របាយការណ៍​មួយ​បង្ហាញ​​ថា​ប្រជាជន​អាហ្វ្រិក​​២ភាគ៣​ទទួល​រង​ឱនភាព​សន្តិសុខ​ក្នុង​អំឡុង​មួយ​ទសវត្សរ៍​មុន

  • Henry Ridgwell

កង​កម្លាំង​របស់​លីប៊ី​ត្រៀមបំផ្ទុះ​គ្រាប់​ដែល​រឹប​អូស​បាន​ពី​ពួកយុទ្ធជន​រដ្ឋ​ឥស្លាម​ក្រោយ​ពី​មាន​ការ​ប្រយុទ្ធ​គ្នា​នៅ​ Misrata កាល​ពី​ខែ​កញ្ញា។

របាយការណ៍​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា​ អភិបាលកិច្ច​នៅ​ទូទាំង​តំបន់​អាហ្វ្រិក​មាន​ភាព​ប្រសើរ​ឡើង​បន្តិច​បន្តួច​នៅ​ក្នុង​ទសវត្សរ៍​កន្លង​ទៅ​​ ដោយសារ​តែ​បញ្ហា​សន្តិសុខ​មិន​ល្អ​បាន​បង្អាក់​ដល់​ការ​រីក​ចម្រើន​នៅ​ក្នុង​ផ្នែក​​នានា​ ដូចជា​​សិទ្ធិ​មនុស្ស​ និង​ការ​លូត​លាស់​នៃ​សេដ្ឋ​កិច្ច។ ប្រទេស​លីប៊ី​បាន​ទទួល​រង​ការ​ធ្លាក់​ចុះ​ខ្លាំង​ជាង​គេ​បំផុត។

យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​នៃ​មូលនិធិ​ Ibrahim Index ​ស្តី​អំពី​អភិបាលកិច្ច​នៅ​អាហ្រ្វិក​បង្ហាញ​ថា​ ក្នុង​ចំណោម​ប្រជាជន​អាហ្រ្វិក​បី​នាក់​ មាន​ប្រហែល​ពីរ​នាក់​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ដែល​មាន​ភាព​អន់​ខ្សោយ​ផ្នែក​នីតិ​រដ្ឋ ​និង​សុវត្ថិភាព​ នៅ​ក្នុង​អំឡុង​១០​ឆ្នាំកន្លង​ទៅ។

របាយការណ៍​នេះ​បាន​កំណត់​លេខ​រៀង​ប្រទេស​នៅ​ទ្វីប​អាហ្រ្វិក​ចំនួន​៥៤​ ​តាម​លំដាប់​លក្ខណៈ​វិនិច្ឆ័យ​មួយ​ចំនួន​ ​មាន​ដូច​ជាការ​អប់រំ​ អំពើពុក​រលួយ​ និង​ប្រជាធិបតេយ្យ។

ក្នុង​ពេល​ធ្វើបទ​បង្ហាញ​អំពី​ការ​រក​ឃើញ​នេះ​នៅ​ទីក្រុង​ឡុងដ៍​កាល​ពី​ថ្ងៃ​ទី​៣​ ខែ​តុលា​កន្លងទៅ​ លោក​ Mo Ibrahim ​ស្ថាបនិក​មូលនិធិ​នេះ​ដែលជាមហា​សេដ្ឋី​ដើមកំណើតស៊ូដង់​ និង​ជា​ជន​ដែល​មាន​ចិត្ត​សប្បុរស​ម្នាក់​ដែរ​នោះ​ បាន​ឲ្យ​ដឹងថា​ ស្ថិតិ​ទាំង​នេះ​ជា​សារ​បញ្ជាក់​យ៉ាង​ច្បាស់​មួយ។

«នេះ​ជា​ទំនាក់​ទំនង​សមីកា​ដ៏​ច្បាស់​មួយ​ រវាង​សុវត្ថិភាព​ ​នីតិ​រដ្ឋ​ ហើយ​និងការ​អភិវឌ្ឍ។​ ដូច្នេះ​ យើង​មិន​អាច​ចេះ​តែ​ស្រែក​ក្ដែងៗថា ​យើង​ត្រូវការ​សន្តិភាព​នៅ​តំបន់​អាហ្រ្វិក​នោះ​ទេ»។

លោក​ស្រី​ Jendayi E. Frazer ​អតីត​ឧបការី​សហ​រដ្ឋ​អាមេរិក​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​អាហ្រ្វិក​ ហើយ​បច្ចុប្បន្ន​ជា​សមាជិក​នៃ​មូលនិធិ​ Mo Ibrahim ​នេះ​បាន​ថ្លែង​ប្រាប់​ VOA ថា​ ការ​ចុះ​ខ្សោយ​ផ្នែក​សន្តិសុខ​នេះ​ គឺ​ជា​បញ្ហា​ដែល​គួរ​ឲ្យ​បារម្ភ​យ៉ាង​ខ្លាំង។

«នេះ​ក៏​ដោយសារតែ​ការ​ចុះ​ខ្សោយ​នេះ​កំពុង​អូស​ទាញអភិបាលកិច្ច​ទាំង​ស្រុង​ឲ្យ​ធ្លាក់​ចុះ ហើយ​វា​ក៏​ប៉ះ​ពាល់​ដល់​ជីវិត​មនុស្ស​ផង​ដែរ។ ដូច​អ្នក​ដឹង​ស្រាប់​ហើយ​ថា​ នៅ​ពេល​អ្នក​និយាយ​អំពី​សុវត្ថិភាព​បុគ្គល​ និង​សន្តិសុខ​ជាតិ​ គឺអ្នក​កំពុងនិយាយ​អំពី​ការ​ស្លាប់​រស់»។

ប្រទេស​លីប៊ី​ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ការ​ធ្លាក់​ចុះ​ផ្នែក​សន្តិសុខ​ជាតិ​ និង​សុវត្ថិភាព​បុគ្គល​ខ្លាំង​ជាង​គេ។​ ប្រទេស​អង់គ្លេស​ និង​បារាំង​ បាន​ដឹក​នាំ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អង្គការ​អូតង់ (NATO) ​ដែល​បាន​ជួយ​បណ្តេញ​លោក​ Moammar​ Gadhafi ​មេ​ដឹកនាំ​ផ្ដាច់ការ​លីប៊ីកាល​ពីឆ្នាំ​២០១១។

លោក​ស្រី ​Frazer​ និយាយ​ថា ​ការ​អន្តរាគមន៍​នោះ​ គឺ​ជា​កំខុស​មួយ​ច្បាស់​ណាស់។

«យើង​មាន​មេរៀន​ដែល​ត្រូវ​រៀន​សូត្រ។​ ខ្ញុំ​យល់​ថា​ មេរៀន​ធំ​មួយ​នោះ​គឺ​ថា​ ប្រសិន​បើ​តំបន់​នេះ​ប្រឆាំង​ទាំង​ស្រុងទៅនឹង​ការ​ធ្វើ​អន្តរាគមន៍​ នោះ​អ្នក​គួរ​តែ​មាន​ការ​រារែក​ អ្នក​គួរ​តែ​គិត​ពិចារណា​ឡើង​វិញ។​ មេរៀន​មួយ​ទៀត​គឺ​ថា​ ប្រសិន​បើ​អ្នក​មិន​បាន​ត្រៀម​ខ្លួន​ជួសជុល​កែ​តម្រូវ​វា​ទេ​ នោះ​អ្នក​មិន​គួរ​បំបែកវា​ទេ»។

ប្រទេស​ម៉ូរីស​ (Mauritius) ​ឈរ​នៅ​លំដាប់​កំពូល​នៃ​សន្ទស្សន៍​នេះ​ ខណៈ​ដែល​ប្រទេស​សូម៉ាលី​ បន្ត​ឈរ​នៅ​លេខ​រៀង​បាត​តារាង។ ប្រទេស​រវ៉ាន់ដា​ ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​ឆាប់​រហ័ស​ ដោយ​បាន​ស្ថិតក្នុង​លំដាប់​កំពូល​ទាំង​១០​ ជា​លើក​ដំបូង៕​

ប្រែ​សម្រួល​ដោយ​ សើ​ សាយ្យាណា