ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ទីក្រុង​ខ្លះ​ផ្តោត​លើ​ការអភិវឌ្ឍន៍​របស់​លោក​ហ៊ុន សែន​ជាង​សិទ្ធិសេរីភាព


នាយក​រដ្ឋមន្ដ្រី​កម្ពុជា លោក​ហ៊ុន ​សែន
នាយក​រដ្ឋមន្ដ្រី​កម្ពុជា លោក​ហ៊ុន ​សែន

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ទើប​តែ​រំឭកដល់ខួប​ទី​៣០​ឆ្នាំ​នៃ​ការ​កាន់​តំណែង​ខ្ពស់​បំផុត​របស់​លោក​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ។

​នៅ​ថ្ងៃ​នេះ​ក្រុម​ប្រជា​ពលរដ្ឋភាគ​ច្រើន​ដែល​ត្រូវ​បាន​ជួប​សម្ភាសន៍​មាន​ការ​ប្រយ័ត្ន​ប្រយែង​ជា​ខ្លាំង​ក្នុងការ​និយាយ​យោង​ដល់​ការ​កាន់​អំណាច​ដ៏​យូរ​នេះ។

​អង្គុយ​លើ​ម៉ូតូ​ម៉ាក​ហុងដា ​វ៉េវ ​ចំណាស់​បន្តិច ​នៅ​លើ​ផ្លូវ​លំ​មួយ​នៃ​សង្កាត់​គោករកា ​ខណ្ឌ​ព្រែក​ព្នៅ ដែល​ជា​ខណ្ឌ​ទើប​បង្កើត​ថ្មី​របស់​រាជធានី​ភ្នំពេញ​ លោកសុខ ​មើល​ឃើញ​ភាព​វិជ្ជមាន។

«មិនមាន​ឃើញ​អី​ទេ ឃើញតែ​ប្រជាពលរដ្ឋ​លូត​លាស់​ទាំង​ខាង​ធ្វើ​ស្រែ ​ខាង​ពលករ ​កម្មករ​កាត់ដេរ​រោង​ចក្រ​លូត​លាស់។រីឯ​ដី​ធ្លី​ក៏​ឡើង​ថ្លៃ»។

​ទោះជា​យ៉ាង​ណា​លោក​បង្ហាញ​ការ​លំបាក​ក្នុ​ងការ​អធិប្បាយ​លើ​ចំណុច​អវិជ្ជមាននានា​ដែល​បាន​កើត​ឡើង​ក្នុ​ងរយៈ​ពេល​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ។

​កាល​ពី​ថ្ងៃ​អង្គារ​អង្គការ​ឃ្លាំ​មើល​ការរំលោភ​សិទ្ធិ​មនុស្សមួយ​របស់​សហរដ្ឋ​អាមេរិក​Human Rights Watch​ បាន​ពិពណ៌នា​អំពើ​ហិង្សា ​ការ​គាប​សង្កត់​និង​អំពើ​ពុក​រលួយ ​បញ្ហា​ដីធ្លី​និង​ការ​បង្ក​ឲ្យជន​ស៊ីវិល​ស្លាប់​និង​ក្រុម​បាតុករ​ស្លាប់​រួម​ទាំងការ​សម្លាប់​សកម្មជន​នយោបាយ​ដែល​ប្រជែង​អំណាច​ក្រោម​ការ​ដឹក​នាំ​ជា​នាយក​រដ្ឋមន្ត្រី​របស់​លោក​ហ៊ុន សែន​រយៈ​ពេល​បី​ទសវត្សរ៍​មក​នេះ។

​អង្គការ​ដដែល​បាន​រៀប​រាប់​អំពី​ការ​បណ្តាល​ឲ្យប្រជាពល​រដ្ឋស្លាប់និង​ពិការ​រាប់​ពាន់​នាក់​ក្នុង​យុទ្ធនាការ​កាប់​ព្រៃ​ឈើ​តាម​ព្រំដែន​ឬ​ហៅ​ថា«ក ៥»។ការ​ចាប់​ខ្លួន​អ្នក​ទោស​នយោបាយ។ ​ការវាយ​ប្រហារ​ដោយ​គ្រាប់​បែក​លើ​បាតុករ​ដឹក​នាំ​ដោយ​មេដឹកនាំ​គណបក្ស​ជំទាស់ថ្ងៃ​ទី​៣០​ខែមិនា​ឆ្នាំ​១៩៩៧​និង​រដ្ឋ​ប្រហារ​ទម្លាក់​ព្រះ​អង្គ​ម្ចាស់​នរោត្តម រណឬទ្ធិ ​ពី​នាយក​រដ្ឋមន្ត្រី​ទី​១នៅ​ឆ្នាំ​ដដែល​នោះ។មាន​មនុស្ស​ស្លាប់​និង​ត្រូវ​បាន​សម្លាប់​ជាច្រើន​នៅ​ក្នុ​ងព្រឹត្តិការណ៍​ទាំងពីរ​នេះ​គឺ​ក្នុង​គោល​ដៅ​ផ្តាច់​ផ្តិល​គូ​ប្រជែង​នយោបាយ។

ក្រៅ​ពីនោះ​អង្គការ​Human Rights Watch ​ក៏​បាន​លើក​ពីបញ្ហា​ដីធ្លី ​ ករណី​បាញ់​សម្លាប់​សកម្មជន​ព្រៃ​ឈើ​ដ៏​ល្បី​ល្បាញ​ លោកឈុត វុទ្ធី ​ការ​បង្រ្កាបនិង​ការ​សម្លាប់​បាតុករ​ដោយ​ហិង្សា​និង​ក្រោយ​ការបោះ​ឆ្នោតផង​ដែរ។
ប៉ុន្តែ​អ្នកស្រី​សុប សារិន ​ទំនងជា​មិន​សូវ​ផ្តោត​អារម្មណ៍​ដល់​បញ្ហា​ទាំង​នេះ​ទេ។ជា​អ្នក​លក់​បាយ​ម្នាក់​នៅ​ភូមិ​ស្ថាបនា​ស្ពាន សង្កាត់​ទឹកថ្លា ​ខណ្ឌសែន​សុខ ​អ្នក​ស្រី​ទទួល​ភ្ញៀវ​ដែល​មិន​សូវមមាញឹក។ដោយសារ​ការងារ​ប្រចាំថ្ងៃ អ្នកស្រី​បាន​ផ្តាច់​ទំនាក់​ទំនង​ជាមួយបណ្តាញ​ផ្សព្វផ្សាយ​ហើយ​លើក​ឧទាហរណ៍​តាម​ការ​មើល​ឃើញ​នៅ​ជុំវិញ​ការរស់​នៅ​របស់​អ្នកស្រី។

«មើល​ឃើញ​គាត់​ដឹក​នាំ​ប្រទេស​បាន​ល្អ។​ឃើញ​ដូចជា​មាន​ផ្លូវ មាន​ស្ពាន។​(តែ)​ខ្ញុំ​មិន​ដែល​បាន​តាម​ដាន​វិទ្យុ​និង​ទូរទស្សន៍​ទេ។​ព្រោះ​ខ្ញុំ​រវល់​កូន​ចៅ»។

​បុរស​មួយក្រុម​មាន​គ្នា​ប្រាំមួយ​នាក់​កំពុង​ជុំ​គ្នា​នៅ​មិន​ឆ្ងាយ​ពី​អ្នកស្រី​សុប សារិន ​នៃ​ភូមិ​ស្ថាបនា​ស្ពាន សង្កាត់​ទឹកថ្លា​នេះ។

«គ្មាន​ឃើញ​រីក​ចម្រើន​អី​ផង​នៅ​ដដែល​៣០​ឆ្នាំ​ហើយ។​ឧទាហរណ៍​រឿង​បាតុកម្ម​ធ្វើ​បាប​ប្រជាពលរដ្ឋ​ចឹង។ ឮ​គេ​បាញ់​សម្លាប់កម្មករ​រោង​ចក្រ​អីចឹង។ ​ខ្ញុំ​ឃើញ​ជាក់​ស្តែង»។

ពិត​ហើយ​ការ​បង្រ្កាប​ដោយ​ហិង្សា​លើកម្មករ​រោង​ចក្រ​កាត់​ដេរនេះ​កាល​ពី​ឆ្នាំ​កន្លង​ទៅ។​ហើយ​ឃាតករ​ជា​ខ្មាន់​កាំ​ភ្លើង​ស្ថិត​នៅ​ក្នុង​សេរី​ភាព​នៅ​ឡើយ។

កម្មការិនី​មួយ​ចំនួន​ដែល​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ជា​ខេមរភាសា​បានជួប​សម្ភាសន៍​នៅលើ​ផ្លូវ​វ៉េងស្រេង ​ខណ្ឌ​មានជ័យ​ហាក់​ដូចជា​បាក់​ស្បាត​លែងហ៊ាន​និយាយ​នៅ​ពេល​ដែល​ឮ​សំណួរ​អំពី​ការ​កាន់​តំណែង​អស់​រយៈ​ពេល​៣០​ឆ្នាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​ពួក​នាង​បាន​ព្រមាន​មិត្ត​ភក្តិ​មិន​ឲ្យ​និយាយ​ថែម​ទៀត​ផង។

នៅ​តាម​ផ្ទះ​ជួល​កុមារ​ដែល​ជា​កូនៗ​របស់​កម្មករ ​កម្មការិនី​រោង​ចក្រ​កំពុង​លេង​តាម​សំយ៉ាប​ផ្ទះ។ អ្នក​ស្រីប៉ាត យ៉ុន អាយុ​៦៥​ឆ្នាំ ​មក​ពី​ខេត្តកំពង់ធំ​រស់​នៅ​ជាមួយ​កូន​ស្រី​ជាកម្មករ​រោង​ចក្រកាត់​ដេរ​តាមបណ្តោយ​ផ្លូវវ៉េងស្រេង​ដដែល​នេះ។

«កើត​សាលា​រៀន ​កើតជា​ផ្លូវស្ពាន សព្វគ្រប់​ហើយ។​ឈើ​ព្រៃ​កុំឲ្យកាប់​តែនៅតែកាប់»។

នៅលើ​ដង​ផ្លូវ​នៃ​សង្កាត់​ចាក់​អង្រែលើ ​ខណ្ឌមាន​ជ័យ​ឆ្ពោះ​ទៅកាន់​ក្រុង​តាខ្មៅ​ ខេត្តកណ្តាល ​អ្នក​ស្រី​អ៊ុន សុខុម ​អាយុ​៦០​ឆ្នាំ​កំពុង​រៀប​ចំលក់​បង្អែម។​ អ្នក​ស្រី​បន្ថែម​អំពី​បញ្ហា​ព្រៃឈើ​និង​ការលេច​ឮ​អំពី​អំពើ​ហិង្សា​ក្នុង​សង្គម។

«ខ្ញុំឮ​តែពាក្យ​គេ​និយាយ​រឿង​កាប់​ព្រៃ​ឈើ​តែ​ខ្ញុំ​មិន​បាន​ឃើញ​ផ្ទាល់​ផង»។

​នៅ​ក្បែរ​អ្នកស្រី​បុរស​ម្នាក់​លើក​ពី​បញ្ហាបក្ស​ពួក​និយម ​គ្រួសារ​និយម​និង​អំពើ​ពុក​រលួយ​ដែល​គ្រួសារ​លោក​ជួប​ដោយ​ផ្ទាល់​ក្នុង​ការ​គ្រប់​គ្រង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​មក​នេះ។

«បង​ឯង​គិត​មើល​ទៅ។​ឳធ្វើ​ប៉ូលិស ​កូនមក​ក៏​ធ្វើ​ប៉ូលិស​ដែរ។បើ​បង​ធ្វើ​ចៅ​សង្កាត់​ ក្មួយ​ក៏​ធ្វើ​ចៅ​សង្កាត់​ កូន​ក៏ធ្វើ​ចៅ​សង្កាត់ ​ធ្វើ​តែសែស្រឡាយ​គ្នាគេ។​ដល់​ចឹង​ទៅ​វា​ពុក​រលួយ​មូល​គ្នាវា។ ដូច​ខ្ញុំ​តទឹក​ឲ្យម៉ែ​ខ្ញុំ​ចឹង​គាត់អត់​លុយ ​ខ្ញុំ​អត់​ឲ្យ​លុយ​គេ។​ខ្ញុំ​សុំ​ឲ្យ​គេ​ចុះ​ហត្ថលេខា​លើ​លិខិត​ស្នាម​ ប៉ុន្តែ​គេ​ថា​អ្ន​ក​ទទួល​ខុស​ត្រូវ​មិន​នៅ។​ដល់​ពេល​ខ្ញុំ​គិត​ថា​គេ​ត្រូវ​ការ​លុយ ​ខ្ញុំ​ឲ្យ​គេ​បីម៉ឺន។​មួយ​ម៉ោង​ក្រោយ​មក​ចុះ​ហត្ថលេខា​រួច​ភ្លាម»។​

​អ្នក​ស្រី​ខឿន វន្ធី ​ជា​អាជីវករ​ម្នាក់​នៅ​ក្នុ​ងភូមិ​ស្រុកធំ ឃុំជើង​កើប ​ខេត្តកណ្តាល ​កត់​សម្គាល់​ប្រកប​ដោយ​ភាព​វិជ្ជមាន​និង​អវិជ្ជមានក្រោម​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ក្នុង​អំឡុង​ពេល​៣០​ឆ្នាំ។

«ឃើញ​ផ្លូវ​និង​ស្ពាន​មាន​ការ​រីក​ចម្រើន។ ​ក្រៅ​ពីនោះ​រិចរិល​អស់​ដូចជា​ព្រៃឈើ​ ត្បូង មាស ​អស់​ដែរ។​រីឯ​ជីវភាព​ប្រជាជន​វិញ​អ្នកមាន​ត្រឹម​១០​ភាគ​រយ។​ហើយ​អ្នក​ក្រ​រហូត​ដល់​៩០​ភាគរយ។​ឥឡូវ​អ្នក​ខ្លះ​ជួល​ដី ​ជួល​ផ្ទះ​គេ​នៅ។​កាល​ពីមុន​ខ្វះ​អី​ដីនៅ។​រាល់​ថ្ងៃ​កុំ​តែ​បាន​រោង​ចក្រ​ទេ ​កុំអី ​មិន​ដឹងវេទនា​ម៉េច​ទេ»។

យ៉ាង​ណា​លោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​បាន​ទទួល​ស្គាល់​កាល​ពី​ថ្ងៃ​ពុធ​ថា​លោក​មាន​កំហុស​ខ្លះ​មែន​ក្នុ​ងការ​ដឹកនាំ ​ប៉ុន្តែ​លោក​ទាមទារ​ឲ្យ​មាន​ការទទួល​ស្គាល់​សមិទ្ធិផល​ដែល​ជាស្នាដៃ​ដឹក​នាំ ​របស់លោក។

ជាមួយ​គ្នា​នេះ​ក្នុ​ងចំណោម​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ជួប​សម្ភាសន៍​បានហាក់​ដូចជា​មិន​សូវ​ផ្តោត​អារម្មណ៍​ច្រើន​លើ​ភាព​អវិជ្ជមាន​កន្លង​មក ​ប៉ុន្តែ​ទទូច​ឲ្យ​មាន​ការ​គិត​គូយក​ចិត្ត​ទុក​ដាក់​លើ​ផ្នែក​ជីវភាព​របស់​ពួក​គេ​ច្រើន​ជាង​មុន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG