ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទឹក​ជំនន់​ធ្វើ​ឱ្យ​ខ្សត់​ខ្សោយ​ដល់​វត្ត​ខ្លះ​នៅ​រដូវ​ភ្ជុំបិណ្ឌ

  • គង់ សុឋានរិទ្ធ

ទឹកជំនន់​បាន​លិច​ជុំវិញ​វត្ត​នៅពេល​ភ្ជុំបិណ្ឌ​​ ធ្វើឲ្យ​ពិធីនៅ​វត្តនេះ​​ អត្តខាត់ ​មិន​អធឹក​អធម​។​​
នៅ​តំបន់​ដែល​ទទួល​រង​គ្រោះ​ដោយសារ​ទឹកជំនន់​ ក្រុម​ប្រជាពលរដ្ឋ​បាន​ប្រារព្ធ​ពិធី​ភ្ជុំបិណ្ឌ​នៅ​ថ្ងៃ​សុក្រ​នេះ​ដោយ​មាន​ធារទឹក​ដែល​ព័ទ្ធជុំវិញ​ល្ហរល្ហាច​ដាច់​កន្ទុយ​ភ្នែក។​

​ជាក់ស្តែង​នៅ​ភូមិ​សសី​នៃ​ស្រុក​ពញាឮ​ ខេត្តកណ្តាល​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៣៥​គីឡូម៉ែត្រ​ប៉ែក​ឥ​សាន​រាជធានី​ភ្នំពេញ​ អ្នក​ភូមិ​ធ្វើ​ដំណើរ​ដោយ​ទូក​ម៉ាស៊ីន​ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ព្រះពុទ្ធ​សាសនា​នេះ​នៅ​វត្ត​តា​ម៉ៅ។​ គឺជា​វត្ត​ដែល​មាន​ព្រះ​វិហារ​តូច​មួយ​ធ្វើ​អំពី​សំណង់​រឹង​និង​ព​ទ្ធ័​ជុំវិញ​ដោយ​ទឹក។​ នៅ​ទី​នេះ​សល់​ដី​ទួល​តែ​ក្នុង​បរិវេណ​ជុំវិញ​ព្រះ​វិហារ​និង​សាលាឆាន់​តែ​ប៉ុណ្ណោះ។​

​អ្នកស្រី​ប្រាក់​ ស៊ន​ កំពុង​ដើរ​លុយ​ទឹក​ឆ្ពោះ​មក​កាន់​ព្រះ​វិហារ​។​ ស្ត្រី​វ័យ​៧៤​ឆ្នាំ​រូប​នេះ​និយាយ​បណ្តើរ​ត្អូញត្អែ​ពី​ការ​លំបាក​បណ្តើរ។​

«មក​ធ្វើបុណ្យ​ដើម្បី​ឧទ្ទិស​ផល​ដល់​ជីដូន​ជីតា​ដែល​លោក​បាន​ចែក​ឋាន​ទៅ។ ​លិចលង់​ពិបាក​មក​វត្ត​អ្នក​អត់​ទូក​វេទនា​ដែរ​។​អ្នក​អត់​ទូក​មិន​បាន​មក​ទេ​។​អ្នកមាន​ទូក​ចេះ​តែ​មក​ទៅ»។

​ភូមិ​សសី​នេះ​មាន​វត្ត​ចំនួន​ពីរ​គឺ​វត្ត​តា​មាស​និង​វត្ត​តា​ម៉ៅ​។​ វត្ត​ទាំង​ពីរ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ប្រមាណ​ជា​បី​ទៅ​បួន​គីឡូម៉ែត្រ​ដែល​គេ​អាច​មើលឃើញ​បាន​ដោយ​ការ​ខណ្ឌ​ចែក​ដោយ​ផ្ទៃ​ទឹក។​

​អ្នកស្រី​ជឹ​ម​ សុ​ខន​ ធ្វើ​ដំណើរ​ដោយ​ទូក​ប្រមាណ​៤​គម​ ជាមួយ​ក្រុម​គ្រួសារ​ចំនួន​ពីរ​ទូក​មក​កាន់​វត្ត​តា​ម៉ៅ។​ នៅ​ទី​នេះ​មាន​ព្រះសង្ឃ​ចំនួន​ប្រាំបី​អង្គ។​ប៉ុន្តែ​ការ​រៀបចំ​ហាក់ដូចជា​មិន​បាន​គ្រប់គ្រាន់​ដូច​នៅ​តាម​វត្ត​ដែល​មិន​មាន​ទឹក​លិច​នោះ​ទេ។ ​មាន​បាត្រ​ចំនួន​តិច​ ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក៏​តិច។​

«មាន​ឆ្នាំ​ណា​នោះ​លិច​ជុំវិញ​ព្រះ​វិហារ​នេះ​ទាំងអស់។ ​ជុំវិញ​នេះ​ទើប​ចាក់​ដី​ហើយ​នៅ​តែ​ធ្វើ​តាម​ទំនៀម​ទម្លាប់​បុរាណ​អញ្ចឹង»។

​វត្ត​តា​ម៉ៅ​មាន​ចំណាស់​៣១​ឆ្នាំ​ហើយ។ ​ពោល​គឺ​វត្ត​នេះ​សាងសង់​នៅ​ឆ្នាំ​១៩៨២។​ ទឹកជំនន់​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចង្ហាន់​របស់​ព្រះសង្ឃ​និង​ប៉ះពាល់​ដល់​ការ​ឧបត្ថម្ភ​នានា​សម្រាប់​វត្ត​នេះ។​

​អ្នក​ស្រី​ជឹ​ម​ សុ​ខន​ រៀបរាប់​ជាមួយ​លោក​លោក​ហ៊ុន​ គង់​ ប្រធាន​គណៈកម្មការ​វត្ត​ថា៖​
«ប៉ះពាល់​ដែរ​បើ​លិច​ទឹក។​ថ្ងៃ​ណា​ដាច់​ពេល​ចឹ​ង​ដែរ​។​តាម​សមត្ថភាព​(ប្រជាជន​)​បាន​តិច​ធ្វើ​តិច​បាន​ច្រើន​ធ្វើ​ច្រើន​។​ខ្លះ​បាន​ស្ពៃជ្រក់​ ខ្លះ​បាន​ផ្កាស្នោ​ ត្រីអាំង​ចឹ​ង​ទៅ»។

ផ្លូវ​ដែល​ក្រាល​គ្រួ​ស​ក្រហម​ពុះ​កាត់​ភូមិ​សសី​គឺជា​ផ្នែក​តែ​មួយ​គត់​ដែល​មិន​ទាន់​លិច​ទឹក។​

ភូមិ​នេះ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​១៩០​គ្រួសារ។​ភាគច្រើន​គឺជា​អ្នក​ធ្វើស្រែ​ចំការ​និង​នេសាទ។​ ប៉ុន្តែ​ទឹក​បាន​លិច​ផ្លូវ​នេះ​នៅ​ចុង​ភូមិ​ដែល​បាន​កាត់​ផ្តាច់​យានយន្ត​គ្រប់​ប្រភេទ​មិន​ឲ្យ​ធ្វើ​ចរាចរណ៍​បាន​ក្រៅពី​ការ​ធ្វើ​ដំណើរ​តាម​ទូក​ម៉ាស៊ីន។​ ទូក​ម៉ាស៊ីន​ជិត​ដប់​គ្រឿង​ដាក់​បញ្ឈរ​នៅ​មាត់​ផ្លូវ​នេះ​រង់ចាំ​ដឹក​ជញ្ជូន​អ្នកដំណើរ​ទៅ​កាន់​ភូមិ​ខាង​ក្នុងៗ​ទៀត។​

​លោក​ហ៊ុន​ គង់​ ប្រធាន​គណៈកម្មការ​វត្ត​ អាយុ​៦៨​ឆ្នាំ​ អធិប្បាយ​បន្ថែម​ថា​ទឹក​លិច​ធ្វើ​ឲ្យ​បរិ​ស័ទ​ចំណុះ​ជើងវត្ត​ថយ​ចុះ។​

«កាលណា​ទឹក​លិច​ធ្វើ​ឲ្យ​ពុទ្ធ​បរិ​ស័ទ​មក​អត់​រួច​ម្ល៉ោះ​ហើយ​តិច​ទៅ។​ចង្ហាន់​ក៏​តិច។​ទឹក​ជួនកាល​លិច​ដល់​ត្រឹមនេះ​ម្លោះ​ហើយ​ការ​ខ្វះខាត​មាន​ច្រើន​។​»

​លោក​គាំ​ ខុ​ម​ ជា​ប្រធាន​ភូមិ​សសី​មាន​ប្រសាសន៍​ថាបើ​ទោះជា​ទឹក​លិច​ក៏​ប្រជា​ពលរដ្ឋ​ព្យាយាម​ទៅ​ធ្វើបុណ្យ​ដោយសារ​ការ​ជឿ​លើ​បុណ្យ​បាប។​

«ខ្លះ​មាន​កាណូត​ទៅ​តាម​កាណូត​ទៅ។​ ខ្លះ​អត់​កាណូត​ កូនសិស្សលោក​មក​យក។​ប្រជា​ពលរដ្ឋ​ជឿ​លើ​បុណ្យ​បាប​ ម្យ៉ាងទៀត​គាត់​យក​បាយ​ យក​ចង្ហាន់​ទៅ​រាប់បាត្រ​ដើម្បី​ជូន​ផល្លា​និស​ង្ស​ដល់​ដូនតា​គាត់»។​

​បុណ្យ​កាន់បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​គឺជា​ពិធីបុណ្យ​យ៉ាង​សំខាន់​ និង​ធំ​បំផុត​សម្រាប់​ពលរដ្ឋ​កម្ពុជា។​ ពិធី​ព្រះពុទ្ធ​សាសនា​នេះ​តែងតែ​ប្រព្រឹត្ត​ទៅ​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​រយៈពេល​១៥​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​១​រោច​ដល់​ថ្ងៃ​១៤​រោច​ខែភទ្របទ​ គឺ​ហៅ​ថា​ពិធី​កាន់បិណ្ឌ។​ ពិធី​កាន់បិណ្ឌ​នៅ​ក្នុងឆ្នាំនេះ​ បាន​ចាប់ផ្ដើម​ចាប់តាំងពី​ថ្ងៃ​ទី​២០​ខែកញ្ញា​ រហូត​ដល់​ថ្ងៃ​ទី​៣​ខែតុលា។​

ដោយឡែក​ថ្ងៃ​សុក្រ​ទី​៤​ខែតុលា​នេះ​ គឺជា​ថ្ងៃ​ភ្ជុំបិណ្ឌ​ឬ​ភ្ជុំ​ធំ​ និង​គឺជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​សាសនា​នេះ។​

ក្នុង​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​នេះ​ មាន​វត្ត​អា​រ៉ា​ម​ចំនួន​២៩២​ វត្ត​ បាន​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្ត​និង​រាជធានី​ចំនួន​១២។​នេះ​បើ​យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ៕
XS
SM
MD
LG