ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទឹក​ជំនន់​​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​បានឆក់​យក​ជីវិត​មនុស្ស​៣០​នាក់


ប្រទេស​កម្ពុជា​ត្រូវ​លិច​លង់​ដោយ​ទឹកជំនន់​ដែលបណ្តាល​មកពី​ទឹក​ភ្លឿង និង​ព្យុះ​។
ប្រទេស​កម្ពុជា​ត្រូវ​លិច​លង់​ដោយ​ទឹកជំនន់​ដែលបណ្តាល​មកពី​ទឹក​ភ្លឿង និង​ព្យុះ​។
យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៣០​នាក់​បាន​ស្លាប់​ដោយ​សារ​ជំនន់​ទឹក​ភ្លៀងនិង​ជំនន់​ទន្លេ​មេគង្គ។​ នេះ​បើ​តាម​មន្ត្រី​ជាន់ខ្ពស់របស់​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ដែល​ឱ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

​មន្ត្រី​ដដែលដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បន្ថែម​ថា​ ទឹក​ជំនន់​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​បាន​នាំ​ឱ្យមាន​ការប៉ះពាល់​ប្រជា​ពលរដ្ឋ​រងគ្រោះ​៨១៣៥៧​គ្រួសារ ​ពលរដ្ឋ​៩៥០៩​គ្រួសារត្រូវ​ជម្លៀស​ចេញ​ទៅ​ទីទួល​មាន​សុវត្ថិភាព ​និង​នាំ​ឱ្យ​លិច​ផ្ទះ​៦៧៥៥១ខ្នង ក្នុង​នោះ​មាន​២៥​ខ្នង​ខូច​ខាត​ទាំង​ស្រុង។ ​ដោយ​ឡែក​ដំណាំស្រូវ​៩៣១០០​ហិចតា​និង​ដំណាំ​រួម​ផ្សំ​៣៨៤៤​ហិចតា ​សាលា​រៀន​៥១៣​ខ្នង មន្ទីរពេទ្យ​ ២៥ខ្នង​និង​វត្ត​អារាម​២៨៣​វត្តត្រូវបាន​ជន់​លិច។ ​

កំពុង​អង្គុយ​ខាង​មុខ​ផ្ទះ​ដែល​លិច​ទឹកក្នុង​សង្កាត់ព្រែក​លាប ​ខណ្ឌ​ឫស្សីកែវ ​លោក​សុង សារឿន​ អាយុ​៥៣​ឆ្នាំ​ ត្អូញ​ត្អែរ​ពី​ផល​ប៉ះពាល់​នៃ​ការ​ជន់លិច​នេះ​មក​លើ​ជីវភាព​គ្រួសារ​លោក។​

«លិច​តាំង​ពី​ក្រោម​ផ្ទះ​មក​ដល់​មុខ​ផ្ទះ។ ​លិច​ប្រហែល​៣​តឹក​ហើយ។ ​បើ​លិច​ខ្លាំង​ ខ្ញុំ​ជម្លៀស​ទៅ​នៅ​ដី​គេ​ជិតថ្នល់​ជាតិ។ ​របស់​របរ​ណា​អាច​អណ្តែត​ទឹក ​យើង​លើក​មក​លើ​ផ្ទះ​ មាន់​ទា​អី​យើង​ដាក់​លើ​ទ្រនើរ។​ ពិបាក​ណាស់​រឿង​បត់​ជើង​បត់​ដៃ ​ព្រោះ​បង្គន់​នៅ​ក្រោយ​ផ្ទះ​ ដល់​ពេល​ទឹក​លិច​អញ្ចឹង​ យើង​បាន​អ្វី​បត់​ជើង​បត់​ដៃ​ទៀត?​ រក​ស៊ី​ក៏​ពិបាក​ព្រោះ​ទឹក​លិច​អញ្ចឹង​មាន​អ្នកណា​គេ​មក​ចូល​ហូប»។

លោក​លឹម ម៉ាក់សាវី ​អាយុ​៣០​ឆ្នាំ​ ​ប្រកប​របរ​ដាំ​បន្លែ ​និង​ធ្វើ​ការ​សំណង់។ គាត់​ជា​ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ឃុំ​ព្រែក​តាសេក ​ក្នុង​ខណ្ឌ​នេះ​ដែរ។ ​កំពុង​ស្លៀក​ខោ​ខ្លី​ឈររលាស់​មង​នៅ​ខាង​មុខ​ផ្ទះ​តៀម​តូច​មួយ​របស់​ខ្លួន​ដែល​លិច​ត្រឹម​ជើង​សរសរ​ផ្ទះ ​លោក​លឹម ម៉ាក់សាវី​បាន​រៀបរាប់​ស្រដៀង​គ្នា​នេះ​ដែរ។​

«លិច​ដល់​ត្រឹម​ជើង​សរសរ​ហើយ។ ​ភ្លៀង​មួយ​យប់​ទៀត​លិច​ដល់​រនៀប​ហើយ។​ កាល​ពី​មុន​ទឹក​លិច ​ខ្ញុំ​មាន​ជីវភាព​ធូរធារ​បន្តិច​ដែរ​ ដោយ​សារ​បាន​ដាំ​បន្លែ​ ប៉ុន្តែ​ឥឡូវ​បន្លែ​លិច​អស់​អញ្ចឹង​គឺ​មាន​តែ​ដាក់​មង ​និង​ធ្វើ​ការ​សំណង់ ​ហើយ​សំណង់​ឥឡូវ​ គេ​បិទ​ទៀត ​បិទ​តាំង​ពី​មុន​បោះឆ្នោត​មក​ម្ល៉េះ។​ អញ្ចឹង​ឥឡូវ​ដាក់​តែមង​ត្រីទេ»។

បុរស​ជា​ឪពុក​កូន​២​នាក់​រូប​នេះ​មាន​គម្រោង​ជម្លៀស​ទៅទី​ទួល​ខ្ពស់​ក្បែរៗ​នោះដើម្បី​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ជាមួយ​គ្រួសារ ​ប្រសិន​បើ​ទឹក​នៅ​បន្ត​ឡើង​ខ្លាំង។​

ភ្លៀង​បាន​បង្អុល​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ជាប់ៗគ្នា​ ខណៈ​ដែល​ប្រជា​ពលរដ្ឋ​កំពុងប្រារព្ធ​ពិធី​កាន់​បិណ្ឌ។​ ទឹក​ភ្លៀង​បាន​ធ្វើ​ឱ្យ​អាង​ទន្លេ​មេគង្គឡើង​ខ្ពស់ ដូចជា​នៅ​ខេត្ត​ស្ទឹងត្រែង​ ក្រចេះ និង​ខេត្ត​កំពង់​ចាម ​មាន​កម្ពស់​ទឹក​ខ្ពស់​ជាង​កម្រិត​ប្រកាស​អាសន្ន ​ហើយ​ទឹក​បាន​ហូរ​ធ្លាក់​មក​បណ្តា​ខេត្ត​ក្រុង​ផ្នែក​ខាង​ក្រោម​ទន្លេ​មេគង្គ​ មាន​ដូចជា​ព្រៃវែង ​កណ្តាល​ និង​ភ្នំពេញ​ជា​ដើម។​

តួ​យ៉ាង​មក​ទល់​ថ្ងៃ​នេះ ​នៅ​ភ្នំពេញ​មាន​កម្ពស់​ទឹក​១០,២៦​ម៉ែត្រ​គឺ​០,២​ម៉ែត្រ​ក្រោម​កម្រិត​ប្រកាស​អាសន្ន។ ​មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ដដែលរូប​នេះ ​ឱ្យ​ដឹង​ទៀត​ថា ​កម្ពស់​ទឹក​រំពឹង​ថា ​នឹង​កើនឡើង​ថែម​ទៀត​ក្នុង​រយៈពេល​២​ទៅ​៣​ថ្ងៃ​ខាង​មុខ ​ដោយសារ​តែ​ព្យុះ​នៅ​ប្រទេស​វៀតណាម​ធ្វើ​ឱ្យ​មាន​ប្រព័ន្ធ​សម្ពាធ​ទាប​នៅ​អាង​ទន្លេ​មេគង្គ​លើ៕​
XS
SM
MD
LG