គណបក្ស​ប្រឆាំង​និង​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​ជួយ​​ជន​រងគ្រោះ​ដោយ​ទឹក​ជំនន់

ស្ត្រី​ម្នាក់​ចង​អង្រឹង​ឲ្យ​ទាក​នៅ​ក្នុង​ហាង​ដែល​​ត្រូវ​ទឹក​ជំនន់​លិច​ នៅ​ក្នុង​ខេត្ត​កណ្តាល​កាល​ពី​ថ្ងៃ​ទី​០១ តុលា ២០១៣។

លោក​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អំពាវនាវ​ដល់​ស្ថាប័នហិរញ្ញវត្ថុ​នានា​នៅ​ក្នុង​ប្រទេស​ នៅ​ថ្ងៃ​សុក្រ​នេះ​ឲ្យ​ផ្តល់​ការ​អនុគ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ទាំង​ក្នុង​ផ្នែក​ផ្តល់​កម្ចី​ និង​ទាំង​ផ្នែក​ទារ​សំណង។​

ជំនន់​ទឹកទន្លេ​មេគង្គ​ និង​ជំនន់​ទឹក​ភ្លៀង​នៅ​ក្នុង​ខេត្ត​ចំនួន​២០​ក្នុង​ប្រទេស​កម្ពុជា​បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់​យ៉ាង​តិច​១៦៨​នាក់​និង​ប្រជាជន​ជាង​មួយ​លាន​នាក់​ទទួល​ផល​ប៉ះពាល់។ ​រដ្ឋាភិបាល​បាន​ប៉ាន់​ប្រមាណ​ថា ​ការ​ខូចខាត​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ ​ផ្ទះ​សម្បែង និង​ស្រែ​ចម្ការ​ប្រមាណ​ជាង​៥០​លាន​ដុល្លារ​អាមេរិក។​

នៅ​ក្នុង​សេចក្តី​អំពាវនាវ​មួយ​ទៅ​កាន់​ស្ថាប័នធនាគារ ​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញ​វត្ថុ​និង​ប្រតិបត្តិករ​ហិរញ្ញ​វត្ថុ លោក​ហ៊ុន ​សែន​បាន​ស្នើ​សុំ​ឲ្យ​ស្ថាប័នហិរញ្ញវត្ថុ​ទាំង​នេះ​កុំ​ឲ្យ​កៀប​សង្កត់​ និង​រឹប​អូស​ផ្ទះ​សម្បែង ឬ​ដីធ្លី​ប្រជាជន​កូន​បំណុល​ដែល​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់។​

ជាមួយគ្នា​នេះ​ដែរ​ លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឲ្យ​ស្ថាប័នទាំង​នោះ​ពិនិត្យ​លទ្ធភាព​ពន្យារ​ការ​សង​បំណុល​ បើ​ទោះបី​ដល់​ពេល​កំណត់​ត្រូវ​សង​ក្តី​ ដោយ​ចៀស​វាង​ការ​ផាក​ពិន័យ​ ឬ​មិន​យក​ការប្រាក់​ ឬយក​ការ​ប្រាក់​ទាប។​

មួយ​វិញ​ទៀត​ លោក​ហ៊ុន ​សែន​បាន​ស្នើ​ឲ្យ​បណ្តា​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​និង​ប្រតិបត្តិករ​ហិរញ្ញវត្ថុ​ពិនិត្យ​លទ្ធភាពផ្តល់​កម្ចី​បន្ថែម​ដោយ​យក​ការ​ប្រាក់​ទាប​ដើម្បី​អនុញ្ញាត​ឲ្យ​ជនរង​គ្រោះ​ដោយសា​រទឹក​ជំនន់​មាន​លទ្ធភាព​ស្តារ​ជីវភាព​ឡើង​វិញ​បាន។​

លោក​ញឹម​ វណ្ណដា ​អនុ​ប្រធាន​ទីមួយ​នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ មាន​ប្រសាសន៍​ថា​ ទឹក​ជំនន់​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ជីវភាព​ជន​រង​គ្រោះ​ប៉ុន្តែ​ពួក​គេ​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​ជា​កូន​បំណុល​ស្ថាប័ន​ហិរញ្ញ​វត្ថុ​នោះ​ទេ។​

«តាម​អនុសាសាន៍​របស់​សម្តេច​នៅ​ប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ព្រឹក​មិញ​ត្រឹម​ត្រូវ​ហើយ។​ ប្រជាជន​ខ្ចីបុល​ពី​ធនាគារ​ផ្សេងៗ​ពិត​ជា​យក​ទៅ​បង្កបង្កើន​ផល​មាន​ការ​ខាត​មែន ​ដោយសារ​វា​ខូច​អស់។​ ប៉ុន្តែ​មិន​មែន​ជន​រង​គ្រោះ​ជាង​មួយ​លាន​នាក់​សុទ្ធតែ​ជា​អ្នក​ជំពាក់​ធនាគារ​នោះ​ទេ»។​

សូម​បញ្ជាក់​ថា​ សេចក្តី​អំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល​លើ​បណ្តា​ស្ថាប័នមីក្រូហិរញ្ញ​វត្ថុ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​លោកស្រី​មូរ សុខហ៊ួរ ​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អំពាវនាវ​ដូច​គ្នា​ទៅ​កាន់​ស្ថាប័នមីក្រូហិរញ្ញ​វត្ថុ​ឲ្យ​ធ្វើ​ការ​បន្ធូរ​បន្ថយ​ដល់​ជន​រងគ្រោះ​ដោយ​គ្រោះ​ទឹក​ជំនន់។​

លោក​ស្រី មូរ សុខហ៊ួរ ​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សុំ​ឲ្យ​ស្ថាប័នទាំង​នោះ​ផ្អាក​ការ​ទារ​បំណុល​ពី​ពលរដ្ឋ​រង​គ្រោះ​ដោយសារ​ទឹកជំនន់​យ៉ាង​ហោច​ណាស់​ក្នុង​រយៈ​ពេល​ប្រាំមួយ​ខែ​ត​ទៅ​ទៀត។​

«សុំ​ឲ្យ​ផ្អាក​ក្នុង​រយៈ​ពេល​ប្រាំមួយ​ខែ​នេះ​ក្នុង​ការ​ទារ​បំណុល​ពី​ប្រជា​ពលរដ្ឋ។ ​សុំ​បញ្ចុះ​ការ​ប្រាក់​មិន​ឲ្យ​លើស​ពី​១​ភាគរយ​ក្នុង​រយៈ​ពេល​១២​ខែ​ទៅ​មុខ។​ សុំ​កុំ​ឲ្យ​មាន​ការ​រឹបអូស​ដី ​ផ្ទះ​សម្បែងប្រជា​ពលរដ្ឋ​ដែល​ជំពាក់​បំណុល​ឥណទាន»។​

ក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា​១៤​លាន​នាក់​មាន​ប្រជាពលរដ្ឋ​ជិត​១,៥​នាក់​តំណាង​ឲ្យ​១,៥​លាន​គ្រួសារ​កំពុង​ប្រើប្រាស់​ឥណទាន​ពី​គ្រឹះសា្ថន​ហិរញ្ញវត្ថុ​ដោយ​មិន​រាប់​បញ្ចូល​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ទេ។​

លោក​ប៊ុន ​មុនី ​ប្រធាន​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ និង​ជា​អគ្គនាយក​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ស្ថាបនា​ មាន​ប្រសាសន៍​ថា ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នឹង​គិត​គូរ​បញ្ហា​នេះ​ដោយ​ប្រយ័ត្ន​ប្រយែង​បំផុត។​

«ពិត​ប្រាកដ​ហើយ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ តំណាងរាស្ត្រ​ គាត់​ព្រួយ​បារម្ភ​និង​ភ័យ​ខ្លាច​ការ​ប៉ះពាល់​អ្នក​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទាំង​អស់​នោះ។​ ខាង​យើង​ក៏​មាន​ការ​ព្រួយ​បារម្ភ​ដូច​គ្នា»។​

នៅ​ក្នុង​សេចក្តី​អំពាវ​ដល់​ធនាគារ​ និង​គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ​ខាង​លើ​ លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន​បាន​បង្គាប់​ឲ្យ​លោក​គាត ឈន់​ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​ និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​តាម​ដាន​លើ​ការ​អនុវត្ត​គោលការណ៍​នេះ៕