តុលាការកំពូលសហរដ្ឋអាមេរិកបានកាត់សេចក្តីឲ្យលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នូវជ័យជម្នះដ៏សំខាន់មួយលើគូប្រកួតប្រជែងខាងនយោបាយ កាលពីថ្ងៃព្រហស្បតិ៍ ដោយច្រានចោលការជំទាស់ប្រឆាំងខាងផ្លូវច្បាប់ទៅលើច្បាប់ថែទាំសុខភាពថ្មី។ ក្រុមអ្នករិះគន់ប្រធានាធិបតីអូបាម៉ាបានរិះគន់ច្បាប់នោះថា ជាគោលនយោបាយសង្គមនិយម។
តុលាការបានបោះឆ្នោត៦សំឡេងទល់នឹង៣សំឡេងដើម្បីបញ្ជាក់ថា ច្បាប់ថែទាំសុខភាព ដែលគេស្គាល់កាន់តែច្រើនឡើងក្នុងអាមេរិកថា «Obamacare» បានបន្តអត្ថប្រយោជន៍ខាងការធានារ៉ាប់រងសុខភាពដល់ពលរដ្ឋអាមេរិកាំងជាច្រើន។ កាលពីពេលមុន មិនអាចមានការការពារនូវការធានាបែបនេះក្នុងតម្លៃសមរម្យ។
ក្រុមអ្នកប្រឆាំងការធ្វើកំណែទម្រង់ការថែទាំសុខភាពបានជំទាស់ប្រឆាំងការបកស្រាយច្បាប់ដែលផ្តល់ប្រាក់ជំនួយរបស់រដ្ឋាភិបាលសហព័ន្ធដល់រដ្ឋនានាដើម្បីជួយពលរដ្ឋឲ្យទិញការធានារ៉ាប់រងខាងសុខភាព។
ក្រុមអ្នកសង្កេតការណ៍នៅខាងក្រៅអាគារតុលាការកំពូលបានផ្ទុះឡើងនូវការសើចសប្បាយរីករាយនៅពេលដែលពួកគេបានដឹងពីការសម្រេចរបស់តុលាការកំពូលនេះ។ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានបង្ហាញខ្លួននៅខាងមុខម៉ាស៊ីនថតទូរទស្សន៍នៅឯសេតវិមាន ៣ទៅ៤នាទីក្រោយមក ដោយបានហៅសេចក្តីសម្រេចខាងផ្លូវច្បាប់នេះថា ជាជ័យជម្នះរបស់ពលរដ្ឋអាមេរិកាំង។
ទោះជាយ៉ាងណាក៏ដោយ ការបន្តឈ្លោះប្រកែកលើបញ្ហាច្បាប់ថែទាំសុខភាពអាចក្លាយទៅជាកត្តាមួយនៅក្នុងយុទ្ធនាការនយោបាយនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០១៦។ បេក្ខជន៣នាក់ដើម្បីឲ្យបានទទួលការតែងតាំងពីគណបក្សសាធារណរដ្ឋបានប្រកាសភ្លាមៗ កាលពីថ្ងៃសុក្រថា ពួកគេមានបំណងយកការថែទាំសុខភាពនេះធ្វើជាបញ្ហានៃយុទ្ធនាការឃោសនាបោះឆ្នោតដ៏សំខាន់មួយ ថ្វីបើ មានការសម្រេចរបស់តុលាការកំពូលក៏ដោយ៕