលាក​សួត​និង ​ជំងឺ​ផ្សេង​ទៀត។​

លោក​មាស​ ប៊ុនលី​ មន្ត្រី​ទំនាក់​ទំនង​សម្រាប់​អង្គការ ​Unicef ប្រចាំ​នៅ​កម្ពុជា​ បាន​ឱ្យ​ដឹង​ថា​ យុទ្ធនាការ​នេះ​មាន​គោល​បំណង​ដើម្បី​បង្កើន​អត្រា​រស់រាន​មាន​ជីវិត​របស់​ទារក​ ដោយ​ការ​លើក​កម្ពស់​ការ​ថែ​ទាំ​សុខ​ភាពកុមារ​ឲ្យបាន​សមរម្យ។​

យុទ្ធនាការ​នេះ​ផ្តោត​ទៅ​លើ​ការ​ជួយ​ធ្វើ​ឲ្យម្តាយ ​និង​អ្នក​ថែទាំ​កុមារមាន​ការ​យល់​ដឹង​អំពី​ជំងឺ​កុមារ​ ជួយ​ឱ្យ​ពួកគេ​ការពារ​ ឬ​ព្យាបាលកុមារ​ ​និង​លើក​ទឹក​ចិត្ត​ឱ្យ​ពួកគេប្រើ​សេវា​សុខភាព​នៅ​មណ្ឌល​សុខភាព​ និង​មន្ទីរពេទ្យ​ ជាពិសេស​ នៅ​ពេល​ដែល​ពួក​គេ​បាន​ឃើញ​សញ្ញា​ផ្សេងៗ​នៃ​ជំងឺ​រលាក​សួត ​ដូចជា​ក្អក ពិបាក​ដកដង្ហើម​ និងដក​ដង្ហើម​ញាប់។​

ជំងឺ​រលាក​សួត​គឺ​ជា​មូលហេតុ​ចម្បងនៃ​ការ​ស្លាប់​របស់​កុមារ​អាយុ​ក្រោម​ប្រាំ​ឆ្នាំ ​និង​ជាពិសេស​សម្រាប់​កុមារ​អាយុ​មួយ​ខែ។​

Rana Flowers ​បាន​និយាយ​ថា៖ ​«ជា​រៀង​រាល់​ថ្ងៃ​មាន​កុមារ​ប្រមាណ​ជា​៣៥ ​នាក់​ត្រូវ​បាន​គេ​ធ្វើការ​ព្យាករណ៍​ថា​ បាន​ស្លាប់​មុន​ពេល​មាន​អាយុ​ប្រាំ​ឆ្នាំដោយ​សារ​ជំងឺ​ដែល​អាច​បង្ការ ​និង​អាច​ព្យាបាល​បាន ​ដូច​ជា​ជំងឺ​រលាក​សួត​និង​រាគរូស»។​

លោក​មាស ប៊ុនលី​បាន​និយាយ​ថា៖​«ការ​ស្ទង់​មតិ​មួយ​របស់​អង្គការ​ Unicef កាល​ពី​ឆ្នាំ​មុន​បាន​បង្ហាញ​ថា​ ក្នុង​ចំណោម​ម្តាយ​ និង​អ្នក​ថែទាំ​ក្មេង​ គឺ​មាន​មិន​ដល់​១៥​ភាគរយ​ទេ​ បាន​ដឹង​អំពី​រោគ​សញ្ញា​ជំងឺ​រលាក​សួត។​

ក្នុង​ចំណោមម្តាយ ​និង​អ្នក​ថែទាំ​ក្មេង​គឺ​មាន​តែ​ប្រមាណ​៣៤​ភាគរយ​ប៉ុណ្ណោះបាន​យក​កុមារទៅ​កាន់​មណ្ឌល​សុខភាព​សាធារណៈ ​នៅពេល​កុមារមាន​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​សួត។ ​ហើយ​មាន​តែ៣​,៦​ភាគ​រយ​ប៉ុណ្ណោះ​នៃ​ចំនួន​ម្តាយ​និង​អ្នក​ថែទាំ​ក្មេង​ដែល​បាន​នាំ​កុមារ​ទៅ​កាន់​មន្ទីរពេទ្យ បន្ទាប់​ពីបាន​ឃើញ​ និង​បាន​ដឹង​រោគ​សញ្ញា​នៃ​ជំងឺ​នានា។ ​យុទ្ធនាការ​នេះ​មាន​គោល​បំណង​ដើម្បី​បង្កើន​តួលេខ​នេះ​ទៅដល់​២៥​ភាគ​រយ​នៅ​ក្នុង​ឆ្នាំ​២០១៦៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG