នៅថ្ងៃពុធនេះគឺជាថ្ងៃគម្រប់ខួប៣០ឆ្នាំនៃការឡើងគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យលោកជាប់ឈ្មោះជាមេដឹកនាំលំដាប់ទី៦ក្នុងពិភពលោកដែលកាន់អំណាចយូរជាងគេ។
ស្របពេលជាមួយគ្នានេះដែរ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានអំពាវនាវឲ្យអ្នកស្នេហាជាតិ និងអ្នកស្រឡាញ់ប្រជាធិបតេយ្យទាំងអស់ធ្វើការរួបរួមគ្នាឲ្យទៅជាគណបក្សតែមួយដើម្បីផ្តួលរំលំរបបគ្រប់គ្រងប្រទេសរយៈពេល៣០ឆ្នាំរបស់លោកហ៊ុន សែន។
មានប្រសាសន៍ក្នុងវេទិការាស្ត្រ និងតំណាងរាស្ត្រ នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺនៅថ្ងៃពុធនេះ លោកសម រង្ស៊ីនិយាយដោយឥតលាក់លៀមថា ដើម្បីឈ្នះគណបក្សប្រជាជនកម្ពុជាបាន ទាល់តែអ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យរួបរួមគ្នាតែមួយ។
មានប្រសាសន៍តាមរយៈគេហទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោកសម រង្ស៊ីបានបញ្ជាក់ថា រយៈពេល៣០ឆ្នាំ ដែលគណបក្សនានាមិនឈ្នះគណបក្សប្រជាជនកម្ពុជាគឺដោយសារតែការបែកបាក់គ្នា។ មានគណបក្សច្រើនតាំងពីហ៊្វុនស៊ីនប៉ិច សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបែកបាក់គ្នា តែឥឡូវគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ីបានរួបរួមគ្នាទៅជាគណបក្សសង្គ្រោះជាតិហើយ។ លោកសង្ឃឹមថា នឹងអាចទទួលជ័យជំនះ។
លោកនិយាយថា៖ «បើបែកគ្នាគឺមិនងាយឈ្នះទេ។ ៣០ឆ្នាំយើងធ្វើអ្វីមិនទាន់បានឈ្នះគេ ដោយសារយើងបែកគ្នា។ តែឥឡូវយើងរួបរួមគ្នាហើយ។ ប៉ុន្តែឥឡូវគណបក្សប្រជាជនកម្ពុជាគេដឹងអញ្ចឹងហើយ។ គេដឹងថា បើអ្នកស្នេហាជាតិរួបរួមគ្នា គណបក្សប្រជាជនកម្ពុជាគេត្រូវចាញ់»។
ការប្រកាសរបស់លោកសម រង្ស៊ីបានកើតឡើងចំពេលដែលក្រុមសង្គមស៊ីវិលមួយក្រុមកំពុងរៀបចំពង្រឹងរចនាសម្ព័ន្ធនៅតាមមូលដ្ឋាន ដែលរំពឹងថា នឹងបង្កើតគណបក្សនយោបាយថ្មីមួយ នាពេលខាងមុខ និងចំពេលដែលសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិសម្រេចធ្វើជាប្រធានគណបក្សហ៊្វុនស៊ីនប៉ិចជាថ្មីឡើងវិញ។
លោកកែម ឡី សមាជិកបណ្តាញសង្គម«ខ្មែរដើម្បីខ្មែរ»មានប្រសាសន៍ស្វាគមន៍ចំពោះការលើកឡើងរបស់លោកសម រង្ស៊ី។ លោកបានបញ្ជាក់ថា គំនិតនេះអាចទទួលបានជោគជ័យ ក៏ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់នៅឡើយ។
លោកនិយាយថា៖ «ដើម្បីបង្រួបបង្រួមបាន ទាល់តែយើងមានគោលដៅតែមួយ ហើយមានគោលការណ៍ផ្ទៃក្នុងចលនាសង្គមច្បាស់លាស់ ហើយមនុស្សម្នាក់ៗស្រឡាញ់គោលការណ៍និងគោលនយោបាយ ហើយគិតថាគោលនយោបាយហ្នឹងបម្រើផលប្រយោជន៍សារធារណៈមែន»។
លោកញ៉ឹក ប៊ុនឆៃ អគ្គលេខាធិការហ៊្វុនស៊ីនប៉ិច មិនបានធ្វើអត្ថាធិប្បាយទេ។ ដោយលោកបានបង្វែរសំណួរនេះទៅសួរអ្នកនាំពាក្យគណបក្សវិញ។
លោកទុំ សំអុល អ្នកនាំពាក្យគណបក្សហ៊្វុនស៊ីនប៉ិច បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
លោកនិយាយថា៖ «ឥឡូវនេះបងសុំទោស។ បងកំពុងរវល់។ បងមិនអាចធ្វើអត្ថាធិប្បាយអ្វីបានទេណា៎»។
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមិនគិតថា ការរួបរួមគ្នារបស់អ្នកប្រជាធិបតេយ្យមិនអាចយកជ័យជំម្នះលើគណបក្សប្រជាជនកម្ពុជាបានទេ។
លោកនិយាយថា៖ «គណបក្សដទៃទៀតហ្នឹងមិនទាន់មានសមត្ថភាពបង្ហាញឲ្យប្រជាពលរដ្ឋលោកទុកចិត្តក្នុងការប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជាទេ»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានកាន់កាប់មុខតំណែងបានរយៈពេល៣០ឆ្នាំហើយ។ ការកាន់មុខតំណែងដ៏យូរនេះត្រូវបានអង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្ស Human Rights Watch រិះគន់ថា បានឆ្លុះបញ្ចាំងដោយអំពើហិង្សា ការគាបសង្កត់ និងអំពើពុករលួយ បញ្ហាដីធ្លី និងការសម្លាប់សកម្មជននយោបាយ ដែលប្រជែងអំណាច។
នៅក្នុងរបាយការណ៍កម្រាស់៧៥ទំព័រ អង្គការសិទ្ធិមនុស្ស Human Rights Watch បានរៀបរាប់ការរំលោភសិទ្ធិមនុស្សក្រោមរបបគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចាប់តាំងពីទសវត្ស១៩៨០ ដូចជាការកេណ្ឌមនុស្សឲ្យទៅកាប់ព្រៃឈើក-៥ នៅតាមតំបន់ព្រំដែន។ បើតាម Human Rights Watch ឲ្យដឹងថា មនុស្សរាប់ម៉ឺននាក់ស្លាប់ដោយជំងឺ និងរាប់ពាន់នាក់ស្លាប់ និងពិការដោយសារគ្រប់មីន និងមានមនុស្សប្រមាណ៥០០០នាក់ត្រូវចាប់ខ្លួនជាអ្នកទោសនយោបាយ៕