លោកហ៊ុន សែន​គំរាម​​គណបក្ស​សង្គ្រោះជាតិ

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និយាយ​ទៅ​កាន់​​ លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​អំឡុង​ពេល​សម្រាក​​ពី​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​​មន្ទីរ​រដ្ឋសភា​ជាតិ​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

អស់​រយៈ​ពេល​តែ​ជាង​៥​ខែ​ប៉ុណ្ណោះ​បន្ទាប់​ពី​គណបក្ស​សង្គ្រោះជាតិ​ និងគណបក្ស​ប្រជាជន​កម្ពុជា​បាន​សន្យា​ផ្ទាល់​មាត់​នៅ​ក្នុង​មន្ទីរ​រដ្ឋ​សភាជាតិថា ​ឈប់​វាយ​ប្រហារ​គ្នា​និង​ងាក​មក​រក​វប្បធម៌​សន្ទនាគា្ន​ម្តង​វិញ​ដើម្បី​រក​ដំណោះ​ស្រាយ​លើ​បញ្ហាជាតិធំៗ​នោះ​ ការប្រឈម​មុខ​គ្នា​កើតមាន​ឡើងវិញ។

ការ​សន្យា​នេះ​បាន​រលាយ​បាត់​ទៅ​វិញ​ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ព្រមាន​ថា​ ឈប់​លែង​មាន​វប្បធម៌​ជជែក​សន្ទនាគ្នា​រវាង​លោក​ និង​លោក​ សម រង្ស៊ី​ទៀត​ហើយ​ ដោយ​សារ​តែ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ លោក​កឹម សុខា​ អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភា​ និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​បរិហារ​រិះ​គន់​ឥត​សំចៃ​ទៅ​លើ​ការ​ដឹក​នាំ​រយៈ​ពេល​៣០​ឆ្នាំ​របស់​លោក​ហ៊ុន សែន។​

លោក​និយាយ​ថា៖​ «សម្តី​ឈ្លើយ​នោះ​ឈ្លើយ។​ ខ្ញុំ​គ្រាន់​តែ​បញ្ជាក់ទៅ​វិញ​ ល្មមៗ​បាន​ហើយ​ អា​សម្តី​តាម​ចិញ្ចើម​ថ្នល់ រំខាន​ប្រជា​ពល​រដ្ឋ។ ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ ហើយ​ងិក​ ងក់ៗ​ បាតុកម្ម​ចុះ​ បាតុកម្ម​ឡើង​ មិន​ទាន់​អស់​ចិត្ត​ទេ​អី!»

កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៤​ បន្ទាប់​ពី​គណបក្ស​សង្គ្រោះជាតិ​ដឹក​នាំ​អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ចូល​រួម​ប្រជុំ​រដ្ឋ​សភា​ដើម្បី​បំពេញ​ភាព​ស្រប​ច្បាប់​ដល់​រដ្ឋាភិបាល​អណត្តិ​ទី​៥​នេះ ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​សម រង្ស៊ី​ និង​លោក​ហ៊ុន សែន​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សន្យា​ថា ​នឹង​បញ្ឈប់​វប្បធម៌​រិះ​គន់​គ្នា​ និង​ចាប់​យក​វប្បធម៌​សន្ទនាគ្នា​វិញ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​ប្រទេស​ជាតិ។​

មាន​ប្រសាសន៍​ក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែនក្រៅ​ពី​ប្រកាស​បញ្ចប់​វប្បធម៌​សន្ទាគ្នា​នេះ​ ​លោក​ថែម​ទាំង​ព្រមាន​ថា ​នឹង​ដក​ហូត​អភ័យ​ឯក​សិទ្ធិ​សមាជិក​សភា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ចំនួន​៧​រូប​ដើម្បី​បើក​ផ្លូវឲ្យតុលាការ​ដំណើរ​រឿង​ក្តី​ពាក់​ព័ន្ធ​សំណុំ​រឿង​អំពី​ព្រឹត្តិការណ៍​នៅសួន​ប្រជាធិបតេយ្យ​ឡើង​វិញ។​

លោក​និយាយ​ថា៖ ​«អត់​រួច​ខ្លួន​ទេ​ ប្រាប់ឲ្យហើយ។​ អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​អត់​រួច​ខ្លួន​ទេ។​ ​ចង់​ទៅ​ជា​អ្វី​ក៏​ទៅៗ។​ តុលាការ​ធ្វើ​តាម​នីតិ​វិធី ​រាប់​ទាំង​អ្នក​តំណាង​រាស្ត្រ​៧​រូប​អត់​រួច​ខ្លួន​ទេ ​សុំ​ប្រាប់ឲ្យហើយ​ ពី​ព្រោះ​អ្វី​តំណាង​រាស្ត្រ​ទាំង​៧​រូប​នេះ​បាន​អភ័យ​ឯក​សិទ្ធិ​ក្រោយ​ពី​តុលាការ​ចោទ​ប្រកាន់​ផ្លូវ​ច្បាប់ ​អត់​រួច​ខ្លួន​ទេ»។​

អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ចំនួន​៧​រូប​ត្រូវ​បានតុលាការសម្រេចដោះ​លែងឲ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ បន្ទាប់​ពី​មាន​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ​នៅ​ក្នុងកិច្ច​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃ​ទី​២២​ខែ​កក្កដា​ឆ្នាំ​២០១៤។​

អ្នក​តំណាង​រាស្ត្រ​ទាំង​៧​រូប​ ដែល​ជាប់​ក្នុង​សំណុំ​រឿង​សួន​ប្រជា​ធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា​ រួម​មាន​អ្នក​ស្រី​មួរ សុខហួរ​ លោក​ហូរ វ៉ាន់ ​លោក​ឡុង រី​ លោក​នុត រំដួល ​ លោក​រៀល ខេមរិន្ទ​ លោក​ម៉ែន សុឋាវរិន្ទ​ និង​លោក​កែវ ភិរម្យ។

លោកស្រី​មួរ សុខហួរ​ អ្នក​តំណាងរាស្ត្រ​ខាង​គណបក្ស​សង្គ្រោះជាតិ​ មាន​ប្រសាសន៍​ថា​ កា​រគំរាម​កំហែង​ដក​អភ័យ​ឯក​សិទ្ធិ​អ្នក​តំណាង​រាស្ត្រ​គឺ​ជា​ការ​គំរាម​កំហែង​ដល់​សំឡេងរបស់​រាស្ត្រ​ជា​ម្ចាស់​ឆ្នោត។​ ​

លោក​ស្រី​បាន​បញ្ជាក់​ថា​ លោក​ស្រី​មិន​ខ្លាច​ការ​ដក​អភ័យ​ឯក​សិទ្ធិ​ទេ ​តែ​រាល់​ការ​ដក​អភ័យ​ឯក​សិទ្ធិ​អ្នក​តំណាង​រាស្ត្រ​បាន​ទាល់​តែ​មាន​សំឡេង២ភាគ​៣​នៃ​សមាជិក​សភា​ទាំង​មូល។​

លោក​ស្រី​និយាយ​ថា៖​ «បើ​សិន​ជា​តំណាង​រាស្ត្រ​នៅ​តែ​ទទួល​នូវ​ការ​គំរាម​កំហែង​ពី​សំណាក់​បុគ្គល​ណា​ក៏​ដោយ​ ​តើ​សភា​ដែល​ជា​ស្ថាប័ន​កំពូល​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​នឹង​ក្លាយ​ទៅ​ជា​ស្ថាប័ន​អ្វី?»​

លោក​នី ចរិយា ​ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ មាន​ប្រសាសន៍​ថា ​យោង​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ អភ័យឯក​សិទ្ធិ​អ្នក​តំណាង​រាស្ត្រ​មិន​អាច​ដក​បាន​ទេ ​លុះត្រាតែ​មាន​សំឡេង​សមាជិក​សភា​គ្រប់គ្រាន់។​ ​ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ព្រមាន​របស់​លោក​ហ៊ុន សែន​ជា​សារ​មួយ​ទៅ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បីឲ្យឈប់​វាយ​ប្រហារ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ បើ​មិន​ដូច្នេះ​ទេ​ មិន​ដោះ​លែង​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ​នោះ​ទេ។

លោក​និយាយ​ថា៖​ «ខ្ញុំ​មើល​ទៅ​ប្រហែល​ជា​គាត់​មាន​ការ​ខកចិត្ត​ ​ដោយ​សារ​តែ​កំណែ​ទម្រង់ការ​ងារ​បោះ​ឆ្នោត​ទាក់​ទង​កំណែ​ទម្រង់គណៈ​កម្មាធិការ​ជាតិ​បោះ​ឆ្នោត។​ ​អញ្ចឹង​គ្រាន់​តែ​ស្រែក​ដើម្បី​សន្សំ​យក​ជា​លេស​ដើម្បី​កុំឲ្យមាន​ការ​ធ្វើ​ការ​កែ​ទម្រង់​ ​ពីព្រោះ​យើង​ដឹង​ហើយ​ថា ​គ.ជ.ប.​ពី​ដើម​មក​ហ្នឹង​គឺ​ថា ​១០០%​នៅ​លើ​កណ្តាប់​ដៃ​គណបក្ស​ប្រជាជន​កម្ពុជា»។​

មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១​នាក់​ផ្សេង​ទៀត​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ និង​មួយ​ចំនួន​ទៀត​កំពុង​ស្ថិត​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ទាក់​ទិន​នឹងសំណុំ​រឿង​សួន​ប្រជា​ធិបតេយ្យ​ ​ក្នុង​នោះ​មាន​លោក​មាជ សុវណ្ណារ៉ា​ ប្រធាន​នាយក​ដ្ឋាន​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ៕